ក.យ.ស., លូកា ១២:៩–១២ (ចូរប្រៀបធៀបនឹងគម្ពីរលូកា ១២:៩–១០)
(ពាក្យប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធនឹងមិនត្រូវអត់ទោសឲ្យឡើយ)។
៩ប៉ុន្តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំនៅមុខមនុស្សលោក នោះក៏នឹងមិនត្រូវទទួលស្គាល់នៅចំពោះមុខពួកទេវតានៃព្រះដែរ។
១០ឥឡូវនេះ ពួកសិស្សទ្រង់ដឹងថាទ្រង់មានព្រះបន្ទូលបែបនេះ ពីព្រោះពួកគេបាននិយាយអាក្រក់ទាស់នឹងទ្រង់នៅមុខមនុស្ស ព្រោះពួកគេខ្លាចចំពោះការទទួលស្គាល់ទ្រង់នៅមុខមនុស្សលោក។
១១ហើយពួកគេបានពិគ្រោះគ្នាថា ទ្រង់ជ្រាបពីចិត្តពួកយើង ហើយទ្រង់មានព្រះបន្ទូលអំពីការកាត់ទោសពួកយើង ហើយពួកយើងនឹងមិនត្រូវបានអត់ទោសឲ្យឡើយ។ ប៉ុន្តែទ្រង់បានមានព្រះបន្ទូលឆ្លើយតបទៅពួកគេ ហើយមានព្រះបន្ទូលទៅពួកគេថា
១២អស់អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស ហើយប្រែចិត្ត នោះនឹងបានអត់ទោសឲ្យអ្នកនោះ ប៉ុន្តែចំពោះអ្នកណាដែលប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធវិញ នោះនឹងមិនបានអត់ទោសឲ្យអ្នកនោះឡើយ។
ក.យ.ស., លូកា ១២:៤១–៥៧ (ចូរប្រៀបធៀបនឹងគម្ពីរលូកា ១២:៣៨–៤៨)
(យើងត្រូវបម្រុងខ្លួនជាស្រេចរង់ចាំការយាងមកនៃព្រះអម្ចាស់)។
៤១ត្បិតមើលចុះ លោកមកដល់ក្នុងយាមទីមួយនៅពេលយប់ ហើយលោកក៏នឹងមកដល់ក្នុងយាមទីពីរ ហើយមួយទៀត លោកនឹងមកដល់ក្នុងយាមទីបី។
៤២ហើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា លោកបានមកដល់ហើយ ដូចជាមានសេចក្ដីចែងទុកពីលោក ហើយមួយទៀត កាលលោកនឹងមកដល់ក្នុងយាមទីពីរ ឬមកដល់ក្នុងយាមទីបី នោះមានពរហើយ ដល់ពួកអ្នកបម្រើទាំងនោះក្នុងកាលលោកមកដល់ ដែលលោកឃើញកំពុងតែចាំយាមដូច្នោះ។
៤៣ត្បិតចៅហ្វាយនៃពួកអ្នកបម្រើទាំងនោះនឹងក្រវាត់ចង្កេះខ្លួនលោក ហើយនឹងឲ្យពួកគេអង្គុយចុះបរិភោគអាហារ ហើយនឹងចេញមក ហើយបម្រើពួកគេ។
៤៤ហើយឥឡូវនេះ ប្រាកដមែន ខ្ញុំប្រាប់សេចក្ដីទាំងនោះដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចដឹងសេចក្ដីនេះថា ការយាងមកនៃព្រះអម្ចាស់ គឺដូចជាចោរមកក្នុងពេលយប់។
៤៥ហើយគឺដូចជាមនុស្សម្នាក់ ដែលជាម្ចាស់ផ្ទះដែរ បើសិនជាគាត់មិនចាំយាមរបស់របរគាត់ទេ នោះចោរនឹងមកនៅវេលាដែលគាត់មិនគិត ហើយយករបស់របរគាត់ទៅ ហើយចែកគ្នានូវរបស់របរនោះ។
៤៦ហើយពួកគេនិយាយគ្នាថា បើសិនជាម្ចាស់ផ្ទះដ៏ល្អនោះដឹងថាចោរនឹងមកនៅវេលាថ្មើរម៉ាន នោះគាត់នឹងចាំយាម ហើយមិនទុកឲ្យផ្ទះត្រូវទំលុះចូល ហើយត្រូវបាត់បង់របស់របរគាត់ទេ។
៤៧ហើយទ្រង់បានមានព្រះបន្ទូលទៅពួកគេថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដូច្នេះ ចូរអ្នករាល់គ្នាបម្រុងខ្លួនជាស្រេចដែរ ត្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។
៤៨គ្រានោះ ពេត្រុសក៏ទូលទៅទ្រង់ថា ព្រះអម្ចាស់អើយ ទ្រង់មានព្រះបន្ទូលពាក្យប្រៀបប្រដូចនេះដល់ត្រឹមតែយើងខ្ញុំប៉ុណ្ណោះ ឬដល់មនុស្សគ្រប់គ្នាដែរ?
៤៩ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា ខ្ញុំនិយាយដល់អស់អ្នកណាដែលចៅហ្វាយនឹងតាំងឲ្យធ្វើជាអ្នកត្រួតត្រាលើពួកផ្ទះរបស់លោក ដើម្បីនឹងបើកអាហារឲ្យកូនចៅលោកបរិភោគតាមត្រូវពេល។
៥០ហើយពួកគេទូលថា ចុះតើអ្នកណាជាអ្នកបម្រើដែលមានចិត្តស្មោះត្រង់ ហើយឈ្លាសវៃនោះ?
៥១ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅពួកគេថា គឺជាអ្នកបម្រើនោះដែលចាំយាម ដើម្បីនឹងចែកអាហាររបស់ខ្លួនតាមត្រូវពេល។
៥២មានពរហើយ ដល់អ្នកបម្រើនោះ ដែលចៅហ្វាយឃើញកំពុងតែធ្វើដូច្នោះ ក្នុងកាលចៅហ្វាយមកដល់។
៥៣ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតថា លោកនឹងតាំងអ្នកនោះ ឲ្យធ្វើជាអ្នកត្រួតត្រាលើរបស់ទ្រព្យទាំងអស់ដែលលោកមាន។
៥៤ប៉ុន្តែអ្នកបម្រើអាក្រក់ គឺជាអ្នកនោះដែលមិនឃើញថាចាំយាមឡើយ។ ហើយបើមិនឃើញអ្នកបម្រើនោះចាំយាមទេ អ្នកនោះនឹងគិតស្មានក្នុងចិត្តខ្លួនថា ចៅហ្វាយខ្ញុំក្រមក ហើយក៏តាំងវាយពួកអ្នកបម្រើប្រុសស្រី ហើយក៏តាំងស៊ីផឹក ហើយស្រវឹង។
៥៥ចៅហ្វាយនៃអ្នកបម្រើនោះនឹងមកដល់ថ្ងៃដែលអ្នកនោះមិននៅចាំ និងនៅវេលាដែលគាត់មិនគិត ហើយនឹងកាត់អ្នកនោះ ហើយនឹងឲ្យអ្នកនោះមានចំណែកជាមួយនឹងពួកមនុស្សមិនជឿ។
៥៦ហើយអ្នកបម្រើណាដែលស្គាល់ចិត្តចៅហ្វាយរបស់ខ្លួន ហើយមិនរៀបចំចាំចៅហ្វាយមក ឬធ្វើតាមចិត្តលោកសោះ នោះនឹងត្រូវរំពាត់ជាច្រើន។
៥៧ប៉ុន្តែអ្នកណាដែលមិនស្គាល់ចិត្តចៅហ្វាយរបស់ខ្លួន ហើយបានប្រព្រឹត្តគួរនឹងត្រូវរំពាត់ នោះនឹងត្រូវវាយតិចវិញ។ ត្បិតចំពោះអស់អ្នកណាដែលត្រូវបានប្រគល់ទុកជាច្រើនឲ្យ នោះនឹងត្រូវបានទារជាច្រើនពីអ្នកនោះវិញ ហើយចំពោះអស់ណាដែលព្រះអម្ចាស់ ទ្រង់ប្រទានឲ្យច្រើន នោះមនុស្សលោកនឹងទារជាច្រើនពីអ្នកនោះដែរ។