ក.យ.ស., លូកា ១៦:១៦–២៣ (ចូរប្រៀបធៀបនឹងគម្ពីរលូកា ១៦:១៦–១៨)
(ព្រះយេស៊ូវទ្រង់បានផ្ដល់បរិបទសម្រាប់ពាក្យប្រៀបប្រដូចអំពីបុរសមានទ្រព្យសម្បត្តិ និងឡាសារ)។
១៦ហើយពួកគេបានទូលទៅទ្រង់ថា យើងមានក្រឹត្យវិន័យ និងពាក្យព្យាករណ៍នៃពួកព្យាការី ប៉ុន្តែរីឯបុរសនេះ យើងនឹងមិនទទួលស្គាល់លោក ជាអ្នកត្រួតត្រារបស់យើងទេ ត្បិតលោកបានតាំងខ្លួនជាចៅក្រមលើយើង។
១៧គ្រានោះ ព្រះយេស៊ូវទ្រង់ក៏មានព្រះបន្ទូលទៅពួកគេថា ក្រឹត្យវិន័យ និងពាក្យព្យាករណ៍នៃពួកព្យាការីធ្វើបន្ទាល់អំពីខ្ញុំ មែនហើយ ពាក្យព្យាករណ៍ទាំងអស់ដែលពួកព្យាការីបានចែងទុក រហូតមកដល់យ៉ូហាន គឺបានទាយអំពីជំនាន់នេះ។
១៨តាំងពីនោះមក នគរព្រះត្រូវបានផ្សាយប្រាប់ ហើយមនុស្សគ្រប់រូបកំពុងតែខំប្រឹងប្រែងចូលនគរនោះ។
១៩ហើយដែលផ្ទៃមេឃ និងផែនដីបាត់ទៅ នោះងាយជាជាងបាត់ក្បៀសមួយក្នុងក្រឹត្យវិន័យទៅទៀត។
២០ហើយហេតុអ្វីក៏អ្នករាល់គ្នាបង្រៀនពីក្រឹត្យវិន័យ ហើយមិនទទួលស្គាល់ពាក្យដែលបានចែងទុក ហើយកាត់ទោសដល់អ្នកនោះ ដែលព្រះវរបិតាបានចាត់ឲ្យមកបំពេញក្រឹត្យវិន័យ ដើម្បីឲ្យអ្នករាល់គ្នាបានប្រោសលោះ?
២១ឱពួកចោលម្សៀតអើយ ត្បិតអ្នកបានគិតក្នុងចិត្តថា ឥតមានព្រះឡើយ។ ហើយអ្នករាល់គ្នាបង្ខូចផ្លូវដ៏ត្រឹមត្រូវ ហើយនគរស្ថានសួគ៌បានរងទុក្ខមកពីការឃោរឃៅរបស់អ្នក ហើយអ្នករាល់គ្នាបៀតបៀនមនុស្សស្លូតត្រង់ ហើយនៅក្នុងការឃោរឃៅរបស់អ្នក នោះអ្នករាល់គ្នាស្វែងរកបំផ្លាញនគរចោល ហើយអ្នករាល់គ្នាខំប្រឹងចាប់កូនចៅនៃនគរ។ វេទនាអ្នករាល់គ្នា ជាពួកមនុស្សកំផិតអើយ!
២២ហើយពួកគេបានមើលងាយដល់ទ្រង់ទៀត ដោយខឹងពីពាក្យថា ពួកគេជាមនុស្សកំផិត។
២៣ប៉ុន្តែទ្រង់មានព្រះបន្ទូលតទៅទៀតថា អស់អ្នកណាដែលលែងប្រពន្ធរបស់ខ្លួន ហើយរៀបការជាមួយនឹងអ្នកផ្សេងទៀត នោះឈ្មោះថាប្រព្រឹត្តអំពើកំផិត ហើយអស់អ្នកណាដែលរៀបការនឹងនាង ដែលប្ដីនាងបានលែងនាងចោល នោះឈ្មោះថាប្រព្រឹត្តអំពើកំផិតដែរ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំនឹងប្រៀបធៀបអ្នកដូចជាបុរសមានទ្រព្យសម្បត្តិ។