« ការស្វែងរកក្រុងស៊ីយ៉ូន និងពរជ័យរបស់ព្រះអម្ចាស់ » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ២–៥ ។
ចូរមកតាមខ្ញុំ
ការស្វែងរកក្រុងស៊ីយ៉ូន និងពរជ័យរបស់ព្រះអម្ចាស់
គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២១
ការស្ថាបនាក្រុងស៊ីយ៉ូនគឺជាការទទួលខុសត្រូវដ៏ធំមួយ ប៉ុន្ដែវាក៏នាំមកនូវរង្វាន់ដ៏អស្ចារ្យផងដែរ ។
សេចក្ដីពិត ដ៏ធំទីមួយនៃស្ថានសួគ៌គឺថា ព្រះ ស្រឡាញ់យើង ដោយអស់ពីព្រះទ័យ ព្រះពលំ ព្រះបញ្ញាញ្ញាណ និងកម្លាំងរបស់ទ្រង់ ។ ទ្រង់មានព្រះទ័យឲ្យយើងមានអ្វីដែលល្អបំផុត—ទ្រង់តែងតែមានព្រះទ័យដូច្នេះ ហើយទ្រង់នឹងតែងតែមានព្រះទ័យដូច្នេះជានិច្ច ។ ទ្រង់សព្វព្រះទ័យឲ្យយើងរីករាយ មិនមែនរីករាយក្នុងពេលបណ្ដោះអាសន្ន ឬសើៗនោះទេ ប៉ុន្ដែរីករាយយ៉ាងខ្លាំង និងដ៏អស់កល្បដូចជាទ្រង់ដែរ ។ ទ្រង់សព្វព្រះទ័យឲ្យយើងរីកចម្រើន ហើយឈានដល់សក្ដានុពលដ៏ទេវភាពរបស់យើង ក្នុងនាមជាបុត្រា ឬបុត្រីរបស់ព្រះ ។
ខ្ញុំដឹងថា រឿងនេះវាមិនងាយស្រួលជានិច្ចនោះទេ ។ ក្មួយៗភាគច្រើនប្រឈមមុខនឹងទុក្ខលំបាក និងការសាកល្បងផ្ទាល់ខ្លួន ដែលពេលខ្លះវាអាចលើសលប់ ។ ក្មួយៗប្រហែលជាបានមើលទៅកាលៈទេសៈរបស់ក្មួយៗផ្ទាល់ ទៅស្ថានភាពមួយចំនួនក្នុងគ្រួសាររបស់ក្មួយៗ ឬបញ្ហានានានៅក្នុងប្រទេសទាំងឡាយជុំវិញពិភពលោក ហើយងឿងឆ្ងល់ថា « តើខ្ញុំអាចឆ្លងកាត់ឧបសគ្គដ៏ពិបាកនេះយ៉ាងដូចម្ដេចទៅ ? » ចម្លើយមួយអាចធ្វើឲ្យក្មួយៗភ្ញាក់ផ្អើលគឺ ៖ ព្យាយាមស្ថាបនាក្រុងស៊ីយ៉ូន ។
តើស៊ីយ៉ូននៅឯណា ?
នៅពេញទាំងប្រវត្តិសាស្ដ្រ ព្រះបានហៅប្រជាជនរបស់ទ្រង់ឲ្យស្ថាបនាក្រុងស៊ីយ៉ូនជាទៀងទាត់ ។ ជាធម្មតា នោះគឺជាកន្លែងពិសេសមួយ ដែលប្រជាជនរបស់ព្រះអាចមានសេរីភាពពីឥទ្ធិពលនៃពិភពលោកនេះ ហើយរស់នៅដោយសុខដុមរមនាជាមួយនឹងគ្នា ។ ប៉ុន្ដែ នៅក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយដ៏អស្ចារ្យនេះ ក្រុងស៊ីយ៉ូនមិនបានកំណត់ចំពោះទីតាំងភូមិសាស្ដ្រតែមួយនោះទេ ។ នៅជំនាន់របស់យើង ក្រុងស៊ីយ៉ូនអាចជាទីកន្លែងណាដែលមានវត្តមានសមាជិកស្មោះត្រង់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ព្រះអម្ចាស់បានពិពណ៌នាប្រជាជនក្រុងស៊ីយ៉ូនទាំងនេះថា « មានចិត្តតែមួយ និងគំនិតតែមួយ » ( ម៉ូសេ ៧:១៨ ) និង « ជាអ្នកដែលមានចិត្តល្អសុទ្ធសាធ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២១ ) ។ និយាយឲ្យខ្លីទៅ យើងលែងគិតថា ក្រុងស៊ីយ៉ូនគឺជា ទីកន្លែង ដែលយើងនឹងរស់នៅទៀតហើយ ប៉ុន្ដែជា របៀប ដែលយើងនឹងរស់នៅវិញ ។
ពរជ័យដ៏អស្ចារ្យជាច្រើនបានត្រៀមទុកសម្រាប់ក្មួយៗ កាលក្មួយៗធ្វើអស់ពីសមត្ថភាពខ្លួនដើម្បីស្ថាបនាក្រុងស៊ីយ៉ូន ធ្វើជាបុគ្គលដែលព្រះអង្គសង្គ្រោះតម្រូវឲ្យក្មួយៗធ្វើ ហើយជួយរៀបចំផ្លូវសម្រាប់ការយាងត្រឡប់មកកាន់ផែនដីនេះវិញរបស់ទ្រង់ ។ កិច្ចខិតខំបែបនោះត្រូវការការខំធ្វើការ និងសេចក្ដីជំនឿដ៏ធំធេង ប៉ុន្ដែវាក៏នឹងនាំមកនូវសុភមង្គល និងអំណរដ៏អង្វែងផងដែរ ។ ខ្ញុំសង្ឃឹមថា ក្មួយៗនឹងឃើញថា ការណ៍នេះជាការណ៍ដ៏រំជួល និងរំភើបចិត្តដូចខ្ញុំដែរ ! ដូចដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀន គ្មានអ្វីផ្សេង—ពិតជា គ្មានអ្វីផ្សេង—អាចសំខាន់ជាងនេះឡើយ ។១ ហើយយើងអាចចូលរួមបាន ! យើងគឺជាទាហានជួរមុខនៃសេចក្ដីពិត ។ យើងមិនកាន់គ្រាប់កាំភ្លើងទេ តែយើងកាន់ទង់ជ័យ ! យើងត្រូវបានហៅឲ្យជួយព្យាបាលពិភពលោកនេះ ហើយផ្ដល់នូវសាលាប្រជុំទូទាំងសាកលដល់មនុស្ស ដែលព្រះអង្គសង្រ្គោះអាចយាងមកជួបបាន ។
ស្រឡាញ់ព្រះ និងអ្នកជិតខាង
យើងអាចមានគ្រួសារ ឬអ្នកជិតខាង ឬប្រជាជាតិបែបនេះបាន តាមរយៈការកាន់តាមបទបញ្ញត្តិឲ្យស្រឡាញ់គ្នា ។ ហើយកាលណាយើងកាន់តែស្រឡាញ់ព្រះ នោះយើងនឹងកាន់តែស្រឡាញ់អ្នកជិតខាងយើង និងឃើញរបៀបដែលយើងអាចផ្ដល់ពរជ័យដល់ពួកគេកាន់តែច្បាស់ដែរ ។ មានអ្នកជិតខាង ដែលត្រូវជួយ អ្នកក្រីក្រដែលត្រូវលើកស្ទួយ និងកិច្ចការល្អដែលត្រូវធ្វើគ្រប់ទីកន្លែង ។
ព្រះអម្ចាស់ធ្លាប់បានពិពណ៌នាពីការទទួលខុសត្រូវ និងពរជ័យនេះតាមរបៀបដូចតទៅ ៖
« ហេតុដូច្នោះហើយ ចូរមានចិត្តស្មោះត្រង់ចុះ … ចូរជួយអ្នកទន់ខ្សោយ ចូរលើកដៃដែលរោយ ហើយចូរចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រផង ។
« ហើយបើសិនជាអ្នកមានចិត្តស្មោះត្រង់ដល់ចុងបំផុត នោះអ្នកនឹងបានមកុដនៃអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងវិមានទាំងឡាយ ដែលយើងបានរៀបចំទុកនៅក្នុងដំណាក់នៃព្រះវរបិតារបស់យើង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៥–៦ ) ។
ឈរការពារសេចក្ដីពិត
នៅពេលព្រះហៅយើងឲ្យស្ថាបនាក្រុងស៊ីយ៉ូន នោះទ្រង់ហៅយើងឲ្យឈរការពារការបង្រៀនទាំងឡាយរបស់ទ្រង់ ហើយបន្ដនៅរឹងមាំក្នុងសេចក្ដីជំនឿរបស់យើង ។ ការណ៍នេះមិនងាយស្រួល ឬស្រណុកក្នុងការធ្វើជានិច្ចនោះទេ ប៉ុន្ដែយើងត្រូវតែធ្វើវា—ដោយចិត្តមេត្តាករុណា ការបន្ទាបខ្លួន ការយល់យោគ និងសេចក្ដីសប្បុរសដ៏ខ្ជាប់ខ្ជួនទៅកាន់មនុស្សដទៃ ។ ក្នុងការខិតខំរបស់យើងដើម្បីស្ថាបនាក្រុងស៊ីយ៉ូន យើងច្បាស់ជានឹងជួបប្រទះមនុស្សដែលអាចមើលទៅ ឬស្លៀកពាក់ ឬប្រព្រឹត្តមិនសមរម្យ ។ នៅពេលយើងជួបនឹងមនុស្សបែបនោះ យើងត្រូវតែប្រយ័ត្នប្រយែង ហើយឆ្លើយតប ដោយសុចរិត មិនមែន សុចរិតតែខ្លួនឯង នោះទេ ។ នៅក្នុងស្ថានភាពបែបនោះ រឿងដ៏ល្អបំផុតដែលយើងអាចធ្វើបានគឺ យើងត្រូវប្រព្រឹត្តដោយសមរម្យ និងបង្ហាញ « ការស្រឡាញ់ស្មោះត្រង់ » ចំពោះពួកគេ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៤១ ) ។
ខ្ញុំចង់ឲ្យមនុស្សដទៃរីករាយនឹងពរជ័យដែលខ្ញុំមាន ប៉ុន្ដែពេលខ្លះខ្ញុំឆ្ងល់ពីរបៀបដើម្បីចែកចាយពរជ័យនោះតាមវិធីមួយ ដែលមិនឈ្លើយ ឬយល់ច្រឡំ ។ បទគម្ពីរនេះបានជួយខ្ញុំឲ្យឆ្លងកាត់ការហៅទាំងឡាយក្នុងសាសនាចក្រ និងការទទួលខុសត្រូវផ្ទាល់ខ្លួនខ្ញុំ ក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ ៖
« ហេតុដូច្នេះហើយយើងប្រាប់អ្នកជាប្រាកដថា ចូរបន្លឺសំឡេងរបស់អ្នកឡើងដល់ប្រជាជននេះចុះចូរប្រាប់គំនិតទាំងឡាយដែលយើងនឹងដាក់ក្នុងចិត្តរបស់អ្នករាល់គ្នាចុះ ហើយអ្នកនឹងមិនត្រូវបានធ្វើឲ្យខ្មាសនៅចំពោះមនុស្សលោកឡើយ
« ដ្បិតសេចក្តីដែលអ្នកត្រូវនិយាយនោះនឹងបានប្រទានដល់អ្នកនៅម៉ោងនោះ គឺនៅវេលានោះឯង ។
« ប៉ុន្តែយើងប្រទានព្រះបញ្ញត្តិមួយដល់អ្នកថា អ្នករាល់គ្នាត្រូវប្រកាសពីអ្វីក៏ដោយដែលអ្នកប្រកាសដោយនូវព្រះនាមរបស់យើង ដោយនូវចិត្តម៉ឹងម៉ាត់ ដោយនូវវិញ្ញាណស្លូតបូតនៅគ្រប់ទាំងអស់ ។
« ហើយយើងប្រទានដល់អ្នកនូវសេចក្ដីសន្យានេះថា ដរាបណាអ្នករាល់គ្នាធ្វើបែបនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងត្រូវចាត់ឲ្យមក ដើម្បីថ្លែងទីបន្ទាល់អំពីអ្វីៗទាំងអស់ ដែលអ្នករាល់គ្នាត្រូវនិយាយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០០:៥–៨ ) ។
ពរជ័យឲ្យឆ្ពោះទៅមុខ
មិត្តវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ ពេលវេលានៅខាងមុខនឹងពិបាក ប៉ុន្ដែជីវិតរបស់ក្មួយៗនឹងបានប្រសើរលើសលប់នៅទីបំផុត កាលក្មួយៗប្រគល់ដួងចិត្តក្មួយៗថ្វាយទៅព្រះ ស្រឡាញ់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយធ្វើឲ្យអស់ពីសមត្ថភាពរបស់ក្មួយៗដើម្បីរស់នៅតាមដំណឹងល្អ ។ ប្រសិនបើក្មួយៗស្មោះត្រង់ នោះក្រុងស៊ីយ៉ូននឹងនៅកន្លែងដែលក្មួយៗនៅ ។ ខ្ញុំផ្តល់ពរជ័យដល់ក្មួយៗឲ្យឱបក្រសោបដំណឹងល្អពេញដោយអំណរ ។ ព្រះអម្ចាស់មានពរជ័យជាច្រើនរក្សាទុកសម្រាប់ក្មួយៗ !