« ការអភិវឌ្ឍខ្លួនឲ្យបានល្អបំផុត » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ៦–៧ ។
ចូរមកតាមខ្ញុំ
ការអភិវឌ្ឍខ្លួន ឲ្យ បានល្អបំផុត
វិធីប្រាំយ៉ាងដើម្បីបង្កើតជីវិតដ៏រីករាយ និងពេញដោយអំណរមួយ ។
នៅពេលព្រះអម្ចាស់បានបញ្ជា យ៉ូសែប ស៊្មីធ ឲ្យកសាងព្រះវិហារបរិសុទ្ធខឺតឡង់ នោះទ្រង់មិនបានទុកឲ្យលោកគិតពីរបៀបធ្វើវាទាំងអស់តែឯងនោះទេ ។ ទ្រង់បានបើកសម្ដែងផែនការមួយ ដែលនឹងនាំឲ្យមានជោគជ័យ ។
ព្រះអម្ចាស់បានប្រកាសថា « ចូរកសាងគេហដ្ឋានមួយចុះ ពុំមែនតាមរបៀបពិភពលោកទេ ។ « ចូរកសាងគេហដ្ឋានតាមរបៀប ដែលយើងនឹងបង្ហាញ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១៣–១៤ ) ។ រួចហើយព្រះអម្ចាស់បានប្រទានការណែនាំស្ដីពីរបៀបកសាងព្រះវិហារបរិសុទ្ធនោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៥:១៥–១៧ ) ។
សូមអរព្រះគុណ ដែលព្រះអម្ចាស់បានបង្ហាញយើងលើសពីការគ្រាន់តែដឹងពីរបៀបកសាងព្រះវិហារបរិសុទ្ធទៅទៀត ។ ទ្រង់ក៏បានប្រទានដល់យើងនូវការណែនាំ ដើម្បីជួយយើងឲ្យក្លាយជាមនុស្សដ៏ល្អបំផុតដែលយើងអាចធ្វើបានផងដែរ ។ នៅពេលយើងធ្វើតាមការណែនាំទាំងនេះ នោះយើងនឹងស្ថាបនាជីវិតរបស់យើង « ពុំមែនតាមរបៀបនៃពិភពលោកទេ » ប៉ុន្តែតាមរបៀបដែលព្រះអម្ចាស់បានរៀបចំវិញ ។
នេះជាវិធីប្រាំយ៉ាងដើម្បីបង្កើតជីវិតដ៏រីករាយ និងពេញដោយអំណរមួយ ដោយផ្ដោតលើព្រះយេស៊ូវគ្រីស្ទ ។
សង់គ្រឹះដ៏ខ្ជាប់ខ្ជួនមួយ
ស្ថាបត្យករ ឬជាងសំណង់ណាក៏ដោយក៏ប្រាប់បងប្អូនថា គ្រឹះដ៏រឹងមាំមួយគឺសំខាន់ខ្លាំងណាស់សម្រាប់អគារទាំងអស់ ។ ហេលេមិនបានបង្រៀនថា គ្រឹះដ៏ល្អបំផុតសម្រាប់ជីវិតរបស់យើងគឺ « នៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ » ( ហេលេមិន ៥:១២ ) ។ យើងអាចដាក់ព្រះគ្រីស្ទជាគ្រឹះរបស់យើងបាន តាមរយៈការមករកទ្រង់ និងធ្វើតាមការបង្រៀនរបស់ទ្រង់ ។ តើបងប្អូនមានអារម្មណ៍ថា បងប្អូនធ្វើបានល្អប៉ុណ្ណាដែរក្នុងការដាក់ព្រះគ្រីស្ទជាគ្រឹះនៃជីវិតរបស់បងប្អូន ?
បម្រើដល់មនុស្សដទៃ
របៀបដ៏អស្ចារ្យមួយទៀតដើម្បីស្ថាបនាជីវិតរបស់យើង យោងតាមប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ គឺនៅពេល « យើងត្រៀមខ្លួនបម្រើព្រះអម្ចាស់ និងបម្រើដល់មនុស្សដែលនៅជុំវិញខ្លួនយើង » ។១ នៅពេលបងប្អូនបម្រើដល់មនុស្សដទៃ នោះបងប្អូនកំពុងតែធ្វើអ្វីដែលព្រះយេស៊ូវបានធ្វើ ហើយរៀនដើម្បីកាន់តែប្រែក្លាយដូចជាទ្រង់ ។ ហើយបងប្អូននឹងមិនត្រឹមតែផ្ដល់ពរជ័យដល់ជីវិតរបស់មនុស្សដែលបងប្អូនបម្រើប៉ុណ្ណោះទេ ប៉ុន្ដែ បងប្អូន ថែមទាំងទទួលបានពរជ័យផងដែរ ។
បង្កើតទម្លាប់អធិស្ឋាន និងសិក្សាព្រះគម្ពីរជាទៀងទាត់
របៀបមួយទៀតដើម្បីស្ថាបនាជីវិតដ៏រីករាយមួយ គឺត្រូវបង្កើតទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ របៀបដ៏អស្ចារ្យមួយដើម្បីធ្វើការណ៍នោះ គឺតាមរយៈការអធិស្ឋាន និងការសិក្សាព្រះគម្ពីរ ។
ប្រធាន អុជដូហ្វ បានថ្លែងថា « ដើម្បីពង្រឹងទំនាក់ទំនងរបស់យើងជាមួយព្រះ យើងត្រូវការពេលវេលាដ៏មានអត្ថន័យជាមួយទ្រង់តែឯង ។ ការយកចិត្តទុកដាក់ដោយស្ងាត់ៗលើការអធិស្ឋានផ្ទាល់ខ្លួន និងការសិក្សាព្រះគម្ពីរប្រចាំថ្ងៃ … គឺជាការវិនិយោគដ៏ឆ្លាតវៃចំពោះពេលវេលារបស់យើង និងការខិតខំរបស់យើងដើម្បីខិតចូលកាន់តែជិតព្រះវរបិតាសួគ៌របស់យើង » ។២
ការអធិស្ឋានគឺជាឱកាសមួយដើម្បីធ្វើការប្រាស្រ័យទាក់ទងនឹងព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ។ ទ្រង់ស្គាល់យើង ស្រឡាញ់យើង ហើយសព្វព្រះទ័យព្រះសណ្ដាប់យើង ! នៅពេលយើងអធិស្ឋានដោយចិត្តស្មោះសរ អរព្រះគុណដល់ទ្រង់ ហើយទូលសូមអ្វីៗដែលយើងត្រូវការ នោះទ្រង់នឹងព្រះសណ្ដាប់ ហើយឆ្លើយតបតាមរបៀប និងពេលវេលារបស់ទ្រង់ផ្ទាល់ជានិច្ច ។
នៅពេលយើងសិក្សាព្រះគម្ពីរ នោះពុំមានរបៀបតែមួយដែលត្រឹមត្រូវដើម្បីសិក្សានោះទេ ។ រឿងដែលសំខាន់នោះគឺថា បងប្អូនសិក្សាព្រះគម្ពីរ ! ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ការជ្រមុជទៅក្នុងព្រះបន្ទូលនៃព្រះជាប្រចាំថ្ងៃ គឺសំខាន់សម្រាប់ជីវិតខាងវិញ្ញាណ » ។៣ ដោយគ្មានការសង្ស័យ ការចំណាយពេលសិក្សាព្រះគម្ពីររាល់ថ្ងៃនឹងជួយបងប្អូនឲ្យស្ថាបនាជីវិតមួយដែលមានសេចក្ដីជំនឿ និងកម្លាំង ។
ហ៊ុមព័ទ្ធខ្លួនបងប្អូនដោយមនុស្សដែលលើកទឹកចិត្តបងប្អូនឲ្យធ្វើល្អ
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងភ្ជាប់ និងបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សដទៃ—ជាពិសេសជាមួយគ្រួសារ និងមិត្តភក្ដិ ។ ជាញឹកញាប់ យើងមានចរិតដូចមនុស្សដែលយើងចំណាយពេលជាមួយ ។ មិនថាពួកគេជាសមាជិកសាសនាចក្រឬអត់នោះទេ បងប្អូនគួរតែនៅជុំវិញមនុស្សដែលជួយបងប្អូនឲ្យរស់នៅតាមដំណឹងល្អ កាន់តាមបទដ្ឋានរបស់ព្រះអម្ចាស់ ហើយក្លាយជាមនុស្សកាន់តែប្រសើរឡើង ។ បងប្អូនក៏អាចជួយមនុស្សដែលនៅជុំវិញបងប្អូនឲ្យធ្វើដូចគ្នានេះផងដែរ ។ តើមិត្តភក្ដិរបស់បងប្អូនមួយណា ដែលកំពុងជួយបងប្អូនឲ្យសង់គ្រឹះរបស់បងប្អូននៅលើសេចក្ដីសុចរិត ?
ស្វែងរកអំណរពេលសង់គ្រឹះរបស់បងប្អូន
មានរបៀបផ្សេងទៀតជាច្រើន ដែលបងប្អូនអាចស្ថាបនាជីវិតរបស់បងប្អូនឲ្យរឹងមាំខាងវិញ្ញាណ និងមានអំណរ រួមមានដូចជា ការទៅព្រះវិហារ និងការទទួលទានសាក្រាម៉ង់ ការចុះ និងការកាន់តាមសេចក្ដីសញ្ញា ព្រមទាំងការធ្វើតាមការប្រឹក្សារបស់ព្យាការីដែលនៅរស់ ។
វាសំខាន់ដើម្បីចងចាំថា កិច្ចការទាំងអស់នេះត្រូវការការខិតខំ និងពេលវេលា ។ វាតែងតែមានការស្ថាបនា និងការរៀនសូត្រជានិច្ច ប៉ុន្ដែបងប្អូនមិនចាំបាច់ធ្វើវាតែម្នាក់ឯងនោះឡើយ ។ ព្រះអម្ចាស់នឹងជួយបងប្អូនរាល់ថ្ងៃ កាលបងប្អូនព្យាយាមអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីស្ថាបនាជីវិតមួយដែលបងប្អូន និងទ្រង់អាចមានមោទនភាព ហើយដែលនឹងនាំអំណរមកដល់បងប្អូន ។