២០២១
ខ្ញុំ​មិន​បាន​ចូល​ក្នុង​ក្រុមរាំ​ទេ
ខែ កញ្ញា ឆ្នាំ ២០២១


« ខ្ញុំ​មិន​បាន​ចូល​ក្នុង​ក្រុមរាំ​ទេ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ១០–១១ ។

ខ្ញុំ​មិន​បាន ចូល​ក្នុង​ក្រុមរាំ​ទេ

ខ្ញុំ​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទេ ។ ខ្ញុំ​តក់ស្លុត​ណាស់ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ​ពី​អ្វីមួយ ។

អ្នករាំ​របាំបាឡេ

រចនា​រូបភាព​ដោយ កាព្រីយ៉ែល ហ្គ្រាកូលីស៊ី

ខ្ញុំ​ចូលចិត្ត​រាំ​តាំងពី​ខ្ញុំ​អាយុ​បី​ឆ្នាំ​ម្ល៉េះ ។ ដូច្នេះ ពេល​ដែល​ខ្ញុំ​ចូលរៀន​អនុវិទ្យាល័យ ខ្ញុំ​រំភើប​ចិត្ត​ណាស់ ពេល​មាន​ការជ្រើសរើស​ឲ្យ​ចូល​ក្រុមរាំ ។ ខ្ញុំ​គ្មាន​ការសង្ស័យ​ឡើយ​ថា ខ្ញុំ​នឹង​បាន​ចូល​ក្រុម​ដោយ​ងាយ ដោយសារ​ទេពកោសល្យ និង​បទពិសោធន៍​របស់​ខ្ញុំ ។

ពីរបី​ថ្ងៃ​ក្រោយពី​ការជ្រើសរើស គេ​បិទ​ឈ្មោះ​ក្រុម​រាំ ។ ខ្ញុំ​បាន​ស្រងាក​ចិត្ត​យ៉ាងខ្លាំង ព្រោះ​គ្មាន​ឈ្មោះ​ខ្ញុំ​ក្នុង​បញ្ជីឈ្មោះ​នោះ​ឡើយ ។ ខ្ញុំ​តក់ស្លុត​ណាស់ ។ ខ្ញុំ​បាន​ទៅ​ផ្ទះ ហើយ​យំ​លើ​គ្រែ​ខ្ញុំ ។ ខ្ញុំ​ខឹង​នឹង​គ្រូ​របាំ ហើយ​អន់ចិត្ត​ដែល​ខ្ញុំ​មិន​ល្អ​គ្រប់គ្រាន់​ដើម្បី​ចូល​ក្រុមរាំ​នឹង​គេ ។ ម៉ាក់​របស់​ខ្ញុំ​បាន​ដើរ​ចូលមក​បន្ទប់​ខ្ញុំ​ស្ងាត់ៗ ហើយ​បាន​ផ្ដល់​យោបល់​ថា ខ្ញុំ​គួរតែ​ទូលទៅ​ព្រះវរបិតាសួគ៌​សូម​កម្លាំង​ដើម្បី​ឆ្លងកាត់ « គ្រា​លំបាក » នេះ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​យល់ព្រម​ទាំង​ស្ទាក់ស្ទើរ ហើយ​បាន​អធិស្ឋាន​យ៉ាង​ខ្លី ។ ក្រោយពី​ការអធិស្ឋាន ខ្ញុំ​នៅតែ​មាន​អារម្មណ៍​មិន​ល្អ​ដដែល ដូច្នេះ​ខ្ញុំ​បន្ដ​ក្រៀមក្រំ និង​មិន​រីករាយ​សោះ​ឡើយ ។ ខ្ញុំ​គេង​មិន​ស្កប់​សោះ​នៅ​យប់នោះ ។

នៅ​ព្រឹក​ស្អែក ខ្ញុំ​បង្ខំ​ខ្លួនឯង​ឲ្យ​ក្រោកពី​គ្រែ ។ បរាជ័យ​របស់​ខ្ញុំ​នៅ​ដិតដាម​ក្នុង​ចិត្ត​ខ្ញុំ​ថ្មីៗ​នៅឡើយ ហើយ​ខ្ញុំ​ចង់​ត្រឡប់​ទៅ​គ្រលំ​ភួយ​វិញ ។ ប៉ុន្ដែ​មុនពេល​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ខ្ញុំ​បាន​ចាំ​ពី​ការសន្យា​មួយ ដែល​ប៊ីស្សព​របស់​ខ្ញុំ​បាន​សន្យា ។ លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​ខ្ញុំ​អាន​ព្រះគម្ពីរ​រាល់ថ្ងៃ ទោះជា​តែ ១៥ នាទី​ក្ដី នោះ​ខ្ញុំ​នឹង​មាន​ពរជ័យ ។ ប្រសិនបើ​ខ្ញុំ​ត្រូវការ​ពរជ័យ នោះ​វា​គឺក្នុង​ពេលនេះ​ឯង ។

កាល​ខ្ញុំ​អាន ខ្ញុំ​ប៉ះចំ​ខគម្ពីរ​នេះ​នៅក្នុង​គោលលទ្ធិ និង សេចក្តី​សញ្ញា ៖

« មិត្ត​ទាំងឡាយ​របស់​យើង​អើយ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កុំ​ខ្លាច​ឡើយ ចូរ​មាន​ចិត្ត​ក្សាន្ត​ចុះ មែនហើយ ចូរ​អរ​សប្បាយ​ជានិច្ច ហើយ​នូវ​គ្រប់​អ្វីៗ​ទាំងអស់ ចូរ​ថ្លែង​អំណរគុណ

« ដោយ​អត់ឱន​រង់ចាំ​ព្រះអម្ចាស់ ដ្បិត​ការអធិស្ឋាន​របស់​អ្នក​បាន​ចូល​ក្នុង​ព្រះកាណ៌​របស់​ព្រះអម្ចាស់​នៃ​សាបោត​ហើយ ហើយ​ត្រូវបាន​កត់ទុក​ដោយ​តម្រា និង​ទីបន្ទាល់​នេះ— គឺ​ព្រះអម្ចាស់​ទ្រង់​បាន​ស្បថ ហើយ​បាន​ចេញ​បញ្ញត្តិ​ថា ពួកគេ​នឹង​ត្រូវបាន​អនុញ្ញាត​ហើយ ។

« ហេតុ​ដូច្នេះ​ហើយ ព្រះអង្គ​ប្រទាន​សេចក្ដី​សន្យា​នេះ​ដល់​អ្នក ដោយ​សេចក្ដី​សញ្ញា​ដ៏​មិន​ចេះ​ប្រែប្រួល​ថា ការអធិស្ឋាន​ទាំងឡាយ​នឹង​ត្រូវបាន​សម្រេច ហើយ​គ្រប់​ការណ៍​ទាំងអស់​ដែល​អ្នក​ត្រូវបាន​រងទុក្ខ នោះ​នឹង​ផ្សំ​គ្នា​សម្រាប់​សេចក្ដី​ល្អ​ដល់​អ្នក និង​ដល់​សិរីល្អ​របស់​ព្រះនាម​យើង ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ថា​ដូច្នោះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១–៣ ) ។

ខ្ញុំ​បាន​រន្ធត់ ។ ខ្ញុំ​អង្គុយ​ក្នុង​ខោអាវ​គេង​នៅឡើយ ទាំង​សក់​រញ៉េរញ៉ៃ​ទើប​ងើបពី​គេង ហើយ​ភាំង​ពី​របៀប​ដែលខ្ញុំ​ពិតជា​ត្រូវការ​បទគម្ពីរ​ទាំងនេះ​ខ្លាំងណាស់ ។ អារម្មណ៍​ខឹង​សម្បារ និង​ក្រៀមក្រំ​ទាំងពួង​បាន​រសាត់​ចេញទៅ​តាម​ខគម្ពីរ​ទាំង​បី​នោះ ។ ខ្ញុំ​មាន​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​ខ្ញុំ ហើយ​បាន​ដឹង​ថា ទ្រង់​ជ្រាប​ពី​អ្វី​ដែល​ខ្ញុំ​កំពុងតែ​ឆ្លងកាត់ ។ ដោយ​មាន​ទស្សនវិស័យ​ថ្មី​នេះ ខ្ញុំ​អាច​ឃើញ​ថា ការមិន​ត្រូវបាន​គេ​ជ្រើសរើស​សម្រាប់​ក្រុមរាំ​នោះ​គឺ​គ្រាន់តែ​ជា​ការលំបាក​ដ៏​តូច​មួយ​ប៉ុណ្ណោះ​លើ​ផ្លូវ​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​ដោយ​ការដឹងគុណ ហើយ​បាន​អរព្រះគុណ​ដល់​ព្រះវរបិតាសួគ៌ ។

ពេញ​មួយ​ថ្ងៃនោះ ខ្ញុំ​អាច​រក្សា​ព្រះវិញ្ញាណ​ឲ្យ​គង់នៅ​ជាមួយ​ខ្ញុំ ហើយ​មើល​ទៅ​ការសាកល្បង​របស់​ខ្ញុំ​ថាជា​ឱកាស​ដើម្បី​រីកចម្រើន ។ ខ្ញុំ​នឹង​ចងចាំ​ខគម្ពីរ​ទាំងនេះ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជានិច្ច ។ ហើយ​ខ្ញុំ​នឹង​ចងចាំ​ពាក្យសន្យា​របស់​ប៊ីស្សព​ខ្ញុំ​អំពី​ពរជ័យ​ក្នុង​ការងាក​ទៅរក​ព្រះគម្ពីរ ។ ខ្ញុំ​មាន​អំណរគុណ​ខ្លាំងណាស់ ដែល​ខ្ញុំ​អាច​ជា​ផ្នែក​មួយ​នៃ​សាសនាចក្រ​នេះ ហើយ​មាន​ចំណេះដឹង​អំពី​ដំណឹងល្អ ។ ខ្ញុំ​ដឹង​ថា ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​ពួកយើង​គឺជា​ផែនការ​នៃ​សុភមង្គល​យ៉ាង​ពិតប្រាកដ ។