« ខ្ញុំមានអារម្មណ៍ថា វាពិបាកនឹងគោរពតាមបទដ្ឋាននេះណាស់ នៅពេលមនុស្សគ្រប់គ្នាដែលខ្ញុំស្គាល់មានទំនាក់ទំនងដ៏ជ្រាលជ្រៅមួយជាមួយនឹងនរណាម្នាក់នោះ ។ តើខ្ញុំគួរតែធ្វើយ៉ាងដូចម្តេច ? » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ៩ ។
សំណួរ និង ចម្លើយ
« ខ្ញុំមានអារម្មណ៍ថា វាពិបាកនឹងគោរពតាមបទដ្ឋាននេះណាស់ នៅពេលមនុស្សគ្រប់គ្នាដែលខ្ញុំស្គាល់មានទំនាក់ទំនងដ៏ជ្រាលជ្រៅមួយជាមួយនឹងនរណាម្នាក់នោះ ។ តើខ្ញុំគួរតែធ្វើយ៉ាងដូចម្តេច ? »
ការអភិវឌ្ឍខ្លួន
« សូមព្យាយាមមានទស្សនវិស័យអស់កល្បជានិច្ចមួយ ហើយចំណាយពេលអភិវឌ្ឍទំនាក់ទំនងដ៏ជ្រាលជ្រៅជាមួយគ្រួសារ និងមិត្តភក្ដិរបស់បងប្អូន ។ គន្លងដ៏ល្អទាំងនេះនឹងទាក់ទាញមនុស្សដទៃឲ្យមករកបងប្អូន ដោយសារពួកគេនឹងឃើញចំណុចល្អបំផុតក្នុងបងប្អូន—ដែលជាបងប្អូនពិតប្រាកដ ! »
អេលី អេស អាយុ ១៧ ឆ្នាំ រដ្ឋកាលីហ្វ័រញ៉ា ស.រ.អ.
ស្វែងរកការដឹកនាំ
« ប្រសិនបើបងប្អូនកំពុងពុះពារនឹងអារម្មណ៍ឯកោ សូមទូលសូមការលួងលោមពីព្រះវរបិតាសួគ៌ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំបងប្អូន ហើយគាំទ្របងប្អូន ។ ដូចគ្នាដែរ បងប្អូនអាចសូមដំបូន្មានពីឪពុកម្ដាយ និងថ្នាក់ដឹកនាំរបស់បងប្អូនបានជានិច្ច ពីព្រោះពួកលោកបានឆ្លងកាត់អ្វីដែលបងប្អូនកំពុងជួប ! »
ចេមី ជី អាយុ ១៧ ឆ្នាំ ទីក្រុង នូវេ កាសា ហ្គ្រានដេ ប្រទេសម៉ិកស៊ិក
បង្កើតមិត្តភក្តិថ្មី
« ខ្ញុំនឹងរំឭកខ្លួនឯងថា ព្រះស្រឡាញ់ខ្ញុំ ។ បន្ទាប់មក ខ្ញុំនឹងរកឱកាសនិយាយលេងជាមួយនឹងមិត្តភក្ដិចាស់ៗ ហើយខ្ញុំនឹងបង្កើតសកម្មភាពដើម្បីមានមិត្តភក្ដិថ្មី ។ បងប្អូនអាចប្រើពេលនេះដើម្បីសាងទំនុកចិត្ត ទេពកោសល្យ និងទីបន្ទាល់របស់បងប្អូន ហើយអ្វីៗទាំងអស់នឹងដំណើរការ » ។
ជូលី អេស អាយុ ១២ ឆ្នាំ ទីក្រុងអាល់ប៊ើរតា ប្រទេសកាណាដា
ដំបូន្មានរបស់ព្យាការី
« វាអាចនឹងពិបាកដើម្បីគិតអំពីភាពអស់កល្ប នៅពេលដែល ‹ បច្ចុប្បន្ននេះ › ហាក់ដូចជាសំខាន់ជាងនោះ ។ សូមចាំថា ព្យាការី និងថ្នាក់ដឹកនាំដទៃទៀតក្នុងសាសនាចក្របានទូន្មានយ៉ាងខ្លាំង កុំឲ្យបងប្អូនមានទំនាក់ទំនងទាំងនៅវ័យជំទង់ឡើយ សូម្បីតែក្រោយអាយុ ១៦ ឆ្នាំក្ដី ។ ទំនាក់ទំនងជ្រាលជ្រៅពេលបងប្អូននៅក្មេងនៅឡើយ អាចនាំឲ្យមានការខូចចិត្ត និងភាពអសីលធម៌ ។ បងប្អូនក៏អាចទូលសូមព្រះវរបិតាសួគ៌អំពីអ្វីដែលល្អបំផុតដែលបងប្អូនអាចធ្វើបាន » ។
ជូលី ស៊ី អាយុ ១៧ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អ.
ចូលរួមចំណែក
« របៀបដ៏ល្អមួយដើម្បីមានអារម្មណ៍ថាចុះចំណោមនឹងគេ គឺត្រូវចូលរួមចំណែកក្នុងកិច្ចការផ្សេងៗ ។ សូមសាកល្បងលេងកីឡាថ្មី វគ្គជម្រើសសម្ដែងក្នុងសាលារៀន ឬចូលរួមក្នុងក្លិបរ៉ូប៊តវិទ្យា ។ ប្រសិនបើបងប្អូនកំពុងធ្វើអ្វីមួយដែលបងប្អូនចូលចិត្ត នោះបងប្អូននឹងជួបមនុស្សដែលបងប្អូនរីករាយនឹងនៅជាមួយ » ។
ម៉ាយ៉ា អេស អាយុ ១៦ ឆ្នាំ ទីក្រុងប៉េកាំង ប្រទេសចិន
វាគឺជាជម្រើសរបស់បងប្អូន
« ប្រសិនបើបងប្អូនអាយុ ១៦ ឆ្នាំហើយ នោះបងប្អូនអាចជ្រើសរើសថាតើបងប្អូនចង់ទៅក្រៅមួយទល់មួយឬអត់ ។ ប៉ុន្ដែនៅពេលធ្វើការជ្រើសរើសនោះ សូមកុំគិតពីអ្វីដែលមនុស្សដទៃអាចគិតអំពីបងប្អូន ។ ប្រសិនបើបងប្អូនមានអារម្មណ៍ថាត្រៀមខ្លួនរួចស្រេច នោះសូមធ្វើវាទៅ ។ ប្រសិនបើបងប្អូនមិនមានអារម្មណ៍ដូច្នោះទេ សូមកុំធ្វើវា » ។
ហ្វីលីប អិម អាយុ ១៤ ឆ្នាំ ទីក្រុងរីអូ ដឺ ហ្សានេរ៉ូ ប្រទេសប្រេស៊ីល
ទំនាក់ទំនងដ៏សំខាន់ដទៃទៀត
« ទោះបីជាបងប្អូនមិនអាចមានទំនាក់ទំនងជាមួយនឹង ‹ មិត្តមួយរយឆ្នាំ › ក្ដី ក៏បងប្អូននៅតែមានទំនាក់ទំនងល្អជាមួយមិត្ដភក្ដិ និងគ្រួសារជុំវិញខ្លួនដែរ ។ សូមមានអំណរគុណចំពោះទំនាក់ទំនងទាំងនោះ ។ ដើម្បីពង្រឹងទំនាក់ទំនងទាំងនោះបាន សូមធ្វើដូចជាព្រះគ្រីស្ទ និងធ្វើជាគំរូល្អ » ។
ថេលី អិល អាយុ ១៧ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អ.
រង់ចាំដើម្បីបង្កើតទំនាក់ទំនងដ៏ជ្រាលជ្រៅ
« ខ្ញុំមិនចង់មានទំនាក់ទំនងមួយនៅឡើយទេ ។ មិត្តភក្ដិរបស់ខ្ញុំមួយចំនួនមិនចង់ដើរលេងជាមួយខ្ញុំទេ ដោយសារពួកគេរវល់ជាមួយនឹងមិត្តប្រុសរបស់គេ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានសេរីភាពដើម្បីជួបនឹងមនុស្សទូទៅដោយមិនធ្វើការសម្រេចចិត្តសំខាន់ៗទាំងនៅក្មេងពេក » ។
ជីណា ស៊ី អាយុ ១៦ ឆ្នាំ ទីក្រុង នូវេ កាសា ហ្គ្រានដេ ប្រទេសម៉ិកស៊ិក
កុំដាក់សម្ពាធលើខ្លួនឯងអី
« ខ្ញុំធ្លាប់មានអារម្មណ៍ដូចគ្នានេះ ប៉ុន្ដែការអធិស្ឋានទៅព្រះអម្ចាស់ ការអានព្រះគម្ពីរ និងការនិយាយជាមួយឪពុកម្ដាយខ្ញុំបានជួយខ្ញុំ ។ យើងមិនចាំបាច់មានអារម្មណ៍រងសម្ពាធនោះទេ ពីព្រោះព្រះអម្ចាស់នឹងជួយយើងឲ្យដឹងថា ពេលណាជាពេលត្រឹមត្រូវនោះ ។ សូមរីករាយនឹងជីវិតរបស់បងប្អូន ហើយចំណាយពេលជាមួយមិត្តភក្ដិ និងគ្រួសារ ទាន់ខ្លួននៅក្មេង ! ដំណាក់កាលនេះក្នុងជីវិតរបស់យើងកើតឡើងតែម្ដងគត់ ដូច្នេះសូមកុំមានអារម្មណ៍រងសម្ពាធដើម្បីបង្កើនល្បឿននោះឡើយ » ។
វិកថូរៀ ជី អាយុ ១៦ ឆ្នាំ ទីក្រុង នូវេ កាសា ហ្គ្រានដេ ប្រទេសម៉ិកស៊ិក