« ការស្ថាបនាក្រុងស៊ីយ៉ូនតាមរយៈសាមគ្គីភាព » ដើម្បីកម្លាំងនៃយុវជន ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ២០ ។
ពាក្យចុងក្រោយ
ការស្ថាបនាក្រុងស៊ីយ៉ូនតាមរយៈសាមគ្គីភាព
ដោយផ្អែកលើសុន្ទរកថានៅក្នុងសន្និសីទទូទៅ ខែ តុលា ឆ្នាំ ២០០៨ ។
ស៊ីយ៉ូនគឺជាទីតាំងផង និងជាមនុស្សផង ។ ស៊ីយ៉ូនគឺជាឈ្មោះដែលត្រូវបានដាក់ឲ្យទីក្រុងបុរាណមួយរបស់អេណុក ។ ព្រះអម្ចាស់បានហៅប្រជាជនរបស់អេណុកថា ស៊ីយ៉ូន « ពីព្រោះពួកគេមានចិត្តតែមួយ និងគំនិតតែមួយ ហើយបានរស់នៅក្នុងសេចក្ដីសុចរិត ហើយគ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ » ( ម៉ូសេ ៧:១៨ ) ។ នៅកន្លែងផ្សេងទៀត ទ្រង់បានមានបន្ទូលថា « ដ្បិតនេះហើយជាស៊ីយ៉ូន—ជាអ្នកដែលមានចិត្តល្អសុទ្ធសាធ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៧:២១ ) ។
ដើម្បីស្ថាបនាក្រុងស៊ីយ៉ូននៅក្នុងគេហដ្ឋានរបស់យើង សាខា វួដ និងស្ដេករបស់យើង យើងចាំបាច់ត្រូវ ( ១ ) មានសាមគ្គីភាពក្នុងដួងចិត្ត ហើយគំនិតតែមួយ ( ២ ) ប្រែក្លាយជារាស្ត្រដ៏បរិសុទ្ធ និង ( ៣ ) មើលថែដល់អ្នកទ័លក្រ និងទុគ៌តជន ។ យើងពុំអាចរង់ចាំរហូតដល់ស៊ីយ៉ូនមកដល់ ទើបហេតុការណ៍ទាំងនេះកើតឡើងនោះទេ––ស៊ីយ៉ូននឹងមកដល់ លុះត្រាតែការណ៏ទាំងនេះកើតឡើងប៉ុណ្ណោះ ។
យើងនឹងមានចិត្តតែមួយ និងគំនិតតែមួយ នៅពេលយើងម្នាក់ៗដាក់ព្រះអង្គសង្គ្រោះជាស្នូលនៃជីវិតរបស់យើង ធ្វើតាមអស់អ្នកដែលទ្រង់បានបញ្ជាឲ្យដឹកនាំយើង ហើយសាមគ្គីគ្នាដោយសេចក្ដីស្រឡាញ់ និងខ្វាយខ្វល់ចំពោះគ្នាទៅវិញទៅមក ។ សាមគ្គីភាព និងសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកនេះ នៅពេលគុណជាមួយនឹងរបៀបខុសៗគ្នារាប់ពាន់ដងទៅ នោះទ្រង់នឹង « យាងមកឯក្រុងស៊ីយ៉ូនវិញ » ( អេសាយ ៥២:៨ ) ។