២០២១
ព្រះ​នឹង​ច្បាំង​ចម្បាំង​ទាំងឡាយ​របស់​បងប្អូន—តាម​របៀប​របស់​ទ្រង់
ខែ កញ្ញា ឆ្នាំ ២០២១


« ព្រះ​នឹង​ច្បាំង​ចម្បាំង​ទាំងឡាយ​របស់​បងប្អូន—តាម​របៀប​របស់​ទ្រង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ១៥–១៧ ។

ចូរ​មក​តាម​ខ្ញុំ

ព្រះ​នឹង​ច្បាំង​ចម្បាំង​ទាំងឡាយ​របស់​បងប្អូន—តាម​របៀប​របស់​ទ្រង់

ពួកបរិសុទ្ធ​ពីដើម​បាន​រៀន​ពី​កិច្ចការ​ដ៏​មាន​ប្រយោជន៍​ខ្លះៗ​ស្ដីពី​របៀប​របស់​ព្រះ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៣–១០៥

ជំរំ​ស៊ីយ៉ូន​នៅ​ទន្លេ​ហ្វីសស៊ីង

ជំរំ​ស៊ីយ៉ូន ដោយ យូឌីត មែរ

ដោយ​មាន​ក្រុម​មនុស្ស​កំណាច​ដែល​ខឹង​សម្បារ​ជាង ៣០០ នាក់​សន្យា​ថា​នឹង​បំផ្លាញ​ពួកគេ​ចោល​នាពេល​ព្រឹក នោះ​ក្រុម​ពួកបរិសុទ្ធ​ដែល​បាន​បង្កើត​ជា​ជំរំ​ស៊ីយ៉ូន បាន​សង្ឃឹម និង​អធិស្ឋាន​សូម​អព្ភូតហេតុ​មួយ ។

នៅក្រោម​ការដឹកនាំ​របស់​យ៉ូសែប ស្ម៊ីធ នោះ​ជំរំ​ស៊ីយ៉ូន​បាន​ធ្វើដំណើរ​រាប់​សប្ដាហ៍​ពី​រដ្ឋ​អូហៃអូ​ទៅកាន់​រដ្ឋ​មីសសួរី ។ សមាជិក​សាសនាចក្រ​ទាំងនេះ​បាន​សង្ឃឹម​ថា​នឹង​ជួយ​ដល់​ពួកបរិសុទ្ធ ដែល​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​ឃុំ​ចាកសុន រដ្ឋ​មីសសួរី ស.រ.អ. ឲ្យ​ទទួលបាន​ដីធ្លី​របស់​ពួកគេ​មក​វិញ ។ ប៉ុន្ដែ​ពួកគេ​បាន​ប្រឈម​មុខ​នឹង​ការគំរាម​កំហែង និង​ការប្រឆាំង​គ្រប់​ពេល​ពួកគេ​ធ្វើ​ដំណើរ ។ ហើយ​ឥឡូវ​នេះ មាន​ក្រុម​មនុស្ស​កំណាច​មួយ​ក្រុម​ទៀត​បាន​គំរាម​កំហែង​ពួកគេ ។

អព្ភូតហេតុ​ដែល​ពួកបរិសុទ្ធ​នៅ​ជំរំ​ស៊ីយ៉ូន​បាន​អធិស្ឋាន​សូម​នោះ​បាន​កើតឡើង​ក្នុង​ពេល​មិន​យូរ​ប៉ុន្មាន ។ អព្ភូតហេតុ​នោះ​មក​ក្នុង​ទម្រង់​ពពក​ខ្មៅ​ងងឹត​កកកុញ​ពី​ចម្ងាយ ។ រន្ទះ​ផ្គរលាន់​ដ៏​ខ្លាំង​បាន​កើតឡើង​គ្រប់​ទិសទី ហើយ​ចាក់ស្រោច​គ្រាប់ព្រិល​ទឹកកក​យ៉ាង​សម្បើម ។ ព្យុះ​នោះ​បាន​បញ្ឈប់​ក្រុម​មនុស្ស​កំណាច​មិន​ឲ្យ​បន្ដ​ទៅមុខ​បាន ។

យ៉ូសែប ស៊្មីធ ប្រវត្តិ​ពន្យល់​ថា « វា​ហាក់​ដូចជា​អំណាច​សងសឹក​បាន​ចេញ​មកពី​ព្រះ​នៃ​ចម្បាំង ដើម្បី​ការពារ​ពួកអ្នក​បម្រើ​របស់​ទ្រង់​ពី​ការបំផ្លិច​បំផ្លាញ​ពី​សំណាក់​ពួកសត្រូវ​របស់​ពួកគេ ។ គ្រាប់​ព្រិល​ទឹកកក​បាន​ធ្លាក់លើ​ពួកគេ មិនមែន​លើ​ពួកយើង​ទេ ហើយ​យើង​មិន​បាន​រងគ្រោះ​ឡើយ គ្រាន់តែ​តង់​របស់​យើង​មួយ​ចំនួន​ត្រូវបាន​បក់បោក ហើយ​ទទឹក​បន្ដិច ខណៈ​ពួកសត្រូវ​របស់​យើង​វិញ សូម្បីតែ​មួក​ក៏​ធ្លុះ ហើយ​រង​ការខូចខាត​យ៉ាង​ដំណំ ឯ​ស្ដុក​គ្រាប់​កាំភ្លើង​របស់​ពួកគេ​ក៏​ខូច ហើយ​សេះ​របស់​ពួកគេ​ថែម​ទាំង​បាន​រត់​បាត់​អស់​ទៀត » ។

គ្រាប់​ព្រិល​ទឹកកក​ដែល​បំផ្លិចបំផ្លាញ​នេះ​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ព្យុះ​ប៉ុណ្ណោះ ។ ភ្លៀង​បាន​ធ្លាក់​យ៉ាងខ្លាំង រហូត​ដល់​ទន្លេ​ហ្វីសស៊ីង ជា​ទន្លេ​ដែល​បំបែក​ក្រុម​ទាំងពីរ​ពីគ្នា​នោះ បាន​ជោរជន់​ទឹក​ឡើង​ជិត​ដល់​ជម្រៅ ១២ ម៉ែត្រ ( ៤០ ហ្វីត ) ។ វា​មាន​ជម្រៅ​តែ​ត្រឹម​កជើង​ប៉ុណ្ណោះ​កាលពី​ពេល​ព្រឹក ។

ព្រះអម្ចាស់​បាន​សន្យា​នឹង​សមាជិក​នៃ​ជំរំ​ស៊ីយ៉ូន​ថា « យើង​នឹង​ច្បាំង​ចម្បាំង​ទាំងឡាយ​របស់​អ្នក » ( គោលលទ្ធិ និង សេចក្តី​សញ្ញា ១០៥:១៤ ) ។ នៅពេល​ការណ៍​នោះ​កើតឡើង វា​គ្មាន​ការសង្ស័យ​ឡើយ​ថា តើ​ខាងណា​នឹង​ឈ្នះ​នោះ ។

អព្ភូតហេតុ​នៅ​សម័យ​ទំនើប

ពេលខ្លះ​នៅពេល​យើង​អាន​ដំណើររឿង​ដូចជា​រឿង​មួយ​នេះ បងប្អូន​អាច​ឆ្ងល់​ថា ហេតុអ្វី​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បែប​នេះ​ហាក់​ដូចជា​មិន​កើតឡើង​ចំពោះ បងប្អូន នៅក្នុង​ការពុះពារ របស់​បងប្អូន អញ្ចឹង ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែក​រំលែក​ការយល់ដឹង​មួយ​ចំនួន​នាពេល​ថ្មីៗ​នេះ ដែល​អាច​ជួយ​បាន ។ លោក​បាន​ពោល​ថា « បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ សូម​យល់​ថា ទ្រង់​ដែល​មិន​ដែល​ងោក ក៏​មិន​ដែល​ផ្ទំ​លក់ ទ្រង់​មាន​ព្រះទ័យ​ខ្វល់​ពី​សុភមង្គល និង​ភាពលើក​តម្កើង​ដ៏​ខ្ពស់​បំផុត​នៃ​បុត្រា​បុត្រី​ទ្រង់ ជាង​អ្វីៗ​ទាំងអស់​ដែល​ព្រះអង្គ​ត្រូវ​ធ្វើ ។ ទ្រង់​ជា​សេចក្ដី​ស្រឡាញ់​សុទ្ធសាធ មាន​បុគ្គលិក​លក្ខណៈ​ដ៏​រុងរឿង ហើយ​ព្រះនាម​ទ្រង់​គឺ​ព្រះវរបិតា​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា ។

« បងប្អូន​អាច​នឹង​និយាយ​ថា ‹ មែនហើយ បើ​ដូច្នោះ​មែន តើ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់​មិន​គួរ​តែ​ជា​ផ្នែក​មួយ​នៃ​សមុទ្រ​ក្រហម​ផ្ទាល់​ខ្លួន​យើង ហើយ​អនុញ្ញាត​ឲ្យ​យើង​ដើរ​ឆ្លងកាត់​បញ្ហា​របស់​យើង​នៅលើ​ដី​គោក​ទេ​ឬអី ? › »

និយាយ​ម្យ៉ាង​ទៀត​ថា ប្រសិនបើ​ព្រះ​បាន​ច្បាំង​ចម្បាំង​ទាំងនោះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​កាលពី​អតីតកាល​មែន ហេតុអ្វី​ទ្រង់​មិន​ធ្វើ​ដូច្នេះ​ដែរ​នាពេល​នេះ ? ហេតុអ្វី​មិន​សម្អាត​ចោល​ជំងឺ​ទាំងអស់ ? ហេតុអ្វី​មិន​បញ្ចប់​សង្គ្រាម និង​ការស្រេក​ឃ្លាន និង​ការរងទុក្ខ​ពេញ​ទាំង​ពិភពលោក ?

ឬ ហេតុអ្វី​យ៉ាង​ហោច​ណាស់​មិន​បញ្ឈប់​អ្នករករឿង​គេ ដែល​មិន​ទុក​ឲ្យ​បងប្អូន​បាន​សុខ​នោះ ? ឬ ជួយ​គ្រួសារ​របស់​បងប្អូន​ឲ្យ​ចុះសម្រុង​នឹង​គ្នា​ជាង​នេះ ?

អែលឌើរ ហូឡិន បាន​បង្រៀន​បន្ថែម​ទៀត​ថា « ចម្លើយ​ចំពោះ​សំណួរ​បែប​នោះ​គឺ ‹ បាទ ព្រះ​អាច​ប្រទាន​អព្ភូតហេតុ​ភ្លាមៗ​បាន ប៉ុន្តែ​ឆាប់ៗ ឬ​ពេល​ក្រោយ​ទៀត យើង​រៀន​ថា មានតែ​ទ្រង់​មួយ​អង្គ​ប៉ុណ្ណោះ ដែល​អាច​ដឹកនាំ​ពេលវេលា និង​រដូវកាល​នៃ​ដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង​បាន › ។ ទ្រង់​បាន​ចាត់ចែង​កាលវិភាគ​នោះ​ដល់​យើង​ម្នាក់ៗ​ដាច់​ដោយ​ឡែក​ពី​គ្នា » ។

ពេល​បងប្អូន​ធ្វើតាម​បទបញ្ញត្តិ​របស់​ព្រះ នោះ​បងប្អូន​នឹង​ទទួល​បាន​ជំនួយ​របស់​ព្រះ ។ ប៉ុន្តែ​គ្មាន​យើង​ណាម្នាក់​អាច​ជ្រើសរើស​របៀប ឬ​ពេលវេលា​ដែល​ជំនួយ​នោះ​នឹង​មកដល់​បាន​ទេ ។

ពរជ័យ​ដែល​មិនបាន​រំពឹង​ទុក

សូម​ត្រឡប់​ទៅរឿង​ជំរំ​ស៊ីយ៉ូន​វិញ​បន្ដិច ។ អព្ភូតហេតុ​នៅ​ទន្លេ​ហ្វីសស៊ីង​ពិតជា​អស្ចារ្យ​មែន ។ ហើយ​វា​មិនមែន​ជា​អព្ភូតហេតុ​តែមួយ ដែល​សមាជិក​ជំរំ​ស៊ីយ៉ូន​បាន​ឃើញ​អំឡុងពេល​ធ្វើ​ដំណើរ​របស់​ពួកគេ​នោះទេ ។ ប៉ុន្ដែ កាល​បងប្អូន​អាន​ក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ហើយ​រៀន​ក្នុង​ថ្នាក់​សិក្ខាសាលា​នៅ​ខែ​នេះ នោះ​បងប្អូន​នឹង​ឃើញ​ថា អ្វីៗ​មិនបាន​កើតឡើង​តាម​របៀប​ដែល​ពួកបរិសុទ្ធ​បាន​គ្រោងទុក​នោះទេ ។

ពួកគេ​បាន​គិត​ថា គោលដៅ​ដ៏​សំខាន់​នៃ​ជំរំ​ស៊ីយ៉ូន​គឺ​ដើម្បី​ជួយ​យក​ដីធ្លី​មកវិញ​នៅ​ឃុំ​ចាកសុន ដែល​ត្រូវបាន​ក្រុម​មនុស្ស​កំណាត​ដ៏​ខឹង​សម្បារ​ទាំងនោះ​លួច​ពី​ពួកបរិសុទ្ធ ។

តើ​ពួកបរិសុទ្ធ​បាន​ទទួល​ដីធ្លី​របស់​ពួកគេ​មកវិញ​ដែរ​ឬទេ ? ទេ ។

តើ​ពួកបរិសុទ្ធ​បាន​រងទុក្ខ​ក្នុង​ការធ្វើ​ដំណើរ​ជិត ១៤៤៨ គីឡូម៉ែត្រ ( ៩០០ ម៉ែលស៍ ) ទៅកាន់​រដ្ឋ​មីសសួរី​ដែរ​ឬទេ ? បាន​រងទុក្ខ​មែន ។ ពេលខ្លះ​រងទុក្ខ​យ៉ាងខ្លាំង​ផងដែរ ។ អ្វី​ដែល​អាក្រក់​បំផុត​នោះ​គឺ ជំងឺ​អាសន្នរោគ​បាន​រាលដាល​នៅ​ទូទាំង​ជំរំ ហើយ​បាន​សម្លាប់​មនុស្ស ១៣ នាក់ ។

បើ​មើលតែ​សំបក​ក្រៅ វា​អាច​មើលទៅ​ដូចជា​កិច្ចខិតខំ​ទាំងមូល​បាន​ទទួល​បរាជ័យ ។ ប៉ុន្ដែ នោះ​មិនមែន​ជា​របៀប​ដែល​មនុស្ស​ជាច្រើន ដែល​បាន​ធ្វើ​ដំណើរ​ក្នុង​ជំរំ​នោះ​បាន​ឃើញ​វា​នោះទេ ។ ព្រិកហាំ យ៉ង់ បាន​ថ្លែង​ពី​បទពិសោធន៍​នេះ​ថា « ខ្ញុំ​បាន​ទទួល​រង្វាន់​យ៉ាង​អស្ចារ្យ—​រង្វាន់​អស្ចារ្យ​ពី​ស្ថានសួគ៌​—មែនហើយ … ខ្ញុំ​ត្រូវបាន​បំពេញ​ដោយ​ចំណេះដឹង​ដ៏លើសលប់ ដែល​ខ្ញុំ​បាន​ទទួល​អំឡុង​ពេល​ដែល​ខ្ញុំ​បាន​ធ្វើដំណើរ​ជាមួយ​ព្យាការី [ យ៉ូសែប ស៊្មីធ ] » ។

សមាជិក​ជំរំ​ស៊ីយ៉ូន​ជាច្រើន​ទៀត​ក៏​បាន​និយាយ​អំពី​មេរៀន​ដែល​យើង​បាន​រៀន និង​គុណតម្លៃ​ពី​ការធ្វើ​ដំណើរ​នេះ​ដែរ ។ ព្យាការី យ៉ូសែប ស៊្មីធ ផ្ទាល់​បាន​មាន​ប្រសាសន៍​ថា « បងប្អូនប្រុស​អើយ បងប្អូន​មួយ​ចំនួន​បាន​ខឹង​នឹង​ខ្ញុំ ដោយសារ​បងប្អូន​មិន​បាន​ច្បាំង​នៅ​រដ្ឋ​មីសសួរី ប៉ុន្ដែ​ខ្ញុំ​សូម​ប្រាប់​បងប្អូន​ថា ព្រះ​មិន​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ច្បាំង​ទេ ។ ទ្រង់​មិន​អាច​រៀបចំ​នគរ​របស់​ទ្រង់​បាន​ទេ … ទាល់តែ​ទ្រង់​បាន​យក [ អ្នកដឹកនាំ​របស់​ទ្រង់ ] ពី​រាងកាយ​មនុស្ស ដែល​បាន​ពលី​ជីវិត​របស់​ពួកគេ ហើយ​ដែល​បាន​ធ្វើការ​លះបង់​ដ៏​អស្ចារ្យ​ដូច​លោក​អ័ប្រាហាំ​បាន​ធ្វើ​ដែរ » ។

ជំរំ​ស៊ីយ៉ូន

ជំរំ​ស៊ីយ៉ូន ដោយ ស៊ី ស៊ី អេ គ្រីស្ទានសិន

ភាពស្មោះត្រង់​របស់​ពួកគេ​អាច​មិន​នាំឲ្យ​មាន​ការស្ដារ​ដីធ្លី​របស់​ពួកគេ​មកវិញ​បាន​មែន ។ ប៉ុន្ដែ ពួកគេ​មាន​ពរ​យ៉ាង​លើសលប់​តាម​របៀប​ផ្សេងទៀត ។ នោះ​ជា​គន្លង​មួយ ដែល​បងប្អូន​អាច​កត់​សម្គាល់​នៅក្នុង​ជីវិត​របស់​បងប្អូន​ផងដែរ ។ ហើយ​អ្វី​ដែល​ព្រះ​ជួយ​យើង​ឲ្យ​ប្រែក្លាយ តាមរយៈ ការសាកល្បង​របស់​យើង ជាញឹកញាប់ វា​គឺជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ខ្លាំង​ជាង​ការដែល​ទ្រង់​រំដោះ​យើង ពី ការសាកល្បង​របស់​យើង ។

ជ័យជំនះ​ដ៏​ពិតប្រាកដ​របស់​ព្រះ

កាល​បងប្អូន​សិក្សា​ពី​ជីវិត​របស់​ពួកបរិសុទ្ធ​នៅ​សម័យ​ដើម នោះ​បងប្អូន​អាច​រកឃើញ​ឥទ្ធិពល​របស់​ព្រះ​ម្ដងហើយ​ម្ដងទៀត ។ បងប្អូន​អាន​អំពី​ពរជ័យ​ដ៏​បរិបូរណ៍ ។ បងប្អូន​ក៏​ឃើញ​ពី​គ្រា​នៃ​ការពុះពារ​ដ៏​ខ្លាំងក្លា ។ ប៉ុន្ដែ​សម្រាប់​អស់​អ្នក​ដែល​បាន​ទុកចិត្ត​ព្រះ​ដល់​ទីបញ្ចប់ នោះ​រង្វាន់​ដ៏​អស់កល្ប​របស់​ពួកគេ​គឺ​ពិត​ប្រាកដ ។

នៅពេល​បងប្អូន​ធ្វើតាម​ព្រះ ហើយ​ទុកចិត្ត​លើ​ទ្រង់ នោះ​ទ្រង់​នឹង​ច្បាំង​ចម្បាំង​ទាំងឡាយ​របស់​បងប្អូន ហើយ​ប្រទាន​អព្ភូតហេតុ​ដែល​បងប្អូន​ត្រូវការ ! អព្ភូតហេតុ​ទាំងនេះ​នឹង​កើត​មាន​ឡើង​តាម​របៀប និង​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ប៉ុន្ដែ​លទ្ធផល​គឺ​ពិតប្រាកដ ។ ការសាកល្បង​ណា​ក៏ដោយ​ក៏នឹង​ត្រូវចប់​នៅ​ទីបំផុត—នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់​ទៀត ។ អ្វី​ដែល​សំខាន់​នោះ​គឺ កាល​ណា​បងប្អូន​ធ្វើតាម​ទ្រង់ នោះ​បងប្អូន​នឹង​មិន​ដើរ​តែឯង​នោះ​ទេ ។ « ហេតុ​ដូច្នេះ​ហើយ ចូរ​មាន​ចិត្ត​ស្មោះត្រង់​ចុះ ហើយ​មើលចុះ និង​មើលន៏ យើង​គង់​នៅ​ជាមួយ​អ្នក​រហូត​ដល់​ចុង​បំផុត » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៥:៤១ ) ។

កំណត់​ចំណាំ

  1. History, 1838–1856 វ៉ុល A-1 ( ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ១៨០៥–ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ១៨៣៤ ) ទំព័រ ៤៩៧ នៅលើ​គេហទំព័រ josephsmithpapers.org ។

  2. ជែហ្វ្រី អ័រ ហូឡិន សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៦ ) ។

  3. ព្រិកហាំ យ៉ង់ « Discourse » Deseret News ថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ១៨៦២ ទំព័រ ១៧៧ ។

  4. យ៉ូសែប ស៊្មីធ នៅក្នុង Joseph Young Sr. History of the Organization of the Seventies ( ឆ្នាំ ១៨៧៨ ) ទំព័រ ១៤ ។