២០២១
ជម្រើស
ខែ កញ្ញា ឆ្នាំ ២០២១


« ជម្រើស » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២១ ទំព័រ ១២–១៤ ។

ជម្រើស

សត្វ​ឆ្កែ​ចចក

រូបថត​មក​ពី Getty Images

ច្រើន​ឆ្នាំ​កន្លងទៅ អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​របស់​យើង​ម្នាក់​បាន​ចែកចាយ​ដំណើររឿង​ដ៏​ពិបាក​នេះ ៖

ជនជាតិ​ឆេរ៉ូកេ​ដ៏​វាងវៃ​ម្នាក់ នៅក្នុង​កុលសម្ព័ន្ធ​ជនជាតិ​អាមេរិកាំង​ដើម​មួយ​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រាប់​រឿង​ប្រៀប​ប្រដូច​អំពី​ជីវិត​ដល់​ចៅប្រុស​របស់​គាត់ ។ ជីតា​បាន​ពោល​ថា « នៅក្នុង​ខ្លួន​តា មាន​ជម្លោះ​ដ៏​ព្រៃផ្សៃ​មួយ​រវាង​សត្វ​ឆ្កែ​ចចក​ពីរ » ។ « ឆ្កែ​ចចក​មួយ​អាក្រក់ ៖ ពោរពេញ​ដោយ​កំហឹង និង​ការច្រណែន ការស្រណោះ​ស្រណោក និង​ទុក្ខសោក ការលោភលន់ និង​ការកុហក ។ ឆ្កែ​ចចក​មួយ​ទៀត​ល្អ ៖ ពោរពេញ​ដោយ​សន្ដានចិត្ត​ល្អ និង​ចិត្ត​មេត្តា​ករុណា ការបន្ទាប​ខ្លួន និង​សេចក្ដីពិត សេចក្ដី​ស្រឡាញ់ និង​អំណរ ។ ជម្លោះ​នោះ​មាន​នៅក្នុង​ខ្លួន​យើង​ម្នាក់ៗ » ។

ចៅប្រុស​បាន​សួរ​ថា « តើ​ឆ្កែ​ចចក​មួយ​ណា​នឹង​ឈ្នះ ? »

ជីតា​បាន​ឆ្លើយ​ដោយ​វាងវៃ​ថា « គឺ​ឆ្កែ​ចចក​ដែល​ចៅ​ឲ្យ​ចំណី » ។

រឿង​ប្រៀប​ប្រដូច​អំពី​ឆ្កែ​ចចក​ទាំងពីរ​នេះ​បង្ហាញ​ពី​សេចក្ដីពិត​ដ៏​អស់កល្ប​មួយ ។ បុត្រា​បុត្រី​របស់​ព្រះ​កើត​មក​មាន​សិទ្ធិ​ជ្រើសរើស​រវាង​សេចក្ដីល្អ និង​សេចក្ដី​អាក្រក់ ។ ការផ្ទុយ​អនុញ្ញាត​ឲ្យ​យើង​រើសយក​ជម្រើស​ដ៏​មាន​អត្ថន័យ និង​សុចរិត ។ ព្រះគម្ពីរ​មរមន​បង្រៀន​សេចក្ដីពិត​នេះ​ជា​ភាសា​បទគម្ពីរ​ដូច​តទៅ ៖ « ដ្បិត​ជា​ការចាំបាច់ ត្រូវតែ​មាន​ការផ្ទុយ​ចំពោះ​រឿង​សព្វ​សារពើរ » ។

ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង​ប្រទាន​ដល់​យើង​យ៉ាង​ហោចណាស់​អំណោយទាន​ចំនួន​ពីរ ដើម្បី​ជួយ​ក្នុង​ការជ្រើសរើស​ទាំងនេះ ៖ ( ១ ) ទ្រង់​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​យើង​ដើម្បី​ណែនាំ​ពី​ជម្រើស​របស់​យើង និង ( ២ ) ទ្រង់​ប្រទាន​ព្រះអង្គ​សង្គ្រោះ​ដល់​យើង ដែល​ដង្វាយធួន​របស់​ទ្រង់​បាន​ធ្វើឲ្យ​យើង​អាច​ប្រែចិត្ត​បាន ហើយ​ដកចេញ​ឥទ្ធិពល​នៃ​ជម្រើស​មិន​ល្អ​ចេញ—នៅពេល​ឥទ្ធិពល​នោះ​បាន​ឲ្យ​ចំណី​ដល់​ឆ្កែ​ចចក​អាក្រក់ ។

ព្រះយេស៊ូវគ្រីស្ទ

I. ការប្រែចិត្ត និង ការទទួល​ស្គាល់

នៅពេល​ខ្ញុំ​បាន​និយាយ​ទៅកាន់​យុវវ័យ មាន​ប្រធានបទ​ដែល​ពួកគេ​សួរ​ញឹកញាប់​ខ្លាំង​មួយ គឺ​អំពី​ការប្រែចិត្ត ។ « តើ​ក្មួយ​អាច​ដឹង​ដោយ​របៀប​ណា ថា​ពេលណា​ក្មួយបាន​ប្រែចិត្ត​ល្មម​គ្រប់គ្រាន់​ហើយ​នោះ ? » « តើ​ក្មួយ​អាច​ដឹង​ដោយ​របៀប​ណា ថា​ពេលណា​ក្មួយ​ពិតជា​ទទួលបាន​ការអភ័យទោស​មែននោះ ? » ចម្លើយ​ចំពោះ​សំណួរ​ទាំងនេះ​កើតមាន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​សមាជិក​នៃ​ក្រុមព្រះ ដែល​នាំ​សារលិខិត​មកពី​ស្ថានសួគ៌ ។

អំណោយទាន​នៃ​ការប្រែចិត្ត​ត្រូវបាន​ហៅ​ថា « ដំណឹង​ល្អ​នៃ​ព្រះសិក្ខាបទ » ។ វា​អនុញ្ញាត​ឲ្យ​យើង​លុបចោល​នូវ​ឥទ្ធិពល​នៃ​ជម្រើស​អាក្រក់ ដែល​បាន​ឲ្យ​ចំណី​ដល់​ឆ្កែ​ចចក​ទុច្ចរិត ហើយ​បន្ថយ​សមត្ថភាព​របស់​យើង​ដើម្បី​ស្ដាប់តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការប្រែចិត្ត​រួមមាន​ការទទួល​ស្គាល់​ថា យើង​បាន​ធ្វើ​ខុស បោះបង់​កំហុស​នោះ ហើយ​តាំងចិត្ត​ថា​នឹង​បង្វែរ​ដួងចិត្ត​យើង​ទៅកាន់​ព្រះ និង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ នៅពេល​យើង​ប្រែចិត្ត នោះ​យើង​ទាញយក​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​នឹង​បង្កើន​ការកោត​សរសើរ និង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ក្នុងនាម​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។

តម្រូវការ​ដើម្បី​មាន​ការប្រែចិត្ត​មិន​កំណត់​តែ​លើ​អំពើបាប​ធ្ងន់ធ្ងរ ដែល​ចាំបាច់​ត្រូវ​សារភាព​ចំពោះ​ប៊ីស្សព​នោះ​ទេ ។ ការប្រែចិត្ត​គឺជា​រឿង​ចាំបាច់​រាល់ថ្ងៃ ។ ការប្រែចិត្ត​ភាគច្រើន​ទាក់ទង​នឹង​ការទទួល​ស្គាល់​របស់​បុគ្គល​ម្នាក់ៗ​ថា យើង​បាន​ធ្វើ​ខុស រួច​ប្ដេជ្ញាចិត្ត​ថា​នឹង​ផ្លាស់ប្ដូរ ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​ត្រឹមត្រូវ​វិញ ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​ខុស​នោះ ។ ទាក់ទង​នឹង​រឿង​ប្រៀប​ប្រដូច​អំពី​សត្វ​ឆ្កែ​ចចក​ពីរ​នោះ ការប្រែចិត្ត​រួមមាន​ការឈប់​ឲ្យ​ចំណី​ទៅ​ឆ្កែ​ចចក​ទុច្ចរិត ទោះជា​ចំណី​តិចតួច​ក្ដី ដូចជា​នៅពេល​ដែល​យើង​ជ្រើសរើស​ដើម្បី​ខឹង ឬ​ ច្រណែន ។ យើង​ក៏​ត្រូវ​ប្រែចិត្ត ( ផ្លាស់ប្ដូរ ) ផងដែរ នៅពេល​យើង​បាន​ជ្រើសរើស​បង្ហិន​ពេលវេលា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ ទៅលើ​សកម្មភាព​មួយ​ចំនួន ដែល​គ្មាន​សក្ដានុពល​ដើម្បី​ធ្វើឲ្យ​យើង​ក្លាយជា​មនុស្ស​កាន់តែ​ប្រសើរ​ឡើង ។

II. ការទទួល​ស្គាល់​ភាពខុសគ្នា​ដ៏​សំខាន់​មួយ

លទ្ធផល​នៃ​ការប្រែចិត្ត​ដ៏​អស្ចារ្យ​គឺ ការបង្កើត​ឲ្យ​មាន​ភាពស័ក្ដិសម​ឡើងវិញ ដើម្បី​ទទួលបាន​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ជួយ​យើង​ឲ្យ​ធ្វើការ​ជ្រើសរើស​ដ៏​វាងវៃ ហើយ​បំពេញ​ចិត្ត​យើង​ដោយ​អំណរ ។ យុវវ័យ​ជាច្រើន​ក៏​ឆ្ងល់​ផងដែរ​ថា « តើ​ខ្ញុំ​ដឹង​ថា តើ​ការបំផុស​គំនិត ឬ​ ចម្លើយ​ដែល​ខ្ញុំ​ទទួល​បាន​នោះ ពិតជា​មកពី​ព្រះអម្ចាស់​មែន​ដែរឬទេ ហើយ​មិនមែន​ជា​អ្វី​ដែល ខ្ញុំ ចង់​បាន​ដោយ​របៀប​ណា ? »

ដើម្បី​ដឹង​ថា​តើ​ការបំផុស​គំនិត​មួយ គឺជា​សារលិខិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ឬ​អត់ ឬ​គ្រាន់តែ​ជា​បំណង​ប្រាថ្នា​ផ្ទាល់ខ្លួន នោះ​យើង​ត្រូវ​អនុវត្ត​សេចក្ដីពិត​ចំនួន​បី ។

  1. នៅក្នុង​ពិធីបរិសុទ្ធ​សាក្រាម៉ង់ មាន​សេចក្ដី​សន្យា​ថា យើង​នឹង « អាច​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់នៅ​ជាមួយ​នឹង [ ពួកយើង ] ជាដរាប » នៅពេល​យើង​សន្យា​ថា យើង​នឹង​លើក​ដាក់​ព្រះនាម​របស់​ទ្រង់​មកលើ​ខ្លួន​យើង ហើយ​ចងចាំ​ទ្រង់​ជានិច្ច និង​កាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់​ជានិច្ច ។ នៅពេល​យើង​ខកខាន​មិន​បាន​រក្សា​សេចក្ដី​សន្យា​ទាំងនេះ នោះ​យើង​ងាយ​នឹង​ភាន់ច្រឡំ​ពី​ប្រភព​នៃ​ការបំផុស​គំនិត​ដែល​យើង​ទទួលបាន ។

  2. ជាធម្មតា ការបំផុស​គំនិត​មកពី​ព្រះអម្ចាស់​ទទួល​បាន​នៅក្នុង​គ្រា​ដ៏​ស្ងប់ស្ងាត់ ឬ​នៅពេល​កំពុង​ថ្វាយ​បង្គំ ការសិក្សា​ព្រះគម្ពីរ ឬ​ការអធិស្ឋាន ឬ​អំឡុង​ពេល​បំពេញ​ការបម្រើ​តាម​ការហៅ​របស់​យើង មិនមែន​នៅពេល​ដេញ​តាម​ប្រយោជន៍​ដ៏​អាត្មានិយម ឬ​ពេល​ហ៊ុមព័ទ្ធ​ដោយ​សកម្មភាព​ខាង​លោកិយ​នោះ​ទេ ។

  3. ជា​ចុងក្រោយ យើង​ត្រូវ​យកចិត្ត​ទុកដាក់​ជាពិសេស ចំពោះ​ការដឹកនាំ​ឲ្យ​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​កំពុងតែ​ប្រព្រឹត្ត​នេះ ។ ចំណាប់​អារម្មណ៍​ឲ្យ​ផ្លាស់ប្ដូរ​ផ្លូវ​នេះ អាច​កាន់តែ​ទុកចិត្ត​បាន ជាង​ចំណាប់​អារម្មណ៍​ឲ្យ​ដេញតាម​អ្វីមួយ​ដែល​យើង​ចង់​ធ្វើ​រួចហើយ​នោះ ។

III. ភាពត្រឹមត្រូវ​នៅតែ​ជា​ភាពត្រឹមត្រូវ

មិត្ត​វ័យ​ក្មេង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ក្មួយកំពុងតែ​ធំ​ដឹងក្ដី​នៅក្នុង​ពិភពលោក​មួយ​ផ្សេង​ពី​ឪពុក​ម្ដាយ និង​ជីដូន​ជីតា​របស់​ក្មួយៗ​ធ្លាប់​មាន​បទពិសោធន៍ ។ រឿង​នោះ​ធ្វើឲ្យ​វា​សំខាន់​ជាពិសេស​សម្រាប់​ក្មួយៗ​ដើម្បី​ចងចាំ​ថា គុណតម្លៃ​ពីបុរាណ និង​បទបញ្ញត្តិ​ទាំងឡាយ​នៅតែ​មាន​សុពលភាព​ដដែល ។ យើង​គឺជា​បុត្រា​បុត្រី​របស់​ព្រះ ហើយ​បទបញ្ញត្តិ​របស់​ទ្រង់​នៅតែ​សំខាន់​ដដែល មិនថា​យើង​ធ្វើ​ដំណើរ​ដោយ​រទេះគោ ឬ​យាន្ដអវកាស ហើយ​មិន​ថា​យើង​ទាក់ទង​គ្នា​ដោយ​សំឡេង ឬ​ដោយ​ផ្ញើសារ​នោះទេ ។

ភាពត្រឹមត្រូវ​នៅតែ​ជា​ភាពត្រឹមត្រូវ ហើយ​ភាពខុសឆ្គង​គឺ​នៅតែ​ជា​ភាពខុសឆ្គង ទោះជា​វា​និយាយ ឬ​ធ្វើ​ដោយ​តារា​ភាពយន្ដ តារា​ទូរទស្សន៍ ឬ​កីឡាករ​ល្បី​ក្ដី ។ បទដ្ឋាន​នៅក្នុង​ព្រះគម្ពីរ ការបង្រៀន​ទាំងឡាយ​របស់​ព្យាការី​ដែល​នៅរស់ និង​គុណតម្លៃ​នៅក្នុង​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន នៅតែ​ជា​ការដឹកនាំ​ដ៏​ល្អ​បំផុត​របស់​ក្មួយៗ សម្រាប់​ការជ្រើសរើស​ផ្ទាល់ខ្លួន​ទាក់ទង​នឹង​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ សុខភាព​ខាង​រាងកាយ ភាពស្មោះត្រង់ ការស្លៀកពាក់ និង​អាការៈ​ខាងក្រៅ ព្រមទាំង​ប្រធានបទ​ផ្សេងទៀត​ទាំងអស់​នៅក្នុង​សៀវភៅ​នោះ ។ សូម​ធ្វើតាម​បទដ្ឋាន​ទាំងនោះ​ដោយ​ស្មោះត្រង់ ហើយ​ក្មួយៗ​នឹង​មាន​ពរជ័យ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យើង​ថា « កូនសៀវភៅ​ដែល​មាន​ចំណងជើង​ថា ដើម្បី​កម្លាំង​នៃ​យុវជន គួរតែ​ជា​បទដ្ឋាន របស់​ក្មួយៗ ។ វា​គឺជា​បទដ្ឋាន​ដែល​ព្រះអម្ចាស់​រំពឹង​ឲ្យ​យុវវ័យ​របស់​ទ្រង់​ទាំងអស់​លើក​វា​ឡើង » ។

នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​យុវវ័យ​ទូទាំង​ពិភពលោក​ដ៏​មាន​អានុភាព​របស់​លោក ព្យាការី​របស់​យើង​បាន​សន្យា ៖

« ប្រសិនបើ​ក្មួយនឹង​ប្រព្រឹត្ត​ដោយ​ស្មោះសរ និង​ដោយ​ខ្ជាប់ខ្ជួន​នូវ​កិច្ចការ​ខាង​វិញ្ញាណ ដែល​ចាំបាច់​ដើម្បី​អភិវឌ្ឍ​ជំនាញ​ដ៏​សំខាន់​ខាង​វិញ្ញាណ ដើម្បី​រៀន​ពី​របៀប​ស្ដាប់តាម​ការខ្សឹប​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ក្មួយៗ​នឹង​មាន​ការដឹកនាំ ទាំងអស់ ដែល​ក្មួយ​នឹង​ត្រូវការ​ក្នុង​ជីវិត​របស់​ក្មួយៗ ។ ក្មួយនឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​របស់​ក្មួយ តាម​របៀប និង​ពេលវេលា​របស់​ព្រះអម្ចាស់​ផ្ទាល់ » ។

ខ្ញុំ​សូម​សន្យា​ដូច​លោក​បាន​សន្យា​ដែរ ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង​ថា ការបង្រៀន និង​ដង្វាយធួន​របស់​ទ្រង់​បាន​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​កើតឡើង​បាន នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕