ជំនួយពីផ្នែកម្ខាងទៀតនៃវាំងនន
កាលខ្ញុំដេកឈឺនៅមន្ទីរពេទ្យ ខ្ញុំមានអារម្មណ៍ឯកោរហូតដល់ខ្ញុំនឹកឃើញដល់បុព្វការីជនជាទីស្រឡាញ់របស់ខ្ញុំ ។
នៅឆ្នាំ ២០១៧ ខ្ញុំមានផ្ទៃពោះកូនទីមួយ ។ បងលូកាស ជាស្វាមីរបស់ខ្ញុំ និងខ្ញុំមានក្តីរំភើបខ្លាំងណាស់ ប៉ុន្តែភ័យខ្លាចចំពោះការកើតមករបស់ ជូអាន ឡូនែល ដ៏តូចរបស់យើង ។
នាយប់ជ្រៅមួយនៅដើមខែ កុម្ភៈ ឆ្នាំ ២០១៨ ខ្ញុំបានចាប់ផ្តើមឈឺពោះ ។ ខ្ញុំមានផ្ទៃពោះទើបបានប្រាំបីខែប៉ុណ្ណោះ ប៉ុន្តែវាហាក់ដូចជាកូនរបស់យើងនឹងកើតមុនការរំពឹងទុករបស់យើង ។ យើងបានយករបស់របរពីរបីមុខ ហើយប្រញាប់ប្រញាល់ចេញទៅគ្លីនិក ។ ខ្ញុំមានអារម្មណ៍ថាពុំទាន់បានត្រៀមខ្លួនរួចរាល់ដើម្បីសម្រាលកូននោះទេ ប៉ុន្តែខ្ញុំបានអធិស្ឋានទូលទៅព្រះថាសូមឲ្យព្រះទ័យទ្រង់បានសម្រេច ទោះជាយើងមានសេចក្តីភ័យខ្លាចក៏ដោយ ។
នៅពេលយើងមកដល់គ្លីនិក គ្រូពេទ្យជំនាញរោគស្ត្រីរបស់ខ្ញុំបានដឹង ប៉ុន្តែគាត់បានមានប្រសាសន៍ថា យូរបន្តិចទើបគាត់មកដល់ ។ ស្វាមីរបស់ខ្ញុំបានទូរសព្ទទៅ ហើយបានផ្ញើសារទៅឪពុកម្តាយ និងបងប្អូនរបស់យើង ប៉ុន្តែពួកគាត់សម្រាន្តអស់ហើយ ។ គាត់នៅតែបន្តទូរសព្ទ និងផ្ញើសារទៅពេញមួយយប់ ប៉ុន្តែគ្មាននរណាឆ្លើយតបវិញឡើយ ។ ហេតុការណ៍នោះធ្វើឲ្យខ្ញុំមានអារម្មណ៍ឯកោខ្លាំងណាស់ ។
កាលដែលខ្ញុំឈឺពោះកាន់តែខ្លាំង ខ្ញុំកាន់តែមានអារម្មណ៍ឯកោទៅៗ ។ ទោះជាយ៉ាងណាក្តី មួយរំពេចនោះ មានរឿងអស្ចារ្យខ្លះៗបានកើតឡើង ។ ខ្ញុំបានចាប់ផ្តើមគិតដល់បុព្វការីជនរបស់ខ្ញុំ—ជាពិសេសជីដូនខាងម្តាយខ្ញុំ លោកយាយទួត រ៉ូស្សា មឺការដូ និងម្តាយរបស់គាត់ លោកយាយ ចាវីរ៉ា បាឡាលដាណា ។
កាលដែលខ្ញុំនឹកគិតដល់ពួកគាត់ ខ្ញុំមានអារម្មណ៍នៅក្នុងចិត្តខ្ញុំថា ពួកគាត់ទាំងពីរនាក់នៅជាមួយខ្ញុំនៅគ្រានោះ ។ ខ្ញុំមានអារម្មណ៍ថាពួកគាត់នៅក្បែរតាមរបៀបមួយដ៏រឹងមាំ និងផ្អែមល្ហែម ដែលខ្ញុំមិនអាចរៀបរាប់ជាពាក្យសម្តីឲ្យបានពេញលេញនូវអ្វីដែលខ្ញុំបានឆ្លងកាត់នោះទេ ។ ខ្ញុំមិនបានមើលឃើញពួកគាត់ទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាពួកគាត់នៅក្បែរ ដោយផ្តល់ការលើកទឹកចិត្តដល់ខ្ញុំ គាំទ្រ និងស្រឡាញ់ខ្ញុំដូចជាម្តាយរបស់ខ្ញុំ និងដូចជាក្រុមគ្រួសាររបស់ខ្ញុំដែរ ។ ខ្ញុំមានអារម្មណ៍ថាពួកគាត់គឺជាពួកទេវតាកំពុងផ្តល់ការងារបម្រើដល់ខ្ញុំនៅគ្រាដែលខ្ញុំត្រូវការ ។
ជាច្រើនឆ្នាំមុននៅក្នុងព្រះវិហារបរិសុទ្ធ ម្តាយ ឪពុក បងប្អូន និងស្វាមីរបស់ខ្ញុំ និងខ្ញុំបានធ្វើកិច្ចការជំនួសឲ្យពួកគាត់ ហើយធ្វើកិច្ចការជំនួសបុព្វការីជនផ្សេងទៀតផងដែរ ។ ខ្ញុំមានអារម្មណ៍ថា ការលើកទឹកចិត្តដែលខ្ញុំបានទទួល និងអារម្មណ៍ដែលខ្ញុំមានថា បុព្វការីជនរបស់ខ្ញុំនៅក្បែរខ្ញុំគឺជាអំណោយទានតាមរយៈព្រះចេស្តា និងសិទ្ធិអំណាចពីព្រះ ។
ចាប់តាំងពេលពីនោះមក ខ្ញុំទទួលអារម្មណ៍នូវវិញ្ញាណនៃបុព្វការីជនរបស់ខ្ញុំនៅគ្រាផ្សេងទៀត ដោយជួយខ្ញុំ និងដឹកនាំខ្ញុំជាម្ដាយ និងជាភរិយា ព្រមទាំងនៅក្នុងផ្នែកដ៏សំខាន់ផ្សេងទៀតនៃជីវិតរបស់ខ្ញុំ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះនឹងមិនទុកយើងចោលនៅលើផ្លូវក្នុងជីវិតរបស់យើងនោះទេ ។ ប្រសិនបើយើងធ្វើកិច្ចការរបស់ទ្រង់ នោះយើងនឹងទទួលបានជំនួយមកពីផ្នែកម្ខាងទៀតនៃវាំងនន ។ យើងនឹងទទួលបានសេចក្ដីស្រឡាញ់ ចំណេះដឹង កម្លាំង និងសេចក្ដីសុខសាន្ត « ដែលហួសលើសពីអស់ទាំងគំនិត »( ភីលីព ៤:៧ ) ។