ឆ្នាំ ២០២១
« ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅថា​ដូច្នោះ »
ខែ កញ្ញា/​ខែ តុលា ឆ្នាំ ២០២១


« ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅថា​ដូច្នោះ »

នៅពេល​យើង​ប្រើ​ឈ្មោះ​ពេញលេញ​របស់​សាសនាចក្រ យើង​មាន​ពរ ហើយ​យើង​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃទៀត ។

various people walk by a Church sign in Korean

នៅ​ប្រទេស​អាហ្វ្រិក មាន​មនុស្ស​ជាច្រើន​កំពុង​ស្វែង​រក​ព្រះវិហារ​មួយ​ដើម្បី​ចូល​រួម ដោយ​ប្រាប់​ថា​បាន​ឃើញ​ក្នុង​សុបិន ។ នៅ​ក្នុង​សុបិនរបស់​ពួកគេ ពួកគេ​ត្រូវ​បាន​ណែនាំ​ឲ្យ​រក​មើល​ព្រះវិហារ​មួយ​ដែល​ត្រូវបាន​ហៅ​តាម​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។​ នៅពេល​ពួកគេ​បាន​ស្វែងរក​នោះ​ពួកគេ​បាន​រក​ឃើញ​ថា​មាន​តែ​ព្រះវិហារ​មួយ​គត់​ដែល​មាន​ព្រះនាម​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ចំកណ្ដាល​គឺ—សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។

នៅ​ទ្វីប​អាមេរិកឡាទីន ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជាច្រើន​នាក់​បាន​ប្រាប់​ថា ការ​អញ្ជើញ​របស់​ពួកគេ​ទៅ​កាន់​មិត្តភក្ដិ​ដើម្បី​មក​ចូល​រួម​នឹង « សាសនាចក្រ​មរមន » គឺមាន​ភាព​ស្មុគស្មាញ​ណាស់ ។ ភាព​ស្មុគស្មាញ​នោះ​បាន​ផ្លាស់ប្ដូរ​នៅពេល​ពួកគេ​បាន​ធ្វើ​ការ​អញ្ជើញ​មួយ​មក​កាន់​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​វិញ ។ មិត្តភក្ដិ​របស់​ពួកគេ​បាន​តប​ថា « ប្រសិន​បើ​ព្រះវិហារ​របស់​ឯង​ត្រូវ​បាន​ហៅ​ថា សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​ចង់​ទៅ​មើល » ។

នៅ​សហរដ្ឋ​អាមេរិក ក្មេង​ប្រុស​ម្នាក់​បាន​អញ្ជើញ​អ្នក​ជិតខាង​គាត់​ទៅ​ចូលរួម​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​គាត់ ។ គ្រូគង្វាល​ម្នាក់​នៃ​សាសនា​ផ្សេង​មួយ​បាន​ថ្លែង​ថា គាត់​មិន​ចង់​ទៅ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់ « សាសនាចក្រ​មរមន » ទេ ។ ប៉ុន្តែ​ដោយសារ​គាត់​អាច​ដឹង​ថា ព្រះវិហារ​របស់​ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ផ្ដោត​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​គ្រូគង្វាល​រូប​នេះ​បាន​ចូល​រួម​ពិធី​នោះ​ជាមួយ​នឹង​ភរិយា​គាត់ ។

នៅពេល​ភ្នាក់ងារ​កក់​សំបុត្រ​យន្តហោះ​ម្នាក់​បាន​សួរ​ទៅ​សមាជិក​សាសនាចក្រ​សូម​អាសយដ្ឋាន​អ៊ីម៉ែល សមាជិក​រូប​នោះ​បាន​តប​ថា « churchofjesuschrist.org » ។

ភ្នាក់ងារ​នោះ​បាន​សួរ​ថា « តើ​ព្រះវិហារ​នោះ​ជា​ព្រះវិហារ​អ្វី​ដែរ ? »

សមាជិក​រូប​នោះ​បានតប​ថា « សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។

ភ្នាក់ងារ​នោះ​តប​ថា « ខ្ញុំ​ចេញ​ទៅ​ធ្វើ​ការងារ​ម្ដងៗ​ច្រើន​ថ្ងៃ​ណាស់ ហើយ​គ្មាន​ឱកាស​និយាយ​អំពី​ព្រះអម្ចាស់​ទេ ។ ដោយដឹង​ថា​ខ្ញុំ​កំពុង​និយាយ​នឹង​គ្រិស្ដសាសនិក​ម្នាក់​ទៀត​វា​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​ខ្លាំង​ណាស់ » ។

សមាជិក​សាសនាចក្រ​រូប​នោះ​បាន​ប្ដូរ​ប្រវត្តិ​សង្ខេប​របស់​គាត់​ភ្លាមៗ​ជាមួយ​អាសយដ្ឋាន​អ៊ីម៉ែល​ថ្មី​របស់​សាសនាចក្រ ៖ ChurchofJesusChrist.org ។

ការសន្យា​មួយ​បាន​បំពេញ

family walking in front of a Church building

ដំណើររឿង​ដ៏​អស្ចារ្យ​ទាំង​នេះ​តំណាង​ឲ្យ​ការ​បំពេញ​ការ​សន្យា​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ទៅ​កាន់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅ​ខែ​តុលា ឆ្នាំ​២០១៨ និង​នៅ​ខែ​មេសា ឆ្នាំ​២០២០ ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សូម​សន្យា​ដល់​បងប្អូន​ថា ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ស្ដារ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ឡើង​វិញ នោះ​ទ្រង់​ដែល​ជា​សិរសា​នៃ​សាសនាចក្រ​នេះ នឹង​ចាក់​ស្រោច​ព្រះចេស្ដា និង​ពរជ័យ​របស់​ទ្រង់​មក​លើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​យើង​ពុំ​ធ្លាប់​បាន​ឃើញ​ពីមុន​មក​ឡើយ ។ យើង​នឹង​មាន​ចំណេះដឹង និង​ព្រះចេស្ដា​នៃ​ព្រះ​ដើម្បី​ជួយ​យើង​នាំ​យក​ពរជ័យ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​ទៅ​ដល់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន ហើយ​ដើម្បី​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ » ។

ថ្មីៗ​នេះ តាមរយៈ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ខ្ញុំ ខ្ញុំ​បាន​អញ្ជើញ​សមាជិក​សាសនាចក្រ​ឲ្យ​ប្រាប់​ខ្ញុំ​អំពី​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​មក​ពី​ការ​ប្រើ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ ។ ខ្ញុំ​រំភើប​ចិត្ត​ជា​ខ្លាំង​ដោយ​ទទួល​បាន​ការ​ឆ្លើយ​តប​ជាង ២,៦០០ ។

ខ្ញុំ​ចង់​ចែកចាយ​រឿង​នេះ​មួយ​ចំនួន​ជាមួយ​នឹង​បងប្អូន ។ បងប្អូន​ប្រហែល​ជា​ធ្លាប់​ស្គាល់​ពរជ័យ​ទាំងនោះ ដោយសារ​បងប្អូន​ធ្លាប់​ទទួល​វា នៅពេល​បងប្អូន​បាន​ធ្វើ​តាម​ការ​ប្រឹក្សា​របស់​ប្រធាន​ណិលសុន ។

ការ​ខិតទៅ​ជិត​ព្រះយេស៊ូវគ្រីស្ទ

ខ្ញុំ​មាន​ចិត្ត​រំភើប​ដោយ​ស្ដាប់​ឮ​ទីបន្ទាល់​របស់​យ៉ាកុប អំពី​របៀប​ដែល​ឈ្មោះ​ពេញ​លេញ​របស់​សាសនាចក្រ​បាន​ជួយ​គាត់​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​គាត់​បាន​ចែកចាយ​នឹង​ខ្ញុំ​ថា « ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ផ្ដោត​អារម្មណ៍​របស់​ខ្ញុំ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជ្រាប​ចូល​ទៅ​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​ខ្ញុំ » ។ « នៅពេល​ខ្ញុំ​ទទួល​ទាន​សាក្រាម៉ង់ ខ្ញុំ​គិត​ពី​ទ្រង់ និង​ពលិកម្ម​ធួន​របស់​ទ្រង់ ។ នៅពេល​ខ្ញុំ​អាន​ព្រះគម្ពីរ ខ្ញុំ​ផ្ដោត​អារម្មណ៍​ច្រើន​លើ​បន្ទូល​ទ្រង់ និង​សេចក្ដី​ផ្សេង​ទៀត​អំពី​ទ្រង់ ។ ការណ៍​នេះ​បាន​នាំ​ខ្ញុំ​ឲ្យ​ខិត​ទៅ​ជិត​ទ្រង់ ហើយ​បាន​ជួយ​ខ្ញុំ​យល់​កាន់​តែ​ប្រសើរ​ឡើង​ពី​តួនាទី​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​ខ្ញុំ » ។

ខ្ញុំ​បាន​មាន​អារម្មណ៍​ថា មាន​ពរណាស់​ដោយ​រៀន​ពី​អត្ថន័យ​នៃ​ព្រះនាម​របស់​ព្រះអង្គ​សង្រ្គោះ​ចំពោះ ប៊េត និង ប្រ៊ីស ។ ប៊េត បាន​និយាយថា « ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​ចំពោះ​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។ នៅពេល​គេ​សួរ​ខ្ញុំ​ថា​តើ​ខ្ញុំ​ទៅ​ព្រះវិហារ​មួយ​ណា ហើយ​ខ្ញុំ​ឆ្លើយថា ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ខ្ញុំ​ទទួល​បាន​អារម្មណ៍​ពិត​នៃ​ការ​ជា​សមាជិក ។ ខ្ញុំ​ជា​សមាជិក​ចំពោះ​រាស្រ្ត​ទ្រង់ ។ ខ្ញុំ​ជា​សមាជិក​ក្រុមគ្រួសារ​របស់​ទ្រង់ ។ ខ្ញុំ​ជា​សមាជិក​របស់​ទ្រង់ » ។

ប្រ៊ីស បាន​ប្រាប់​ខ្ញុំថា ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ​ជួយ​គាត់​ឲ្យ « ចងចាំ​ថាតើ​គាត់​បម្រើ​នរណា និង​នរណា​ដែល​គាត់​ចង់​ប្រែក្លាយ​ដូច ។ វា​រឭក​ដល់​ខ្ញុំថា ព្រះអង្គ​សង្រ្គោះ​ជា​អង្គ​ដែល​ប្រទាន​ការបង្រៀន​ទាំងនេះ ហើយ​ថា​ការបង្រៀន​ទាំងនេះ​ពុំ​មែន​មកពី​មនុស្ស​នោះទេ » ។

ហាលៃ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ម្នាក់​​បាន​និយាយ​ថា « ព្រះនាម​របស់​ព្រះ​អង្គ​សង្រ្គោះ​មាន​ព្រះ​ចេស្តា​ណាស់ 

Christus statue

ការប្រើប្រាស់​ឈ្មោះ​​ត្រឹមត្រូវ​របស់​សាសនាចក្រ​នៃ​ព្រះអម្ចាស់​នាំមក​នូវ​ព្រះចេស្តា និង​សិទ្ធិអំណាច​នៅពេល​យើង​បង្រៀន​អ្នកដទៃ​ពី​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​របស់​ទ្រង់ ។ នៅពេល​ខ្ញុំ​និយាយ​ថា ‹ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ › ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​បញ្ជាក់ និង​ធ្វើ​ជា​សាក្សី​ថា​សាសនាចក្រ​នេះ គឺជា សាសនាចក្រ​របស់​ព្រះអម្ចាស់​ដែល​បាន​ស្តារឡើងវិញ​នៅលើ​ផែនដី​នា​សព្វថ្ងៃ​នេះ ។ ខ្ញុំ ចូលចិត្ត ប្រើ​ឈ្មោះ​ត្រឹមត្រូវ ពីព្រោះ​ខ្ញុំ​ក៏​កំពុង​បន្ថែម​សាក្សី​រស់​របស់​ខ្ញុំ​ថា នោះ​ជា​ការពិត​ផងដែរ ! »

ហើយ នីកូល បាន​ប្រាប់​ខ្ញុំ ៖ « ពីមុន​ប្រសិនបើ​ខ្ញុំ​និយាយ​ថា ‹ មរមន › ជា​ញឹកញាប់​វា​នឹង​មាន​ភាព​ច្របូក​ច្របល់​នៃ​ភាព​មិន​ប្រាកដ​ប្រជាជា​មួយអ្នក​ដែល​មិន​មាន​ជំនឿ​ដូច​យើង ។ បងប្អូន​ស្ទើរ​តែ​អាច​ឮ​ពីការ​នឹកឃើញ​ឡើងវិញ​ភ្លាមៗ​នូវ​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​តែងតែ​បាន​ឮ​អំពី ‹ មរមន › ។ ប៉ុន្តែ​ឥឡូវនេះ​មាន​សេចក្តី​សុខសាន្ត ដែល​មនុស្ស​ភាគ​ច្រើន​ទទួល​យក ។ ព្រះនាម​របស់​ព្រះ​អង្គ​សង្រ្គោះ​មាន​ព្រះ​ចេស្តា​ណាស់ ។ ទ្រង់​នាំមក​នូវ​សេចក្ដី​សុខសាន្ត ។ ទីបន្ទាល់​របស់​ខ្ញុំ​ពី​សេចក្តីពិត​ដ៏​ពេញលេញ​នៃ​ដំណឹងល្អ​បាន​រីកលូតលាស់ គឺ​គ្រាន់តែ​តាមរយៈ​ការ​ហៅ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ​ប៉ុណ្ណោះ ។ ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ជា​រៀងរាល់​ពេល​ដែល​ខ្ញុំ​និយាយ​ឈ្មោះ​សាសនាចក្រ ។ ពេល​ខ្លះ​វា​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ​អំពី​អ្វី​ដែល​យើង​ជឿ ប៉ុន្តែ​វា​គ្រប់គ្រាន់​ហើយ ។

ការបកស្រាយ​ការយល់​ច្រឡំ

ហារ៉ូល ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ការប្រើ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ​បាន​ជួយ​គាត់​ឲ្យ​បកស្រាយ​ការ​យល់​ច្រឡំ​ជា​ច្រើន ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា​មាន​និស្សិត​ម្នាក់ ព្យាយាម​សង្ខេប​ការពិភាក្សា​មួយ​អំពី​សាសនា​ដោយ​បាន​និយាយ​ថា « ខ្ញុំ​គិតថា​សាសនា​ទាំងអស់​គឺជា​គ្រិស្ដសាសនិកលើកលែង​តែ​ពួក​មរមន​ប៉ុណ្ណោះ​ដែល​មិនមែន​ជា​គ្រិស្ដសាសនិក » ។

ដោយ​ការមើលឃើញ​ឱកាស​ល្អ​ដើម្បី​ជម្រះ​កង្វល់​ដែល​យល់​ខុស នោះ​ហារ៉ូល​បាន​ថ្លែង​ថា « ខ្ញុំ​បាន​ប្រាប់​និស្សិត​ទាំង​នោះ​ថា ‹ មរមន › គឺជា​ឈ្មោះ​ហៅ​ក្រៅ​ដែល​បាន​ដាក់​ឲ្យ​សមាជិក​សាសនាចក្រ ដោយសារ​តែ​ជំនឿ​របស់​យើង​លើ​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ថា ជា​សាក្សី​អំពី​បទគម្ពីរ​បុរាណ​ពីរ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។

ម៉ារី បាន​បើក​ដួង​ចិត្ត​នាង​ចំពោះ​ខ្ញុំ ដោយការ​ចែក​ចាយ​ពី​របៀប​ដែល​ឈ្មោះ​ពេញ​របស់​សាសនាចក្រ​បាន​ផ្ដល់​ពរ​ជ័យ​ឲ្យ​នាង​នៅ​ក្នុង​ការ​បង្រៀន​កូនៗ​នាង​ថា « ឥឡូវ​នេះ​កូនៗ​ខ្ញុំ​មិន​សូវ​ភាន់​ច្រឡំ​ទៀត​ទេ នៅពេល​ខ្ញុំ​បង្រៀន​ពួកគេ​ថា យើង​គឺជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថ្ងៃ​ចុង​ក្រោយ​ខុស​ពី​ការ​ហៅ​ខ្លួន​ឯង​ថា​ជា ‹ ពួក​មរមន › ។ ពួកគេ​ធ្លាប់​ភាន់​ច្រឡំ ហើយ​សួរ​ថា ‹ ហេតុអ្វី​គេហៅ​យើង​ថា​មរមន ? តើ​វា​មានន័យ​ថា​យើង​មិន​មែន​គ្រិស្ដសាសនិកទេឬ ? › ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ផ្លាស់ប្ដូរ​នេះ​បាន​ជួយ​ពួកគេ នៅពេល​ពួកគេ​និយាយ​នឹង​កុមារ​ផ្សេង​ទៀត​នៅ​ឯ​សាលា​រៀន​ដែល​មាន​ជំនឿ​ផ្សេង » ។

« ខ្ញុំ​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ព្រះយេស៊ូវ គ្រីស្ទ » ។

ប្រធាន ណិលសុន​បាន​សន្យា​ថា នៅពេល​យើង​ប្រើ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ នោះ « យើង​នឹងមាន​ចំណេះដឹង និង​ព្រះចេស្ដា​របស់​ព្រះ » ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ ។ ថេរេសា បាន​បំផុស​គំនិត​ខ្ញុំ​ជាមួយ​នឹង​ដំណើរ​រឿង​របស់​នាង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅពេល​មិត្ត​ម្នាក់​នៅ​កន្លែង​ការងារ​បាន​សួរ​នាង​អំពី​សាសនាចក្រ ។ ដោយ​ធ្វើ​តាម​ការ​ប្រឹក្សា​របស់​ប្រធាន​ណិលសុន ថេរេសា​បាន​ចាប់ផ្ដើម​ចែក​ចាយ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ ។

នាង​បាន​ប្រាប់​ខ្ញុំ​ថា « ​គាត់​បាន​មាន​ចំណាប់​អារម្មណ៍​នឹង​សាសនាចក្រ ។ គាត់​បាន​ស្វែងរក​សាសនាចក្រ​អស់​រយៈពេល​បីបួន​ខែ រួចហើយ​ដោយ​អព្ភូតហេតុ​គាត់​បាន​ជ្រមុជទឹក​ដោយ​កូន​ប្រុស​ខ្ញុំ​ដែល​ជា​ប៊ីស្សព ។ ខ្ញុំ​មាន​ចិត្ត​រីករាយ​ណាស់​នៅ​ថ្ងៃ​នោះ ហើយ​គ្រួសារ​ខ្ញុំ​ក៏​ដូចគ្នា​ដែរ ។ ការ​សន្យា​ទាំងនោះ​គឺ​ពិត » ។

ជ័រដាន់ បាន​និយាយ​ថា មនុស្ស​ជាច្រើន​នៅ​តែ​មិន​ស្គាល់​ឈ្មោះ​របស់​សាសនាចក្រ ។ គាត់​បាន​ថ្លែង​ថា « ការ​ប្រើ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ពន្យល់​ពី​របៀប​ដែល​សាសនាចក្រ​បាន​ផ្ដោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ហេតុផល​ដែល​យើង​ហៅ​ខ្លួន​យើង​ថា​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ។

នៅពេល​បុរស​ម្នាក់​បាន​សួរ ក្លូ ថាតើ​នាង​គឺជា « អ្នក​ផ្សព្វផ្សាយ​សាសនា​មរមន » មែនទេ នាង​បាន​ថ្លែង​ទីបន្ទាល់​ដ៏​មាន​អានុភាព​ថា « ទេ ខ្ញុំ​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។ ក្លូ បាន​ប្រាប់​ខ្ញុំ​ថា​បុរស​ម្នាក់​នោះ​បានបង្ហាញ​បំណង​ចង់​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ដូច្នេះ​នាង​បា​នបង្រៀន​គាត់​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គឺ​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់មក នាង​បាន​ផ្ដល់​ព័ត៌មាន​អំពី​សាសនាចក្រ​របស់​ទ្រង់​ដល់​គាត់ ។

« ហៅ​សាសនាចក្រ​តាម​នាម​យើង »

sister missionaries talking to a family in front of a Church building

នៅក្នុង​ការ​បើក​សម្ដែង​ពី​ឈ្មោះ​របស់​សាសនាចក្រ​ទៅកាន់​ព្យាការី យ៉ូសែប ស្ម៊ីធ នោះ​ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​ថា « ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅថា​ដូច្នោះ​ហើយ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១៥:៤ ) ។ ហើយ​ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​នីហ្វៃ​ថា « អ្នក​រាល់​គ្នា​ត្រូវ​ហៅ​សាសនាចក្រ​តាម​នាម​យើង » ដ្បិត « តើ​នេះ​ជា​សាសនាចក្រ​របស់​យើង​ដូច​ម្ដេច​កើត លើក​លែង​តែ​ហៅ​តាម​នាម​យើង ? » ( នីហ្វៃ ទី៣ ២៧:៧, ៨ ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​រួម​នឹង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ម្នាក់​ឈ្មោះ ថមមី ថានៅពេល​យើង​ប្រើ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ យើង​មាន​ពរ ហើយ​យើង​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ដទៃទៀត ។ ថមមី​បាន​ប្រាប់​ខ្ញុំ​ថា « នៅពេល​ខ្ញុំ​ចែកចាយ​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត​អំពី​ពរជ័យ​នៃ​ការ​ធ្វើ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅគ្រា​ដែល​មាន​ជម្លោះ និង​ការ​ភ័យ​ខ្លាច នោះ​ខ្ញុំ​ដឹង​ខ្លួន​ថា ខ្ញុំ​កំពុង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ដឹង​ថា មាន​ទីជ្រក​កោន​ពី​ព្យុះភ្លៀង​ជាមួយ​នឹង​ពួក​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ខ្វល់ខ្វាយ​ពី​ពួកគេ ហើយ​ដែល​ធ្វើ​តាម​ទ្រង់ » ។

កំណត់​ចំណាំ

  1. ខ្ញុំ​សូម​អរគុណ​អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ដែល​បាន​ចែកចាយ​ដំណើរ​រឿង​ទាំង​នេះ​ជាមួយ​នឹង​ខ្ញុំ ។

  2. រ័សុល អិម ណិលសុន​ « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៩; សូមមើល​ផង​ដែរ « Opening the Heavens for Help » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧៣ ។