គោលការណ៍នៃការងារបម្រើ
ការជួយមនុស្សដទៃឲ្យត្រៀមខ្លួនសម្រាប់សេចក្ដីត្រូវការដែលមិនបានរំពឹងទុក
ក្នុងនាមជាបងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ យើងអាចជួយបងប្អូនប្រុសស្រីរបស់យើងឲ្យរៀបចំខ្លួនសម្រាប់ពិភពលោកមួយដែលមិនជាក់លាក់ ។
ការរាតត្បាត គ្រោះធម្មជាតិ ការធ្លាក់ចុះនៃសេដ្ឋកិច្ច ភាពចលាចលខាងនយោបាយ និងជម្លោះហិង្សា—ពិភពលោកនេះបានជួបប្រទះយ៉ាងច្រើនសន្ធឹកសន្ទាប់នូវរឿងបែបនេះកាលពីឆ្នាំមុន ។ បន្ថែមពីលើព្រឹត្តិការណ៍ធំៗទាំងនេះ យើងក៏ប្រឈមនឹងឧបសគ្គដែលមិនបានរំពឹងទុកនៅក្នុងជីវិតរបស់យើងផ្ទាល់ផងដែរ ដូចជា ជំងឺ ការបាត់បង់ប្រាក់ចំណូល ការលែងលះគ្នា ។ ល ។
ការខិតខំរបស់យើងដើម្បីរៀបចំខ្លួនសម្រាប់រឿងដែលមិនបានរំពឹងទុកអាចផ្ដល់ទីសុខសុវត្ថិភាពសម្រាប់ខ្លួនយើង និងមនុស្សដទៃទៀត ។ តើយើងអាចធ្វើអ្វីបានខ្លះក្នុងនាមជាបងប្អូនប្រុស និងបងប្អូនស្រីដែលផ្ដល់ការងារបម្រើ ដើម្បីជួយមនុស្សដែលយើងស្រឡាញ់ឲ្យតស៊ូ និងយកឈ្នះលើទុក្ខលំបាកដែលមិនបានរំពឹងទុកក្នុងជីវិតរបស់ពួកគេ ?
ខាឡូម៉ាណូ អាហ្គូឡឺ នៅអង់ចាឡែស នៅប្រទេសហ្វីលីពីន បានផ្តល់ឲ្យឧទាហរណ៍មួយ ។ នៅពេលគាត់បានដឹងថាតំបន់របស់គាត់នឹងត្រូវធ្វើចត្តាឡីស័កដោយសារតែជំងឺរាតត្បាតសាកលកូវីដ-១៩ គាត់ប្រញាប់ប្រញាល់ទៅទិញគ្រឿងផ្គត់ផ្គង់—ទោះបីជាបញ្ជីរបស់គាត់ខុសពីបញ្ជីរបស់អ្នកនៅជុំវិញគាត់ក្តី ។ គាត់មានផែនការដែលបានរៀបចំទុក—ទិញគ្រាប់ពូជ និងជីសម្រាប់សួននៅក្នុងផ្ទះរបស់គាត់ ។
នៅក្នុងកិច្ចខិតខំដើម្បីធ្វើជាមនុស្សមានភាពខ្លួនទីពឹងខ្លួនកាន់តែច្រើន ខាឡូម៉ាណូ គឺជាកសិករដែលរស់នៅទីក្រុងអស់រយៈពេលជាច្រើនឆ្នាំ ។ គាត់ក៏បានផ្តល់ការងារបម្រើដល់អ្នកជិតខាងរបស់គាត់ផងដែរ ទាំងផ្តល់ឲ្យពួកគេនូវផលផ្លែមកពីសួនរបស់គាត់ និងតាមរយៈការបង្រៀនពួកគេឲ្យដាំដំណាំរបស់ពួកគេខ្លួនឯងផង ។ គាត់ក៏បានបង្កើតប៉ុស្តិ៍អនឡាញមួយដើម្បីផ្ដល់សេចក្ដីណែនាំខ្លីៗ និងការបង្រៀនរបស់គាត់ដល់មនុស្សគ្រប់គ្នា ដោយជួយបងប្អូនប្រុសស្រីរបស់គាត់ឲ្យកាន់តែមានភាពខ្លួនទីពឹងខ្លួន ហើយរៀបចំសម្រាប់អនាគត ។
ប៊ីស្សព ដ័បុលយូ គ្រីស្តូហ្វឺរ វ័ដិល ជាទីប្រឹក្សាទីមួយនៅក្នុងគណៈប៊ីស្សពជាអធិបតី បានបង្រៀនថា « នៅពេលយើងក្រសោបយកគោលការណ៍ខាងវិញ្ញាណ ហើយស្វែងរកការបំផុសគំនិតមកពីព្រះអម្ចាស់ នោះយើងនឹងត្រូវបានដឹកនាំឲ្យស្គាល់ព្រះទ័យព្រះអម្ចាស់មានចំពោះយើង ជាបុគ្គលម្នាក់ៗ និងជាក្រុមគ្រួសារ និងរបៀបដើម្បីអនុវត្តតាមគោលការណ៍នៃការបម្រុងទុកខាងសាច់ឈាមដ៏សំខាន់ » ។ ជំហានសំខាន់បំផុតជាងគេនោះ គឺចាប់ផ្ដើមធ្វើ »( « There Was Bread » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៤៤–៤៥ ) ។
ការជួយគ្នាទៅវិញទៅមកដើម្បីរៀបចំខ្លួននៅក្នុងពិភពលោកដែលមិនប្រាកដប្រជាមួយបែបនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទ ។ ចូរយើងជួយគ្នាចាប់ផ្ដើមធ្វើ « ជំហានដ៏សំខាន់ » នោះ ។
យោបល់សម្រាប់ការជួយមនុស្សដទៃ
ជានិច្ចកាល ការងារបម្រើចាប់ផ្ដើមជាមួយនឹងការពិចារណាប្រកបដោយការអធិស្ឋាន និងការប្រឹក្សារួមគ្នា ។ យោបល់ខាងក្រោមនេះអាចជួយបងប្អូនគិតពីរបៀបដែលបងប្អូន ឬបុគ្គលដែលបងប្អូនផ្ដល់ការងារបម្រើអាចចាប់ផ្ដើមរៀបចំខ្លួនត្រៀមទុកចំពោះឧបសគ្គដែលមិនបានរំពឹងទុក ។
-
សូមគិតឲ្យទូលំទូលាយ ។ យើងអាចរៀបចំខ្លួនតាមវិធីជាច្រើនសម្រាប់ផ្នែកខុសៗគ្នានៅក្នុងជីវិតរបស់យើង ។ វាគឺជារឿងដ៏សំខាន់ដើម្បីស្ដុកទុក និងផលិតអាហារតាមដែលបងប្អូនអាចធ្វើបាន រៀបចំខ្លួនខាងហិរញ្ញវត្ថុ អភិវឌ្ឍភាពអត់ធន់ខាងផ្លូវចិត្តឲ្យរឹងមាំហើយដាក់ផែនការចំពោះស្ថានភាពអាសន្ន ។
-
សូមពិភាក្សាពីឧបសគ្គនានាដែលអាចកើតឡើងនៅទីកន្លែងដែលបងប្អូនរស់នៅ និងរបៀបឆ្លើយតបនឹងឧបសគ្គទាំងនោះ ។ តំបន់ខុសៗគ្នានៅជុំវិញពិភពលោកមាននូវឧបសគ្គប្លែកៗពីគ្នា ។ ប្រសិនបើបងប្អូនរស់នៅទីកន្លែងមួយដែលគ្រោះរំជួយដីគឺជារឿងធម្មតា សូមពិភាក្សាពីរបៀបដែលបងប្អូនអាចរៀបចំផ្ទះរបស់បងប្អូនដើម្បីជួយបងប្អូនឲ្យស្នាក់នៅដោយមានសុវត្ថិភាព ដូចជាការដាក់ភ្ជាប់គ្រឿងសង្ហារិមធ្ងន់ៗទៅនឹងជញ្ជាំង ។ ឬប្រសិនបើបងប្អូនរស់នៅទីកន្លែងមួយដែលព្យុះទីហ្វុងគឺជារឿងធម្មតា សូមពិភាក្សាពីរបៀបឆ្លើយតបនឹងស្ថានភាពនោះ ដូចជាការបើកវិទ្យុស្ដាប់ព័ត៌មាន ឬការជម្លៀសខ្លួនទៅទីខ្ពស់ ។
-
សូមពិភាក្សាពីរបៀបបង្កើតមូលនិធិសម្រាប់គ្រាអាសន្ន ។ ការសន្សំប្រាក់អាចជួយបងប្អូនបាន ប្រសិនបើបងប្អូនបាត់បង់ការងារ ឬមានការចំណាយបន្ថែមដែលមិនបានរំពឹងទុក ។ សូមពិភាក្សាពីរបៀបសន្សំប្រាក់ ដូចជាដោយចាប់ផ្ដើមពីចំនួនតិចតួច និងដោយសន្សំបន្តិចម្ដងៗរាល់ពេលបងប្អូនទទួលបានប្រាក់ខែរហូតដល់បងប្អូនឈានទៅសម្រេចគោលដៅរបស់បងប្អូន ។
-
សូមប្រមូលផ្តុំសម្ភារសង្គ្រោះបន្ទាន់ដាក់មួយដុំ ។ ការមានសម្ភារសង្គ្រោះបន្ទាន់អាចជួយបងប្អូនត្រៀមខ្លួនជាស្រេច ប្រសិនបើបងប្អូនត្រូវចាកចេញពីផ្ទះរបស់បងប្អូនមួយរយៈពេលខ្លី ។ សូមគិតរួមគ្នាពីបញ្ហនេះ ហើយប្រមូលផ្ដុំសម្ភារដែលចាំបាច់ ។ រឿងនេះអាចសម្រេចទៅបានក្នុងរយៈពេលមួយ និងមិនចាំបាច់កើតឡើងក្នុងពេលតែមួយនោះទេ ។ សូមពិចារណាពីទីជម្រក អាហារ និងទឹក សម្ភារថ្នាំពេទ្យ ភ្លើង ឧបករណ៍ទាក់ទង ឯកសារសំខាន់ៗ ប្រាក់ សម្លៀកបំពាក់សម្រាប់ផ្លាស់ប្ដូរ សម្ភារកម្សាន្ត និងផ្ដល់ភាពកក់ក្ដៅ ( ល្បែងកម្សាន្ត សៀវភៅ ប្រដាប់ក្មេងលេង ) និងសម្ភារចាំបាច់ផ្សេងៗទៀត ។
-
សូមបង្កើតមិត្តភាពជាមួយនឹងបុគ្គលដែលបងប្អូនបម្រើ ។ វាគឺជារឿងសំខាន់ដើម្បីមានជំនាញគ្រប់គ្រាន់សម្រាប់ការគ្រប់គ្រងផ្លូវចិត្តដែលកើតមាន ហើយមានភាពលំបាក ។ ជំនាញមួយនេះគឺត្រូវមានទំនាក់ទំនងដ៏ល្អ ។ នៅពេលបងប្អូនពង្រឹងមិត្តភាពរបស់បងប្អូនជាមួយនឹងបុគ្គលនោះ បងប្អូននឹងជួយពួកគេបង្កើតប្រព័ន្ធគាំទ្រមួយ ។
-
សូមពិភាក្សាអំពីការស្តុកទុកអាហារ ។ វាអាចមានអត្ថប្រយោជន៍ដើម្បីមានអាហារបន្ថែមស្ដុកទុកសម្រាប់គ្រាអាសន្ន ។ ប្រណាំងប្រជែងគ្នាទៅវិញទៅមក ដើម្បីចាប់ផ្ដើមបង្កើតការផ្គត់ផ្គង់អាហារដែលបងប្អូនប្រើរយៈពេលខ្លី និងបំពេញបន្ថែមនៅក្នុងការចម្អិនអាហារប្រចាំថ្ងៃរបស់បងប្អូន ។ បន្ទាប់មកចាប់ផ្ដើមធ្វើការប្រមូលផ្ដុំអាហាររយៈពេលវែង ។ ប្រសិនបើបងប្អូនគ្មានកន្លែងទំនេរច្រើនដើម្បីស្ដុកទុកអាហារ ឬប្រសិនបើមានច្បាប់ហាមឃាត់បងប្អូនមិនឲ្យស្ដុកទុកអាហារច្រើនទេ សូមស្ដុកទុកអាហារសមល្មមតាមស្ថានភាពរបស់បងប្អូន ។