សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
អតិថិជនរបស់ខ្ញុំ ឬ ការហៅរបស់ខ្ញុំ ?
នៅពេលខ្ញុំបានព្យាយាមបំពេញការទទួលខុសត្រូវបព្វជិភាពខ្ញុំ នោះព្រះអម្ចាស់បានបង្ហាញខ្ញុំថា ទ្រង់បានជ្រាបពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្ញុំ ។
នៅពេលខ្ញុំត្រូវបានហៅឲ្យធ្វើជាប្រធានកូរ៉ុមអែលឌើរនៅឆ្នាំ ២០០០ មានតែអែលឌើរប្រាំពីរនាក់ប៉ុណ្ណោះដែលបានចូលរួមការប្រជុំបព្វជិតភាព ។ យើងក៏ពុំបានធ្វើការបង្រៀនតាមផ្ទះរបស់យើងបានល្អឡើយ—ដែលឥឡូវនេះហៅថាការងារបម្រើ—ការសួរសុខទុក្ខ ។
ខ្ញុំបានដឹងថា យើងប្រឈមនឹងឧបសគ្គធំមួយដើម្បីបំផុសគំនិតដល់ពួកអែលឌើរឲ្យបង្កើនការខិតខំរបស់ពួកគេ ។ ដូច្នេះ ដើម្បីចាប់ផ្ដើម យើងបានសម្រេចចិត្តរៀបចំការចាត់តាំងឡើងវិញ ហើយបង្កើនការគ្រប់គ្រង ។
ដោយសារខ្ញុំគឺជាមេធាវីប្រកបរបបខ្លួនឯង ខ្ញុំត្រូវធ្វើដំណើរច្រើន ។ ខ្ញុំរវល់ខ្លាំងណាស់ ប៉ុន្តែខ្ញុំចង់បំពេញការទទួលខុសត្រូវបព្វជិតភាពរបស់ខ្ញុំ ។
មានថ្ងៃមួយ ខ្ញុំត្រូវធ្វើដំណើរតាមរថយន្តក្រុងទៅទីក្រុងមួយទៀតដើម្បីតាមដានជាមួយនឹងអតិថិជនខ្ញុំ ។ ដោយសារខ្ញុំមានប្រាក់បន្តិចបន្តួច នោះខ្ញុំសង្ឃឹមថា អតិថិជនខ្ញុំនឹងយល់ព្រមបង់ប្រាក់ឲ្យខ្ញុំមុន ។
នៅតាមផ្លូវទៅចំណតរថយន្តក្រុង ខ្ញុំបានសម្រេចចិត្តទៅជួបនឹងសមាជិកកូរ៉ុមមួយចំនួន ហើយលើកទឹកចិត្តពួកគេឲ្យទៅសួរសុខទុក្ខក្រុមគ្រួសារដែលពួកគាត់បានចាត់តាំង ។ មានអ្នកខ្លះបានភ្លេច ប៉ុន្តែពួកគេបានតាំងចិត្តនឹងធ្វើកិច្ចការនោះ ។ អ្នកផ្សេងទៀតបានប្តេជ្ញាចិត្តដើម្បីទៅធ្វើការសួរសុខទុក្ខរបស់ពួកគេឲ្យហើយនៅសប្ដាហ៍នោះ ។
ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងចំពោះការតាំងចិត្តរបស់ពួកគេរហូតដល់ខ្ញុំបានសម្រេចចិត្តទៅសួរសុខទុក្ខ ហើយលើកទឹកចិត្តសមាជិកកូរ៉ុមផ្សេងទៀត ។ ពីមុនខ្ញុំបាននឹកឃើញ នោះវាដល់ពេលរសៀលទៅហើយ ។ ដូច្នេះជំនួសឲ្យការចាកចេញពីទីក្រុង ខ្ញុំបានសម្រេចចិត្តទៅការិយាល័យខ្ញុំដើម្បីពិនិត្យមើលករណីរបស់អតិថិជននោះឡើងវិញ ។
អ្វីដែលខ្ញុំភ្ញាក់ផ្អើលគឺថាពេលខ្ញុំបានទៅដល់ការិយាល័យអតិថិជនខ្ញុំកំពុងឈរនៅខាងក្រៅជាមួយនឹងមនុស្សម្នាក់ទៀត ។ ខ្ញុំបានពន្យល់អតិថិជនខ្ញុំថា ខ្ញុំហៀបនឹងពិនិត្យមើលករណីរបស់គាត់ឡើងវិញ ហើយខ្ញុំនឹងរាយការណ៍ប្រាប់គាត់នៅថ្ងៃស្អែក ។ គាត់បាននិយាយថា គាត់មកដើម្បីណែនាំខ្ញុំឲ្យស្គាល់អតិថិជនថ្មីម្នាក់ ។ បន្ទាប់ពីមិត្តគាត់ និងខ្ញុំបានជជែកគ្នាមក យើងបានយល់ព្រមលើការបង់ថ្លៃមួយចំនួនឲ្យខ្ញុំ ដើម្បីជួយគាត់ដោះស្រាយបញ្ហាផ្លូវច្បាប់របស់គាត់ ។ ភ្លាមៗនោះ អតិថិជនខ្ញុំបានបង់ប្រាក់ឲ្យខ្ញុំមុន ។
ចំពោះខ្ញុំ រឿងនោះវាគឺជាអព្ភូតហេតុ ។ ព្រះវរបិតាសួគ៌បានជ្រាបថា ខ្ញុំបានព្យាយាមមានចិត្តស្មោះត្រង់ចំពោះទ្រង់ ។ ទ្រង់ក៏ជ្រាបពីតម្រូវការខ្ញុំផងដែរ ។ ទ្រង់បានប្រទានពរដល់ខ្ញុំតាមវិធីជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប៉ុន្តែម្ដងនេះពរជ័យរបស់ទ្រង់ប្រទានឲ្យតាមរយៈផ្នែកហិរញ្ញវត្ថុ ។ ទ្រង់បានបំពេញនូវព្រះបន្ទូលរបស់ទ្រង់នៅក្នុងបទគម្ពីរទៅកាន់អ្នកដែលបម្រើទ្រង់ថា « ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង » ( ម៉ាថាយ ៦:៣៣ ) ។
ចុះកូរ៉ុមអែលឌើររបស់យើងវិញ ? ព្រះអម្ចាស់ប្រទានពរដល់យើងនៅពេលយើងឆ្ពោះទៅមុខដោយស្មារតីសាមគ្គីភាព ។ មិនយូរប៉ុន្មានការបង្រៀនតាមផ្ទះរបស់យើងបានកើនឡើងដល់ ១០០ ភាគរយ ហើយវត្តមានក្នុងការប្រជុំបព្វជិតភាពរបស់ពួកអែលឌើរដ៏ស្មោះត្រង់របស់យើងបានកើនឡើងដល់ ៣៥ នាក់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា យើងគ្រប់គ្នាអាចក្លាយជាឧបករណ៍នៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ហើយរកឃើញអំណរ ព្រមទាំងពរជ័យនៅក្នុងការបម្រើទ្រង់តាមរយៈការបម្រើមនុស្សដទៃ ។