យុវមជ្ឈិមវ័យ
ការចេះសង្កេតពីសេចក្ដីល្អដែលយើងមាន
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
តើបងប្អូននឹងផ្ដល់និយមន័យនៃការចេះសង្កេតយ៉ាងដូចម្ដេច ? រហូតមកដល់ពេលថ្មីៗនេះទើបដឹងថា ខ្លួនបានបាត់បង់គោលបំណងនៃអំណោយទានដ៏សំខាន់នេះ ។
ស្ទើរមួយជីវិតរបស់ខ្ញុំ ខ្ញុំបានឲ្យនិយមន័យអំណោយទាននៃការចេះសង្កេតគឺជាការអាចស្គាល់ពីការដឹងខុសត្រូវ ពីការពិត និងកំហុសឆ្គង ។ ខណៈពេលដែលអំណោយទាននេះ គឺជាផ្នែកដែលសំខាន់បំផុត ថ្មីៗនេះខ្ញុំទើបបានដឹងថាមានអ្វីៗច្រើនលើសពីនោះទៅទៀត ។
ខ្ញុំបានរកឃើញខ្លឹមសារនោះនៅក្នុងលេខយោងនៃសុន្ទរកថាដែលបានថ្លែងនៅក្នុងសន្និសីទទូទៅ ខែមេសា ឆ្នាំ ២០២០ ។ អ្នកឡើងនិយាយម្នាក់បានដកស្រង់ចេញពីប្រធាន ស្ទេរផាន អិល រីឆាត ( ឆ្នាំ ១៨៧៩–១៩៥៩ ) ជាអតីតទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយ ដែលបានមានប្រសាសន៍ថា « សមត្ថភាពក្នុងការវិនិច្ឆ័យត្រឹមត្រូវ គឺជាអ្វីដែលចេះសង្កេតពីអ្នកដទៃ ហើយរកឃើញសេចក្តីល្អដែលពួកគេមានពីកំណើត ជាសេចក្តីល្អដែលនៅជាប់ក្នុងខ្លួនពួកគេ » ។១
តើនោះពុំហាក់ដូចជាកំណាព្យទេឬអី ?
ព្រះវិញ្ញាណបរិសុទ្ធអាចជួយយើងឲ្យបង្ហាញពីអ្វីដែលល្អ ដែលអ្នកដទៃមាន ។ ការពិតនៃសេចក្តីថ្លែងការណ៍នោះគឺ ផ្អែមល្ហែមខ្លាំងណាស់ចំពោះខ្ញុំដែលធ្វើឲ្យខ្ញុំចង់រៀនបន្ថែមទៀត ។ ខ្ញុំរកឃើញថា អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏បានបង្រៀនដែលថា អំណាយទាននៃការចេះសង្កេតនឹងងជួយយើងឲ្យ « រកឃើញ និងនាំមកនូវសេចក្តីល្អដែលប្រហែលបិទបាំងនៅក្នុង យើង » ។២
ចាប់តាំងពីការរកឃើញនេះ ខ្ញុំចាប់ផ្តើមស្គាល់ពីផ្នែកដ៏សំខាន់នៃអំណោយទាននៃការចេះសង្កេតនេះ ។ យើងត្រូវស្វែងរកគុណសម្បត្តិល្អនៅក្នុងខ្លួនយើងដើម្បីឲ្យយើងអាចអភិវឌ្ឍគុណសម្បត្តិនោះ ។ នៅពេលយើងធ្វើដូច្នោះ យើងនឹងដឹង ហើយប្រព្រឹត្តខ្លួនកាន់តែដូចជាបុត្រាបុត្រីរបស់ព្រះ ដែលជាភាពពិតរបស់យើង ( សូមមើល ទំនុកដំកើង ៨២:៦; ម៉ូសាយ ៥:៧; មរ៉ូណៃ ៧:១៩ ) ។
តើយើងអាចចាប់ផ្តើមស្វែងរកគុណសម្បត្តិល្អៗនៅក្នុងខ្លួនយើងបានយ៉ាងដូចម្តេច ? នេះគឺជាវិធីមួយចំនួនដើម្បីចាប់ផ្តើម ។
ផ្តោតលើការប្រើប្រាស់កម្លាំងរបស់បងប្អូនដើម្បីផ្តល់ពរដល់អ្នកដទៃ
វាគឺជាគោលលទ្ធិពិតដែលថាមនុស្សគ្រប់គ្នាមានអំណោយជាក់លាក់ពីព្រះ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:១១ )—ហើយវាមិនមែនជារឿងអត់ប្រយោជន៍ទេដែលគិតអំពីគោលទ្ធិទាំងនោះនោះ ។ តាមពិតព្រះអម្ចាស់បានបង្គាប់ឲ្យយើងធ្វើ ! ព្រះគម្ពីរបង្រៀនយើងឲ្យស្វែងរក « អំណោយទាននានាដែលវិសេសបំផុតចុះដោយចងចាំជានិច្ចថា មកពីហេតុអ្វីបានជាអំណោយទានទាំងនេះត្រូវបានប្រទានមក » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៤៦:៨; សេចក្តីបញ្ជាក់បន្ថែម )។
នៅពេលដែលយើងយល់ដឹងកាន់តែច្បាស់អំពីអំណោយទាន ឬទេពកោសល្យរបស់យើង យើងគួរតែរកវិធីប្រើវាដើម្បីបម្រើដល់អ្នកដទៃ ។
វិធីមួយដើម្បីស្គាល់ពីអំណោយទានរបស់បងប្អូនគឺដោយសួរទៅនរណាម្នាក់ដែលបងប្អូនទុកចិត្ត ! សួរពួកគាត់ពីចំណុចខ្លាំងរបស់បងប្អូន ។ ប្រសិនបើបងប្អូនដូចខ្ញុំ បងប្អូនប្រហែលជាគិតថាស្តាប់ទៅដូចជារាងឆ្គង ។ ប៉ុន្តែសូមចងចាំថា វាមិនមែននិយាយអំពីភាពឥតប្រយោជន៍ទេ តែវាគឺជាការស្វែងរកនូវលក្ខណៈពិសេសនៃបុគ្គលម្នាក់ៗ ឬគុណលក្ខណៈដែលបងប្អូនមាន ដើម្បីផ្តល់ជូនបងប្អូនប្រុសស្រីរបស់បងប្អូននៅលើពិភពលោក ( សូមមើល ម៉ូសាយ ៨:១៨ ) ។
ឧទាហរណ៍អ្នកជិតខាងដែលមានចិត្តល្អម្នាក់បានប្រាប់ខ្ញុំថា ខ្ញុំមានអំណោយទានដែលអាចជួយឲ្យមនុស្សមានអារម្មណ៍ស្ងប់សុខ ។ ជាជាងការចាត់ទុកថាមតិយោបល់នោះគ្រាន់តែជាការសរសើរ ខ្ញុំចាប់ផ្តើមត្រៀមខ្លូនរកមើលអំណោយទាននោះនៅក្នុងជីវិតរបស់ខ្ញុំ ។ កាលដែលខ្ញុំបានធ្វើ ខ្ញុំដឹងថាព្រះវរបិតាសួគ៌អាចជួយខ្ញុំប្រើជំនាញសង្គមរបស់ខ្ញុំដើម្បីធ្វើជាមិត្តនឹងអ្នកដទៃ និងផ្តល់ពរដល់ជីវិតជាច្រើន លើសពីជីវិតរបស់ខ្ញុំផ្ទាល់ ។
តាមរយៈការស្គាល់អំណោយទានរបស់បងប្អូន បងប្អូនអាចជ្រើសរើសប្រើអំណោយទាននោះដើម្បីផ្តល់ពរដល់អ្នកដទៃបាន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១៨ ) ។
សិក្សាពីពររបស់លោកអយ្យកោររបស់បងប្អូន
ពររបស់លោកអយ្យកោក៏ជាប្រភពដ៏ល្អដើម្បីមើលឃើញពីលក្ខណៈពិសេសរបស់យើង ដែលជាអំណោយទានដែលព្រះបានប្រទានឲ្យផងដែរ ។ អែលឌើរ លែរី អរ ឡរិន ដែលជាអតីត សមាជិកពួកចិតសិបនាក់បានមានប្រសាសន៍ ៖ « ព្រះវិញ្ញាណអាចបង្ហាញយើងអំពីភាពទន់ខ្សោយរបស់យើង ប៉ុន្តែទ្រង់ក៏អាចបង្ហាញយើងអំពីភាពខ្លាំងរបស់យើងផងដែរ ។ … នៅពេលយើងអានពររបស់លោកអយ្យកោ យើងត្រូវបានរំឭកថា ព្រះវរបិតាសួគ៌ញាណដឹងអំពីសក្ដានុពលដ៏ទេវភាពរបស់យើង » ។៣
ការសិក្សាពរលោកអយ្យកោរបស់បងប្អូនជួយបងប្អូនឲ្យផ្តោតយកចិត្តទុកដាក់លើការអភិវឌ្ឍបុគ្គលិកលក្ខណៈដែលអាចជួយបងប្អុនឲ្យឈានដល់សក្តានុពលរបស់បងប្អូន ។
នៅក្នុងករណីរបស់ខ្ញុំ ជាញឹកញាប់ខ្ញុំស្រមៃមើលថាតើខ្ញុំចង់ក្លាយជាម្តាយបែបណានៅថ្ងៃ មួយ ។ ខ្ញុំបានគិតជ្រុលទាំងមិនដឹងខ្លួនថា ម្តាយល្អគឺជាម្តាយដែលមានរូបរាងស្គម មានសណ្តាប់ធ្នាប់ និងស្រស់ស្អាត—ហើយថានំស៊ីណាមិនរបស់គាត់គឺធ្វើឲ្យសមាគមសង្រ្គោះដទៃទៀតក្នុងវួដមានចិត្តច្រណែន ។ ខណៈដែលការស្រមៃទាំងនោះមិនហួសហេតុពេក ការសិក្សាពីពរលោកអយ្យកោរបស់ខ្ញុំបានបង្ហាញខ្ញុំថា ព្រះអម្ចាស់យកព្រះទ័យទុកដាក់លើសពីខ្ញុំថា ខ្ញុំជាម្ដាយដែលមានចិត្តល្អ និងសប្បុរសទៅទៀត ។ ចំពោះខ្ញុំ បុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទគឺជាលក្ខណៈដែលខ្ញុំគួរតែមានចិត្តអន្ទះសាដើម្បីអភិវឌ្ឍ ។
សូមចងចាំ និងសញ្ជឹងគិតនៅអំឡុងពេលពិធីសាក្រាម៉ង់
សាក្រាម៉ង់គឺជាពេលដើម្បីគិតអំពីព្រះអង្គសង្រ្គោះ ។ វាក៏ជាពេលដែលត្រូវសញ្ជឹងគិតពីការរីកចម្រើនឆ្ពោះទៅកាន់ការប្រែក្លាយដូចជាទ្រង់ផងដែរ ។ នៅពេលបងប្អូនខិតខំស្វែងរកលក្ខណៈល្អៗរបស់បងប្អូន ដោយក្រឡេកមើលទៅសមិទ្ធិផលរាល់សប្តាហ៍ បទពិសោធន៍ និងការជួបប្រទះក្នុងសង្គមរបស់បងប្អូនអាចជួយបងប្អូនឲ្យមើលឃើញពីពេលវេលាជាក់លាក់ ដែលអំណោយទានរបស់បងប្អូនត្រូវបានបើកសម្តែងឲ្យឃើញ ។
ប្រធាន ហិនរី ប៊ី អាវរិង ជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ថា « នៅពេលអ្នកពិនិត្យលើជីវិតរបស់អ្នកអំឡុងពិធីបរិសុទ្ធនៃសាក្រាម៉ង់ ខ្ញុំសង្ឃឹមថាគំនិតអ្នកមិនគ្រាន់តែផ្តោតទៅលើអ្វីៗដែលអ្នកបានធ្វើខុសនោះទេ ប៉ុន្តែក៏ផ្តោតនៅលើអ្វីៗដែលអ្នកបានធ្វើត្រូវដែរ—ជាពេលដែលអ្នកមានអារម្មណ៍ថា ព្រះវបិតាសួគ៌ និងព្រះអង្គសង្គ្រោះសព្វព្រះទ័យជាមួយអ្នក ។ អ្នកអាចនឹងចំណាយពេលបន្តិចអំឡុងសាក្រាម៉ង់ដើម្បីទូលសូមដល់ព្រះឲ្យជួយអ្នកមើលឃើញការណ៍ទាំងនេះ » ។៤
ទាំងនេះគឺជាសំណួរខ្លះៗដែលបងប្អូនអាចសួរខ្លួនឯង ឬព្រះនៅអំឡុងពិធីសាក្រាម៉ង់ ៖
-
តើខ្ញុំធ្វើតាមគំរូរបស់ព្រះគ្រីស្ទអ្វីខ្លះនៅសប្តាហ៍នេះយ៉ាងដូចម្តេច ?
-
តើខ្ញុំបម្រើនរណា ?
-
តើខ្ញុំទទួលអារម្មណ៍នៃព្រះវិញ្ញាណនៅពេលណានៅសប្តាហ៍នេះ ? ហេតុអ្វី ?
-
តើលក្ខណៈដូចជាព្រះគ្រីស្ទអ្វីខ្លះដែលខ្ញុំព្យាយាមអភិវឌ្ឍ ? តើខ្ញុំធ្វើបានប៉ុណ្ណាហើយ ?
-
តើមានអ្វីផ្សេងទៀតនៅក្នុងជីវិតខ្ញុំដែលខ្ញុំគួរតែអធិស្ឋានទូលសូមជំនួយដែលឬទេ ?
-
តើខ្ញុំត្រូវការអភ័យទោសឲ្យនរណាម្នាក់ដែលឬទេ ?
-
តើបញ្ហាមួយណា ទោះ ធំ ឬតូចក្តី ដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានជួយខ្ញុំក្នុងសប្តាហ៍នេះ ?
ការសញ្ជឹងគិតពីសេចក្តីល្អរបស់ព្រះ និងវាយតម្លៃពីជីវិតរបស់ខ្ញុំក្នុងអំឡុងពេលសាក្រាម៉ង់ ជាជាងផ្តោតតែលើការបរាជ័យ និងគុណវិបត្តិ នោះវាបានជួយខ្ញុំឲ្យទុកចិត្តលើទ្រង់ ។
តម្កើងការហៅរបស់បងប្អូន
យើងត្រូវបានប្រគល់ការហៅបម្រើរបស់យើងសម្រាប់ហេតុផលមួយ ទោះបីជាយើងមិនដឹងពីមូលហេតុក៏ដោយ ។
នៅពេលមួយខ្ញុំត្រូវបានហៅឲ្យធ្វើជាប្រធានសមាគមសង្គ្រោះនៅវួដយុវមជ្ឈិមវ័យ ។ ខ្ញុំមានចិត្តអន្ទះសាដើម្បីចាប់ផ្តើមណាស់ ។ ប៉ុន្តែពីរបីខែក្រោយមកខ្ញុំចាប់ផ្តើមមានអារម្មណ៍បាក់ទឹកចិត្ត ។ ខ្ញុំមិនអាចមើលឃើញពីការរីកចម្រើនខាងវិញ្ញាណណាមួយឡើយចំពោះអ្នកដែលខ្ញុំផ្តល់ការងារបម្រើនោះ ។ ការខិតខំប្រឹងប្រែងរបស់ខ្ញុំដើម្បីទៅសួរសុខទុក្ខ និងធ្វើជាមិត្តភក្តិហាក់ដូចជាបរាជ័យ ។
នៅថ្ងៃអាទិត្យមួយ ខ្ញុំមានអារម្មណ៍ហាក់ដូចជាបាត់បង់អំណោយទានខាងវិញ្ញាណដែលជួយនរណាម្នាក់ដើម្បីធ្វើការងារបម្រើឲ្យល្អ ។ ការអធិស្ឋានរបស់ខ្ញុំនៅអំឡុងពិធីសាក្រាម៉ង់នៅថ្ងៃនោះ គឺដើម្បីទទួលបានអារម្មណ៍ដែលបញ្ជាក់ថា ខ្ញុំមានសមត្ថភាពធ្វើការហៅរបស់ខ្ញុំ ។ ខ្ញុំបានទទូលអារម្មណ៍ឲ្យសូមការប្រសិទ្ធពរខាងបព្វជិតភាព ។
ខ្ញុំបានជួបនឹងប៊ីស្សពរបស់ខ្ញុំ ហើយគាត់បានដាក់ដៃគាត់លើក្បាលខ្ញុំ រឿងដំបូងគេដែលគាត់បានមានប្រសាសន៍មកកាន់ខ្ញុំគឺ « ព្រះវរបិតាសួគ៌មានអំណរគុណចំពោះសេចក្តីមេត្តាករុណាដែលប្អូនបង្ហាញដល់អ្នកដទៃ » ។
ព្រះវិញ្ញាណសណ្ឋិតមកលើខ្ញុំយ៉ាងខ្លាំង ហើយខ្ញុំទទួលអារម្មណ៍បញ្ជាក់ថាព្រះអម្ចាស់ពេញព្រះទ័យនឹងការខិតខំរបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាមានចំណែកមួយនៃអំណោយទានដែលត្រូវការដើម្បីធ្វើការងារបម្រើដោយក្តីស្រឡាញ់ពិតប្រាកដមែន ។ ខ្ញុំគិតតែពីការបរាជ័យរបស់ខ្ញុំ ជាជាងភាពជោគជ័យរបស់ខ្ញុំ ។
ការហៅរបស់បងប្អូនគឺជាឱកាសដ៏អស្ចារ្យដើម្បីស្វែងរក និងប្រើប្រាស់អំណោយទានខាងវិញ្ញាណរបស់បងប្អូន ។
បងប្អូនអាចចាប់ផ្តើមពីឥឡូវនេះ
យើងពុំចាំបាច់ត្រូវរង់ចាំដើម្បីចាប់ផ្តើមបង្ហាញអំពើល្អនៅក្នុងខ្លួនយើងនោះទេ ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ពេលនោះជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានមានប្រសាសន៍ ៖
« ជួនកាលយើងមានអារម្មណ៍បាក់ទឹកចិត្ត ព្រោះយើងពុំទទួលបាន ‹ កាន់តែច្រើន › ពីអ្វីមួយ—ដូចជារឿងខាងវិញ្ញាណ មានគេគោរព មានបញ្ញា មានសុខភាព ទ្រព្យសម្បត្តិ មិត្តភាព ឬ សមត្ថភាពកាន់តែច្រើនជាដើម ។ …
ខ្ញុំបានរៀនក្នុងជីវិតថា យើងពុំចាំបាច់មានអ្វីៗ ‹ កាន់តែច្រើន › ដើម្បីចាប់ផ្ដើមប្រែក្លាយជាបុគ្គលដែលព្រះទ្រង់មានព្រះទ័យឲ្យយើងប្រែក្លាយនោះទេ » ។៥
យើងអាចចាប់ផ្តើមជាមួយការអធិស្ឋាន ។ ទូលទៅព្រះវរបិតាសួគ៌ពីអារម្មណ៍របស់បងប្អូនឥឡូវនេះ ហើយនិងរបៀបដែលបងប្អូនចង់មានអារម្មណ៍អំពីខ្លួនរបស់បងប្អូន ។ ជាពិសេសទូលសូមអំពីអំណោយទាននៃការចេះសង្កេតដើម្បីជួយបងប្អូនមើលឃើញសេចក្តីល្អដែលបិទបាំងរបស់បងប្អូន ។ ពេលវេលាដ៏ផ្អែមល្ហែមមួយចំនួននៅក្នុងជីវិតរបស់ខ្ញុំបានមកពីការពោលពាក្យអធិស្ឋានទាំងនេះ ។ ខ្ញុំជឿថាព្រះវរបិតាសួគ៌មានព្រះទ័យអន្ទះសាដើម្បីជួយយើងឲ្យមើលឃើញអ្វីៗដែលទ្រង់ទតឃើញ ។
ដោយសារតែអត្តសញ្ញាណរបស់យើងជាបុត្រាបុត្រីរបស់ព្រះ យើងត្រូវបានបង្កើតឡើងសម្រាប់ធ្វើរឿងអស្ចារ្យ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៧៨:១៧ ) ។ តាមរយៈអំណោយទាននៃការចេះសង្កេត យើងអាចដឹងរឿងទាំងនោះសម្រាប់ខ្លួនយើង ។