« ការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
មូលដ្ឋានគ្រឹះនៃដំណឹងល្អ
ការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
នៅពេលយើងគិតអំពីពរជ័យដែលយើងទទួលបាន ពីព្រោះយើងជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នោះយើងចង់ចែកចាយដំណឹងល្អជាមួយនឹងមនុស្សដែលយើងស្រឡាញ់ ។ យើងអាចចែកចាយទីបន្ទាល់របស់យើងអំពីសេចក្ដីពិតតាមរយៈពាក្យសម្តី និងគំរូរបស់យើង ។ យើងអាចអធិស្ឋានទូលសុំការបំផុសគំនិតដើម្បីដឹងថា តើនរណាត្រូវចែកចាយជាមួយនរណា និងអ្វីដែលត្រូវនិយាយ ។
ស្រឡាញ់អ្នកដទៃ
ផ្នែកសំខាន់មួយនៃការចែកចាយដំណឹងល្អគឺការស្រឡាញ់អ្នកដទៃ ។ នៅពេលយើងបង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះអ្នកដទៃតាមរយៈការធ្វើទង្វើដូចជាព្រះគ្រីស្ទ នោះយើងកំពុងចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ—ដែលពេលខ្លះទាំងមិនបានបញ្ចេញវាចាមួយម៉ាត់ផង ។ ហើយនៅពេលដែលអ្នកដទៃដឹងថា យើងពិតជាយកចិត្តទុកដាក់ចំពោះពួកគេនោះពួកគេអាចនឹងបើកចិត្តកាន់តែទូលាយដើម្បីស្តាប់គំនិតរបស់យើងអំពីដំណឹងល្អ ។ ( សូមមើល ហ្គែរី អ៊ី ស្ទីវ៉ែនសុន « ស្រឡាញ់ ចែកចាយ អញ្ជើញ »លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨៤–៨៧ ) ។
ការចែកចាយដំណឹងល្អតាមរបៀបដ៏សាមញ្ញ
យើងអាចចែកចាយនូវអ្វីដែលយើងស្រឡាញ់អំពីដំណឹងល្អ ។ នៅពេលយើងធ្វើវាឲ្យក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង នោះវានឹងគ្មានអារម្មណ៍ឆ្គង ឬតានតឹងទេ ។ ឧទាហរណ៍យើងអាចនិយាយជាមួយគ្រួសារ និងមិត្តភក្តិរបស់យើងអំពីអ្វីដែលយើងធ្វើនៅថ្ងៃអាទិត្យ ។ ឬយើងអាចប្រាប់ពួកគេអំពីសុភមង្គលដែលយើងទទួលអារម្មណ៍ពេលយើងបម្រើអ្នកដទៃ ។ ( សូមមើល ឌៀថើរ អេហ្វ អុជដូហ្វ« Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥–១៨ ) ។
អញ្ជើញអ្នកដទៃឲ្យចូលរួមជាមួយយើង
យើងអាចអញ្ជើញអ្នកដទៃឲ្យរៀនបន្ថែមទៀតអំពីដំណឹងល្អ ។ ឧទាហរណ៍យើងអាចអញ្ជើញពួកគេចូលរួមប្រជុំក្នុងសាសនាចក្រ ឬសកម្មភាពសាសនាចក្រ អានព្រះគម្ពីរមរមន មើលវីដេអូរបស់សាសនាចក្រ ឬទៅសួរសុខទុក្ខជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ បទពិសោធន៍ទាំងនេះអាចជួយពួកគេឲ្យទទួលអារម្មណ៍ពីព្រះវិញ្ញាណ និងចង់រៀនបន្ថែម ។
សួរអំពីបទពិសោធន៍របស់ពួកគេ
បន្ទាប់ពីមិត្តភក្តិ និងសមាជិកគ្រួសារមកព្រះវិហារ ឬពេលរៀនមេរៀនមួយជាមួយពួកអ្នកផ្សព្វផ្សាយសាសនា យើងអាចសួរពួកគេអំពីបទពិសោធន៍របស់ពួកគេ ។ ការបង្រៀនមួយចំនួនពីដំណឹងល្អអាចជារឿងថ្មីសម្រាប់ពួកគេដូច្នេះយើងអាចឆ្លើយសំណួរដែលពួកគេមាន ។ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ និងការគាំទ្ររបស់យើងចំពោះការខិតខំរបស់ពួកគេដើម្បីមកកាន់ព្រះគ្រីស្ទ ។
បន្ថែមជំនឿរបស់ពួកគេ
យើងឲ្យតម្លៃ និងគោរពជំនឿរបស់អ្នកដទៃ ហើយយើងព្យាយាមបន្ថែមទៅលើជំនឿដែលពួកគេមានរួចហើយ ។ ឧទាហរណ៍ ៖ មិត្តម្នាក់បានរកឃើញការលួងលោមចិត្តនៅក្នុងព្រះគម្ពីរប៊ីប ក៏ប្រហែលជាអាចរកឃើញការលួងលោមចិត្តក្នុងការបង្រៀនដែលយើងចែកចាយអំពីព្រះគម្ពីរមរមនផងដែរ ។
ជួយដល់សមាជិកថ្មីក្នុងសាសនាចក្រ
ពេលមនុស្សចូលរួមក្នុងសាសនាចក្រយើងអាចជួយពង្រឹងជំនឿរបស់ពួកគេបាន ។ យើងអាចធ្វើជាមិត្តរបស់ពួកគេ ឆ្លើយសំណួររបស់ពួកគេ ហើយគាំទ្រពួកគេ ពេលពួកគេទទួលការហៅ ។ យើងអាចលើកទឹកចិត្តពួកគេឲ្យបន្តធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយរៀនអំពីដំណឹងល្អរបស់ទ្រង់ ។
បម្រើបេសកកម្មពេញម៉ោង
បន្ថែមពីលើការចែកចាយដំណឹងល្អក្នុងជីវិតប្រចាំថ្ងៃរបស់យើង នោះសមាជិកនៃសាសនាចក្រក៏អាចត្រូវបានហៅឲ្យបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងផងដែរ ។ ប្រសិនបើពួកគេបានត្រៀមខ្លួន យុវជនអាចបម្រើតាំងពីក្មេងគឺត្រឹមអាយុ ១៨ ឆ្នាំ ។ យុវនារី និងមជ្ឈិមវ័យវ័យចំណាស់ក៏អាចបម្រើបានដែរ ។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័រ ChurchofJesusChrist.org/callings/missionary ។