« ការផ្លាស់ប្ដូរវិធីសាស្ត្ររបស់ខ្ញុំដើម្បីទទួលបានទីបន្ទាល់ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
យុវមជ្ឈិមវ័យ
ការផ្លាស់ប្ដូរវិធីសាស្ត្ររបស់ខ្ញុំដើម្បីទទួលបានទីបន្ទាល់
ជាលើកដំបូងដែលខ្ញុំមានគ្រាប់ពូជដ៏សាមញ្ញនៃសេចក្ដីជំនឿដែលពិត ។
ខ្ញុំបានធំឡើងនៅក្នុងសាសនាចក្រ—ខ្ញុំបានចូលរួមសកម្មភាពនានា ហើយខ្ញុំបានចូលរួមក្នុងការអធិស្ឋាន និងការសិក្សាព្រះគម្ពីរជាគ្រួសារ ។ ប៉ុន្តែខ្ញុំពិតជាគ្មានទីបន្ទាល់ទេ ។ ខ្ញុំមិនដឹងថា តើខ្ញុំជឿលើព្រះ ឬលើព្រះរាជបុត្រារបស់ទ្រង់ឬអត់នោះទេ ។ ខ្ញុំមិនដឹងថា តើព្រះគម្ពីរមរមនពិតឬអត់ទេ ។
ខ្ញុំចង់មានទីបន្ទាល់ ប៉ុន្តែខ្ញុំមានអារម្មណ៍ខកចិត្តបន្ទាប់ពីអធិស្ឋានជាច្រើនដង ដោយមិនមានអារម្មណ៍ថា ខ្ញុំបានទទួលចម្លើយឡើយ ។ ខ្ញុំចាប់ផ្តើមងឿងឆ្ងល់ថា « ប្រសិនបើមានព្រះពិតមែន តើហេតុអ្វីទ្រង់មិនបង្ហាញព្រះកាយដល់ខ្ញុំ ? ហេតុអ្វីទ្រង់ទុកឲ្យខ្ញុំអង្គុយងឿងឆ្ងល់នៅទីនេះ ? »
ពេលក្រឡេកមើលក្រោយ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់ពីមូលហេតុដែលខ្ញុំមិនបានទទួលចម្លើយ ៖ ដែលពេលនោះខ្ញុំមិនបានដាក់កិច្ចខិតខំពិតប្រាកដនោះទេ ។ ខ្ញុំនឹងអានព្រះគម្ពីររបស់ខ្ញុំតែប្រាំនាទីក្នុងមួយសប្ដាហ៍ ហើយរំពឹងថានឹងទទួលបានបទពិសោធន៍នៃវិវរណៈមួយចំនួនដោយសារខ្ញុំបានទូលសុំ ។
ខ្ញុំមិនបានយល់ថា ជំនឿគឺជាគោលការណ៍នៃសកម្មភាពនោះទេ ។
គ្រាប់ពូជនៃសេចក្ដីជំនឿ
ប្រសិនបើមនុស្សមើលមកខ្ញុំតែសំបកក្រៅនឹងគិតថាខ្ញុំ « សកម្ម » នៅក្នុងសាសនាចក្រ ប៉ុន្តែខ្ញុំនៅតែមិនដឹងថា តើសាសនាចក្រពិតឬអត់នោះទេ ។ ប៉ុន្តែខ្ញុំចង់ដឹង ។
ដូច្នេះខ្ញុំបានសម្រេចចិត្តបម្រើបេសកកម្ម ។ ខ្ញុំស្មានខុសថា ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ខ្ញុំនឹងទទួលបានចម្លើយពីព្រះដោយស្វ័យប្រវត្តិ ។ ខ្ញុំនៅតែមិនបានខិតខំអធិស្ឋាន ឬសិក្សាខ្លាំងនោះទេ ប៉ុន្តែមិនយូរប៉ុន្មានខ្ញុំក៏បានទទួលការចាត់តាំង ។
នៅពេលចាប់ផ្ដើមបេសកកម្មរបស់ខ្ញុំ ខ្ញុំពិបាកនឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ពេលកំពុងបំពាក់បំប៉ន់តាមអនឡាញក្នុងអំឡុងពេលនៃជំងឺរាតត្បាត ព្រោះតែខ្ញុំមានចិត្តស្ទាក់ស្ទើរ ។ ប៉ុន្ដែក្រោយមកខ្ញុំបានទៅមជ្ឈមណ្ឌលបំពាក់បំប៉ន់អ្នកផ្សព្វផ្សាយសាសនាដោយជួបផ្ទាល់ ។ ហើយពេលវេលារបស់ខ្ញុំនៅទីនោះ ធ្វើឲ្យខ្ញុំមានបទពិសោធន៍ខាងវិញ្ញាណខ្លាំងបំផុតក្នុងជីវិតខ្ញុំ ។ វាគឺជាលើកដំបូងដែលខ្ញុំមានគ្រាប់ពូជសាមញ្ញនៃសេចក្ដីជំនឿដ៏ពិត ។
ការធ្វើការផ្លាស់ប្តូរ
ទីបំផុតការចូលទៅក្នុងតំបន់បេសកកម្មគឺពិបាកណាស់ ។ ខ្ញុំមានអារម្មណ៍ថា ទីបន្ទាល់ដែលខ្ញុំបានទទួលបន្តិចបន្តួចត្រូវបាត់បង់ ។
ថ្ងៃមួយពេលខ្ញុំកំពុងយំ ស្រាប់តែអនុស្សាវរីយ៍មួយបានផុសឡើងក្នុងខួរក្បាលខ្ញុំ ។ ប៉ារបស់ខ្ញុំធ្លាប់សួរខ្ញុំថា តើថ្ងៃនេះនៅសាលារៀនយ៉ាងម៉េចដែរ ហើយខ្ញុំតែងតែនិយាយថា វាធុញទ្រាន់ណាស់ប៉ា ។ ហើយគាត់នឹងនិយាយថា « មែនហើយនោះគឺដោយសារកូនធ្វើឲ្យវាធុញទ្រាន់ ។ ប្រសិនបើកូនចង់ឲ្យការរៀននៅសាលាមានភាពសប្បាយរីករាយ ចូរកូនធ្វើឲ្យសប្បាយរីករាយទៅ » ។ ខ្ញុំបានដឹងថា ខ្ញុំអាចប្រើប្រាស់ពេលវេលាភាគច្រើនរបស់ខ្ញុំនៅក្នុងបេសកកម្ម ដើម្បីរៀនសូត្រ និងរីកចម្រើន ឬធ្វើឲ្យខ្លួនឯងរងទុក្ខវេទនា ។
ដូច្នេះខ្ញុំបានអធិស្ឋានដោយស្មោះអស់ពីចិត្តជាងពេលណាទាំងអស់ ដើម្បីទូលព្រះវរបិតាសួគ៌ថា ខ្ញុំនឹងព្យាយាមផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្ញុំ ។ បន្ទាប់ពីនោះខ្ញុំទទួលបានការបំផុសគំនិតឲ្យដាក់កិច្ចខិតខំប្រឹងប្រែងថ្មីៗទៀត ។ ខ្ញុំចាប់ផ្តើមសិក្សា និងអធិស្ឋាន និងពិចារណាយ៉ាងពិតប្រាកដ ហើយយូរៗទៅ ពន្លឺនៃទីបន្ទាល់បានត្រឡប់មកវិញ—ហើយបន្តលូតលាស់ ។ ខ្ញុំក៏មិនសូវតានតឹងប៉ុន្មានទេ ហើយខ្ញុំបានចាប់ផ្តើមរកឃើញអំណរនៅក្នុងដំណឹងល្អ ។
អ្វីដែលយើងឲ្យគឺជាអ្វីដែលយើងទទួល
នៅពេលដែលអ្នកមានអារម្មណ៍តានតឹងដូចជាសេចក្តីជំនឿរបស់អ្នកមិនរីកចម្រើន អ្នកប្រហែលជាងឿងឆ្ងល់ថា តើព្រះគង់នៅទីនោះឬទេ ហើយទ្រង់ខ្វល់ខ្វាយឬទេ ។ ប៉ុន្តែខ្ញុំបានរៀនថា ទ្រង់តែងនៅជាមួយយើងជានិច្ច ហើយនឹងជួយយើងពង្រឹងសេចក្តីជំនឿ និងទីបន្ទាល់របស់យើង ប្រសិនបើយើងទទួលខុសត្រូវ និងខំប្រឹងប្រែង ( សូមមើល មរ៉ូណៃ ១០:៤ ) ។
អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ខណៈដែលវាហាក់ដូចជាគ្មានរូបមន្តពិតប្រាកដដែលយើងម្នាក់ៗទទួលបានទីបន្ទាល់ក៏ដោយ តែវាហាក់ដូចជាមានលំនាំមួយដែលអាចយល់បាន » ។១ លំនាំនោះរួមមានទាំងការមានបំណងប្រាថ្នាដ៏ស្មោះសរដើម្បីដឹងពីសេចក្ដីពិត ការមានឆន្ទៈបម្រើនៅកន្លែងដែលបានហៅ ការព្យាយាមគោរពប្រតិបត្តិ ការសិក្សាព្រះគម្ពីរ និងការអនុវត្តតាមនៅក្នុងជីវិតរបស់យើង និងការមានអាកប្បកិរិយារាបសា ។
ខ្ញុំនឹងមិនអាចពង្រឹងសេចក្តីជំនឿរបស់ខ្ញុំ ដោយមិនផ្លាស់ប្ដូរអាកប្បកិរិយា មិនធ្វើតាមលំនាំទាំងនេះ ហើយថ្វាយដួងចិត្តទាំងមូលដើម្បីភ្ជាប់ជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានឡើយ ។ ពេលខ្ញុំធ្វើការផ្លាស់ប្ដូរទាំងនោះខ្ញុំបានចាប់ផ្ដើមទទួលចម្លើយ ហើយជឿលើសេចក្ដីពិត ។
ស៊ីស្ទើរ រេបិកា អិល ក្រេវិន ជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានយុវនារីទូទៅ កាលពីពេលថ្មីៗនេះបានមានប្រសាសន៍ថា ៖ « ការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទគឺហួសពីការគ្រាន់តែសង្ឃឹម ឬការជឿទៅទៀត ។… វាតម្រូវឲ្យយើងធ្វើអ្វីមួយ » ។២ ខ្ញុំបានរៀនដោយខ្លួនឯងថា នេះជាការពិត ៖ អ្វីដែលខ្ញុំបានដាក់នៅក្នុងដំណឹងល្អ គឺជាអ្វីដែលខ្ញុំបានទទួលមកវិញ ។
ចំពោះអ្នកដែលមើលមកខ្ញុំ សកម្មភាពរបស់ខ្ញុំនៅក្នុងសាសនាចក្រប្រហែលជាមើលទៅដូចធម្មតាដូចសព្វដង ។ ប៉ុន្តែខ្ញុំបានផ្លាស់ប្តូរការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះដំណឹងល្អនៅក្នុងចិត្តរបស់ខ្ញុំ ។ ហើយបានធ្វើឲ្យមានភាពខុសប្លែកទាំងស្រុង ។
អ្នកនិពន្ធរស់នៅ រដ្ឋ វ៉ាស៊ីងតោន ស.រ.អា. ។