« បេសកកម្មរបស់ខ្ញុំនៅបន្ត » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
បេសកកម្មរបស់ខ្ញុំនៅបន្ត
សំបុត្រចុងក្រោយរបស់ឪពុកខ្ញុំបានជួយខ្ញុំនាពេលអនាគតដោយលោកផ្តល់ពាក្យទូន្មានដ៏មានអត្ថន័យវិសេសវិសាលបំផុតចំពោះខ្ញុំ ។
ខ្ញុំកំពុងតែរីករាយនឹងបេសកកម្មពេញម៉ោងរបស់ខ្ញុំនៅលើភ្នំដ៏ស្រស់ស្អាតនៃកាចាម៉ាកា ប្រទេសប៉េរូ ពេលឪពុករបស់ខ្ញុំមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលភ្លាមៗ ។ មិនយូរប៉ុន្មានក្រោយមកគាត់ក៏បានទទួលមរណភាព ។
ពេលខ្ញុំជួបជាមួយប្រធានបេសកកម្មរបស់ខ្ញុំ ខ្ញុំបានយំពេលខ្ញុំនឹកឃើញពីអ្វីដែលឪពុកខ្ញុំបានបង្រៀន អំពីអត្ថន័យនៃការធ្វើជាអ្នកផ្សព្វផ្សាយសាសនា និងការធ្វើជាមនុស្សថ្លៃថ្នូរម្នាក់ ។ គាត់បានសរសេរសំបុត្រមកខ្ញុំជារៀងរាល់សប្តាហ៍ ដោយបានចែកចាយទីបន្ទាល់របស់គាត់ គាត់បង្រៀនខ្ញុំឲ្យយល់ដឹងអំពីដំណឹងល្អដ៏មានអនុភាព និងលើកទឹកចិត្តខ្ញុំឲ្យខិតខំធ្វើកិច្ចការអស់ពីសមត្ថភាព ។
បន្ទាប់ពីការប្រជុំរបស់យើង ប្រធានបេសកកម្មបានប្រគល់សំបុត្រមួយមកខ្ញុំ—ដែលជាសំបុត្រចុងក្រោយពីឪពុកខ្ញុំ ។ សំបុត្ររបស់គាត់បានជួយខ្ញុំនាពេលអនាគតដោយគាត់ផ្តល់ពាក្យទូន្មានដ៏មានអត្ថន័យវិសេសវិសាលបំផុតចំពោះខ្ញុំ ៖
« កូនមាន [ បេសកកម្ម ] មួយទៀតដែលត្រូវធ្វើក្នុងពេលពីរបីខែទៀត—គឺជាបេសកកម្មដ៏លំបាកបំផុត ដែលកូននឹងត្រូវពឹងផ្អែកលើការពលិកម្មជីវិតរបស់កូន តាមគោលការណ៍ដែលកូនបានបង្រៀន ដើម្បីធ្វើអ្វីៗដែលមកដល់ពេលនេះ គឺកូនគ្រាន់តែផ្សព្វផ្សាយប៉ុណ្ណោះ ។ វាអាចជាបេសកកម្មដែលមានផលិតភាពបំផុត ។ កូនដូចជាដំបែនៅក្នុងនំប៉័ង ។ …
« យើងស្រឡាញ់កូន ហើយអធិស្ឋានឲ្យកូនជារៀងរាល់ថ្ងៃ ។ ចូរខិតខំធ្វើការ និងធ្វើកិច្ចការដែលត្រឹមត្រូវ » ។
ពេលខ្ញុំអានពាក្យសម្ដីរបស់គាត់ខ្ញុំយំ—ដោយសោកសៅ ដោយដឹងថា ពាក្យទាំងនោះជាបណ្តាំចុងក្រោយរបស់គាត់ចំពោះខ្ញុំក្នុងជីវិតនេះ ហើយក៏រីករាយ ដោយដឹងអំពីអនុភាពនៃពាក្យទាំងនោះ និងគោលបំណងសម្រាប់រូបខ្ញុំ ។ ខ្ញុំបានដឹងថា បេសកកម្មបន្ទាប់របស់ខ្ញុំ—ពេញមួយជីវិតរបស់ខ្ញុំ—គឺមានន័យលើសអ្វីៗទាំងអស់ ។ វាអាចជាគ្រានៃការសាកល្បងពិតប្រាកដ ហើយវានឹងតម្រូវឲ្យអនុវត្តន៍តាមគ្រប់យ៉ាងដែលខ្ញុំបានរៀន និងដែលបានមានបទពិសោធន៍ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាមួយរូប ។
ខ្ញុំដឹងថាព្រះវរបិតាសួគ៌មានផែនការមួយដែលមានគោលបំណងយ៉ាងជ្រាលជ្រៅសម្រាប់យើងទាំងអស់គ្នា ។ ទ្រង់អាចលើកកម្ពស់យើងនៅលើផែនដី ហើយប្រទានកែវភ្នែកឲ្យយើងមើលឃើញ និងស្គាល់សេចក្ដីពិតរបស់ទ្រង់ ។ ខ្ញុំបានមើលឃើញការណ៍នេះ ខ្ញុំបានថ្វាយជីវិតរបស់ខ្ញុំចំពោះទ្រង់ និងបានដកពិសោធនូវពរជ័យរបស់ទ្រង់ ។ ហើយខ្ញុំបានមើលឃើញការណ៍នេះ កាលភរិយាដ៏ស្រស់ស្អាតរបស់ខ្ញុំ និងខ្ញុំបានធ្វើការរួមគ្នាបង្កើតគ្រួសារមួយដែលពោរពេញទៅដោយក្តីសង្ឃឹម មានកូនចៅ និងដំណឹងល្អ ។
ព្រះអង្គសង្គ្រោះបានប្រទានភាពរឹងមាំដល់យើង កាលយើងលុតជង្គង់ចុះ ពេលអានព្រះគម្ពីរ ពេលទៅព្រះវិហារបរិសុទ្ធ និងបម្រើដល់អ្នកដទៃ ។ ខ្ញុំបានឃើញព្រះហស្ដរបស់ព្រះអម្ចាស់លាតសន្ធឹងអំឡុងពេលដ៏អស្ចារ្យក្នុងជីវិតរបស់ខ្ញុំ ដូចអ្វីដែលខ្ញុំបានចែកចាយដំណឹងល្អជាមួយគ្រួសារ និងមិត្តភក្តិ ។
បេសកកម្មរបស់ទ្រង់ « គឺដើម្បីនាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ បេសកកម្មនោះពិតជាបន្ត ។