« ការហៅរបស់យើងដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ »លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
ការហៅរបស់យើងដើម្បីចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ
ក្នុងនាមជាអ្នកបម្រើរបស់ព្រះយើងត្រូវបានហៅឲ្យចែកចាយក្ដីសង្ឃឹមដែលព្រះអង្គសង្គ្រោះប្រទានឲ្យ តាមរយៈព្រះជន្ម ការបង្រៀន ដង្វាយធួន និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ។
កាលជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនៅប្រទេសអង់គ្លេសដៃគូរបស់ខ្ញុំ និងខ្ញុំបានបង្រៀនបុរសម្នាក់ដែលឆ្លងកាត់បទពិសោធន៍ដ៏គួរឲ្យភ័យខ្លាច ដែលជាព្រឹត្តិការណ៍គំរាមកំហែងដល់អាយុជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទី២ ។ គាត់បានចូលរួមក្នុងជម្លោះប្រដាប់អាវុធនៅលើទឹកដីនោះ ហើយបន្ទាប់មកបានរួចជីវិតពីការវាយលុកកប៉ាល់ដែលគាត់ជិះ មុនពេលត្រឡប់ទៅមាតុប្រទេសរបស់គាត់នៅអង់គ្លេសវិញ ។ ពេលគាត់បានមកដល់ប្រទេសអង់គ្លេសវិញគាត់មានអារម្មណ៍ក្តុកក្តួល និងការដឹងគុណចំពោះការត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព គាត់បានលុតជង្គង់ថើបដី និងបានថ្លែងអំណរគុណ ។
នៅពេលយើងបង្រៀនគាត់អំពីការស្ដារឡើងវិញ ហើយពិពណ៌នាអំពីការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ គាត់បានយំ ។ គាត់បានរៀបរាប់អំពីសាក្សីដ៏ច្រើនលើសលប់ដែលគាត់បានទទួល ទាំងទឹកភ្នែក ។ គាត់បានពន្យល់ថា សារលិខិតនៃការស្ដារឡើងវិញបានធ្វើឲ្យគាត់មានអារម្មណ៍ស្រដៀងគ្នានឹងអារម្មណ៍ដែលគាត់មាន នៅពេលគាត់ត្រឡប់មកទឹកដីអង់គ្លេសវិញដោយសុវត្ថិភាព ។ គាត់មានអារម្មណ៍ថា គាត់មានជោគវាសនាដ៏នៅអស់កល្បជានិច្ច ។
ការហៅរបស់យើងក្នុងនាមជាអ្នកបម្រើរបស់ព្រះ
ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយយើងគឺជាអ្នកបម្រើរបស់ព្រះ ។ ក្នុងនាមជាអ្នកបម្រើរបស់ទ្រង់បេសកកម្មរបស់យើងគឺ ដើម្បីចែកចាយជាមួយអ្នកដទៃ—ដូចជាអស់អ្នកដែលខ្ញុំបានបង្រៀននៅប្រទេសអង់គ្លេសដែរ—ជាសេចក្ដីសង្ឃឹមដែលព្រះអង្គសង្គ្រោះប្រទានឲ្យតាមរយៈព្រះជន្ម ការបង្រៀន ដង្វាយធួន និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ( សូមមើល នីហ្វៃទី៣ ២៧:១៣–១៤ ) ។ នោះមិនមែនជាកិច្ចការងាយស្រួលទេនៅក្នុងពិភពលោកដែលពោរពេញដោយមន្ទិលសង្ស័យ ក្តីអស់សង្ឃឹម និងភាពងងឹត ប៉ុន្តែដំណឹងល្អដែលបានស្ដារឡើងវិញផ្តល់នូវពន្លឺដល់បុត្រាបុត្រីរបស់ព្រះ ដែលត្រូវការក្នុងគ្រាដ៏ច្របូកច្របល់នេះ ។
ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា ពិភពលោកត្រូវការដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទក្នុងពេលនេះជាងពេលណាៗទាំងអស់ ៖ « ដំណឹងល្អរបស់ទ្រង់គឺជា ចម្លើយតែមួយគត់ នៅពេលដួងចិត្តរបស់មនុស្សនៅក្នុងពិភពលោក ត្រូវបានគំរាមគំហែងឲ្យស្រយុតចិត្តដោយភាពភ័យខ្លាច ។ ការណ៍នេះគូសបញ្ជាក់អំពីតម្រូវការបន្ទាន់សម្រាប់យើងទាំងអស់គ្នា ដើម្បីធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ទៅកាន់ពួកសិស្សរបស់ទ្រង់ឲ្យ ‹ ទៅ … ពេញសព្វក្នុងក្នុងលោកិយ ទាំងមូល ហើយផ្សាយដំណឹងល្អទូទៅដល់ គ្រប់ មនុស្សទាំងអស់ចុះ › [ ម៉ាកុស ១៦:១៥ គូសបញ្ជាក់បន្ថែម សូមមើលផងដែរ ម៉ាថាយ ២៨:១៩ ] ។ យើងមានការទទួលខុសត្រូវដ៏ពិសិដ្ឋដើម្បីចែកចាយព្រះចេស្ដា និងភាពសុខសាន្ដនៃព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សទាំងអស់ ដែលនឹងស្ដាប់តាមហើយដែលនឹងទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់ពួកគេ » ។ ប្រធាន ណិលសុន បានបន្ថែមថា « យើងម្នាក់ៗមានតួនាទីមួយនៅក្នុងការប្រមូលអ៊ីស្រាអែល » ។១
វិធីមួយដែលយើងបំពេញតួនាទីនោះគឺ ព្រមទទួលយកការអំពាវនាវឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ យើងដឹងដូចប្រធាន ណិលសុន បានសង្កត់ធ្ងន់នាពេលថ្មីៗនេះថា ការទទួលខុសត្រូវចម្បងរបស់យុវជន គឺកិច្ចការផ្សព្វផ្សាយសាសនាពេញម៉ោងដែលត្រូវបានរក្សាទុកសម្រាប់ការប្រមូលផ្តុំនៅថ្ងៃចុងក្រោយនេះ ។ សម្រាប់ពួកគេកិច្ចការផ្សព្វផ្សាយសាសនាគឺជា « ការទទួលខុសត្រូវមួយនៃបព្វជិតភាព » ។ ទោះបីជាកិច្ចការផ្សព្វផ្សាយសាសនាជាជម្រើសសម្រាប់យុវនារី ក៏ដោយក៏ប្រធានណិលសិន បានស្នើសុំឲ្យពួកគេទូលសួរព្រះអម្ចាស់ថា តើទ្រង់មានព្រះទ័យឲ្យពួកគេបម្រើដែរឬទេ ។ លោកបានប្រាប់ពួកគេថា ៖ « អ្វីដែលអ្នកបានធ្វើនៅក្នុងកិច្ចការនេះគឺអស្ចារ្យណាស់ ! » ។ ហើយពិតណាស់ព្រះអម្ចាស់ត្រូវការគូស្វាមីភរិយារៀមច្បង ដើម្បីបម្រើតាមកាលៈទេសៈដែលអនុញ្ញាតិ្តសម្រាប់ពួកគាត់ ។ នៅក្នុងប្រសាសន៍របស់ ប្រធាន ណិលសិន « ការខិតខំរបស់ពួកគាត់គឺមិនអាចជំនួសបានដោយងាយនោះទេ » ។២
វិធីមួយទៀតដែលយើងបំពេញតួនាទីរបស់យើងក្នុងការប្រមូលសាសន៍អ៊ីស្រាអែលគឺត្រូវចងចាំសេចក្ដីសញ្ញារបស់យើងដើម្បី « ឈរជាសាក្សីដល់ព្រះគ្រប់ពេល និងគ្រប់សេចក្តី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩ ) ។ យើងមិនចាំបាច់ត្រូវហៅជាអ្នកផ្សព្វផ្សាយសាសនា ពេញម៉ោងដើម្បីអាចឈរជាសាក្សីនោះទេ ។ កាលយើងរស់នៅតាមដំណឹងល្អ សេចក្ដីស្រឡាញ់ និងការបម្រើអ្នកដទៃ ឈរយ៉ាងរឹងមាំក្នុងការប្រឈមមុខនឹងការល្បួង និងការបៀតបៀន ហើយទទួលបានទីបន្ទាល់ទាំងពាក្យសម្តី និងទង្វើនោះយើងនឹងនាំអ្នកដទៃខិតកាន់តែជិតព្រះយេស៊ូវគ្រីស្ទហើយ ។
ការចែកចាយដំណឹងល្អអាចគួរឲ្យរុញរា សូម្បីតែសម្រាប់អ្នកដែលបានបម្រើបេសកកម្មរួចហើយក៏ដោយ ។ ប៉ុន្តែពេលយើងមានទីបន្ទាល់ដ៏រឹងមាំអំពីព្រះអង្គសង្គ្រោះ និងការស្ដារឡើងវិញ នោះយើងមិនអាចឈប់ធ្វើជាសាក្សីអំពីអ្វីដែលយើងដឹងនោះទេ ។
សារៈសំខាន់នៃទីបន្ទាល់
តើយើងពង្រឹងទីបន្ទាល់របស់យើងយ៉ាងដូចម្ដេច ដើម្បីយើងអាចធ្វើជាអ្នកផ្សព្វផ្សាយសាសនាដ៏មានប្រសិទ្ធភាព ? យើងគ្រាន់តែត្រូវធ្វើតាមដំបូន្មានរបស់ព្យាការីដែលរស់នៅរបស់យើងប៉ុណ្ណោះ ។ ទីបន្ទាល់របស់យើងរីកចម្រើននៅពេលយើង ៖
-
ពន្លឿនសន្ទុះខាងវិញ្ញាណរបស់យើង ។៣
-
មានពេលវេលាសម្រាប់ព្រះអម្ចាស់ ។៤
-
ពង្រឹងគ្រឹះខាងវិញ្ញាណរបស់យើង ។៥
-
ទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង ។៦
-
ស្តាប់ទ្រង់ ។៧
នៅពេលយើងសិក្សាប្រសាសន៍របស់ប្រធាន ណិលសុន និងយកចិត្តទុកដាក់លើដំបូន្មានរបស់លោក នោះយើងនឹងពង្រឹងទីបន្ទាល់របស់យើងអំពីព្រះសង្រ្គោះ និងដំណឹងល្អរបស់ទ្រង់ តួនាទីរបស់ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុងការស្តារឡើងវិញ ភាពពេញលេញនៃព្រះគម្ពីរមរមន និងការហៅពួកព្យាការី និងសាវកសម័យទំនើប ។ ទីបន្ទាល់ដែលបានពង្រឹងនឹងរៀបចំយើង—ហើយបង្កើនបំណងប្រាថ្នារបស់យើង—ដើម្បីស្តាប់តាមការអំពាវនាវរបស់ប្រធាន ណិលសុន ដែលជាព្យាការីឲ្យប្រមូលសាសន៍អ៊ីស្រាអែលទាំងសងខាងនៃវាំងនន ។
ដើម្បីចែកចាយដំណឹងល្អប្រកបដោយប្រសិទ្ធភាព យើងមិនចាំបាច់ជាអ្នកពូកកែវោហារស័ព្ទនោះទេ ។ យើងមិនចាំបាច់ចេះពីគោលលទ្ធិនៃដំណឹងល្អគ្រប់យ៉ាងទេ ។ យើងពុំចាំបាច់ទន្ទេញខគម្ពីររាប់សិបគម្ពីរទេ ។ យើងថែមទាំងមិនចាំបាច់ទទួលបានការអប់រំខ្ពង់ខ្ពស់ផងដែរ ។ ការណ៍ទាំងនោះជួយយើងចែកចាយសារលិខិតរបស់យើង ប៉ុន្តែអំណាចនៃការប្រែចិត្តជឿពិតបានមកពីចិត្តដ៏រាបសាជាទីបន្ទាល់ដ៏រស់រវើក និងជាសាក្សីបញ្ជាក់មកពីព្រះវិញ្ញាណបរិសុទ្ធ ។
ព្យាការី យ៉ូសែប ស៊្មីធ បានមានប្រសាសន៍ថា « គ្មានមនុស្សណាម្នាក់អាចផ្សាយដំណឹងល្អដោយគ្មានព្រះវិញ្ញាណបរិសុទ្ធទេ » ។៨
« ភ្លើងឆេះក្នុងឆ្អឹងខ្ញុំ »
នៅឆ្នាំ ១៨៣០ បន្ទាប់ពីបានឮពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនអំពីសារលិខិតនៃដំណឹងល្អដែលបានស្ដារឡើងវិញ ព្រិកហាំ យ៉ង់ បានចង់ដឹងពីសេចក្ដីពិតដោយខ្លួនរបស់លោក អំពីអ្វីដែលពួកគេកំពុងបង្រៀន ។ តាមវិធីសាស្ត្រ ដែលលោកបានសិក្សាអំពីព្រះគម្ពីរមរមន ព្រមទាំងបុគ្គលិកលក្ខណៈរបស់មនុស្សដែលបានថ្លែងទីបន្ទាល់អំពីរឿងនេះ និងព្យាការី យ៉ូសែប ស្ម៊ីធ ។
មានអ្វីមួយអំពីពួកអ្នកផ្សព្វផ្សាយសាសនាពីដើមទាំងនោះដែលបានធ្វើឲ្យរំជួលដល់ដួងចិត្ត និងព្រលឹងរបស់ព្រិកហាំ ។ លោកបានមានប្រសាសន៍ថា « សក្ខីភាពរបស់ពួកគេគឺដូចជាភ្លើងឆេះនៅក្នុងឆ្អឹងរបស់ខ្ញុំ » ។៩
អ្នកផ្សព្វផ្សាយសាសនាម្នាក់ក្នុងចំណោមពួកអ្នកផ្សព្វផ្សាយសាសនាទាំងនោះគឺលោកអេឡាស៊ើរ មីល័រ បានក្លាយជាសមាជិកនៃសាសនាចក្រតែបួនខែប៉ុណ្ណោះ ។១០ ពួកអ្នកផ្សព្វផ្សាយសាសនាសព្វថ្ងៃនេះហៅលោកថា « អ្នកមកថ្មី » ហើយលោកមិនពូកែនិយាយនៅទីសាធារណៈទេ ។ ប៉ុន្តែរឿងទាំងនោះមិនសំខាន់ទេ ។
អេឡាស៊ើរ មីល័រ
ប៉ុន្មានឆ្នាំក្រោយមកប្រធាន ព្រិកហាំ យ៉ង់ បានប្រកាសថា ៖ « កាលខ្ញុំឃើញបុរសម្នាក់គ្មានវោហារ ឬទេពកោសល្យក្នុងការនិយាយនៅទីសាធារណៈដែលអាចនិយាយបានតែប៉ុណ្ណោះថា ‹ ខ្ញុំដឹងថា ព្រះគម្ពីរមរមនពិតដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ [ ហើយ ] › ថាយ៉ូសែបស្ម៊ីធជាព្យាការីនៃព្រះអម្ចាស់ › [ ហើយ ] ព្រះវិញ្ញាណបរិសុទ្ធចាត់ចែងការណ៍ទាំងនោះសម្រាប់បុគ្គលនោះ បំភ្លឺ [ ដល់ ] ការយល់ដឹងរបស់ខ្ញុំ ហើយពន្លឺ សិរីល្អ និងអមតភាពនៅ [ ពី ] មុខខ្ញុំ » ។
ប្រធានយ៉ង់បានមានប្រសាសន៍ថា លោកត្រូវបានហ៊ុមព័ទ្ធ និងពោរពេញទៅដោយពន្លឺ និងសិរីល្អ ហើយថាលោកបានដឹងដោយខ្លួនលោកថា ទីបន្ទាល់របស់ អេឡាស៊ើរ ពិត ។
ប្រធាន យ៉ង់ បានមានប្រសាសន៍ថា ៖ « ពិភពលោកដែលមានប្រាជ្ញា និងអានុភាពរបស់វា មានភាពល្បីខ្ចរខ្ចាយទាំងអស់ និងការបង្ហាញពីស្តេច និងអំណាចអស្ចារ្យរបស់វា បានលិចលង់ទៅក្នុងភាពមិនសំខាន់ដ៏ល្អឥតខ្ចោះ បើប្រៀបជាមួយនឹងទីបន្ទាល់ដ៏សាមញ្ញ និងគ្មានការតុបតែងរបស់អ្នកបម្រើរបស់ព្រះនោះ » ។១១
ឱ អំណររបស់យើងមហិមាណាស់
ព្យាការី យ៉ូសែប ស្ម៊ីធ បានប្រកាសថា « ក្រោយពីអ្វីៗទាំងអស់ដែលបាននិយាយនោះកាតព្វកិច្ចដ៏ធំ និងសំខាន់បំផុតគឺការផ្សព្វផ្សាយដំណឹងល្អ » ។១២
ការគោរពសេចក្ដីសញ្ញារបស់យើងក្នុងនាមជាសមាជិកនៃនគររបស់ព្រះ រួមមានការចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការចែកចាយដំណឹងល្អគឺជាការង្ហាញពីសេចក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះអ្នកជិតខាងរបស់យើងដូចខ្លួនយើងដែរ ( សូមមើល ម៉ាថាយ ២២:៣៧–៣៩ ) ។ ការចែកចាយដំណឹងល្អគឺជាបេសកកម្មដ៏ធំរបស់ព្រះអង្គសង្គ្រោះ ។
ពួកយើងដែលបានជួយនាំព្រលឹងមកកាន់ព្រះគ្រីស្ទបានភ្លក់នូវអំណរដ៏អស់កល្បជានិច្ច ដែលបានសន្យាដល់អស់អ្នកដែលធ្វើការដើម្បីសង្គ្រោះកូនចៅរបស់ព្រះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១៥–១៦ ) ។ ខ្ញុំនៅតែគិតដល់ការបម្រើពេញម៉ោងរបស់ខ្ញុំ កាលធ្វើជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនៅប្រទេសអង់គ្លេស—ពីដៃគូដែលខ្ញុំបានបម្រើជាមួយ ពីមនុស្សដែលយើងបានជួប ដែលជាបុត្រាបុត្រីដ៏មានតម្លៃរបស់ព្រះ ដែលយើងបានជួយនាំមកកាន់ក្រោលរបស់ទ្រង់ ។ ក្រោយមកជីវិតខ្ញុំមិនដូចពីមុនទេ ។
តាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំសូមប្រកាសពីការសន្យារបស់គណៈប្រធានទីមួយដល់អស់អ្នកដែល « និងនាំការពិតទ្រង់ដល់លោកិយ » ១៣ មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ ៖ « ព្រះអម្ចាស់នឹងប្រទានរង្វាន់ និងពរជ័យដ៏មហិមាដល់អ្នកនៅពេលអ្នកបម្រើទ្រង់ដោយរាបសា និងដោយការអធិស្ឋាន ។ សុភមង្គលយ៉ាងច្រើនថែមទៀត រង់ចាំអ្នកនៅពេលអ្នកធ្វើការងារក្នុងចំណោមកូនចៅរបស់ទ្រង់ » ។១៤