« មនុស្សគ្រប់រូបត្រូវការដំណឹងល្អ » លីអាហូណា ខែ កក្កដា ឆ្នាំ២០២៣ ។
មនុស្សគ្រប់រូប ត្រូវការដំណឹងល្អ
ខ្ញុំបានរៀបចំផែនការបម្រើបេសកកម្ម ប៉ុន្តែបន្ទាប់ពីរៀនមហាវិទ្យាល័យចប់ខ្ញុំគិតថា ខ្ញុំមិនចាំបាច់បម្រើទេ—រហូតដល់ខ្ញុំមានការងារមួយ ដែលធ្វើការជាមួយក្មេងស្រីដែលទទួលរងការរំលោភបំពាន ។ បន្ទាប់មកខ្ញុំបានយល់ថា មនុស្សគ្រប់រូបត្រូវការដំណឹងល្អ ។
កាលខ្ញុំនៅក្នុងអង្គការបឋមសិក្សា ខ្ញុំមិនចាំថា គ្រូបង្រៀនរបស់ខ្ញុំបានសួរថា តើនរណាក្នុងចំណោមពួកយើងនឹងបម្រើបេសកកម្មពេញម៉ោងប៉ុន្មានដងនោះទេ ។ នៅក្នុងគំនិតវ័យក្មេងរបស់ខ្ញុំ ខ្ញុំតែងតែនិយាយថា ខ្ញុំនឹងទៅបម្រើ ។
ម្តាយរបស់ខ្ញុំបានបង្ហាញខ្ញុំពីសារៈសំខាន់នៃការប្រមូលសាសន៍អ៊ីស្រាអែល គឺតាមរយៈការជួយពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងបង្រៀន និងចែកចាយដំណឹងល្អ ។ ថ្ងៃមួយខ្ញុំបានចូលរួមជាមួយគាត់ដើម្បីស្វែងរកផ្ទះរបស់បងស្រីម្នាក់នៅក្នុងវួដ ដែលខានមកព្រះវិហារមួយរយៈមកហើយ ។ យើងស្ទើរតែវង្វេងផ្លូវដោយសារយើងមិនស្គាល់ច្បាស់ពីកន្លែងដែលគាត់រស់នៅទេ ។ ជំនួសឲ្យការខឹងសម្បា ម្តាយរបស់ខ្ញុំបានខិតខំរកផ្ទះរបស់បងស្រីនោះដោយឧស្សាហ៍ព្យាយាម ។ ដូចស្ត្រីម្នាក់នៅក្នុងរឿងប្រៀបប្រដូចអំពីកាក់ដែលបាត់ ( សូមមើល លូកា ១៥:៨–១០ ) នោះគាត់បានរកឃើញបងស្រីនោះ ហើយគាត់អររីករាយ ។
នេះជារបៀបដែលម្ដាយខ្ញុំបានផ្តល់ឲ្យគាត់នូវអ្វីដែលល្អបំផុតសម្រាប់កិច្ចការរបស់ព្រះអម្ចាស់ មិនត្រឹមតែក្នុងការចែកចាយដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការហៅរបស់សាសនាចក្រផ្សេងទៀត ដែលបានជួយខ្ញុំឲ្យដឹងថា មនុស្សគ្រប់រូបត្រូវតែបម្រើព្រះអម្ចាស់ សូម្បីតែជាការបម្រើដ៏តូចតាចក៏ដោយ ។
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានបញ្ចប់ការសិក្សាពីថ្នាក់សិក្ខាសាលា ដោយទទួលបានមេដាយថ្នាក់យុវនារីរបស់ខ្ញុំ បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយចាប់ផ្តើមធ្វើការ ។ បន្តិចម្តងៗអារម្មណ៍នៃការចង់ធ្វើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងបានប្រែជាមានអាទិភាពតិចជាងមុន ។ ទោះបីជាខ្ញុំនៅតែសកម្ម និងតម្កើងការហៅរបស់ខ្ញុំក្នុងសាសនាចក្រក្តី ក៏ខ្ញុំបាននិយាយមកកាន់ខ្លួនឯងថា « វាមិនអីទេក្នុងការមិនបម្រើបេសកកម្មពេញម៉ោងពីព្រោះវាមិនមែនជាកាតព្វកិច្ចរបស់ខ្ញុំទេ ។ ខ្ញុំជាស្រ្តីមា្នក់ ហើយខ្ញុំអាចបម្រើព្រះអម្ចាស់តាមវិធីជាច្រើនទៀត » ។
អ្វីដែលបានផ្លាស់ប្ដូរគំនិតរបស់ខ្ញុំ
ពេលខ្ញុំអាយុ២២ឆ្នាំ ខ្ញុំមានឱកាសធ្វើការនៅមជ្ឈមណ្ឌលមួយដែលខ្ញុំបានបម្រើក្មេងស្រីដែលបានទទួលរងការរំលោភបំពាន និងទុកចោល ។ ខ្ញុំមានអារម្មណ៍សោកស្តាយចំពោះពួកគេ ។ ខ្ញុំបានឃើញពីរបៀបដែលការរំលោភបំពាននេះបានធ្វើឲ្យពួកគេខូចចិត្ត ហើយបំផ្លាញសេចក្ដីស្រឡាញ់របស់ពួកគេចំពោះខ្លួនឯង ។ ពួកគេមួយចំនួនបានប៉ុនប៉ងធ្វើអត្តឃាត ។ ពួកគេមួយចំនួនមិនចង់ទុកចិត្តនរណាម្នាក់ឡើយ ។ ពួកគេភាគច្រើនគ្មានសង្ឃឹមក្នុងជីវិត ហើយមិនទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ពីព្រះអង្គសង្គ្រោះនោះទេ ។
ខ្ញុំតែងតែសួរខ្លួនឯងថា « តើការរំលោភបំពានទាំងនេះអាចទប់ស្កាត់បានដែរឬទេ ? ចុះប្រសិនបើឧក្រិដ្ឋជនទាំងនោះបានទទួលដំណឹងល្អតើនឹងទៅជាយ៉ាងណា ? ចុះប្រសិនបើឪពុកម្ដាយរបស់ពួកគេបានក្លាយជាសមាជិកនៃសាសនាចក្រមុនក្មេងស្រីទាំងនេះបានកើត តើវាមានសភាពបែបណា ? ខ្ញុំបានដឹងថា ក្មេងស្រីទាំងនេះប្រហែលជាមិនបានជួបប្រទះការសាកល្បងទាំងនេះទេ ប្រសិនបើឪពុកម្ដាយ និងឧក្រិដ្ឋជនបានទទួល និងរស់នៅតាមដំណឹងល្អនោះ ។
ការសញ្ជឹងគិតពីសំណួរទាំងនេះ និងការធ្វើការនៅមជ្ឈមណ្ឌលនេះបានជួយខ្ញុំឲ្យឃើញថា មនុស្សទាំងអស់ត្រូវការដំណឹងល្អ ។ ដូចកងទ័ពហេលេមិននៅក្នុងគម្ពីរមរមនបានប្រយុទ្ធដើម្បីការពារសេចក្តីជំនឿ និងក្រុមគ្រួសាររបស់ពួកគេ នោះព្រះអម្ចាស់ត្រូវការអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដើម្បីចែកចាយដំណឹងល្អរបស់ទ្រង់ និងការពារនគររបស់ទ្រង់ ។
បទពិសោធន៍ដែលខ្ញុំមានពីក្មេងស្រីនៅមជ្ឈមណ្ឌលនេះបានបំផុសគំនិតខ្ញុំ ឲ្យដើរតាមផ្លូវដែលព្រះអម្ចាស់សព្វព្រះទ័យឲ្យខ្ញុំទៅ ។ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំត្រូវចូលរួមក្នុងកងទ័ពផ្សព្វផ្សាយសាសនារបស់ព្រះអម្ចាស់ ។ ទ្រង់បានទតឃើញបំណងប្រាថ្នានេះ ហើយខ្ញុំត្រូវបានគេហៅឲ្យបម្រើនៅក្នុងបេសកកម្ម ការអូយ៉ាន ហ្វីលីពីន ។
ការបម្រើបេសកកម្ម
នៅក្នុងបេសកកម្មរបស់ខ្ញុំ ខ្ញុំបានឃើញមនុស្សផ្លាស់ប្ដូរនៅពេលពួកគេបានរៀនដំណឹងល្អ ។ ខ្ញុំបានបង្រៀនមនុស្សដែលមិនចេះអភ័យទោស មនុស្សជក់បារី និងផឹកគ្រឿងស្រវឹង មនុស្សឆ្មើងឆ្មៃ និងមនុស្សដែលមិនចេះពីរបៀបអធិស្ឋាន ។ ដោយសារដំណឹងល្អ ពួកគេបានបោះបង់ទម្លាប់ចាស់របស់ខ្លួន ដើម្បីមានភាពស័ក្ដិសមនឹងអ្វីដែលព្រះបានសន្យាគឺ ៖ ជីវិតដ៏នៅអស់កល្បជានិច្ច ។
ដោយសារតែដង្វាយធួនរបស់ព្រះអង្គសង្គ្រោះខ្ញុំបានដឹងថា មនុស្សគ្រប់រូបអាចចាប់ផ្តើម ឬត្រឡប់ទៅកាន់ផ្លូវតូច ហើយចង្អៀតវិញ ប្រសិនបើពួកគេប្រែចិត្ត ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនឹងជួយយើងឲ្យផ្លាស់ប្ដូរ និងរីកចម្រើនឆ្ពោះទៅរកភាពល្អឥតខ្ចោះ និងមានភាពស័ក្តិសមនៃពរជ័យដ៏អស្ចារ្យ ដែលព្រះវរបិតាសួគ៌បានរៀបចំសម្រាប់យើង ។ ការផ្លាស់ប្តូរទាំងនេះអាចកើតឡើងពីភាពសោកសៅទៅរកសុភមង្គល ពីភាពចលាចលទៅរកសេចក្តីសុខសាន្ត ពីកំហឹងទៅរកការអភ័យទោស ពីភាពទន់ខ្សោយទៅរកភាពរឹងមាំ ពីការស្អប់ទៅរកការស្រឡាញ់ ។
ខ្ញុំមានអារម្មណ៍ថា មានពរណាស់ដែលបានក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជួយខ្ញុំយល់ដឹងពីតម្លៃរបស់ខ្ញុំ ក្នុងនាមជាបុត្រីរបស់ព្រះមាតាបិតាសួគ៌ ទោះជាពេលស្ថិតនៅក្នុងកាលៈទេសៈអាក្រក់ក៏ដោយ ។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់យើងតែងតែលួងលោមខ្ញុំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះគម្ពីរគឺជាត្រីវិស័យរបស់ខ្ញុំនៅពេលដែលខ្ញុំមានការភាន់ច្រឡំ ហើយត្រូវធ្វើការសម្រេចចិត្ដអ្វីមួយ ។
គ្រួសារខ្ញុំ និងខ្ញុំកំពុងព្យាយាមកាន់ខ្ជាប់ដោយស្មោះត្រង់រហូតដល់ចុងបំផុត ។ ខ្ញុំមានអំណរគុណដែលបានរៀបការជាមួយបុរសម្នាក់ដែលកាន់បព្វជិតភាព ហើយមានទីបន្ទាល់ដ៏រឹងមាំអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីសញ្ញារបស់ខ្ញុំជាមួយព្រះអម្ចាស់គឺមិនត្រឹមតែសម្រាប់ខ្លួនខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារខ្ញុំ និងសម្រាប់នគររបស់ទ្រង់ផងដែរ ។
អ្នកនិពន្ធរស់នៅប្រទេសហ្វីលីពិន ។