« ការងារបម្រើដោយសេចក្ដីសប្បុរស » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
គោលការណ៍ទាំងឡាយនៃការងារបម្រើ
ការងារបម្រើដោយសេចក្ដីសប្បុរស
យើងអាចធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងដោយបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបដ៏សាមញ្ញ ។
គំរូមួយនៃសេចក្តីសប្បុរស
តេប៊ីថា ( មានន័យថា នាងក្តាន់ ) គឺជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដែលរស់នៅយ៉ុបប៉េ ។ នាងត្រូវបានគេស្គាល់ថាជាស្ត្រី « បានធ្វើគុណហើយដាក់ទានជាច្រើន » ( កិច្ចការ ៩:៣៦ ) ។ នាងត្រូវបានគេស្រឡាញ់រាប់អានច្រើន ដោយសារនាងបានផ្តល់ក្តីស្រឡាញ់ដល់អ្នកដទៃច្រើន ។ ដូចព្រះអង្គសង្គ្រោះដែរនាងលះបង់ក្នុងការបម្រើរបស់នាង ។ នាងមានជំនាញ និងទេពកោសល្យដែលនាងបានប្រើ ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរ ។
ជំនាញមួយក្នុងចំណោមជំនាញទាំងនោះគឺការដេរអាវរងារ និងសម្លៀកបំពាក់ដែលយ៉ាងហោចណាស់បានបញ្ជូនអាវ និងសម្លៀកបំពាក់ខ្លះៗដល់ស្រ្តីមេម៉ាយដែលខ្វះខាត ។ ចំពោះអស់អ្នកដែលបានទទួលអំណោយរបស់នាង ចាត់ទុកនាងគឺជាមនុស្សដែលព្រះបានបញ្ជូនមក ។ ពេលពេត្រុសមកជួបនាងក្រោយពីនាងស្លាប់នោះ « ពួកស្រីមេម៉ាយក៏ឈរជិតគាត់ទាំងយំ ព្រះទាំងបង្ហាញអាវនឹងសម្លៀកបំពាក់ទាំងប៉ុន្មានដែលតេប៊ីថាបានធ្វើឲ្យ ពីកាលនាងនៅជាមួយនៅឡើយ » ( កិច្ចការ ៩:៣៩ ) ។ លោករំភើបខ្លាំងណាស់ដែលបានប្រោសនាងពីស្លាប់ ដែលធ្វើឲ្យមនុស្សជាច្រើនជឿលើព្រះអង្គសង្គ្រោះ ( កិច្ចការ ៩:៤០-៤២ ) ។
ការងារបម្រើដោយសេចក្ដីសប្បុរស
សេចក្ដីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដែលព្រះយេស៊ូវមានសម្រាប់យើង ហើយជាសេចក្ដីស្រឡាញ់ដែលទ្រង់រំពឹងថា យើងនឹងមានសម្រាប់គ្នាទៅវិញទៅមក ។ វាគឺពេញដោយក្តីសេចក្តីស្រឡាញ់ចំពោះអ្នកជិតខាងរបស់យើងដូចខ្លួនយើង ( សូមមើល ម៉ាថាយ ២២:៣៧–៣៩ ) ប្រព្រឹត្តចំពោះពួកគេដោយសេចក្តីអាណិតអាសូរ ការអត់ធ្មត់ និងសេចក្ដីមេត្តាករុណា ដូចដែលយើងចង់បានសម្រាប់ខ្លួនយើង ( សូមមើល ម៉ាថាយ ៧:១២ ) ។ វាគឺជាការបម្រើពួកគេ ដូចតេប៊ីថាដោយបានប្រើប្រាស់អំណោយទាន និងទេពកោសល្យដែលបានប្រទានឲ្យយើង ។
យើងអាចធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងដោយបង្ហាញពីសេចក្ដីស្រឡាញ់របស់យើងតាមរបៀបធម្មតា—ទោះបីអ្វីដែលយើងធ្វើគឺជារឿងសាមញ្ញក៏ដោយ ។ ប្រសិនបើអ្នកមានទេពកោសល្យដេរប៉ាក់ នោះវាអាចជាវិធីមួយដើម្បីធ្វើការងារបម្រើ ប៉ុន្តែប្រហែលជាអ្នកប៉ិនប្រសប់ប្រើម៉ាស៊ីនកាត់ស្មៅ ជាជាងប្រើម៉ាស៊ីនដេរ ។ ឬប្រហែលជាអ្នកមានអំណោយទានខាងការស្តាប់ដោយយកចិត្តទុកដាក់ពិតប្រាកដ ហើយនៅទីនោះធ្វើជាមិត្តដ៏ពិតប្រាកដ ។
ការអភិវឌ្ឍសេចក្តីសប្បុរសធម៌
តើយើងអាចអភិវឌ្ឍគុណលក្ខណៈនៃសេចក្តីសប្បុរសដូចជាព្រះគ្រីស្ទដោយរបៀបណា ?
-
សេចក្ដីសប្បុរសគឺជាអំណោយទានមួយដែលព្រះវរបិតាសួគ៌ប្រទានដល់អស់អ្នកណាដែលដើរតាមព្រះយេស៊ូវគ្រីស្ទពិតប្រាកដ ។ « ចូរអធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះ » ( មរ៉ូណៃ ៧:៤៨ ) ។
-
មរមនបានបង្រៀនអំពីអ្វីដែលជាសេចក្តីសប្បុរស ៖ « ហើយសេចក្ដីសប្បុរស តែងតែអត់ធ្មត់ ហើយចិត្តល្អ ហើយពុំចេះឈ្នានីស ហើយពុំចេះអួតខ្លួន ពុំរកប្រយោជន៍ផ្ទាល់ខ្លួន ពុំរហ័សខឹង ពុំគិតដល់សេចក្ដីអាក្រក់ ហើយពុំដែលអររីករាយចំពោះសេចក្ដីទុច្ចរិតឡើយ ប៉ុន្តែអររីករាយតែនឹងសេចក្ដីពិតវិញ គឺទ្រាំទ្រការណ៍ទាំងអស់ ជឿដល់ការណ៍ទាំងអស់ សង្ឃឹមដល់ការណ៍ទាំងអស់ ហើយស៊ូទ្រាំទ្រការណ៍ទាំងអស់ » ( មរ៉ូណៃ ៧:៤៥ ) ។ ទាំងនេះមិនមែនគ្រាន់តែជាវិធីដើម្បីប្រាប់ថា អ្នកពោរពេញទៅដោយសេចក្ដីស្រឡាញ់នោះទេ ប៉ុន្តែសេចក្តីស្រឡាញ់ក៏ទាក់ទងនឹងគុណលក្ខណៈដែលនឹងរួមចំណែក ដើម្បីបង្កើនសេចក្តីស្រឡាញ់នៅពេលយើងអភិវឌ្ឍវាផងដែរ ។
-
ក្តីអាណិតអាសូរកើតឡើងតាមរយៈការយល់ចិត្ត ។១ ពេលយើងខិតខំយល់ពីអ្នកដទៃ គឺយើងផ្ដល់ឱកាសឲ្យសេចក្ដីសប្បុរសចម្រើនលូតលាស់កាន់តែប្រសើរឡើង ។ សូមអនុវត្តការសួរសំណួរតាមរបៀបដែលមានប្រយោជន៍ និងពេញដោយក្តីស្រឡាញ់ ហើយបន្ទាប់មកស្តាប់ដោយអំណត់ និងការយល់ចិត្ត ។
-
អនុវត្តសេចក្តីសប្បុរស ។ ផ្តល់ពេលវេលា និងធនធានផ្សេងៗរបស់អ្នករួមទាំងការអភ័យទោសចំពោះអ្នកដែលត្រូវការវាផងដែរ ។ ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បានបង្រៀនថា ៖ « ការអត់ទោសគួរមានទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ ។ … ការបន្ទោសនៅតែធ្វើឲ្យស្នាមរបួសនោះមិនជា ។ មានតែការអត់ទោសប៉ុណ្ណោះដែលអាចព្យាបាលបាន » ។២