« អព្ភូតហេតុរបស់ព្រះនៅតែបន្ត » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។
ការបង្ហាញអំពីសេចក្តីជំនឿ
អព្ភូតហេតុរបស់ព្រះនៅតែបន្ត
ខ្ញុំបានដឹងថា សេចក្តីជំនឿរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយគឺកាន់តែស្របនឹងព្រះគម្ពីរប៊ីបជាងការប្រកាសថា ព្រះគម្ពីរប៊ីបត្រូវបានជំនួសព្យាការី និងវិវរណៈ ។ ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ពេលខ្ញុំដឹងថា ខ្ញុំអាចរស់នៅក្នុង « ជំនាន់ព្រះគម្ពីរប៊ីប » សម័យទំនើប ។
នៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ខាងកើតម្នាក់បានប្រកាសព័ត៌មានដែលចុះជាធរមានភ្លាមៗខុសថា ប្រជាជនក្នុងរាជធានីនឹងត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ជញ្ជាំងក្រុងប៊ែរឡាំង ។ ពីរបីនាទីក្រោយ អ្នកយាមព្រំដែនដែលធ្លាប់តែស្ងាត់ជ្រងំគ្មានជម្រើសអ្វីក្រៅពីអនុញ្ញាតឲ្យក្រុមមនុស្សយ៉ាងច្រើន និងកាន់តែកកកុញចាកចេញពីទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់នោះទេ ។
ចាគុប ហ្គោរ៉ូវស្គី ជាមិត្តសម្លាញ់របស់ខ្ញុំ និងខ្ញុំ—ពេលនោះយើងនៅវ័យជំទង់នៅឡើយ—បានមើលឃើញអព្ភូតហេតុដែលមិនបានរំពឹងទុក ដែលបានចាក់ផ្សាយនៅលើទូរទស្សន៍ពីផ្ទះរបស់យើងនៅក្នុងប្រទេសប៉ូឡូញ ។ ពិភពលោកពិតជាចលាចល ប៉ុន្តែមិនមែនជាការបំផ្លិចបំផ្លាញនោះទេ ។ ដួងចិត្តរបស់មនុស្សរាប់លាននាក់បានពោរពេញដោយស្មារតីនៃសេរីភាព និងក្ដីសង្ឃឹម ។
សម្រាប់ ចាគុប និងខ្ញុំសុបិនរបស់យើងប្តូរពីប្រទេសប៉ូឡូញទៅរស់នៅភាគខាងលិចសម្រេចតែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ—មានប្រទេសដាណឺម៉ាក ស៊ុយអែត និងអាល្លឺម៉ង់ខាងលិច ។ យើងបានទទួលការបំផុសគំនិតដោយខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍របស់អាមេរិក ។ រឿងដែលខ្ញុំចូលចិត្តមានចំណងជើងថា The Wonder Years ( ឆ្នាំដ៏អស្ចារ្យ ) ។ ខ្ញុំចូលចិត្តបរិយាកាសជីវិតជនបទរបស់ប្រជាជនអាមេរិក ។
ខ្ញុំគិតថា គ្មាននរណាម្នាក់នៅផ្នែកណាមួយនៃវាំងននដែកនោះគិតថាសង្គ្រាមត្រជាក់នោះនឹងបញ្ចប់ទេ ។ ប៉ុន្តែព្រះវរបិតាសួគ៌មានផែនការផ្សេង ។ នៅឆ្នាំ ១៩៧៥ ដោយមិនបានដឹងខ្លួននោះប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បានអញ្ជើញពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យ « ចូលរួមបន្តទូលអង្វរព្រះអម្ចាស់ដ៏ម៉ឺងម៉ាត់ដើម្បីបើកទ្វារទៅកាន់ប្រជាជាតិនានា និងបន្ទន់ចិត្តរបស់ស្ដេច និងអ្នកកាន់អំណាចឲ្យបញ្ចប់សង្គ្រាមនោះ ដោយពួកអ្នកផ្សព្វផ្សាយសាសនាអាចចូលទៅក្នុងដែនដីទាំងអស់នោះ ហើយអាចបង្រៀនដំណឹងល្អឡើងវិញ » ។១
ពីរឆ្នាំក្រោយមកប្រធាន ឃឹមបឹល បានចុះទស្សនកិច្ចនៅប្រទេសប៉ូឡូញ ។ នាព្រឹកមួយ ដោយមានការអមដំណើរដោយក្រុមសហការីតូចមួយរបស់លោកដែលរួមមានអែលឌើរ រ័សុល អិម ណិលសុន ប្រធាន ឃឹមបឹល អញ្ជើញចេញពីសណ្ឋាគាររបស់លោក ធ្វើដំណើរកាត់ផ្នូររបស់នាយទាហានមិនស្គាល់អត្តសញ្ញាណ ហើយចូលឧទ្យានសាគី ។ នៅមិនឆ្ងាយពីប្រភពទឹកធំមួយ ដែលប្រភពទឹកនោះនៅតែមានរហូតមកទល់នឹងសព្វថ្ងៃនេះ នៅទីនោះលោកបានលុតជង្គង់ ហើយបានឧទ្ទិសប្រទេសប៉ូឡូញ ដើម្បីបើកឲ្យមានការផ្សព្វផ្សាយដំណឹងល្អឡើងវិញ ។
ភាពចលាចល និងការតវ៉ាប្រឆាំងជាច្រើនបានកើតឡើងជាបន្តបន្ទាប់រយៈពេលមួយទសវត្សរ៍ ។ ខណៈដែលមនុស្សពេញវ័យមិនទុកចិត្ត ហើយប្រឆាំងនឹងថ្នាក់ដឹកនាំនយោបាយ យុវវ័យជាច្រើនក៏បានចោទសួរពីគុណតម្លៃទំនៀមទម្លាប់ និងអាកប្បកិរិយាមួយចំនួនរបស់ឪពុកម្ដាយរបស់ពួកគេដែរ ។ ចាគុបមិត្តសម្លាញ់របស់ខ្ញុំ និងខ្ញុំមានអារម្មណ៍ខកចិត្តចំពោះសាសនាគ្រីស្ទ ទៅតាមអ្វីដែលយើងបានយល់ដឹង ។ គាត់បានបាត់បង់ចំណាប់អារម្មណ៍លើសាសនាទូទៅ ខណៈដែលខ្ញុំបានខិតទៅរកទស្សនវិជ្ជាដែលមានដើមកំណើតមកពីអាស៊ី ។
នៅខែ មេសា ឆ្នាំ ១៩៩០ ចាគុប និងខ្ញុំបានធ្វើដំណើរទៅប្រទេសអូទ្រីស ។ នៅ វីអែនណា យើងបានជួបស្ត្រីដ៏ល្អពីរនាក់ដែលឈរនៅតាមផ្លូវដ៏មមាញឹកមួយ ។ ម្នាក់ក្នុងចំណោមពួកគេកំពុងកាន់ព្រះគម្ពីរមរមនជាភាសាប៉ូឡូញ ។ នាងបានប្រាប់យើងអំពីការយាងមករបស់ព្រះយេស៊ូវទៅជួបប្រជាជនអាមេរិកពីបុរាណ ហើយបានសន្យាថានឹងផ្ញើសៀវភៅនោះទៅផ្ទះរបស់យើង ប្រសិនបើយើងឲ្យអាសយដ្ឋានរបស់យើងទៅនាង ។ យើងក៏បានបើកសៀវភៅអាសយដ្ឋានរបស់យើង និងចម្លងអាសយដ្ឋានមិត្តភក្តិរបស់យើងជាច្រើននាក់ផងដែរ ។ យើងបានគិតថា វានឹងជាការភ្ញាក់ផ្អើលដ៏ល្អមួយសម្រាប់ពួកគេដែលទទួលបានអំណោយមួយ ។
ពីរបីខែក្រោយមកបេសកកម្ម វ័រស្ស័រ ប៉ូឡូញ ក៏បានបង្កើតឡើងហើយពួកអ្នកផ្សព្វផ្សាយសាសនាបួននាក់បានមកដល់ទីក្រុងរបស់យើង ។ ក្រោយមកខ្ញុំដឹងថាចំនួន « សាសនាគន់ការី » ជាច្រើន—ពោលគឺអាសយដ្ឋានរបស់មិត្តភក្តិខ្ញុំ—បានដើរតួយ៉ាងសំខាន់នៅក្នុងការសម្រេចចិត្តដើម្បីបើកទីក្រុងរបស់ខ្ញុំសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនា ។ ពីរបីខែក្រោយមកខ្ញុំមានការភ្ញាក់ផ្អើលណាស់ ចាគុបបានប្រាប់ខ្ញុំថា ពួកអ្នកផ្សព្វផ្សាយសាសនា « មរមន » ពីរនាក់បានទៅសួរសុខទុក្ខគាត់ ហើយថាគាត់បានសម្រេចចិត្តចូលរួមក្នុងព្រះវិហាររបស់ពួកគេហើយ ។
ដំណឹងនេះធ្វើឲ្យខ្ញុំឈឺចិត្តណាស់ ។ ខ្ញុំបានព្យាយាមអស់ជាច្រើនឆ្នាំដើម្បីធ្វើឲ្យគាត់ចាប់អារម្មណ៍លើសាសនាប៉ុន្តែមិនបានសម្រេចសោះ ។ តើមនុស្សមិនស្គាល់មុខមកពីប្រទេសផ្សេងអាចធ្វើឲ្យគាត់ប្រែចិត្តជឿភ្លាមៗដោយរបៀបណា ? ខ្ញុំបានតាំងចិត្តថា នឹងប្រឈមមុខនឹងពួកគេ ហើយបង្ហាញ ចាគុប ថាពួកគេគ្មានឱកាសជជែកពិភាក្សាជាមួយខ្ញុំទេ ។
ខ្ញុំមានអារម្មណ៍ពិសេសអ្វីមួយ
នៅពេលខ្ញុំបានឃើញពួកអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងទាំងពីរនាក់ញញឹមឈរនៅមាត់ទ្វារផ្ទះរបស់ឪពុកម្តាយខ្ញុំ ខ្ញុំភ្លេចពីគោលដៅរបស់ខ្ញុំដើម្បីរកភស្តុតាងថាពួកគេខុសអស់ហើយ ។ ពួកគេរីករាយ និងកំប្លែង ។ ពួកគេបានសួរសំណួរជាច្រើនអំពីខ្លួនខ្ញុំ និងជំនឿរបស់ខ្ញុំ ។ ពួកគេគោរពលើការប្រែចិត្តជឿរបស់ខ្ញុំ ។ ក្រោយមកពួកគេបានប្រាប់ខ្ញុំថា ក្នុងអំឡុងពេលជួបគ្នាជាលើកដំបូងជាមួយមនុស្សដែលមានចិត្តក្រអឺតក្រទម មានសក់វែង និងខោខៅប៊យរហែកកំពុងជក់បារី ពួកគេពិបាកនឹងស្រមៃថា ខ្ញុំនឹងចាប់អារម្មណ៍ក្នុងការក្លាយជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទណាស់ ។ ប៉ុន្តែខ្ញុំមានអារម្មណ៍មួយយ៉ាងពិសេសចំពោះវត្តមានរបស់ពួកគេ ហើយខ្ញុំចាប់អារម្មណ៍ថា សាសនាចក្ររបស់ពួកគេគឺជានិកាយគ្រីស្ទានតែមួយគត់ដែលខ្ញុំបានដឹងថា បានជឿលើជីវិតមុខឆាកជីវិតនេះ ។
ខ្ញុំក៏មានចំណាប់អារម្មណ៍ចំពោះទីបន្ទាល់របស់ពួកគេ និងការប្រែចិត្តជឿយ៉ាងរឹងមាំរបស់ចាគុប និង រ៉ូបឺត ហ្សែលីវស្គី ដែលជាមិត្តថ្មីរបស់គាត់មកពីសាសនាចក្រ ។ រ៉ូបឺត គឺជាអ្នកចិត្តវិទ្យា ជាមនុស្សដែលមានប្រាជ្ញា ជាមនុស្សប្រសប់ម្នាក់ដែលការយល់ដឹង និងបទពិសោធន៍របស់គាត់បានពង្រឹងចំណាប់អារម្មណ៍របស់ខ្ញុំ ចំពោះសាសនារបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
អ្វីៗគ្រប់យ៉ាងដែលពួកអែលឌើរ, ចាគុប និង រ៉ូបឺត បានប្រាប់ខ្ញុំ គឺគួរឲ្យចាប់អារម្មណ៍ជាពិសេសគោលលទ្ធិនៃផែនការនៃសេចក្ដីសង្រ្គោះដោយចាប់ផ្តើមពីជីវិតមុនផែនដី និងបញ្ចប់ជាមួយនឹងលំដាប់នៃសិរីល្អទាំងបី ។ ប៉ុន្តែខ្ញុំមិនឃើញចំណុចចំបាច់ណាមួយក្នុងការចូលរួមក្នុងសាសនាចក្រទេ រហូតដល់ខ្ញុំអាចយល់កាន់តែច្បាស់ ជាពិសេសពីជំនឿរបស់ពួកគេសិន ។ ការយល់ដឹងរបស់ខ្ញុំអំពីសាសនាគ្រីស្ទគឺថា ពីបុរាណព្រះបានធ្វើអព្ភូតហេតុ បានបញ្ជូនពួកទេវតា ហើយបានហៅពួកព្យាការីប៉ុន្តែព្រឹត្តការណ៍ទាំងអស់នោះគឺជាជំនាន់របស់ព្រះគម្ពីរប៊ីប ។ នៅពេលដែលព្រះគម្ពីរប៊ីបបានបញ្ចប់មនុស្សជាតិលែងត្រូវការអព្ភូតហេតុ និងវិវរណៈទៀតហើយ ព្រោះព្រះគម្ពីរប៊ីបមានគ្រប់យ៉ាងដែលយើងត្រូវដឹង ។
រឿងជោគជ័យមួយបានកើតឡើងក្នុងអំឡុងពេលពិភាក្សារបស់យើង គឺអំពីការក្បត់សាសនាដ៏ធំ និងការស្តារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អតាមរយៈព្យាការីយ៉ូសែប ស្ម៊ីធ ។ ខ្ញុំបានដឹងថា ជំនឿរបស់ពួកគេគឺកាន់តែស្របទៅនឹងព្រះគម្ពីរប៊ីបជាងការអះអាងថា ព្រះគម្ពីរបានជំនួសព្យាការីទាំងឡាយ និងវិវរណៈ ។ ខ្ញុំពិតជាមានអារម្មណ៍រីករាយណាស់ ពេលខ្ញុំដឹងថា ខ្ញុំអាចរស់នៅក្នុង « ជំនាន់ព្រះគម្ពីរប៊ីប » សម័យទំនើប ។
ខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីទូលសូមវិវរណៈផ្ទាល់ខ្លួនពីព្រះដោយស្មោះ ប៉ុន្តែមិនបានទទួលចម្លើយទេ ។ នៅទីបំផុតខ្ញុំបានទូលសួរថា « ឱ ព្រះវរបិតាសួគ៌ ប្រសិនបើទ្រង់បានហៅយ៉ូសែប ស្ម៊ីធ ធ្វើជាព្យាការីរបស់ទ្រង់ នោះខ្ញុំនឹងគោរពតាមគ្រប់បទបញ្ញត្តិដែលទ្រង់បានបើកសម្តែងតាមរយៈលោក » ។ បន្ទាប់មកចម្លើយបានផុសឡើងក្នុងចិត្ត និងគំនិតរបស់ខ្ញុំដោយភាពជឿជាក់ ហើយខ្ញុំបានដឹងថា ព្រះបានស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អ ហើយថាវាត្រូវបានរកឃើញនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ចាគុប បានទទួលបុណ្យជ្រមុជទឹកនៅថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ហើយនៅបន្តស្មោះត្រង់រហូតដល់ស្លាប់ក្នុងគ្រោះថ្នាក់ឡើងភ្នំដ៏សោកសៅមួយ បន្ទាប់ពីរយៈពេលពីរទសវត្សរ៍ក្រោយមក ។ ខ្ញុំបានចូលជាសមាជិកសាសនាចក្រនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ១៩៩១ ដោយប្តេជ្ញាចិត្តបម្រើបេសកកម្ម ។ រ៉ូបឺត ត្រូវបានហៅធ្វើជាប្រធានសាខាដំបូងនៃសាខារបស់យើង ហើយបានបើកឡាននាំយើងទៅកាន់ទីក្រុងហ្រ្វីបឺហ្គ ប្រទេសអាល្លឺម៉ង់ ដើម្បីខ្ញុំអាចទទួលអំណោយទានពិសិដ្ឋនៃព្រះវិហារបរិសុទ្ធ ។ ក្នុងអំឡុងពេលសម្ភាសន៍ចុងក្រោយរបស់ខ្ញុំជាមួយគាត់ ខ្ញុំបានសន្យាថា នឹងត្រឡប់ទៅប្រទេសប៉ូឡូញវិញ បន្ទាប់ពីខ្ញុំបានបម្រើនៅបេសកកម្ម ឈីកាហ្គោ អិលលីណោយ ដើម្បីប្រើបទពិសោធន៍ជាអ្នកផ្សព្វផ្សាយសាសនារបស់ខ្ញុំដើម្បីពង្រឹងសាសនាចក្រនៅក្នុងប្រទេសរបស់យើង ។
ពីរឆ្នាំក្រោយមកប្រធានបេសកកម្មរបស់ខ្ញុំបានបញ្ចុះបញ្ចូលខ្ញុំថា ខ្ញុំគួរតែចូលរៀននៅអាមេរិកនៅសាកលវិទ្យាល័យព្រិកហាំ យ៉ង់ ។ ប៉ុន្តែខ្ញុំមិនដែលភ្លេចការសន្យារបស់ខ្ញុំចំពោះរ៉ូបឺតទេ ។
បន្ទាប់ពីបានរៀបការនៅឆ្នាំ ២០០០ ខ្ញុំបានត្រឡប់ទៅប្រទេសប៉ូឡូញវិញជាមួយភរិយារបស់ខ្ញុំ ដែលនៅឆ្នាំ ១៩៨៨ នាងបានក្លាយជាតួអង្គបន្ថែមម្នាក់ទៀតនៅក្នុងភាគទីប្រាំមួយនៃរឿង The Wonder Years ។ យើងចូលរួមការប្រជុំសាសនាចក្រនៅទីក្រុងក្រាកូវ ដោយចិញ្ចឹមកូនប្រុសពីរនាក់ និងបន្តទាក់ទងយ៉ាងជិតស្និទ្ធជាមួយកូនច្បងទាំងពីរនាក់របស់យើង ។ ថ្មីៗនេះកូនប្រុសច្បងរបស់យើងបានប្រកាសថា គាត់បានសម្រេចចិត្តបម្រើបេសកកម្មពេញម៉ោង ។
នៅរដូវក្តៅឆ្នាំ ២០២១ ខ្ញុំបាននាំគ្រួសារខ្ញុំទៅទីក្រុងប៊ែរឡាំងជាកន្លែង ដែលខ្ញុំបានបង្ហាញពួកគេនូវកំផែងដែលធ្លាប់មានវត្តមាននៅទីនោះ ។ កំផែងនោះមិនអាចបញ្ឈប់ពួកអ្នកបម្រើរបស់ព្រះ ពីការចែកចាយសារលិខិតនៃការស្តារឡើងវិញជាមួយប្រជាជនអឺរ៉ុបខាងកើតទៀតទេ ។ អព្ភូតហេតុរបស់ព្រះនៅតែបន្តនៅសម័យយើង ។