ឆ្នាំ ២០២៣
ចូរ​យើង​កុំខ្លាច​ឡើយ
ខែ កក្កដា ឆ្នាំ ២០២៣


« ចូរ​យើង​កុំខ្លាច​ឡើយ » លីអាហូណា ខែ កក្កដា ឆ្នាំ ២០២៣ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ចូរ​យើង​កុំខ្លាច​ឡើយ

ខ្ញុំ​ដឹង​ថា​យើង​នឹង​រីករាយ នៅ​ពេល​យើង​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​មនុស្ស​ជា​ច្រើន​ឲ្យ​អស់​ពី​លទ្ធភាព​របស់​យើង ។

រូបភាព
បុរស​ម្នាក់​នឹង​ម៉ាស៊ីន​ថតរូប

ទទួល​សិទ្ធិ​អនុញ្ញាត​ប្រើប្រាស់​រូបថត​នេះ​ពី​អ្នកនិពន្ធ

មិត្ត​ភក្តិ និង​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ជា​ច្រើន​នាក់​ដែល​មិន​មែន​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តែងតែ​សួរ​ខ្ញុំ​អំពី​សាសនាចក្រ ។ មួយ​រយៈ​ក្រោយ​មក​ខ្ញុំ​បាន​ធុញទ្រាន់​ក្នុងការ​ឆ្លើយ​សំណួរ​ដដែលៗ​ម្ដងហើយ​ម្ដងទៀត ដូច្នេះ​ខ្ញុំ​បាន​នឹកឃើញ​ដំណោះ​ស្រាយ​មួយ ។

ខ្ញុំ​ចូលចិត្ត​ថត​វីដេអូ​ដាក់​លើ​បណ្តាញ​អ៊ីនធឺណិត ដើម្បី​ឲ្យ​មនុស្ស​មើល​កម្សាន្ត ។ ខ្ញុំ​ថត​វីដេអូ​ជា​ចម្រៀង ជា​ព័ត៌មាន និង​រឿង​កំប្លែង ។ នៅថ្ងៃ​មួយ​ពេល​ខ្ញុំ​កំពុងគិត​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​ថត​វីដេអូ​បន្ទាប់​របស់​ខ្ញុំ ខ្ញុំ​បាន​សម្រេចចិត្ត​ថត​វីដេអូ​មួយ ដែល​បានឆ្លើយ​សំណួរ​អំពី​សាសនា​ចក្រ ។

ខ្ញុំ​បានចាប់កាន់​ម៉ាស៊ីន​ថត​របស់​ខ្ញុំ ។ បន្ទាប់មក​ដោយ​មិនបាន​សរសេរ​អ្វី​ដែល​ខ្ញុំ​នឹង​និយាយ ប៉ុន្តែ​ចងចាំ​បទគម្ពីរ​សំខាន់ៗ ដែល​ខ្ញុំ​ចង់​និយាយ នោះ​ខ្ញុំ​បាន​ធ្វើ​វីដេអូ​នោះ ។ ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​ទេ ។ ខ្ញុំ​គ្រាន់តែ​មាន​អារម្មណ៍​បំផុសគំនិត​ដើម្បី​ធ្វើ​វីដេអូ​នេះ​ប៉ុណ្ណោះ ។ « ហើយ​ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ​ថា តើ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ » ( នីហ្វៃទី១ ៤:៦ ) ។

ដោយ​មិន​ខ្វល់​ពី​អ្វី​ដែល​មិត្ដភក្ដិ​របស់ខ្ញុំ មិត្តរួម​ថ្នាក់ និង​សាច់ញាតិ—ឬមិនថា​សមាជិក​នៃ​សាសនាចក្រ—អាច​នឹង​ឆ្លើយតប​នូវ​អ្វី​ដែល​ខ្ញុំ​ចុះ​ផ្សាយ​នោះទេ ។

ពីរ​បី​សប្តាហ៍​ក្រោយ​ពី​ផ្ទុកឡើង​វីដេអូ​នោះ ខ្ញុំ​បាន​ចាប់​ផ្ដើម​ទទួល​មតិកែលម្អ នៅលើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ខ្ញុំ ។ សូម្បីតែ​មនុស្ស​ដែល​ខ្ញុំ​មិនស្គាល់ ក៏​បាន​ចាប់ផ្តើម​ផ្តល់​យោបល់ និង​ថ្លែង​អំណរគុណ​ដល់​ខ្ញុំ​ចំពោះ​វីដេអូ​របស់​ខ្ញុំដែរ ។ ដោយសារ​វីដេអូ​របស់ខ្ញុំ មាន​មនុស្ស​ម្នាក់​បាន​ចាប់ផ្ដើម​ទទួល​ការពិភាក្សា​ជាមួយ​អ្នកផ្សាយសាសនា ។ ក្រោយមក​បុគ្គល​នោះ​បានសម្រេចចិត្ត​ទទួល​បុណ្យជ្រមុជទឹក ។

ចាប់តាំងពី​ខ្ញុំ​បាន​ថត​វីដេអូនោះ មនុស្ស​ខ្ញុំ​ស្គាល់​ដែល​មិនមែន​ជា​សមាជិក​នៃ​សាសនាចក្រ​ក៏ហាក់ដូចជា​ចូលចិត្ត​ខ្ញុំ​ដែល—ហើយ​ប្រហែលជា​កាន់តែ​ចូលចិត្ត​ខ្ញុំ​ថែម​ទៀត​ផង ។ ពួកគេ​មួយចំនួន​ថែមទាំង​បាន​ឈប់​រិះគន់​សាសនាចក្រ​ទៀត ។ អ្នកផ្សេង​ទៀត​បានឈប់​សួរ​សំណួរ​ដដែលៗ​អំពី​សាសនាចក្រ​ពីព្រោះ​ឥឡូវនេះ​ពួកគេ​បានទទួល​ចម្លើយ​ហើយ ។

ចូរ​យើង​កុំ​ខ្លាច​ធ្វើ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បញ្ជា​ដល់​យើង​ឡើយ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ចូរ​អ្នក​រាល់គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំងមូល ហើយ​ផ្សាយ​ដំណឹងល្អ​ទូទៅ​ដល់​គ្រប់​មនុស្ស​ទាំង​អស់​ចុះ » ( ម៉ាកុស ១៦:១៥ ) ។

ខ្ញុំ​សន្យា​ថាយើង​នឹង​មិន​សោកស្តាយ ដែល​យើង​បាន​គោរព​តាម​ទ្រង់​ឡើយ ។

បោះពុម្ព