« តើខ្ញុំអាចជួយសមាជិកនៅក្នុងវួដ ឬស្ដេករបស់ខ្ញុំឲ្យមានអារម្មណ៍ថា ពួកគេត្រូវបានស្រឡាញ់ ឲ្យតម្លៃ និងត្រូវការដោយរបៀបណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ ( ឆ្នាំ ២០២០ )
« តើខ្ញុំអាចជួយសមាជិកនៅក្នុងវួដ ឬស្ដេករបស់ខ្ញុំឲ្យមានអារម្មណ៍ថា ពួកគេត្រូវបានស្រឡាញ់ ឲ្យតម្លៃ និងត្រូវការដោយរបៀបណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ
តើខ្ញុំអាចជួយសមាជិកនៅក្នុងវួដ ឬស្ដេករបស់ខ្ញុំឲ្យមានអារម្មណ៍ថា ពួកគេត្រូវបានស្រឡាញ់ ឲ្យតម្លៃ និងត្រូវការដោយរបៀបណា ?
មនុស្សត្រូវការមានអារម្មណ៍ថាគេត្រូវការពួកគេ
ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងទាំងអស់គ្នាមានការទទួលខុសត្រូវមួយ ដើម្បីបង្កើតនូវបរិយាកាសមួយដែលមានការទ្រទ្រង់ និងមានសេចក្ដីស្រឡាញ់ចំពោះបងប្អូនប្រុសស្រីទាំងអស់របស់យើង ។ បណ្ដាញនៃការគាំទ្រគ្នាបែបនេះ ធ្វើឲ្យវាមានការងាយស្រួលកាន់តែច្រើនឡើងនៅក្នុងការរស់នៅតាមដំណឹងល្អ ហើយស្វែងរកព្រះវិញ្ញាណ ខណៈដែលកំពុងឆ្លងកាត់ទិដ្ឋភាពនានានៃជីវិតរមែងស្លាប់នេះ ។
« ខ្ញុំជឿថា ខ្ញុំមិនដែលបានជួបនឹងនរណាម្នាក់ ដែលមិនចង់រាប់រកអ្វីមួយ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា ខ្លួនគេមានសារៈសំខាន់ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា ពួកគេមានតម្លៃនោះទេ ។
« នៅពេលមនុស្សងឿងឆ្ងល់ថា តើមានកន្លែងមួយសម្រាប់ខ្ញុំដែរឬទេ ? វាអាចមានរឿងជាច្រើននៅពីក្រោយសំណួរនោះ ហើយពេលនេះ ពួកគេសួរខ្លួនគេថា តើខ្ញុំចូលចុះនឹងគេទេ ? តើខ្ញុំចូលចំណោមគេចុះទេ ? តើពួកគេពិតជាត្រូវការខ្ញុំដែរឬទេ ? ហើយខ្ញុំចង់ថ្លែងដោយម៉ឺងម៉ាត់ថា ‹ បាទ ! ›
« ខ្ញុំគិតដល់រឿងប្រៀបធៀបរបស់ប៉ុល ដែលខ្ញុំស្រឡាញ់ពេញចិត្តយ៉ាងខ្លាំង [ ដែលថា ] សាសនាចក្រនេះគឺជាព្រះកាយរបស់ព្រះគ្រីស្ទ ។ ហើយលោកថ្លែងថា យើងបានជ្រមុជចូលទៅក្នុងរូបកាយនោះ ។ ហើយលោកថ្លែងថា យើងជារូបកាយតែមួយ ។ សមាជិកមានច្រើនមែន ប៉ុន្ដែយើងមានរូបកាយតែមួយ ។
« ខ្ញុំយល់ពីអារម្មណ៍របស់មនុស្សនៅពេលខ្លះថា ពួកគេអាចគិតថា គ្មានអ្នកត្រូវការពួកគេទេ ។ ហើយពេលខ្លះ មនុស្សដទៃមានអារម្មណ៍ខុសឆ្គងក្នុងការនិយាយថា យើងមិនត្រូវការបុគ្គលលនេះទេ យើងមិនត្រូវការបុគ្គលនោះទេ ហើយយើងសុខសប្បាយតែពួកយើងហើយ ។ គ្មានមួយណាពិតទេ ។ នោះមិនមែនជារបៀបរបស់ពួកគ្រីស្ទាននោះទេ ។ នោះមិនមែនជារបៀបដែលព្រះគ្រីស្ទទតមើលមកពួកយើងនោះទេ ។ ទ្រង់ទតឃើញយើងទាំងអស់គ្នាថាមានតម្លៃដ៏និរន្ដរ៍ ។ ហើយមិនថាស្ថានភាពរបស់យើងនៅពេលនេះយ៉ាងណានោះទេ ព្រះកាយរបស់ព្រះគ្រីស្ទមានវត្តមាននៅទីនេះដើម្បីគាំទ្រដល់សមាជិកគ្រប់រូប ។ នៅពេលបុគ្គលម្នាក់មានអារម្មណ៍ថា នៅដាច់ពីគេពីឯង—ខ្ញុំមិនបដិសេធភាពពិតនៃអារម្មណ៍នោះទេ ក៏មិនបដិសេធមូលហេតុដែលថាវាធម្មតាទេ ដែលមានអារម្មណ៍បែបនោះដែរ—ប៉ុន្ដែនៅពេលណាដែលអារម្មណ៍បែបនោះអាចចូលមកក្នុងខ្លួនយើង ពួកយើងម្នាក់ៗត្រូវឈប់ ហើយគិតសិនថា ព្រះយេស៊ូវគ្រីស្ទបានសុគតសម្រាប់ខ្ញុំ ។ ព្រះយេស៊ូវគ្រីស្ទបានព្រះតំរិះឃើញថា ខ្ញុំស័ក្ដិសមនឹងព្រះលោហិតរបស់ទ្រង់ ។ ហើយទ្រង់ស្រឡាញ់ខ្ញុំ ។ ទ្រង់មានសេចក្ដីសង្ឃឹមសម្រាប់ខ្ញុំ ។ ហើយទ្រង់អាចធ្វើឲ្យមានភាពខុសប្លែកគ្នានៅក្នុងជីវិតរបស់ខ្ញុំ ។ ព្រះគុណរបស់ទ្រង់អាចផ្លាស់ប្ដូររូបខ្ញុំបាន ។ ហើយវាអាចថា បុគ្គលនេះដែលកំពុងអង្គុយក្បែរខ្ញុំ មិនអើពើនឹងខ្ញុំ ឬក៏ចង់ងាកចេញឆ្ងាយពីខ្ញុំ អាចថាគាត់មិនបានធ្វើដូច្នោះទេ ។ ប៉ុន្ដែ ការណ៍នោះពុំផ្លាស់ប្ដូរធាតុពិតនៃអ្វីដែលព្រះគ្រីស្ទមានព្រះទ័យចំពោះខ្ញុំ និងលទ្ធភាពដែលខ្ញុំមាននៅក្នុងព្រះគ្រីស្ទនោះឡើយ ។
« ដួងចិត្តខ្ញុំប្រេះស្រាំ ប្រសិនបើនរណាម្នាក់មក ដែលគាត់ងាយនឹងរងវិបត្តិ ហើយនិយាយថា ‹ ខ្ញុំចង់សាកល្បងម្ដង ។ ខ្ញុំចង់នៅទីនេះ › រួចហើយទទួលបានការរាប់អានដ៏សោះកក្រោះ ឬការខ្វះចំណាប់អារម្មណ៍ ។ ហើយនោះគឺរឿងដ៏ខ្លោចផ្សា ។ វាពិតជាខ្លោចផ្សាណាស់ ។ យើងត្រូវតែធ្វើឲ្យបានប្រសើរជាងនេះ ។
« ភាពចម្រុះជាតិសាសន៍ដែលយើងមាននាពេលនេះនៅក្នុងសាសនាចក្រ អាចគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ។ និយាយដោយស្មោះទៅ ខ្ញុំគិតថា យើងនឹងឃើញមានភាពចម្រុះជាតិសាសន៍កាន់តែខ្លាំងឡើង និងច្រើនឡើង ។ នៅក្នុងសាសនាចក្រពីបុរាណ មានភាពចម្រុះជាតិសាសន៍ដ៏ខ្លាំង ។ ហើយវាមិនគ្រាន់តែជាភាពចម្រុះជាតិសាសន៍តែម្យ៉ាងនោះទេ ប៉ុន្ដែការពិតដែលថា មនុស្សអាចនាំអំណោយទាន និងទស្សនវិស័យខុសៗគ្នាមក ព្រមទាំងបទពិសោធន៍ និងសាវតា ក៏ដូចជាឧបសគ្គជាច្រើនដែលមនុស្សបានជួបប្រទះ វានឹងបង្ហាញយើងថា តើអ្វីទៅដែលមានសារៈសំខាន់ដ៏ពិតប្រាកដនៅក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទ ។ ហើយជំនឿអ្វីផ្សេងទៀតជាច្រើន ដែលប្រហែលជាបានទទួលយកកន្លងមក ហើយដែលមានឥទ្ធិពលវប្បធម៌ច្រើនជាងគោលលទ្ធិនោះ អាចរសាត់បាត់ទៅ ហើយយើងពិតជាអាចរៀនដើម្បីធ្វើជាសិស្សរបស់ព្រះគ្រីស្ទបាន » ( ឌី ថត គ្រីស្តូហ្វឺសិន « Is There a Place for Me? » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។