« តើខ្ញុំអាចរាប់អាន ឬឈោងទៅជួយសមាជិកដែលមានការប្រតិព័ទ្ធភេទដូចគ្នានៅក្នុងវួដ ឬស្ដេករបស់ខ្ញុំដោយរបៀបណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ ( ឆ្នាំ ២០២០ )
« តើខ្ញុំអាចរាប់អាន ឬឈោងទៅជួយសមាជិកដែលមានការប្រតិព័ទ្ធភេទដូចគ្នានៅក្នុងវួដ ឬស្ដេករបស់ខ្ញុំដោយរបៀបណា ? » ការប្រតិព័ទ្ធភេទដូចគ្នា ៖ ថ្នាក់ដឹកនាំសាសនាចក្រ
តើខ្ញុំអាចរាប់អាន ឬឈោងទៅជួយសមាជិកដែលមានការប្រតិព័ទ្ធភេទដូចគ្នានៅក្នុងវួដ ឬស្ដេករបស់ខ្ញុំដោយរបៀបណា ?
ដឹកនាំតាមរយៈគំរូ
« ក្នុងនាមជាសាសនាចក្រ គ្មានជនណាម្នាក់គប្បីទទួលបានសេចក្ដីស្រឡាញ់ និងមេត្តាធម៌ច្រើនជាងគ្នានោះទេ ។ … ចូរយើងធ្វើជាអ្នកចេញមុខក្នុងការបង្ហាញសេចក្ដីស្រឡាញ់ មេត្តាធម៌ និងការបម្រើ ។ … ចូរកុំឲ្យគ្រួសារកាត់កាលចោល ឬមិនគោរពស្រឡាញ់ដល់អ្នកដែលជ្រើសរើសខ្សែជីវិតខុសប្លែកពីគេ ដោយសារតែអារម្មណ៍ដែលពួកគេមានអំពីភេទរបស់ពួកគេនោះឡើយ » ។
« ច្បាស់ណាស់ រឿងដ៏ពិបាកបំផុតដែលខ្ញុំបានជួបប្រទះ នៅពេលខ្ញុំនៅជាប្រធានស្ដេក … [ គឺ ] ពេលដែលសហគមន៍វេជ្ជសាស្ដ្របានដឹងពីជំងឺអេដស៍ជាលើកដំបូង ហើយយើងមានបុរសជាច្រើននាក់ដែលដឹងថា ពួកគេមានជំងឺអេដស៍ ។ ពួកគេមួយចំនួនមិនបានមកព្រះវិហារទេ—ពួកគេភាគច្រើនមិនបានមកទេ ប៉ុន្ដែភាគតិចបានមក—ហើយយើងបានដឹងថា យើងមានបុរសចំនួន ១៧ នាក់ដែលមានជំងឺអេដស៍ ។ នៅសម័យនោះ ពុំមានការព្យាបាលនៅឡើយទេ ។ ហើយនៅទីបញ្ចប់ បុរសទាំង ១៧ នាក់នោះបានស្លាប់ដោយសារជំងឺអេដស៍ ខណៈខ្ញុំធ្វើជាប្រធានស្ដេក ។
« ខ្ញុំបានរៀនមេរៀនដ៏អស្ចារ្យមួយចំនួនតាមរយៈដំណើរការនោះ ៖ ថាក្នុងនាមជាសហគមន៍ [ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ] យើងគឺជាសហគមន៍ដែលពោរពេញដោយសេចក្ដីស្រឡាញ់ និងក្តីមេត្តាករុណា ។ ខ្ញុំបានឃើញប៊ីស្សពជាច្រើន ដែលបានធ្វើការលះបង់ខ្ពស់ ដើម្បីថែទាំដល់យុវជនទាំងនេះមួយចំនួនដែលហៀបនឹងស្លាប់ ។ ខ្ញុំបានឃើញពួកលោកព្យាយាមយ៉ាងខ្លាំង ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមគ្រួសាររបស់ពួកគេ ហើយឲ្យក្រុមគ្រួសាររបស់ពួកគេមកមើលថែទាំពួកគេ ។ ហើយជាថ្មីម្ដងទៀត នៅសម័យនោះ ពុំមានការព្យាបាលនៅឡើយទេ ហើយក៏ពុំមានថ្នាំជួយពន្យារពេលដែរ ។ ខ្ញុំបានឃើញពួកគេថែទាំគ្នាទៅវិញទៅមក ។ ហើយខ្ញុំបានឃើញពួកគេមួយចំនួន—ម្នាក់ក្នុងចំណោមពួកគេបានដក់ជាប់ក្នុងចិត្តខ្ញុំជាពិសេស គឺជាអ្នកជំងឺដែលមានអាការៈមិនសូវធ្ងន់ធ្ងរម្នាក់ ព្រមជាមួយនឹងអ្នកត្រឡប់ពីបេសកកម្មវិញម្នាក់ ពួកគេបានលើកដាក់មកលើខ្លួនគេដើម្បីយកចិត្តទុកដាក់មើលថែអ្នកជំងឺ ដែលមានស្ថានភាពដ៏ពិបាកបំផុត និងអ្នកដែលឈឺធ្ងន់បំផុត ហើយបុរសនោះខ្លួនឯងគឺជាអ្នកដែលស្លាប់ចុងក្រោយគេ ។
« ខ្ញុំគិតថា មេរៀនដែលខ្ញុំបានរៀនមកពីរឿងនោះគឺថា ក្នុងនាមជាសាសនាចក្រ គ្មានជនណាម្នាក់គប្បីទទួលបានសេចក្ដីស្រឡាញ់ និងមេត្តាធម៌ច្រើនជាងគ្នានោះទេ ។ ពុំគួរមានគ្រួសារណា ដែលមានសមាជិកគ្រួសារណាម្នាក់ ដែលមានបញ្ហាភេទដូចគ្នានេះ ត្រូវបានគេកាត់កាលចេញពីរង្វង់គ្រួសារនោះទេ ។ ពួកគេត្រូវធ្វើជាផ្នែកមួយនៃរង្វង់គ្រួសារនេះ » ( ឃ្វីនថិន អិល ឃុក « Let Us Be at the Forefront » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
បង្ហាញសេចក្ដីស្រឡាញ់ ចិត្តមេត្តាករុណា និងការបម្រើ
« តើយើងបង្រៀនពីការប្រកាសស្ដីពីក្រុមគ្រួសារដែរឬទេ ? តើយើងបង្រៀនពីផែនការរបស់ព្រះវរបិតាដែរឬទេ ? តើយើងបង្រៀនពីជំពូកទីមួយនៅក្នុងក្បួនខ្នាតទូទៅទីពីរដែរឬទេ ? បាទ យើងបានបង្រៀន ។ យើងមានផែនការនៃសេចក្ដីសង្គ្រោះ ។ ហើយការមានកូននៅក្នុងជីវិតរបស់យើង គឺជាផ្នែកមួយនៃផែនការរបស់ព្រះវរបិតាសួគ៌ ។ ប៉ុន្ដែចូរយើងធ្វើជាអ្នកចេញមុខក្នុងការបង្ហាញសេចក្ដីស្រឡាញ់ មេត្តាធម៌ និងការបម្រើដល់អ្នកទាំងនោះ ។ ហើយចូរកុំឲ្យមានក្រុមគ្រួសារណាកាត់កាលចោល ឬមិនគោរពស្រឡាញ់ដល់អ្នកដែលជ្រើសរើសខ្សែជីវិតខុសប្លែកពីគេ ដោយសារតែអារម្មណ៍ដែលពួកគេមានអំពីភេទរបស់គេនោះឡើយ ។ … ខ្ញុំមានអារម្មណ៍យ៉ាងជឿជាក់អំពីការណ៍នេះ ដូចដែលអ្នកដឹងស្រាប់ហើយ ។ ខ្ញុំគិតថា វាគឺជាគោលការណ៍ដ៏សំខាន់ខ្លាំងមួយ » ( ឃ្វីនថិន អិល ឃុក « Let Us Be at the Forefront » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។