« តើខ្ញុំជាសមាជិកម្នាក់របស់សាសនាចក្រដែរឬទេ ? » បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង ( ឆ្នាំ២០២០ )
« តើខ្ញុំជាសមាជិកម្នាក់របស់សាសនាចក្រដែរឬទេ ? » បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង
តើខ្ញុំជាសមាជិកម្នាក់របស់សាសនាចក្រដែរឬទេ ?
ប្រាកដណាស់ ។ សមាជិកសាសនាចក្រត្រូវការអ្នក ហើយចង់បានអ្នក ។ ប្រសិនបើអ្នកកំណត់អត្តសញ្ញាណខ្លួនឯងថាជាបុគ្គលប្ដូរភេទ នោះយើងដឹងថាអ្នកកំពុងប្រឈមមុខនឹងឧបសគ្គនានា ។ អ្នក និងគ្រួសារ ព្រមទាំងមិត្តភក្ដិរបស់អ្នកសមនឹងទទួលសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទដូចជាបុត្រាបុត្រីផ្សេងទៀតរបស់ព្រះ ហើយគួរតែទទួលបានការយល់ចិត្ត សេចក្ដីសប្បុរស និងមេត្តាធម៌ ។
សាសនាចក្រគឺជា« ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង » ( អេភេសូរ ៤:១២ ) ។ សមាជិកមិនទាន់ល្អឥតខ្ចោះទេ ប៉ុន្តែកំពុងព្យាយាមប្រែក្លាយឲ្យកាន់តែដូចជាព្រះអង្គសង្គ្រោះ ។
មិនមែនមនុស្សគ្រប់គ្នានៅជុំវិញអ្នកនឹងមានភាពឥតខ្ចោះក្នុងការបង្ហាញសេចក្ដីស្រឡាញ់ សេចក្ដីអាណិតអាសូរ ឬការយល់ចិត្តនោះទេ ។ នៅក្នុងពិភពលោកសព្វថ្ងៃនេះ វាងាយស្រួលក្នុងការរកឃើញការអាក់អន់ចិត្ត និងការបណ្ដាលឲ្យមានការអាក់អន់ចិត្តខ្លាំងណាស់ ។ បញ្ហាប្រឈមសំខាន់ៗអាចធ្វើឲ្យយើងងាយរងគ្រោះជាមួយនឹងការធ្វើឲ្យមានការអាក់អន់ចិត្តដោយអចេតនា ដោយសារតែការប្រើពាក្យពេចន៍ និងមតិខុសឆ្គង ។ ក្នុងនាមជាសមាជិកនៃសាសនាចក្រ យើងទាំងអស់គ្នាកំពុងរៀនសូត្រ និងកំពុងរីកចម្រើន ។