« តើខ្ញុំគួរធ្វើអ្វី ប្រសិនបើខ្ញុំបាក់ទឹកចិត្ត ឬថប់អារម្មណ៍ ឬមានគំនិតចង់ធ្វើអត្តឃាតនោះ ? » បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង ( ឆ្នាំ២០២០ )
« តើខ្ញុំគួរធ្វើអ្វី ប្រសិនបើខ្ញុំបាក់ទឹកចិត្ត ឬថប់អារម្មណ៍ ឬមានគំនិតចង់ធ្វើអត្តឃាតនោះ ? » បុគ្គលប្ដូរភេទ ៖ ការយល់ដឹងអំពីខ្លួនឯង
តើខ្ញុំគួរធ្វើអ្វី ប្រសិនបើខ្ញុំបាក់ទឹកចិត្ត ឬថប់អារម្មណ៍ ឬមានគំនិតចង់ធ្វើអត្តឃាតនោះ ?
ខ្សែទូរសព្ទជំនួយទាក់ទងនឹងវិបត្តិ
ប្រសិនបើអ្នកគិតថា អ្នកអាចនឹងធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់ សូមរកជំនួយជាបន្ទាន់ ។ សូមទូរសព្ទទៅអ្នកផ្ដល់សេវាសង្គ្រោះបន្ទាន់ ឬខ្សែទូរសព្ទជំនួយទាក់ទងនឹងវិបត្តិនៅក្នុងតំបន់របស់អ្នក ។
ខ្សែទូរសព្ទជំនួយមួយចំនួនអាចរកបាននៅ « In Crisis? Talk Now » ( ChurchofJesusChrist.org ) ។
អារម្មណ៍នៃការបាក់ទឹកចិត្តគឺពិត ហើយអាចមានអារម្មណ៍សន្ធប់ និងធ្វើឲ្យទន់ខ្សោយ ។ ប្រសិនបើអ្នកមានអារម្មណ៍បាក់ទឹកចិត្ត ឬមានគំនិតធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់ សូមប្រាប់នរណាម្នាក់ដែលអ្នកទុកចិត្ត ។ ប្រសិនបើអ្នកនៅក្នុងសហរដ្ឋ សូមទូរសព្ទទៅខ្សែសង្គ្រោះជីវិតថ្នាក់ជាតិការពារការធ្វើអត្តឃាត ។ សូមមើលធនធានរបស់សាសនាចក្រអំពីការធ្វើអត្តឃាត ដូចជា , នៅក្នុង Life Help and Self-Reliance នៅគេហទំព័រ ChurchofJesusChrist.org ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ការប្រឹក្សាជំនាញ និងការថែទាំផ្នែកវេជ្ជសាស្ត្រអាចជួយបានផងដែរ ។
ការបាក់ទឹកចិត្ត និងការធ្វើអត្តឃាត
ការស្រាវជ្រាវបង្ហាញថា ប្រសិនបើអ្នកដកពិសោធន៍អារម្មណ៍នៃបុគ្គលប្ដូរភេទ អ្នកអាចស្ថិតនៅក្នុងហានិភ័យខ្ពស់ក្នុងការបាក់ទឹកចិត្ត ឬការធ្វើអត្តឃាត ។ ប្រសិនបើអ្នកបាក់ទឹកចិត្ត ឬកំពុងគិតពីការធ្វើអត្តឃាត សូមស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តដ៏មានសមត្ថភាពម្នាក់ ។ គោលលទ្ធិ និងគោលការណ៍ទាំងឡាយ និងធនធានផ្សេងៗទៀតដែលអាចរកបាននៅក្នុងផ្នែកការធ្វើអត្តឃាត នៅក្នុង Life Help and Self-Reliance នៅគេហទំព័រ ChurchofJesusChrist.org ឬនៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ។
នៅក្នុងសន្និសីទទូទៅខែតុលា ឆ្នាំ២០១៩ ស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ បានចែកចាយពីបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់គាត់ដែលបានមានជាមួយនឹងការឈឺចាប់ទាក់ទងនឹងការបាក់ទឹកចិត្ត និងការធ្វើអត្តឃាត ។ គាត់បានពន្យល់ថា « ការបាក់ទឹកចិត្ត ការថប់អារម្មណ៍ និងទម្រង់ផ្សេងៗទៀតនៃសេចក្ដីវេទនាខាងផ្លូវចិត្ត និងអារម្មណ៍ … អាចផ្លាស់ប្ដូររបៀបដែលយើងមើលឃើញខ្លួនឯង អ្នកដទៃ និងសូម្បីតែព្រះ ។ …
« … ដូចជាផ្នែកនានានៃរូបកាយដែរ ខួរក្បាលគឺជាចំណែកដែលរងនូវជំងឺ ការឈឺចុកចាប់ និងអតុល្យភាពផ្នែកគីមី ។ …
« ក្នុងករណីមួយចំនួន បុព្វហេតុនៃការបាក់ទឹកចិត្ត ឬការថប់អារម្មណ៍អាចត្រូវបានស្គាល់ ខណៈដែលពេលខ្លះទៀត វាប្រហែលជាពិបាកដើម្បីដឹង ។ … ប្រហែលជាត្រូវការការព្យាបាល ឬថ្នាំពេទ្យមកពីពួកអ្នកជំនាញផងដែរ ។
« ជំងឺផ្លូវចិត្ត ឬផ្លូវអារម្មណ៍ដែលពុំមានការព្យាបាលអាចដឹកនាំទៅរកភាពឯកោកាន់តែច្រើន ការយល់ខុស ការបែកបាក់ទំនាក់ទំនង ការធ្វើបាបខ្លួនឯង សូម្បីតែការធ្វើអត្តឃាតផងដែរ ។ …
« គួរឲ្យសោកសៅ មនុស្សជាច្រើនដែលរងទុក្ខមកពីការបាក់ទឹកចិត្តខ្លាំងបានដកខ្លួនឆ្ងាយពីពួកបរិសុទ្ធ ដោយសារតែពួកគេមានអារម្មណ៍ថា ពួកគេពុំស័ក្ដិសមនៅក្នុងគន្លងមិនពិតមួយចំនួន ។ យើងអាចជួយពួកគេឲ្យដឹង ហើយទទួលអារម្មណ៍ថា ពួកគេពិតជាអាចនៅជាមួយនឹងយើង ។ វាគឺជារឿងសំខាន់ដើម្បីទទួលស្គាល់ថា ការបាក់ទឹកចិត្តពុំមែនជាលទ្ធផលនៃភាពទន់ខ្សោយ ឬ ជាលទ្ធផលនៃអំពើបាបឡើយ ។ វា ‹ រាលដាលដោយសម្ងាត់ ប៉ុន្តែវារួញតូចដោយការយល់ចិត្ត › [ Jane Clayson Johnson, Silent Souls Weeping ( ឆ្នាំ២០១៨ ) ទំព័រ ១៩៧ ] » ( « Thru Cloud and Sunshine, Lord, Abide with Me! » Liahona ខែវិច្ឆិកា ឆ្នាំ២០១៩ ទំព័រ ៥៧–៥៨ ) ។
ទុកចិត្តលើព្រះ
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន មានប្រសាសន៍ដោយក្ដីមេត្តាអំពីការប្រឈមនឹងការបាក់ទឹកចិត្តថា « បងប្អូនប្រុសស្រី មិនថាភាពស្មុគស្មាញរបស់បងប្អូនជាអ្វីនោះទេ—ទោះជាផ្នែកស្មារតី ឬអារម្មណ៍ ឬខាងរូបកាយ ឬទោះជាអ្វីក្តី—សូមកុំបោះបង់ចោលអ្វីដែលមានតម្លៃបំផុតក្នុងជីវិត ដោយការបញ្ចប់វាឡើយ ! សូមទុកចិត្តលើព្រះ ។ សូមតោងឲ្យជាប់នឹងសេចក្តីស្រឡាញ់របស់ទ្រង់ ។ សូមដឹងថា នៅថ្ងៃណាមួយ ភាពខ្មៅងងឹតនឹងចេញជាពន្លឺ ហើយស្រមោលនៃជីវិតរមែងស្លាប់នឹងបាត់ទៅ » ( « Like a Broken Vessel » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ ៤២ ) ។