ជំពូកទី ២២
សាសន៍អ៊ីស្រាអែលនឹងត្រូវខ្ចាត់ខ្ចាយពាសពេញលើផ្ទៃផែនដី — ពួកសាសន៍ដទៃនឹងបំបៅ ហើយចិញ្ចឹមពួកសាសន៍អ៊ីស្រាអែលតាមដំណឹងល្អនៅគ្រាក្រោយបង្អស់ — សាសន៍អ៊ីស្រាអែលនឹងត្រូវបានមូលគ្នា ហើយនឹងបានសង្គ្រោះ ឯពួកទុច្ចរិតនឹងត្រូវឆេះដូចជាចំបើង — នគរនៃអារក្សនឹងត្រូវបំផ្លាញចោល ឯអារក្សសាតាំង នឹងត្រូវបានចង។ ប្រមាណជាឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីខ្ញុំ នីហ្វៃ បានអានរឿងទាំងនេះ ដែលបានចារិកនៅលើផ្ទាំងលង្ហិនរួចហើយ នោះបងៗខ្ញុំបានមករកខ្ញុំ ហើយនិយាយនឹងខ្ញុំថា ៖ តើរឿងដែលឯងបានអានទាំងនេះ មានន័យថាដូចម្ដេចដែរ? មើលចុះ តើរឿងទាំងនេះ ត្រូវឲ្យយើងបានយល់តាមផ្លូវខាងឯវិញ្ញាណ ដែលនឹងកើតឡើងមកពីខាងវិញ្ញាណ តែមិនមែនមកពីខាងសាច់ឈាមឬអី?
២ហើយខ្ញុំ នីហ្វៃ បាននិយាយទៅពួកគេថា ៖ មើលចុះ រឿងទាំងនោះត្រូវបានថ្លែងប្រាប់ដល់ពួកព្យាការីដោយសំឡេងនៃព្រះវិញ្ញាណ ត្បិតដោយសារព្រះវិញ្ញាណ ទើបគ្រប់រឿងទាំងអស់ត្រូវបានធ្វើឲ្យដឹងដល់ពួកព្យាការី ដែលនឹងកើតមានឡើងដល់កូនចៅមនុស្ស ស្របតាមសាច់ឈាម។
៣ហេតុដូច្នោះហើយ រឿងទាំងប៉ុន្មានដែលខ្ញុំបានអាននោះ គឺជារឿងដែលទាក់ទងទៅនឹងរឿងទាំងខាងសាច់ឈាម និងខាងវិញ្ញាណផង ត្បិតហាក់បីដូចជាមិនយូរមិនឆាប់ វង្សអ៊ីស្រាអែលនឹងត្រូវខ្ចាត់ខ្ចាយពាសពេញលើផ្ទៃផែនដី និងគ្រប់ចំណោមសាសន៍នានា។
៤ហើយមើលចុះ មានមនុស្សជាច្រើន ដែលអ្នកនៅឯក្រុងយេរូសាឡិមឈប់ស្គាល់ទៀត។ មែនហើយ មនុស្សមួយភាគធំនៃអស់ទាំងពូជអំបូរត្រូវបានដឹកនាំចេញទៅ ហើយពួកគេត្រូវបានខ្ចាត់ខ្ចាយទៅវិញទៅមកពាសពេញអស់ទាំងកោះនៅក្នុងសមុទ្រ ហើយពួកគេនៅឯណា នោះគ្មានពួកយើងណាម្នាក់ដឹងទេ យើងគ្រាន់តែដឹងថា ពួកគេត្រូវបាននាំចេញទៅប៉ុណ្ណោះ។
៥ហើយតាំងពីពេលពួកគេត្រូវបាននាំចេញទៅ នោះរឿងទាំងនេះត្រូវបានព្យាករអំពីពួកគេ និងអំពីអស់ទាំងពួកអ្នកដែលនឹងត្រូវខ្ចាត់ខ្ចាយ ហើយលាយឡំពីអំណឹះទៅ ពីព្រោះមកពីព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ត្បិតពួកគេនឹងធ្វើចិត្តរឹងរូសទាស់នឹងទ្រង់ ហេតុដូច្នោះហើយ ពួកគេនឹងត្រូវខ្ចាត់ខ្ចាយទៅលើគ្រប់ចំណោមសាសន៍នានា ហើយនឹងទៅជាទីស្អប់ដល់គ្រប់មនុស្ស។
៦តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីពួកសាសន៍ដទៃបានបំបៅគេ ហើយព្រះអម្ចាស់ទ្រង់បានបោយដៃហៅអស់ទាំងសាសន៍ដទៃ ហើយលើកពួកគេឡើងជាទង់ជ័យ ហើយកូនចៅរបស់ពួកគេត្រូវបានបីមក ហើយបានបញ្ជិះកូនស្រីនៅលើស្មាគេ មើលចុះ រឿងទាំងនេះ ដែលបានពោលដល់ គឺជារឿងខាងសាច់ឈាម ត្បិតនេះគឺជាសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ដល់ពួកអយ្យកោយើង ហើយរឿងនេះមានន័យដល់ពួកយើងនៅថ្ងៃខាងមុខនេះ និងដល់បងប្អូនយើងទាំងប៉ុន្មាន ដែលជាពួកអ្នកនៃវង្សអ៊ីស្រាអែលផង។
៧ហើយរឿងនេះមានន័យថា ពេលវេលានឹងមកដល់ គឺបន្ទាប់ពីអស់ទាំងវង្សអ៊ីស្រាអែល ត្រូវបានខ្ចាត់ខ្ចាយ ហើយលាយឡំ នោះព្រះអម្ចាស់ទ្រង់នឹងលើកសាសន៍ដ៏ខ្លាំងពូកែមួយឡើងក្នុងចំណោមពួកសាសន៍ដទៃ មែនហើយ គឺនៅលើដែនដីនេះផង ហើយដោយសារពួកគេនេះហើយដែលពូជយើងនឹងត្រូវបានខ្ចាត់ខ្ចាយ។
៨ហើយបន្ទាប់ពីពូជយើងត្រូវខ្ចាត់ខ្ចាយ នោះព្រះអម្ចាស់ទ្រង់នឹងចាប់ផ្ដើមធ្វើកិច្ចការដ៏អស្ចារ្យមួយនៅក្នុងចំណោមពួកសាសន៍ដទៃ ជាការណ៍មានប្រយោជន៍ដ៏សំខាន់ដល់ពូជយើង ហេតុដូច្នោះហើយ រឿងនេះប្រៀបដូចជាពួកសាសន៍ដទៃបានចិញ្ចឹមពូជយើង ហើយបានទាំងបី ហើយបញ្ជិះលើស្មាគេ។
៩ហើយជាការណ៍ដ៏មានប្រយោជន៍ដល់ពួកសាសន៍ដទៃដែរ ហើយមិនត្រឹមតែដល់ពួកសាសន៍ដទៃប៉ុណ្ណោះទេ ប៉ុន្តែការណ៍នេះ មានប្រយោជន៍ដល់ពួកសាសន៍អ៊ីស្រាអែលថែមទៀតផង ដើម្បីធ្វើឲ្យដឹងពីសេចក្ដីសញ្ញានៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដល់អ័ប្រាហាំថា ៖ ដោយសារពូជអ្នក នោះគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងបានពរ។
១០ឱបងទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា អស់ទាំងពូជមនុស្សនៅលើផែនដីមិនអាចបានទទួលពរទេ ប្រសិនបើទ្រង់មិនបានលាតព្រះពាហុនៅភ្នែកនៃសាសន៍ទាំងឡាយនោះ។
១១ហេតុដូច្នោះហើយ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងចាប់ផ្ដើមលាតព្រះពាហុនៅភ្នែកនៃគ្រប់ទាំងសាសន៍ ដើម្បីនឹងនាំយកសេចក្ដីសញ្ញាទាំងឡាយរបស់ទ្រង់ និងដំណឹងល្អរបស់ទ្រង់ មកដល់អស់អ្នកណា ដែលជាវង្សអ៊ីស្រាអែល។
១២ហេតុដូច្នោះហើយ ទ្រង់នឹងនាំពួកគេចេញពីការជាប់ឃុំឃាំងទៀត ហើយពួកគេនឹងប្រមូលគ្នាមកឯដែនដីកេរ្តិ៍អាកររបស់គេវិញ ហើយពួកគេនឹងត្រូវនាំចេញពីទីអាប់អួ និងពីទីនៃសេចក្ដីងងឹត ហើយពួកគេនឹងដឹងថា ព្រះអម្ចាស់ គឺជាព្រះអង្គសង្គ្រោះរបស់គេ ហើយជាព្រះដ៏ប្រោសលោះរបស់គេ គឺជាព្រះដ៏មានឥទ្ធិឫទ្ធិនៃសាសន៍អ៊ីស្រាអែល។
១៣ហើយឈាមនៃសាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនោះ ដែលជាពេស្យានៃអស់ទាំងផែនដីនឹងត្រឡប់មកលើក្បាលពួកគេ ត្បិតពួកគេនឹងធ្វើសង្គ្រាមចំពោះគ្នាឯង ហើយដាវទាំងឡាយនៅដៃរបស់ពួកគេនឹងធ្លាក់មកលើក្បាលពួកគេ ហើយពួកគេនឹងស្រវឹង ដោយឈាមរបស់ខ្លួនផ្ទាល់។
១៤ឱវង្សអ៊ីស្រាអែលអើយ គ្រប់ទាំងសាសន៍ដែលធ្វើសង្គ្រាមទាស់នឹងអ្នក ពួកគេនឹងត្រឡប់ជាទាស់គ្នាឯងវិញ ហើយពួកគេនឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលខ្លួនបានជីកទុកដាក់រាស្ត្ររបស់ព្រះអម្ចាស់។ ហើយជនទាំងអស់ណាដែលច្បាំងនឹងក្រុងស៊ីយ៉ូននឹងត្រូវបំផ្លាញចោល ហើយពេស្យាដ៏ធំនោះ ដែលបានបង្ខូចផ្លូវដ៏ត្រឹមត្រូវទាំងឡាយនៃព្រះអម្ចាស់ មែនហើយ សាសនាចក្រដ៏ធំ ហើយគួរខ្ពើមឆ្អើមនោះនឹងរលំចុះមកដល់ធូលីដី ហើយការរលំនោះគឺខ្លាំងណាស់ណា។
១៥ត្បិតមើលចុះ ព្យាការីបាននិយាយថា ថ្ងៃនោះនឹងមកដល់យ៉ាងឆាប់រហ័ស ដែលអារក្សសាតាំងនឹងគ្មានអំណាចទៅលើដួងចិត្តនៃកូនចៅមនុស្សទៀតទេ ព្រោះថ្ងៃជិតមកដល់ហើយ ដែលអស់ពួកអ្នកឆ្មើងឆ្មៃ និងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃនោះនឹងមកដល់ ដែលពួកគេត្រូវតែបានឆេះសុស។
១៦ត្បិតវេលាជិតមកដល់ហើយ ដែលសេចក្ដីក្រោធដ៏ពេញទំហឹងនៃព្រះនឹងធ្លាក់មកលើកូនចៅមនុស្សទាំងអស់ ត្បិតទ្រង់នឹងមិនទ្រាំឲ្យពួកទុច្ចរិតបំផ្លាញពួកសុចរិតឡើយ។
១៧ហេតុដូច្នោះហើយ ទ្រង់នឹងទំនុកបម្រុងពួកសុចរិតទុកដោយព្រះចេស្ដាទ្រង់ ទោះបីសេចក្ដីក្រោធដ៏ពេញទំហឹងរបស់ទ្រង់នឹងធ្លាក់មកក៏ដោយ ហើយពួកអ្នកសុចរិតនឹងត្រូវបានទំនុកបម្រុងទុក គឺរហូតដល់សេចក្ដីបំផ្លិចបំផ្លាញពួកខ្មាំងសត្រូវគេដោយភ្លើង។ ហេតុដូច្នោះហើយ ពួកសុចរិតមិនត្រូវខ្លាចឡើយ ត្បិតព្យាការីបាននិយាយដូច្នេះថា ពួកគេនឹងបានសង្គ្រោះ សូម្បីតែដោយភ្លើង។
១៨ឱបងទាំងឡាយរបស់ខ្ញុំអើយ មើលចុះ ខ្ញុំប្រាប់បងថា ការណ៍ទាំងនេះត្រូវតែមកដល់នៅពេលឆាប់ មែនហើយ គឺឈាម និងភ្លើង ហើយនឹងចំហាយផ្សែងត្រូវតែមកដែរ ហើយការណ៍នេះច្បាស់ជានឹងកើតឡើងនៅលើផែនដីនេះ ហើយការណ៍នេះនឹងកើតឡើងដល់មនុស្ស ស្របតាមសាច់ឈាម ប្រសិនបើពួកគេធ្វើចិត្តរឹងរូសទាស់នឹងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។
១៩ត្បិតមើលចុះ ពួកសុចរិតនឹងមិនត្រូវវិនាសឡើយ ត្បិតពេលនោះច្បាស់ជានឹងមកដល់ថា អស់អ្នកណាដែលច្បាំងនឹងក្រុងស៊ីយ៉ូន នោះនឹងត្រូវកាត់កាល់ចេញ។
២០ហើយព្រះអម្ចាស់ទ្រង់ច្បាស់ជានឹងរៀបចំផ្លូវសម្រាប់រាស្ត្រទ្រង់ ចំពោះការបំពេញតាមពាក្យសម្ដីរបស់លោកម៉ូសេ ដែលលោកបាននិយាយថា ៖ មានព្យាការីម្នាក់ដែលព្រះអម្ចាស់ជាព្រះនៃអ្នករាល់គ្នា ទ្រង់នឹងបង្កើតឡើងដល់អ្នករាល់គ្នាឲ្យដូចខ្ញុំ លោកនោះហើយដែលអ្នករាល់គ្នាត្រូវស្ដាប់តាមគ្រប់ការណ៍ទាំងអស់ ដែលលោកនឹងប្រាប់ដល់អ្នក។ ហើយហេតុការណ៍បានកើតឡើងថា អស់អ្នកណាដែលមិនព្រមស្ដាប់តាមព្យាការីនោះទេ នោះនឹងត្រូវកាត់កាល់ចេញពីចំណោមប្រជាជន។
២១ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ សូមថ្លែងប្រាប់បងថា ព្យាការីដែលលោកម៉ូសេបាននិយាយមកនោះ គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហេតុដូច្នោះហើយ ទ្រង់នឹងអនុវត្តសេចក្ដីជំនុំជំរះដោយនូវសេចក្ដីសុចរិត។
២២ហើយពួកសុចរិតមិនត្រូវខ្លាចឡើយ ត្បិតពួកគេនេះហើយដែលនឹងមិនត្រូវបំផ្លាញចោលឡើយ។ ប៉ុន្តែគឺជានគរនៃអារក្សទេតើ ដែលនឹងត្រូវបានតាំងឡើងក្នុងចំណោមកូនចៅមនុស្ស ជានគរដែលបង្កើតឡើងក្នុងចំណោមពួកគេ គឺខាងសាច់ឈាម–
២៣ត្បិតពេលនោះនឹងមកដល់យ៉ាងឆាប់រហ័សថា អស់ទាំងសាសនាចក្រណាដែលបានតាំងឡើង ដើម្បីរកកម្រៃ ហើយអស់អ្នកណាដែលបានតាំងឡើងដើម្បីរកអំណាចលើខាងសាច់ឈាម ហើយអស់អ្នកណាដែលបានតាំងឡើង ដើម្បីរកប្រជាប្រីយភាពខាងឯភ្នែកមនុស្សលោក និងអស់អ្នកណាដែលស្វែងរកសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម និងវត្ថុខាងលោកិយ ហើយដើម្បីប្រព្រឹត្តនូវសេចក្ដីទុច្ចរិតគ្រប់បែបយ៉ាង មែនហើយ សរុបសេចក្ដីថា អស់អ្នកណាដែលនៅក្នុងនគររបស់អារក្ស គឺជាពួកអ្នកដែលត្រូវភិតភ័យ ហើយញ័ររន្ធត់ ពួកគេនេះហើយដែលជាពួកអ្នកដែលត្រូវរលំមកដល់ធូលីដី ពួកគេនេះហើយដែលជាពួកអ្នកដែលត្រូវឆេះសុសដូចជាជញ្ជ្រាំង ហើយការណ៍នេះ គឺស្របតាមពាក្យសម្ដីរបស់ព្យាការីនោះ។
២៤ហើយពេលនោះនឹងមកដល់យ៉ាងឆាប់រហ័សថា ពួកសុចរិតនឹងត្រូវបាននាំដូចជាកូនគោនៅក្នុងក្រោល ហើយព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់នឹងសោយរាជ្យដោយអំណាច ឥទ្ធិឫទ្ធិ ព្រះចេស្ដា និងសិរីល្អដ៏អស្ចារ្យរបស់ទ្រង់។
២៥ហើយទ្រង់នឹងប្រមូលកូនចៅរបស់ទ្រង់ពីគ្រប់ទិសទាំងបួននៃផែនដី ហើយទ្រង់នឹងរាប់ចំនួនចៀមរបស់ទ្រង់ ឯពួកវាក៏ស្គាល់ទ្រង់ដែរ ហើយនឹងមានចៀមមួយហ្វូង និងអ្នកគង្វាលមួយ ហើយទ្រង់នឹងចិញ្ចឹមចៀមរបស់ទ្រង់ ហើយនៅក្នុងព្រះអង្គ នោះពួកវានឹងរកឃើញវាលស្មៅ។
២៦ហើយដោយសារអំពើសុចរិតរបស់រាស្ត្រទ្រង់ នោះអារក្សសាតាំងគ្មានអំណាចសោះ ហេតុដូច្នោះហើយ អារក្សមិនអាចដោះខ្លួនចេញមកបានអស់រយៈពេលជាច្រើនឆ្នាំ ត្បិតវាគ្មានអំណាចទៅលើដួងចិត្តនៃមនុស្សទេ ព្រោះពួកគេស្ថិតនៅក្នុងសេចក្ដីសុចរិត ហើយព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ទ្រង់សោយរាជ្យ។
២៧ហើយឥឡូវនេះ មើលចុះ ខ្ញុំ នីហ្វៃ ប្រាប់បងថា ៖ ការណ៍ទាំងអស់នេះនឹងកើតឡើង ស្របតាមសាច់ឈាម។
២៨ប៉ុន្តែមើលចុះ គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយនិងគ្រប់ទាំងប្រជាជននឹងរស់នៅដោយសុខសាន្តជាមួយនឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ប្រសិនបើពួកគេព្រមប្រែចិត្ត។
២៩ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ សូមបញ្ចប់តែប៉ុណ្ណេះ ត្បិតខ្ញុំមិនហ៊ាននិយាយតទៅទៀតអំពីការណ៍ទាំងនេះឡើយ។
៣០ហេតុដូច្នេះហើយ ឱបងទាំងឡាយរបស់ខ្ញុំអើយ ខ្ញុំចង់ឲ្យបងចាត់ទុកថា សេចក្ដីដែលសរសេរនៅលើផ្ទាំងលង្ហិនទាំងនោះ គឺពិត ហើយសេចក្ដីទាំងនោះធ្វើបន្ទាល់ថា មនុស្សត្រូវតែគោរពតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ។
៣១ហេតុដូច្នេះហើយ បងរាល់គ្នាមិនត្រូវគិតស្មានថា មានតែខ្ញុំ និងឪពុកខ្ញុំ ដែលជាអ្នកបានធ្វើបន្ទាល់ ហើយក៏បានបង្រៀនការណ៍ទាំងនេះទេ។ ហេតុដូច្នោះហើយ បើសិនជាបងរាល់គ្នានឹងគោរពតាមព្រះបញ្ញត្តិទាំងប៉ុន្មាន ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះបងរាល់គ្នានឹងបានសង្គ្រោះនៅថ្ងៃចុងក្រោយបង្អស់។ ហើយគឺយ៉ាងដូច្នោះមែន។ អាម៉ែន ៕ :៚