កណ្ឌទី ១០២
កំណត់ហេតុអំពីការរៀបចំក្រុមប្រឹក្សាជាន់ខ្ពស់លើកទីមួយនៃសាសនាចក្រ នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៨៣៤ (History of the Church, ២:២៨–៣១)។ កំណត់ហេតុដើមត្រូវបានកត់ដោយអែលឌើរអូលីវើរ ខៅឌើរី និងអែលឌើរអួរសុន ហៃឌ៍។ ពីរថ្ងៃក្រោយមក កំណត់ហេតុត្រូវបានកែប្រែដោយព្យាការី អានឲ្យក្រុមប្រឹក្សាស្ដាប់ ហើយទទួលស្គាល់ដោយក្រុមប្រឹក្សា។ ខ៣០ ទៅ៣២ ដែលទាក់ទងទៅនឹងក្រុមប្រឹក្សានៃពួកសាវក១២នាក់ នោះត្រូវបានបញ្ចូលដោយព្យាការី យ៉ូសែប ស៊្មីធ នៅឆ្នាំ ១៨៣៥ កាលលោកបានរៀបចំកណ្ឌនេះសម្រាប់បោះពុម្ព នៅក្នុងគោលលទ្ធិនិងសេចក្ដីសញ្ញា។
១–៨, ក្រុមប្រឹក្សាជាន់ខ្ពស់ត្រូវបានតាំងឡើងឲ្យដោះស្រាយបញ្ហាសំខាន់ៗទាំងឡាយ ដែលមានឡើងក្នុងសាសនាចក្រ; ៩–១៨, បែបបទត្រូវបានប្រទានឲ្យសម្រាប់កាត់សេចក្ដីទាំងឡាយ; ១៩–២៣, ប្រធាននៃក្រុមប្រឹក្សាធ្វើការសម្រេចចិត្ត ២៤–៣៤, បែបបទខាងការប្ដឹងឧទ្ធរណ៍ត្រូវបានចែងប្រាប់។
១ថ្ងៃនេះក្រុមប្រឹក្សាទូទៅនៃពួកសង្ឃជាន់ខ្ពស់២៤នាក់ បានប្រជុំគ្នានៅផ្ទះរបស់យ៉ូសែប ស៊្មីធ ជុញ្ញ័រ ដោយវិវរណៈ ហើយបានចាប់ផ្ដើមរៀបចំក្រុមប្រឹក្សាជាន់ខ្ពស់ នៃសាសនាចក្រនៃព្រះគ្រីស្ទ ដែលមានពួកសង្ឃជាន់ខ្ពស់១២នាក់ និងប្រធានមួយ ឬបីនាក់ តាមដែលករណីតម្រូវការ។
២ក្រុមប្រឹក្សាជាន់ខ្ពស់ត្រូវបានតាំងឡើងដោយវិវរណៈ សម្រាប់គោលបំណងខាងការដោះស្រាយបញ្ហាសំខាន់ៗទាំងឡាយ ដែលអាចមានឡើងនៅក្នុងសាសនាចក្រ ដែលពុំអាចដោះស្រាយបានដោយសាសនាចក្រ ឬដោយក្រុមប្រឹក្សានៃប៊ីស្សព ដើម្បីផ្សះផ្សាក្រុមទាំងឡាយ។
៣យ៉ូសែប ស៊្មីធ ជុញ្ញ័រ, ស៊ីឌនី រិកដុន, និងហ្វ្រែឌើរិក ជី វិលលាម្ស ត្រូវបានទទួលស្គាល់ថាជាប្រធាន ដោយសំឡេងនៃក្រុមប្រឹក្សា ហើយ យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ, យ៉ូហាន ស៊្មីធ, យ៉ូសែប ខូ, យ៉ូហាន ចនសុន, ម៉ាទិន ហារិស, យ៉ូហាន អែស ខារតើរ, យ៉ារេឌ ខារតើរ, អូលីវើរ ខៅឌើរី, សាំយ៉ូអែល អេច ស៊្មីធ, អួរសុន ហៃឌ៍, សិលវ៉ែស្ទើរ ស៊្មីធ, និង លូកា ចនសុន, ដែលជាពួកសង្ឃជាន់ខ្ពស់ ត្រូវបានរើសឲ្យធ្វើជាក្រុមប្រឹក្សាដែលនៅអចិន្ត្រៃយ៍សម្រាប់សាសនាចក្រ ដោយសំឡេងនៃក្រុមប្រឹក្សាជាឯកច្ឆន្ទ។
៤ពួកទីប្រឹក្សាដែលមានឈ្មោះខាងលើ ត្រូវបានសួរថាតើពួកគេព្រមទទួលការតែងតាំងរបស់ខ្លួន ហើយថាតើពួកគេព្រមធ្វើការក្នុងតំណែងនោះ តាមក្រឹត្យវិន័យនៃស្ថានសួគ៌ឬទេ ចំពោះសំណួរទាំងនេះ ពួកគេទាំងអស់គ្នាបានឆ្លើយថា ពួកគេព្រមទទួលការតែងតាំងរបស់ពួកគេ ហើយព្រមបំពេញតំណែងរបស់ពួកគេតាមព្រះគុណនៃព្រះ ដែលបានប្រទានមកលើពួកគេ។
៥ចំនួនមនុស្សដែលធ្វើជាក្រុមប្រឹក្សា ដែលបានបោះឆ្នោត នៅក្នុងនាម និងសម្រាប់សាសនាចក្រ ក្នុងការតែងតាំងពួកទីប្រឹក្សាដែលមានឈ្មោះខាងលើនេះ គឺ៤៣នាក់ ដូចជាមានដូចតទៅនេះ គឺ ៖ ពួកសង្ឃជាន់ខ្ពស់៩នាក់, ពួកអែលឌើរ១៧នាក់, ពួកសង្ឃ៤នាក់, និងសមាជិក១៣នាក់។
៦បានបោះឆ្នោតថា ៖ ក្រុមប្រឹក្សាជាន់ខ្ពស់ពុំអាចមានអំណាច ដើម្បីធ្វើការបានឡើយ លើកលែងតែពួកទីប្រឹក្សា៧នាក់ដែលមានឈ្មោះខាងលើ ឬពួកអ្នកដែលបានតាំងជំនួសពួកគេនៅទីនោះ។
៧ពួក៧នាក់នេះត្រូវមានអំណាច ដើម្បីតាំងពួកសង្ឃជាន់ខ្ពស់ផ្សេងទៀត ដែលពួកគេគិតថាសម ហើយមានសមត្ថភាព ដើម្បីធ្វើការជំនួសពួកទីប្រឹក្សាដែលមិននៅទីនោះ។
៨បានបោះឆ្នោតថា ៖ កាលណាមានតំណែងណានៅទំនេរ ដោយសារមរណភាព ការដកចេញពីតំណែងព្រោះការរំលង ឬការដកចេញពីព្រំដែននៃការត្រួតត្រាក្នុងសាសនាចក្រនេះ នោះតំណែងដែលនៅទំនេរពីទីប្រឹក្សាដែលមានឈ្មោះខាងលើត្រូវបំពេញដោយអ្នកដែលប្រធាន ឬប្រធានទាំងឡាយឲ្យឈ្មោះ ហើយត្រូវអនុម័តដោយសំឡេងនៃក្រុមប្រឹក្សាទូទៅនៃពួកសង្ឃជាន់ខ្ពស់ ដែលបានប្រជុំគ្នាសម្រាប់គោលបំណងនោះ ដើម្បីធ្វើការនៅក្នុងនាមនៃសាសនាចក្រ។
៩ប្រធាននៃសាសនាចក្រ ដែលជាប្រធាននៃក្រុមប្រឹក្សាផង ត្រូវបានតាំងឡើងដោយវិវរណៈ ហើយទទួលស្គាល់នូវការចាត់ចែងរបស់លោក ដោយសំឡេងនៃសាសនាចក្រ។
១០ហើយនេះគឺតាមភាពថ្លៃថ្នូរនៃតំណែងរបស់លោក ដែលលោកត្រូវត្រួតលើក្រុមប្រឹក្សានៃសាសនាចក្រ ហើយគឺជាឯកសិទ្ធិរបស់លោក ដែលត្រូវបានជួយដោយប្រធានពីរនាក់ទៀត ដែលបានតាំងឡើងតាមរបៀបដដែល ដែលលោកត្រូវបានតាំងឡើងនោះ។
១១ហើយបើសិនជាអ្នកដែលត្រូវបានតាំងឡើង ឲ្យជួយលោកម្នាក់ឬទាំងពីរនាក់មិននៅទេ នោះលោកមានអំណាច ដើម្បីត្រួតលើក្រុមប្រឹក្សា ដោយមិនចាំបាច់មានអ្នកជំនួយឡើយ ហើយបើសិនជាលោកមិននៅ នោះប្រធានផ្សេងទៀតមានអំណាច ដើម្បីត្រួតជំនួស លោក ទាំងពីរនាក់ ឬពួកគេណាមួយក៏បាន។
១២កាលណាក្រុមប្រឹក្សានៃសាសនាចក្រនៃព្រះគ្រីស្ទត្រូវបានរៀបចំដោយត្រឹមត្រូវតាមគំរូដែលបានប្រាប់មកហើយនោះ នោះគឺជាធុរៈនៃពួកទីប្រឹក្សា១២នាក់ ដើម្បីធ្វើការចាប់ឆ្នោតដោយលេខ ហើយដោយមាគ៌ានោះ ទើបបញ្ជាក់ថាពួក១២នាក់ណាមួយដែលត្រូវនិយាយមុនគេ ចាប់ផ្ដើមនឹងលេខមួយរហូតដល់លេខ១២។
១៣កាលណាក្រុមប្រឹក្សានេះប្រជុំគ្នាដើម្បីកាត់ក្ដីណាមួយ នោះពួកទីប្រឹក្សា១២នាក់ត្រូវពិចារណាថាតើមានបញ្ហាធំ ឬអត់ បើសិនជាទេ នោះពួកទីប្រឹក្សាតែពីរនាក់ទេត្រូវនិយាយ តាមគំរូដែលបានសរសេរទុកខាងលើនេះ។
១៤ប៉ុន្តែបើសិនជាគិតថាមានបញ្ហាធំ នោះបួននាក់ត្រូវបានតាំងឡើង ហើយបើសិនជាមានបញ្ហាធំជាងនេះ នោះប្រាំមួយនាក់ ប៉ុន្តែគ្មានករណីណាមួយ ត្រូវមានជាងប្រាំមួយនាក់តាំងឡើងឲ្យនិយាយនោះឡើយ។
១៥នៅគ្រប់ករណីទាំងអស់ នោះអ្នកជាប់ចោទមានសិទ្ធិបានក្រុមប្រឹក្សាពាក់កណ្ដាល ដើម្បីការពារកុំឲ្យមានការមើលងាយ ឬការអយុត្តិធម៌។
១៦ហើយពួកទីប្រឹក្សាដែលបានតាំងឡើងឲ្យនិយាយនៅចំពោះក្រុមប្រឹក្សា នោះត្រូវប្រាប់ករណី បន្ទាប់ពីបានពិនិត្យមើលភស្តុតាង តាមភាពពិតប្រាកដនៅចំពោះក្រុមប្រឹក្សា ហើយមនុស្សគ្រប់រូបត្រូវនិយាយតាមអ្វីៗដែលពិត ហើយយុត្តិធម៌។
១៧ពួកទីប្រឹក្សាទាំងនោះដែលបានរើសលេខ ដូចជាលេខ ២, ៤, ៦, ៨, ១០, និង ១២ គឺជាមនុស្សដែលត្រូវឈរឡើងនិយាយជំនួសអ្នកជាប់ចោទ ហើយការពារកុំឲ្យមានការមើលងាយ និងការអយុត្តិធម៌។
១៨នៅគ្រប់ករណីទាំងអស់ អ្នកចោទ និងអ្នកជាប់ចោទ ត្រូវមានសិទ្ធិឱកាសនិយាយជំនួសខ្លួននៅចំពោះក្រុមប្រឹក្សា បន្ទាប់ពីបានឮភស្តុតាងទាំងឡាយ និងបន្ទាប់ពីពួកទីប្រឹក្សា ដែលបានតាំងឡើងឲ្យនិយាយអំពីករណីបាននិយាយចប់ស្រេចបាច់។
១៩បន្ទាប់ពីបានឮភស្តុតាងទាំងឡាយ កាលពួកទីប្រឹក្សា អ្នកចោទ និងអ្នកជាប់ចោទបាននិយាយហើយ នោះប្រធានត្រូវកាត់ក្ដីតាមយោបល់ដែលលោកមានអំពីរឿងក្ដី ហើយសូមឲ្យទីប្រឹក្សា១២នាក់អនុម័តការកាត់ក្ដីនោះ ដោយពួកគេបោះឆ្នោត។
២០ប៉ុន្តែបន្ទាប់ពីបានឮភស្តុតាង និងពាក្យដោះសារទាំងឡាយស្រេចបាច់ហើយ បើសិនជាពួកទីប្រឹក្សាដែលនៅសល់ទាំងប៉ុន្មាន ដែលពុំបាននិយាយ ឬពួកគេណាមួយរកឃើញកំហុសក្នុងការកាត់ក្ដីរបស់ប្រធាន នោះពួកគេអាចសម្ដែងប្រាប់កំហុសនោះ ហើយបណ្ដឹងក្ដីនឹងត្រូវបានកាត់ក្ដីម្ដងទៀត។
២១ហើយបើសិនជាបន្ទាប់ពីបានកាត់ក្ដីម្ដងទៀត ឃើញមានព័ត៌មានថែមទៀតអំពីរឿងនេះ នោះការកាត់ក្ដីត្រូវប្រែប្រួលឲ្យស្របទៅតាមព័ត៌មាននោះ។
២២ប៉ុន្តែក្នុងករណីដែលគ្មានព័ត៌មានបន្ថែមទៀតទេ នោះការកាត់ក្ដីលើកទីមួយត្រូវនៅជាស្ថាពរ ហើយក្រុមប្រឹក្សាភាគច្រើនមានអំណាចដើម្បីសម្រេចចិត្តដដែល។
២៣នៅករណីណាមួយដែលមានបញ្ហាខាងគោលលទ្ធិ ឬគោលការណ៍ បើសិនជាពុំមានការសរសេរគ្រប់គ្រាន់ ដើម្បីបង្ហាញរឿងឲ្យបានច្បាស់លាស់ដល់គំនិតនៃក្រុមប្រឹក្សាទេ នោះប្រធានអាចសូម ហើយបានព្រះហឫទ័យនៃព្រះអម្ចាស់ដោយវិវរណៈ។
២៤ពួកសង្ឃជាន់ខ្ពស់ កាលនៅឆ្ងាយ មានអំណាចឲ្យហៅ ហើយរៀបចំក្រុមប្រឹក្សាមួយ តាមបែបដែលបានអធិប្បាយប្រាប់ខាងលើនេះ ដើម្បីដោះស្រាយបញ្ហានានា នៅពេលក្រុមទាំងឡាយ ឬពួកគេណាមួយសូម។
២៥ហើយក្រុមប្រឹក្សានៃពួកសង្ឃជាន់ខ្ពស់ដែលបានពោលដល់នោះ នឹងមានអំណាចដើម្បីតាំងគ្នាគេម្នាក់ឲ្យត្រួតលើក្រុមប្រឹក្សាបែបនេះបណ្ដោះអាសន្ន។
២៦គឺត្រូវជាធុរៈនៃក្រុមប្រឹក្សាដែលបានពោលដល់នោះ ដើម្បីបញ្ជូនជាប្រញាប់នូវបញ្ជីការរបស់ពួកគេមួយច្បាប់ ព្រមទាំងការថ្លែងទីបន្ទាល់ និងការសម្រេចចិត្តរបស់ពួកគេផង ទៅឲ្យក្រុមប្រឹក្សាជាន់ខ្ពស់នៃវេទិការបស់គណៈប្រធានទីមួយនៃសាសនាចក្រ។
២៧បើសិនជាក្រុមទាំងឡាយ ឬពួកគេណាមួយមិនពេញចិត្តនិងការសម្រេចចិត្ត របស់ក្រុមប្រឹក្សាដែលបានពោលដល់នោះទេ នោះពួកគេអាចសុំឧទ្ធរណ៍ដល់ក្រុមប្រឹក្សាជាន់ខ្ពស់នៃវេទិការបស់គណៈប្រធានទីមួយ នៃសាសនាចក្រ ហើយកាត់ក្ដីម្ដងទៀត ជាករណីដែលត្រូវបានឮ តាមគំរូដែលបានសរសេរទុកខាងលើ ហាក់ដូចជាគ្មានបានសម្រេចចិត្តរួចមកហើយទេ។
២៨ក្រុមប្រឹក្សានៃពួកសង្ឃជាន់ខ្ពស់នេះ ដែលនៅឆ្ងាយ នោះគ្រាន់តែត្រូវហៅ កាលណាមានរឿងដ៏ធំបំផុតនៅក្នុងសាសនាចក្រប៉ុណ្ណោះ ហើយគ្មានរឿងធម្មតា ឬទូទៅណាសមនឹងហៅក្រុមប្រឹក្សាបែបនេះឡើយ។
២៩ពួកសង្ឃជាន់ខ្ពស់ដែលធ្វើដំណើរ ឬនៅឆ្ងាយ គេមានអំណាចនិយាយថាតើជាការចាំបាច់ហៅក្រុមប្រឹក្សាបែបនេះ ឬអត់។
៣០មានការវែកញែករវាងក្រុមប្រឹក្សាជាន់ខ្ពស់ ឬពួកសង្ឃជាន់ខ្ពស់ដែលធ្វើដំណើរនៅឆ្ងាយ នឹងក្រុមប្រឹក្សាជាន់ខ្ពស់ដែលធ្វើដំណើរ ដែលមានពួកសាវក១២នាក់ អំពីការសម្រេចចិត្តរបស់ពួកគេ។
៣១ចំពោះការសម្រេចចិត្តនៃពួកអ្នកដែលបានពោលដល់មុន នោះអាចសុំឧទ្ធរណ៍បាន ប៉ុន្តែចំពោះការសម្រេចចិត្តនៃពួកអ្នកក្រោយ នោះពុំអាចធ្វើបានឡើយ។
៣២ពួកអ្នកក្រោយ គឺគ្រាន់តែអាចបានហៅសួរដោយពួកអ្នកមានសិទ្ធិអំណាចទូទៅនៃសាសនាចក្រ ក្នុងកាលមានការរំលងប៉ុណ្ណោះ។
៣៣បានដោះស្រាយថា ៖ ប្រធាន ឬពួកប្រធានពីវេទិការបស់គណៈប្រធានទីមួយ នៃសាសនាចក្រ ត្រូវមានអំណាចនឹងសម្រេចចិត្តថា តើរឿងបែបនេះ ដែលត្រូវបានសុំឧទ្ធរណ៍ នោះគិតថាត្រឹមត្រូវនឹងបានកាត់ក្ដីម្ដងទៀតឬអី បន្ទាប់ពីបានពិនិត្យមើលក្ដីឧទ្ធរណ៍ និងភស្តុតាងទាំងឡាយ ព្រមទាំងបទអធិប្បាយផង។
៣៤ខណៈនោះ ពួកទីប្រឹក្សា១២នាក់ បានចាប់ផ្ដើមធ្វើការចាប់ឆ្នោត ឬបោះឆ្នោត ដើម្បីបញ្ជាក់ឲ្យដឹងថានរណាត្រូវនិយាយមុនគេ ហើយមានឈ្មោះដូចតទៅនេះគឺ ៖ ១) អូលីវើរ ខៅឌើរី ២) យ៉ូសែប ខូ ៣) សាំយូអែល អេច ស៊្មីធ ៤) លូកា ចនសុន ៥) យ៉ូហាន អែស ខារតើរ ៦) សិលវ៉ែស្ទើរ ស៊្មីធ ៧) យ៉ូហាន ចនសុន ៨) អួរសុន ហៃឌ៍ ៩) យ៉ារេឌ ខារតើរ ១០) យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ ១១) យ៉ូហាន ស៊្មីធ ១២) ម៉ាទិន ហារិស។ បន្ទាប់ពីការអធិស្ឋាន នោះសន្និសីទក៏ចប់ទៅ។
អូលីវើរ ខៅឌើរី
អួរសុន ហៃឌ៍
ស្មៀន