ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 129


កណ្ឌ​ទី ១២៩

ការ​បង្គាប់​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ឲ្យ​មក​ដោយ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ទី​ក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ថ្ងៃ​ទី៩ ខែ​កុម្ភៈ ឆ្នាំ​១៨៤៣ ដោយ​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​កូន​សោ​ដ៏​ធំ​បី ដែល​អាច​ស្គាល់​នូវ​លក្ខណៈ​ត្រឹម​ត្រូវ​នៃ​ពួក​ទេវតា​ដែល​បម្រើ និង​វិញ្ញាណ​ទាំង​ឡាយ (History of the Church, ៥:២៦៧)។

១–៣, នៅ​ស្ថាន​សួគ៌​មាន​ទាំង​រូប​កាយ​ដែល​បាន​រស់​ឡើង​វិញ និង​រូប​កាយ​ដែល​ជា​វិញ្ញាណ; ៤–៩, កូន​សោ​ទាំង​ឡាយ​ត្រូវ​បាន​ប្រទាន​ឲ្យ​មក ដើម្បី​ឲ្យ​អាច​បាន​ស្គាល់​ពួក​សារ​ទូត​នៅ​ម្ខាង​វាំងនន។

នៅ​ស្ថាន​សួគ៌​មាន​តួ​ពីរ​យ៉ាង​គឺ ៖ ពួក​ទេវតា​ដែល​ជា​អង្គ​ដែល​បាន​រស់​ឡើង​វិញ ដោយ​មាន​រូប​កាយ​ជា​សាច់ និង​ឆ្អឹង —

ឧបមា​ដូច​ជា​កាល​ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ចូរ​ពាល់​ខ្ញុំ​មើល ត្បិត​ខ្មោច​គ្មាន​សាច់​ឬ​ឆ្អឹង ដូច​ជា​ឃើញ​ខ្ញុំ​នេះ​ទេ។

ទី​ពីរ​គឺ វិញ្ញាណ​នៃ​ពួក​អ្នក​សុចរិត​ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ ពួក​គេ​នេះ​ហើយ​ដែល​ពុំ​បាន​រស់​ឡើង​វិញ​ទេ ប៉ុន្តែ​គ្រង​សិរី​ល្អ​ដូច​គ្នា​ទុកជា​មរតក។

កាលណា​មាន​សារ​ទូត​មក​ប្រាប់​ថា គាត់​មាន​សារ​មក​ពី​ព្រះ នោះ​ចូរ​ហុចដៃ​អ្នក ហើយ​សូម​ឲ្យ​គេ​ចាប់​ដៃ​នឹង​អ្នក។

បើ​គេ​ជា​ទេវតា​មែន គេ​នឹង​ធ្វើ​តាម ហើយ​អ្នក​នឹង​ចាប់​ដៃ​គេ។

បើ​គេ​ជា​វិញ្ញាណ​នៃ​មនុស្ស​សុចរិត ដែល​បាន​ធ្វើ​ឲ្យ​ល្អ​ឥត​ខ្ចោះ នោះ​គេ​នឹង​មក​ក្នុង​សិរី​ល្អ​របស់​គេ ត្បិត​តាម​តែ​ផ្លូវ​នេះ​ម្យ៉ាង​គត់ ដែល​គេ​អាច​លេច​មក​បាន —

ចូរ​សូម​ឲ្យ​គេ​ចាប់​ដៃ​នឹង​អ្នក ប៉ុន្តែ​គេ​នឹង​មិន​កម្រើក​ឡើយ ពី​ព្រោះ​ជា​ការ​ផ្ទុយ​ទៅ​នឹង​របៀប​នៃ​ស្ថាន​សួគ៌​ដែល​មនុស្ស​សុចរិត​ចេះ​បញ្ឆោត ប៉ុន្តែ​គេ​នៅ​តែ​ប្រគល់​សារ​របស់​គេ​ដដែល។

បើ​វា​ជា​អារក្ស ក្លែង​ជា​ទេវតា​នៃ​ពន្លឺ​វិញ កាលណា​អ្នក​សូម​ចាប់​ដៃ នោះ​វា​នឹង​ហុចដៃ​វា ហើយ​អ្នក​នឹង​មិន​បាន​ប៉ះ​ដៃ​វា​សោះ ហេតុ​ដូច្នេះ​ហើយ ទើប​អ្នក​អាច​ស្គាល់​វា។

នេះ​ហើយ​ជា​កូន​សោ​បី​យ៉ាង ដែល​អ្នក​អាច​ស្គាល់​ពី​ការ​ចាត់ចែង​ណា​មួយ​មក​ពី​ព្រះ។