កណ្ឌទី ១៣
ការតែងតាំងនៃយ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី ចំពោះបព្វជិតភាពអើរ៉ុន នៅតាមច្រាំងទន្លេសុសគ្វីហាណា ក្បែរភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៩ (History of the Church, ១:៣៩–៤២)។ ការតែងតាំងត្រូវបានធ្វើឡើង ដោយដៃនៃទេវតាមួយរូបដែលបានហៅខ្លួនថាជាយ៉ូហាន គឺជាអ្នកដដែលដែលបានហៅថាយ៉ូហាន–បាទីស្ទ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ទេវតាបានពន្យល់ប្រាប់ថា លោកកំពុងធ្វើការនៅក្រោមការដឹកនាំពីពេត្រុស យ៉ាកុប និងយ៉ូហាន ជាពួកសាវកបុរាណ ដែលកាន់កូនសោនៃបព្វជិតភាពខ្ពស់ជាង ដែលត្រូវបានហៅថា បព្វជិតភាពម៉ិលគីស្សាដែក។ សេចក្ដីសន្យាត្រូវបានឲ្យដល់យ៉ូសែប និងអូលីវើរ ថានៅវេលាកំណត់ នោះបព្វជិតភាពម៉ិលគីស្សាដែក នឹងត្រូវបានប្រគល់ឲ្យមកលើពួកគេ (សូមមើលកណ្ឌទី ២៧:៧, ៨, ១២)។
កូនសោនិងអំណាចទាំងឡាយ នៃបព្វជិតភាពអើរ៉ុន ត្រូវបានប្រគល់ឲ្យ។
១នៅលើអ្នក ជាពួកអ្នកបម្រើដូចរូបខ្ញុំអើយ ដោយនូវព្រះនាមនៃព្រះមែស៊ី ខ្ញុំសូមប្រគល់បព្វជិតភាពអើរ៉ុន ដែលកាន់កូនសោទាំងឡាយ អំពីការបម្រើនៃពួកទេវតា និងអំពីដំណឹងល្អនៃការប្រែចិត្ត និងអំពីបុណ្យជ្រមុជទឹក ដោយការពន្លិចសម្រាប់ការផ្ដាច់បាប ហើយបព្វជិតភាពនេះ នឹងមិនត្រូវបានដកចេញពីផែនដីទៀតឡើយ រហូតដល់ពេលកូនប្រុសទាំងឡាយនៃលោកលេវី ថ្វាយដង្វាយម្ដងទៀតដល់ព្រះអម្ចាស់ដោយសេចក្ដីសុចរិត។