កណ្ឌទី ២២
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងម៉ែនឆែស្ទើរ រដ្ឋញូវយ៉ក ខែមេសា ឆ្នាំ១៨៣០ (History of the Church, ១:៧៩–៨០)។ វិវរណៈនេះត្រូវបានប្រទានដល់សាសនាចក្រ មកពីមានមនុស្សខ្លះ ដែលបានទទួលបុណ្យជ្រមុជទឹករួចមកហើយ ដែលមានសេចក្ដីប៉ងប្រាថ្នាចង់ចូលរួមជាមួយសាសនាចក្រ ដោយពុំបាច់ទទួលបុណ្យជ្រមុជទឹកម្ដងទៀត។
១, បុណ្យជ្រមុជទឹកគឺជាសេចក្ដីសញ្ញាថ្មី និងអស់កល្បជានិច្ច; ២–៤, បុណ្យជ្រមុជទឹកតម្រូវឲ្យមានសិទ្ធិអំណាចមកពីព្រះ។
១មើលចុះ យើងមានបន្ទូលដល់អ្នកថា គ្រប់អស់ទាំងសេចក្ដីសញ្ញាពីបុរាណ យើងបានបណ្ដាលឲ្យចប់ទៅនៅក្នុងការណ៍នេះ ហើយនេះជាសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច គឺជាអ្វីដែលមានតាំងពីដើមដំបូងមកម្ល៉េះ។
២ហេតុដូច្នោះហើយ ទោះជាមនុស្សណាបានទទួលបុណ្យជ្រមុជទឹករាប់រយដងក៏ដោយ គង់តែគ្មានប្រយោជន៍ដល់គេដែរ ត្បិតអ្នកពុំអាចចូលតាមទ្វារចង្អៀត ដោយសារក្រឹត្យវិន័យនៃលោកម៉ូសេ ឬក៏ដោយសារកិច្ចការទាំងឡាយដែលស្លាប់នោះបានឡើយ។
៣ត្បិតមកពីកិច្ចការទាំងឡាយដែលស្លាប់របស់អ្នកនេះហើយ ដែលយើងបានបណ្ដាលឲ្យមានសេចក្ដីសញ្ញាចុងក្រោយបង្អស់នេះ និងសាសនាចក្រនេះ ដើម្បីឲ្យបានសាងឡើងដល់យើង ដូចជានៅសម័យបុរាណ។
៤ហេតុដូច្នោះហើយ ចូរចូលតាមទ្វារចុះ ដូចជាយើងបានបញ្ជា ហើយចូរកុំចង់ទូន្មានដល់ព្រះរបស់អ្នកឡើយ។ អាម៉ែន៕