ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 61


កណ្ឌ​ទី ៦១

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ច្រាំងទន្លេ​មិសសួរី ភូមិ​ម៉័កអ៊ិលវេនស្បិន ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​១៨៣១ (History of the Church, ១:២០២–២០៥)។ តាម​ផ្លូវ​វិល​ទៅ​ក្រុង​ខឺតឡង់​វិញ ព្យាការី និង​ពួក​អែលឌើរ​ដប់​នាក់​បាន​ធ្វើ​ដំណើរ​តាម​ទូក​ចុះ​ទន្លេ​មិសសួរី។ កាល​ធ្វើ​ដំណើរ​បាន​បី​ថ្ងៃ នោះ​មាន​គ្រោះថ្នាក់​ជា​ច្រើន​បាន​កើត​ឡើង។ អែលឌើរ វិលលាម ដ័បបុលយូ ហ្វែប្ស នៅ​ក្នុង​ការ​និមិត្ត​ពេល​ថ្ងៃ​បាន​ឃើញ​មេ​បំផ្លាញ​កំពុងតែ​ជិះ​ក្នុង​អំណាច​នៅ​លើ​ផ្ទៃ​ទឹក​ទាំង​ឡាយ។

១–១២, ព្រះ​អម្ចាស់​ទ្រង់​បាន​ចេញ​បញ្ញត្តិ​ថា មាន​ការ​បំផ្លិចបំផ្លាញ​ជា​ច្រើន​នៅ​លើ​ទឹក​ទាំង​ឡាយ; ១៣–២២, ទឹក​ទាំង​ឡាយ​ត្រូវ​យ៉ូហាន​ដាក់​បណ្ដាសា ហើយ​មេ​បំផ្លាញ​ជិះ​នៅ​លើ​ទឹក​ទាំង​ឡាយ; ២៣–២៩, មនុស្ស​ខ្លះ​មាន​អំណាច​ដើម្បី​បញ្ជា​ដល់​ទឹក​ទាំង​ឡាយ; ៣០–៣៥, ពួក​អែលឌើរ​ត្រូវ​ធ្វើ​ដំណើរ​ពីរ​ៗនាក់ ហើយ​ផ្សាយដំណឹង​ល្អ; ៣៦–៣៩, ពួក​គេ​ត្រូវ​ប្រុងប្រៀប​ចាំ​ការ​យាង​មក​នៃ​កូន​មនុស្ស។

មើល​ចុះ ហើយ​ចូរ​ប្រុង​ស្ដាប់​តាម​សំឡេង​នៃ​អ្នក​ដែល​មាន​អស់​ទាំង​ព្រះ​ចេស្ដា ជា​អ្នក​ចាប់​តាំង​ពី​អស់​កល្ប​រៀង​ទៅ​អស់​កល្ប​ជានិច្ច គឺ​អាលផា និង​អូមេកា ជាដើម ហើយ​ជា​ចុង។

មើល​ចុះ ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដល់​អ្នក​យ៉ាង​ដូច្នេះ​ថា ៖ ឱ​អ្នក​រាល់​គ្នា​ជា​ពួក​អែលឌើរ​នៃ​សាសនាចក្រ​របស់​យើង ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​លើ​កន្លែង​នេះ ដែល​ឥឡូវ​នេះ អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក​ត្រូវ​បាន​អត់​ទោស​ឲ្យ​ហើយ ត្បិត​យើង​ជា​ព្រះ​អម្ចាស់​អត់​ទោស​ដល់​អំពើ​បាប​ទាំង​ឡាយ ហើយ​យើង​មាន​ចិត្ត​មេត្តាករុណា​ដល់​អស់​អ្នក​ណា ដែល​សារភាព​នូវ​អំពើ​បាប​របស់​ខ្លួន​ដោយ​ចិត្ត​រាបសា

ប៉ុន្តែ​យើង​ប្រាប់​ដល់​អ្នក​ជា​ប្រាកដ​ថា មិន​ត្រូវ​ឲ្យ​ក្រុម​ពួក​អែលឌើរ​របស់​យើង​ទាំង​មូល​នេះ ធ្វើ​ដំណើរ​យ៉ាង​រហ័ស​នៅ​លើ​ទឹក​ទាំង​ឡាយ​ឡើយ ក្នុង​កាល​បណ្ដាជន​នៅ​សង​ខាង​កំពុងតែ​វិនាស​ក្នុង​ការ​ឥត​ជំនឿ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​បាន​ទ្រាំ​ការ​នោះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​ធ្វើ​ទី​បន្ទាល់ មើល​ចុះ មាន​គ្រោះថ្នាក់​ជា​ច្រើន​នៅ​លើ​ទឹក​ទាំង​ឡាយ ហើយ​ជា​ពិសេស មាន​ជា​ច្រើន​ទៀត បន្ទាប់​ពី​ពេល​នេះ​ទៅ

ត្បិត​យើង​ជា​ព្រះ​អម្ចាស់ បាន​ចេញ​បញ្ញត្តិ​នៅ​ក្នុង​សេចក្ដី​កំហឹង​របស់​យើង​ថា មាន​ការ​បំផ្លិចបំផ្លាញ​ជា​ច្រើន​នៅ​លើ​ទឹក​ទាំង​ឡាយ មែន​ហើយ​ជា​ពិសេស នៅ​លើ​ទឹក​ទាំង​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សាច់​ទាំង​អស់​នៅ​ក្នុង​ព្រះ​ហស្ត​របស់​យើង ហើយ​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះត្រង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នោះ​នឹង​មិន​ត្រូវ​វិនាស​ដោយ​សារ​ទឹក​ឡើយ។

ហេតុ​ដូច្នោះ​ហើយ គឺជា​ការ​ចាំ​បាច់​ដែល ស៊ីឌនី គិលបឺត ជា​អ្នក​បម្រើ​របស់​យើង និង​វិលលាម ដ័បបុលយូ ហ្វែប្ស ជា​អ្នក​បម្រើ​របស់​យើង​ប្រព្រឹត្ត​ដោយ​រហ័ស​ចំពោះ​ភារកិច្ច និង​បេសកកម្ម​របស់​ពួក​គេ​ចុះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ព្រម​ទ្រាំ​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ទៅ​ឡើយ រហូត​ដល់​អ្នក​ត្រូវ​បាន​វាយ​ផ្ចាល​ពី​អស់​ទាំង​អំពើ​បាប​របស់​អ្នក​សិន ប្រយោជន៍​ឲ្យ​អ្នក​អាច​បាន​ទៅ​ជា​តែ​មួយ ប្រយោជន៍​កុំ​ឲ្យ​អ្នក​ត្រូវ​វិនាស​បង់​ក្នុង​អំពើ​ទុច្ចរិត​ឡើយ

ប៉ុន្តែ​ឥឡូវ​នេះ យើង​ប្រាប់​ជា​ប្រាកដ​ថា ជា​ការ​ចាំ​បាច់​ដល់​យើង ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ។ ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ​ស៊ីឌនី គិលបឺត និង​វិលលាម ដ័បបុលយូ ហ្វែប្ស ជា​ពួក​អ្នក​បម្រើ​របស់​យើង យក​ក្រុម​ពី​ដើម​របស់​ពួក​គេ ហើយ​ចូរ​ឲ្យ​ពួក​គេ​ចេញ​ដំណើរ​របស់​ពួក​គេ​ជាបន្ទាន់ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បំពេញ​បេសកកម្ម​របស់​ពួក​គេ ហើយ​តាម​រយៈ​សេចក្ដី​ជំនឿ នោះ​ពួក​គេ​អាច​បាន​ឈ្នះ

១០ហើយ​ដរាបណា​ពួក​គេ​មាន​ចិត្ត​ស្មោះត្រង់ នោះ​ពួក​គេ​នឹង​ត្រូវ​បាន​រក្សាទុក​ឲ្យ​គង់​វង់ ហើយ​យើង​ជា​ព្រះ​អម្ចាស់​នឹង​គង់នៅ​ជាមួយ​ពួក​គេ។

១១ហើយ​ចូរ​ឲ្យ​ពួក​នៅ​សល់​ទាំង​ប៉ុន្មាន យក​អ្វីៗ​ដែល​ត្រូវ​ការ​សម្រាប់​សំលៀកបំពាក់។

១២ចូរ​ឲ្យ ស៊ីឌនី គិលបឺត ជា​អ្នក​បម្រើ​របស់​យើង យក​អ្វីៗ​ដែល​មិន​ត្រូវ​ការ​ទៅ​ជា​មួយ​គាត់ តាម​ដែល​អ្នក​នឹង​យល់​ព្រម។

១៣ហើយ​ឥឡូវ​នេះ មើល​ចុះ សម្រាប់​ជា​ការ​ល្អ​ដល់​អ្នក យើង​បាន​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ​អំពី​ការណ៍​ទាំង​នេះ ហើយ​យើង​ជា​ព្រះ​អម្ចាស់​នឹង​ពិភាក្សា​ជាមួយ​អ្នក​ដូច​ជាមួយ​មនុស្ស​នៅ​សម័យ​បុរាណ។

១៤មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់ ក្នុង​កាល​នៅ​ដើមដំបូង​ឡើយ បាន​ប្រទាន​ពរ​ដល់​ទឹក​ទាំង​ឡាយ ប៉ុន្តែ​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ដោយ​សារ​មាត់​នៃ​យ៉ូហាន ជា​អ្នក​បម្រើ​របស់​យើង នោះ​យើង​បាន​ដាក់​បណ្ដាសា​ដល់​ទឹក​ទាំង​ឡាយ​វិញ។

១៥ហេតុ​ដូច្នោះ​ហើយ នឹង​មាន​ថ្ងៃ​មក​ដល់ ដែល​នឹង​ពុំ​មាន​សាច់​ឈាម​ណា​ដែល​នឹង​បាន​សុខ​នៅ​លើ​ទឹក​ទាំង​ឡាយ​ឡើយ។

១៦ហើយ​នឹង​បាន​ឮ​មនុស្ស​និយាយ​នៅ​ក្នុង​ថ្ងៃ​ដែល​នឹង​មក​ដល់​ថា គ្មាន​នរណា​មួយ​អាច​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​នៅ​លើ​ទឹក​ទាំង​ឡាយ​បាន​ឡើយ លើក​លែងតែ​អ្នក​ណា​ដែល​មាន​ចិត្ត​ទៀងត្រង់​ប៉ុណ្ណោះ។

១៧ហើយ​ដូច​ជា​យើង ដែល​ជា​ព្រះ​អម្ចាស់ ក្នុង​កាល​ពី​ដើម​ដំបូង​ឡើយ បាន​ដាក់​បណ្ដាសា​ដល់​ដី​យ៉ាង​ណា នោះ​យើង​បាន​ប្រទាន​ពរ​ដល់​ដី​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​យ៉ាង​ដូច្នោះ​ដែរ តាម​វេលា​កាល​របស់​វា សម្រាប់​ជា​ការ​ប្រើប្រាស់​ដល់​ពួក​បរិសុទ្ធ​របស់​យើង ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​ទទួល​ទាន​ផល​ពី​ដី។

១៨ហើយ​ឥឡូវ​នេះ យើង​ប្រទាន​ដល់​អ្នក​នូវ​ព្រះ​បញ្ញត្តិ​មួយ​ថា អ្វីៗ​ដែល​យើង​ប្រាប់​ដល់​មនុស្ស​ម្នាក់ គឺ​យើង​ប្រាប់​ដល់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អ្នក​ព្រមាន​ដល់​បង​ប្អូន​របស់​អ្នក​ទុកជាមុន​អំពី​ទឹក​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​មក​នៅ​លើ​ទឹក​ទាំង​នោះ​ឡើយ ក្រែង សេចក្ដី​ជំនឿ​របស់​ពួក​គេ​បាត់បង់​ទៅ ហើយ​ពួក​គេ​ត្រូវ​ជាប់​អន្ទាក់​ទាំង​ឡាយ

១៩យើង​ជា​ព្រះ​អម្ចាស់ បាន​ចេញ​បញ្ញត្តិ ហើយ​មេ​បំផ្លាញ​ជិះ​នៅ​លើ​ផ្ទៃ​ទឹក​ទាំង​ឡាយ ហើយ​យើង​មិន​ដក​បញ្ញត្តិ​ចេញ​ឡើយ។

២០យើង​ជា​ព្រះ​អម្ចាស់ បាន​ខឹង​នឹង​អ្នក​ពី​ម្សិលមិញ ប៉ុន្តែ​ថ្ងៃ​នេះ សេចក្ដី​កំហឹង​របស់​យើង​បាន​បែរ​ចេញ​ហើយ។

២១ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ​ពួក​អ្នក​ទាំង​នោះ​ដែល​យើង​បាន​ពោល​ដល់ ដែល​ត្រូវ​ចេញ​ដំណើរ​របស់​ពួក​គេ​ជាបន្ទាន់ — ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ថា ចូរ​ឲ្យ​ពួក​គេ​ចេញ​ដំណើរ​របស់​ពួក​គេ​ជាបន្ទាន់​ចុះ។

២២ហើយ​វា​មិន​ជា​អ្វី​ដល់​យើង​ឡើយ បន្តិច​ក្រោយ​មក បើ​សិន​ជា​ពួក​គេ​បំពេញ​បេសកកម្ម​របស់​ពួក​គេ​យ៉ាង​ដូច្នោះ​មែន ទោះ​ជា​ពួក​គេ​ទៅ​តាម​ផ្លូវ​ទឹក ឬ​តាម​ផ្លូវ​ដី​ក្ដី ចូរ​ឲ្យ​ការណ៍​នេះ​កើត​ឡើង ដូច​ជា​ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដឹង តាម​ការ​វិនិច្ឆ័យ​របស់​ពួក​គេ ចាប់​ពី​ពេល​នេះ​ទៅ។

២៣ហើយ​ឥឡូវ​នេះ ស្ដី​អំពី ស៊ីឌនី រិកដុន, យ៉ូសែប ស៊្មីធ ជុញ្ញ័រ, និង អូលីវើរ ខៅឌើរី ជា​ពួក​អ្នក​បម្រើ​របស់​យើង ចូរ​កុំ​ឲ្យ​ពួក​គេ​មក​លើទឹក​ទាំង​ឡាយ​ទៀត​ឡើយ លើក​លែងតែ​មក​លើ​ប្រឡាយ​ក្នុង​កាល​ធ្វើ​ដំណើរ​មក​ផ្ទះ​របស់​ពួក​គេ​វិញ ឬ​ម្យ៉ាង​ទៀត ពួក​គេ​មិន​ត្រូវ​មក​លើ​ទឹក​ទាំង​ឡាយ ដើម្បី​ធ្វើ​ដំណើរ​នោះ​ឡើយ លើក​លែងតែ​មក​លើ​ប្រឡាយ​ប៉ុណ្ណោះ។

២៤មើល​ចុះ យើង​ជា​ព្រះ​អម្ចាស់ បាន​ចាត់​មាគ៌ា​មួយ​ទុក​សម្រាប់​ឲ្យ​ពួក​បរិសុទ្ធ​របស់​យើង​ធ្វើ​ដំណើរ ហើយ​មើល​ចុះ នេះ​ជា​មាគ៌ា — ថា​បន្ទាប់​ពី​ពួក​គេ​ចេញ​ពី​ប្រឡាយ​ទៅ នោះ​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដី ដរាបណា​ពួក​គេ​ត្រូវ​បាន​បញ្ជា​ដើម្បី​ឲ្យ​ធ្វើ​ដំណើរ ហើយ​ឡើង​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន

២៥ហើយ​ពួក​គេ​ត្រូវ​ប្រព្រឹត្ត ដូច​ជា​កូន​ចៅ​អ៊ីស្រាអែល​ដែរ ដោយ​បោះ​ត្រសាល​របស់​ពួក​គេ​តាម​ផ្លូវ។

២៦ហើយ​មើល​ចុះ បញ្ញត្តិ​នេះ​អ្នក​ត្រូវ​ឲ្យ​ដល់​បង​ប្អូន​របស់​អ្នក​ទាំង​អស់។

២៧ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដល់​អស់​អ្នក​ណា​ដែល​បាន​ប្រទាន​អំណាច​ឲ្យ​បញ្ជា​ទឹក គឺ​ដល់​អ្នក​នោះ​ហើយ​ដែល​ត្រូវ​បាន​ប្រទាន​ដោយ​ព្រះ​វិញ្ញាណ ដើម្បី​ឲ្យ​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​ទ្រង់។

២៨ហេតុ​ដូច្នោះ​ហើយ ចូរ​ឲ្យ​អ្នក​នោះ​ប្រព្រឹត្ត ដូច​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ទ្រង់​បញ្ជា​ដល់​គាត់​ចុះ ទោះ​ជា​នៅ​លើ​ដី ឬ​នៅ​លើទឹក​ទាំង​ឡាយ​ក៏​ដោយ ដូច​ជា​អំណាច​នៅ​ជាមួយ​យើង​ដើម្បី​ធ្វើ​ពី​ពេល​នេះ​ត​ទៅ។

២៩ហើយ​ចំពោះ​អ្នក​រាល់​គ្នា គឺ​ត្រូវ​បាន​ប្រទាន​ផ្លូវ​សម្រាប់​ពួក​បរិសុទ្ធ ឬ​មាគ៌ា​សម្រាប់​ពួក​បរិសុទ្ធ​នៃ​ជំរំ​របស់​ព្រះ​អម្ចាស់​ដើម្បី​ធ្វើ​ដំណើរ។

៣០ហើយ​ជា​ថ្មី​ទៀត យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ស៊ីឌនី រិកដុន, យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង អូលីវើរ ខៅឌើរី ជា​ពួក​អ្នក​បម្រើ​របស់​យើង មិន​ត្រូវ​បើក​មាត់​របស់​ពួក​គេ​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ពួក​ទុច្ចរិត​ឡើ​យ លុះ​ត្រា​ពួក​គេ​មក​ដល់​ក្រុង ស៊ិនស៊ិនណាទី សិន

៣១ហើយ​នៅ​កន្លែង​នោះ ពួក​គេ​ត្រូវ​បន្លឺ​សំឡេង​របស់​ពួក​គេ​ដល់​ព្រះ ទាស់​នឹង​ប្រជាជន មែន​ហើយ ដល់​ព្រះ​អង្គ​ដែល​មាន​សេចក្ដី​ខ្ញាល់​ឆួល​ឡើង​ទាស់​នឹង​អំពើ​ទុច្ចរិត​របស់​ពួក​គេ ជា​ប្រជាជន​ដែល​ស្ទើរ​ទុំ​សុស​ដើម្បី​បំផ្លិច​បំផ្លាញ​ចោល។

៣២ហើយ​ចេញ​ពី​នោះ​ទៅ ចូរ​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​សម្រាប់​ក្រុម​ជំនុំ​នៃ​បង​ប្អូន​របស់​ពួក​គេ​វិញ ព្រោះ​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​គេ សូម្បីតែ​ឥឡូវ​នេះ ក៏​ត្រូវ​ការ​នៅ​ក្នុង​ចំណោម​ពួក​គេ ខ្លាំង​ជាង​នៅ​ក្នុង​ចំណោម​ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ពួក​ទុច្ចរិត​ទៅ​ទៀត។

៣៣ហើយ​ឥឡូវ​នេះ ស្ដី​អំពី​ពួក​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន ចូរ​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ ហើយ​ប្រកាស​ព្រះ​បន្ទូល​នៅ​ក្នុង​ចំណោម​ក្រុម​ជំនុំ​ទាំង​ឡាយ​នៃ​ពួក​ទុច្ចរិត ដរាបណា​ដែល​បាន​ប្រទាន​ឲ្យ

៣៤ហើយ​ដរាបណា​ពួក​គេ​ប្រព្រឹត្ត​ដូច្នេះ នោះ​ពួក​គេ​នឹង​កម្ចាត់​សំលៀកបំពាក់​របស់​ពួក​គេ​ចេញ ហើយ​ពួក​គេ​នឹង​ត្រូវ​ឥត​ប្រឡាក់​នៅ​ចំពោះ​យើង។

៣៥ហើយ​ចូរ​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ជុំ​គ្នាពីរៗ​នាក់ ដូច​ជា​ឃើញ​ថា​ល្អ​ដល់​ពួក​គេ គ្រាន់តែ​កុំ​ឲ្យ​រេយណូលស៍ ខាហ៊ូន ជា​អ្នក​បម្រើ​របស់​យើង និង សាំយូអែល អេ​ច ស៊្មីធ ជា​អ្នក​បម្រើ​របស់​យើង ដែល​យើង​សព្វ​ព្រះ​ហឫទ័យ​ជា​ខ្លាំង​បែក​គ្នា​ឡើយ រហូត​ដល់​ពួក​គេ​វិល​ទៅ​ផ្ទះ​សំបែង​របស់​ពួក​គេ​សិន ហើយ​នេះ​គឺ​សម្រាប់​គោលបំណង​ដ៏​វាងវៃ​នៅ​ក្នុង​យើង។

៣៦ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ហើយ​អ្វី​ដែល​យើង​ប្រាប់​ដល់​មនុស្ស​ម្នាក់ គឺ​យើង​ប្រាប់​ដល់​មនុស្ស​ទាំង​អស់ ចូរ​សង្ឃឹម​ឡើង កូន​ក្មេង​តូច​អើយ ត្បិត​យើង​នៅ​កណ្ដាល​ពួក​អ្នក ហើយ​យើង​ពុំ​បាន​បោះបង់​ចោល​អ្នក​ឡើយ

៣៧ហើយ​ដរាបណា​អ្នក​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​យើង នោះ​ព្រះ​ពរ​ទាំង​ឡាយ​នៃ​នគរ​ជា​របស់​ផង​អ្នក​ហើយ។

៣៨ចូរ​ក្រវាត់​ចង្កេះ ហើយ​ចាំ​យាម ហើយ​មាន​ចិត្ត​ម៉ឺងម៉ាត់ ដោយ​ទន្ទឹង​ចាំ​ការ​យាង​មក​នៃ​កូន​មនុស្ស​ចុះ ត្បិត​ទ្រង់​នឹង​យាង​មក​នៅ​វេលា​ដែល​អ្នក​មិន​គិត។

៣៩ចូរ​អធិស្ឋាន​ជានិច្ច ប្រយោជន៍​កុំ​ឲ្យ​អ្នក​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង​ឡើយ ដើម្បី​ឲ្យ​អ្នក​អាច​ធន់​នៅ​បាន​ក្នុង​ថ្ងៃ​នៃ​ការ​យាង​មក​របស់​ទ្រង់ ទោះ​នៅ​ក្នុង​ជីវិត ឬ​ក្នុង​សេចក្ដី​ស្លាប់​ក្ដី។ គឺ​ដូច្នោះ​មែន។ អាម៉ែន៕