ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 65


កណ្ឌ​ទី ៦៥

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ខែ​តុលា ឆ្នាំ​១៨៣១ (History of the Church, ១:២១៨)។ ព្យាការី​សំគាល់​វិវរណៈ​នេះ​ថា​ជា​បទ​អធិស្ឋាន។

១–២, កូន​សោ​ទាំង​ឡាយ​នៃ​នគរ​ព្រះ ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​មនុស្ស​នៅ​លើ​ផែនដី ហើយ​គតិ​នៃ​ដំណឹង​ល្អ​ប​នឹង​ឈ្នះ; ៣–៦, នគរ​ស្ថាន​សួគ៌​ក្នុង​សហស្សវត្ស​នឹង​មក​ដល់ ហើយ​ចូល​រួម​នឹង​នគរ​ព្រះ​នៅ​លើ​ផែនដី។

ចូរ​ប្រុង​ស្ដាប់ ហើយ​មើល​ន៏ មាន​សំឡេង​ហាក់​ដូច​ជា​បាន​ចាត់​ឲ្យ​ចុះ​មក​ពី​ស្ថាន​ដ៏​ខ្ពស់ ដែល​មាន​ឥទ្ធិ​ឫទ្ធិ និង​អំណាច​ដ៏​ខ្លាំង ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​ទីបំផុត​ផែនដី មែន​ហើយ ជា​សំឡេង​ដល់​មនុស្ស​លោក​ថា — ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់ ចូរ​តម្រង់​ផ្លូវ​តូច​ថ្វាយ​ទ្រង់​ចុះ។

កូន​សោ​ទាំង​ឡាយ​នៃ​នគរ​ព្រះ ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​មនុស្ស​នៅ​លើ​ផែនដី ហើយ​ពី​ពេល​នេះ​ត​ទៅ ដំណឹង​ល្អ​នឹង​ត្រូវ​រមៀល​ចេញ​ទៅ​ដល់​ទី​បំផុត​ផែនដី ដូច​ជា​ថ្ម​ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ​ឥត​ដៃ​ណា​ធ្វើ នឹង​រមៀល​ចេញ​ទៅ​រហូត​ដល់​បាន​ពេញ​ផែនដី​ទាំង​មូល។

មែន​ហើយ មាន​សំឡេង​ស្រែក​ថា — ចូរ​រៀបចំ​ផ្លូវ​ទទួល​ព្រះ​អម្ចាស់ ចូរ​រៀបចំ​ភោជនាហារ​ទទួល​កូន​ចៀម ចូរ​រៀបចំ​ជាស្រេច​ចាំ​ប្ដី​ថ្មោង​ថ្មី​ចុះ។

ចូរ​អធិស្ឋាន​ដល់​ព្រះ​អម្ចាស់ ចូរ​អំពាវនាវ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ចូរ​ប្រកាស​ប្រាប់​ពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់​នៅ​ក្នុង​ចំណោម​ប្រជាជន​ចុះ។

ចូរ​ទូល​ដល់​ព្រះ​អម្ចាស់ ប្រយោជន៍​ឲ្យ​នគរ​របស់​ទ្រង់ អាច​បាន​ចេញ​ទៅ​លើ​ផែនដី ប្រយោជន៍​ឲ្យ​បណ្ដាជន​នៅ​លើ​ទី​នោះ អាច​បាន​ទទួល​នគរ​របស់​ទ្រង់​ផង ហើយ​ចូរ​ប្រុងប្រៀប​ជាស្រេច​ចាំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់ ក្នុង​កាល​កូន​មនុស្ស​នឹង​ចុះ​មក​ពី​ស្ថាន​សួគ៌ បំពាក់​ដោយ​សិរី​ល្អ​របស់​ទ្រង់​ក្នុង​ភាព​ភ្លឺ​ថ្លា ដើម្បី​ទៅ​ជួប​នគរ​ព្រះ​ដែល​តាំង​នៅ​លើ​ផែនដី។

ហេតុ​ដូច្នោះ​ហើយ សូម​ឲ្យ​នគរ​ព្រះ​បាន​ចេញ​ទៅ ប្រយោជន៍​ឲ្យ​នគរ​ស្ថាន​សួគ៌​អាច​បាន​មក​ដល់ ប្រយោជន៍​ឲ្យ​ព្រះ​អង្គ ឱ​ព្រះ​អង្គ​អើយ អាច​បាន​សិរី​ល្អ​នៅ​លើ​ស្ថាន​សួគ៌ ព្រម​ទាំង​នៅ​លើ​ផែនដី​ផង ប្រយោជន៍​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​ទ្រង់​អាច​បាន​ចាញ់ ត្បិត​កិត្តិយស ព្រះ​ចេស្ដា និង​សិរី​ល្អ ជា​របស់​ផង​ទ្រង់​ដ៏​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​ត​ទៅ។ អាម៉ែន៕