កណ្ឌទី ៦៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហៃរាំ រដ្ឋអូហៃអូ ខែតុលា ឆ្នាំ១៨៣១ (History of the Church, ១:២១៨)។ ព្យាការីសំគាល់វិវរណៈនេះថាជាបទអធិស្ឋាន។
១–២, កូនសោទាំងឡាយនៃនគរព្រះ ត្រូវបានផ្ទុកផ្ដាក់ដល់មនុស្សនៅលើផែនដី ហើយគតិនៃដំណឹងល្អបនឹងឈ្នះ; ៣–៦, នគរស្ថានសួគ៌ក្នុងសហស្សវត្សនឹងមកដល់ ហើយចូលរួមនឹងនគរព្រះនៅលើផែនដី។
១ចូរប្រុងស្ដាប់ ហើយមើលន៏ មានសំឡេងហាក់ដូចជាបានចាត់ឲ្យចុះមកពីស្ថានដ៏ខ្ពស់ ដែលមានឥទ្ធិឫទ្ធិ និងអំណាចដ៏ខ្លាំង ដែលធ្វើដំណើរទៅដល់ទីបំផុតផែនដី មែនហើយ ជាសំឡេងដល់មនុស្សលោកថា — ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយទ្រង់ចុះ។
២កូនសោទាំងឡាយនៃនគរព្រះ ត្រូវបានផ្ទុកផ្ដាក់ដល់មនុស្សនៅលើផែនដី ហើយពីពេលនេះតទៅ ដំណឹងល្អនឹងត្រូវរមៀលចេញទៅដល់ទីបំផុតផែនដី ដូចជាថ្មដែលដាប់ផ្ដាច់ចេញពីភ្នំឥតដៃណាធ្វើ នឹងរមៀលចេញទៅរហូតដល់បានពេញផែនដីទាំងមូល។
៣មែនហើយ មានសំឡេងស្រែកថា — ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូររៀបចំភោជនាហារទទួលកូនចៀម ចូររៀបចំជាស្រេចចាំប្ដីថ្មោងថ្មីចុះ។
៤ចូរអធិស្ឋានដល់ព្រះអម្ចាស់ ចូរអំពាវនាវដល់ព្រះនាមដ៏បរិសុទ្ធរបស់ទ្រង់ ចូរប្រកាសប្រាប់ពីកិច្ចការដ៏អស្ចារ្យរបស់ទ្រង់នៅក្នុងចំណោមប្រជាជនចុះ។
៥ចូរទូលដល់ព្រះអម្ចាស់ ប្រយោជន៍ឲ្យនគររបស់ទ្រង់ អាចបានចេញទៅលើផែនដី ប្រយោជន៍ឲ្យបណ្ដាជននៅលើទីនោះ អាចបានទទួលនគររបស់ទ្រង់ផង ហើយចូរប្រុងប្រៀបជាស្រេចចាំឲ្យថ្ងៃនោះមកដល់ ក្នុងកាលកូនមនុស្សនឹងចុះមកពីស្ថានសួគ៌ បំពាក់ដោយសិរីល្អរបស់ទ្រង់ក្នុងភាពភ្លឺថ្លា ដើម្បីទៅជួបនគរព្រះដែលតាំងនៅលើផែនដី។
៦ហេតុដូច្នោះហើយ សូមឲ្យនគរព្រះបានចេញទៅ ប្រយោជន៍ឲ្យនគរស្ថានសួគ៌អាចបានមកដល់ ប្រយោជន៍ឲ្យព្រះអង្គ ឱព្រះអង្គអើយ អាចបានសិរីល្អនៅលើស្ថានសួគ៌ ព្រមទាំងនៅលើផែនដីផង ប្រយោជន៍ឲ្យពួកខ្មាំងសត្រូវរបស់ទ្រង់អាចបានចាញ់ ត្បិតកិត្តិយស ព្រះចេស្ដា និងសិរីល្អ ជារបស់ផងទ្រង់ដ៏អស់កល្បជានិច្ច និងរៀងដរាបតទៅ។ អាម៉ែន៕