កណ្ឌទី ៦៧
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហៃរាំ រដ្ឋអូហៃអូ ខែវិច្ឆិកា ឆ្នាំ១៨៣១ (History of the Church, ១:២២៤–២២៥)។ នេះជាគ្រានៃសន្និសីទដ៏សំខាន់មួយ ហើយការបោះពុម្ពផ្សាយវិវរណៈទាំងឡាយ ដែលបានទទួលពីព្រះអម្ចាស់តាមរយៈព្យាការីរួចហើយនោះ ត្រូវបានយកមកពិចារណា ហើយអនុវត្ត (សូមមើលចំណងជើងនៃកណ្ឌទី ១)។ គឺបានសម្រេចថា អូលីវើរ ខៅឌើរី និង យ៉ូហាន វិតមើរ ត្រូវយកឯកសារអំពីវិវរណៈទាំងឡាយទៅក្រុងអ៊ិនឌីប៉ែនដែនស៍ ជាទីដែល ដ័បបុលយូ ដ័បបុលយូ ហ្វែប្ស នឹងបោះពុម្ពផ្សាយចេញជា Book of Commandments (ព្រះគម្ពីរនៃព្រះបញ្ញត្តិ)។ បងប្អូនប្រុសៗភាគ ច្រើនបានថ្លែងទីបន្ទាល់យ៉ាងម៉ឺងម៉ាត់ថា វិវរណៈទាំងប៉ុន្មាន ដែលបានប្រមូលបង្រួមសម្រាប់បោះពុម្ពផ្សាយ នោះសុទ្ធតែពិត ដូចជាបានធ្វើបន្ទាល់ដោយព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតមកលើពួកគេ។ ព្យាការីកត់ថា បន្ទាប់ពីបានទទួលវិវរណៈ ដែលស្គាល់ថា ជាកណ្ឌទីមួយ នោះមានការសន្ទនាជំទាស់មួយអំពីរបៀបប្រើភាសានៅក្នុងវិវរណៈទាំងឡាយ។ វិវរណៈនេះត្រូវបានទទួលដូចដែលមានតទៅនេះ។
១–៣, ព្រះអម្ចាស់ទ្រង់ឮពាក្យអធិស្ឋានទាំងឡាយនៃពួកអែលឌើរ ហើយទតមើលមកលើពួកគេ; ៤–៩, ទ្រង់ស្នើជនដ៏មានប្រាជ្ញាវាងវៃបំផុតឲ្យសាកសរសេរវិវរណៈរបស់ទ្រង់តែមួយភាគតូចបំផុតឲ្យបានគ្រាន់បើជាង; ១០–១៤, ពួកអែលឌើរដែលមានចិត្តស្មោះត្រង់នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញដោយសារព្រះវិញ្ញាណ ហើយមើលឃើញព្រះភក្ត្រានៃព្រះ។
១មើលចុះ និងចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាជាពួកអែលឌើរនៃសាសនាចក្ររបស់យើង ដែលបានជួបជុំគ្នាអើយ ពាក្យអធិស្ឋានរបស់ពួកគេយើងបានឮ ហើយដួងចិត្តរបស់ពួកគេយើងបានស្គាល់ ហើយសេចក្ដីប៉ងប្រាថ្នារបស់ពួកគេ បានឡើងមកចំពោះយើងហើយ។
២មើលចុះ ហើយមើលន៏ ភ្នែករបស់យើងកំពុងសម្លឹងមើលមកលើអ្នក ហើយផ្ទៃមេឃ និងផែនដីនៅក្នុងដៃរបស់យើង ហើយទ្រព្យសម្បត្តិទាំងឡាយនៃភាពអស់កល្បជានិច្ច គឺជារបស់ផងយើង ទុកសម្រាប់ប្រទានឲ្យ។
៣អ្នករាល់គ្នាបានខំព្យាយាមដើម្បីជឿថា អ្នករាល់គ្នាគប្បីបានទទួលព្រះពរ ដែលបានស្នើផ្ដល់ដល់អ្នក ប៉ុន្តែមើលចុះ យើងប្រាប់អ្នកជាប្រាកដថា មានសេចក្ដីខ្លាចនៅក្នុងចិត្តអ្នកទាំងឡាយ ហើយប្រាកដមែន នេះហើយជាហេតុដែលអ្នករាល់គ្នាពុំបានទទួល។
៤ហើយឥឡូវនេះ យើងជាព្រះអម្ចាស់ ប្រទានដល់អ្នកនូវទីបន្ទាល់មួយនៃសេចក្ដីពិតអំពីព្រះបញ្ញត្តិទាំងឡាយនេះ ដែលលាតនៅខាងមុខអ្នក។
៥ភ្នែករបស់អ្នកទាំងឡាយ បានសម្លឹងមើលមកលើ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង ហើយភាសារបស់លោក អ្នកក៏បានដឹង រីឯការមិនល្អឥតខ្ចោះរបស់លោក អ្នកក៏បានដឹង ហើយអ្នកបានស្វែងរកតម្រិះក្នុងចិត្តរបស់អ្នក ប្រយោជន៍ឲ្យអ្នកអាចថ្លែងបានប្រសើរ ជាងភាសារបស់លោក ការណ៍នេះអ្នកក៏ដឹងផងដែរ។
៦ឥឡូវនេះ ចូរអ្នករាល់គ្នារកក្នុងព្រះគម្ពីរនៃព្រះបញ្ញត្តិ គឺមួយណាដែលតូចជាងគេបំផុត ហើយចូរតាំងអ្នកនោះដែលមានប្រាជ្ញាបំផុតក្នុងចំណោមអ្នករាល់គ្នាចុះ
៧ឬក៏បើសិនជាមាននរណាមួយក្នុងចំណោមអ្នករាល់គ្នា ដែលនឹងសរសេរវិវរណៈមួយឲ្យបានដូចវិវរណៈនោះ នោះអ្នករាល់គ្នាត្រូវបានរាប់ថាសុចរិត ក្នុងការនិយាយថា អ្នករាល់គ្នាមិនដឹងថាវិវរណៈទាំងនោះពិត
៨ប៉ុន្តែបើសិនជាអ្នករាល់គ្នាមិនអាចសរសេរមួយឲ្យបានដូចជាវិវរណៈនោះទេ អ្នករាល់គ្នាកំពុងតែនៅក្រោមសេចក្ដីដាក់ទោស បើសិនជាអ្នករាល់គ្នាមិនថ្លែងទីបន្ទាល់ថា វិវរណៈទាំងនោះពិត។
៩ត្បិតអ្នករាល់គ្នាដឹងថា គ្មានសេចក្ដីឥតសុចរិតណានៅក្នុងវិវរណៈទាំងនោះឡើយ ហើយអ្វីដែលសុចរិត នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ។
១០ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា គឺជាឯកសិទ្ធិរបស់អ្នក ហើយជាសេចក្ដីសន្យាដែលយើងប្រទានដល់អ្នក ដែលបានតែងតាំងចំពោះការងារបម្រើនេះ ដែលដរាបណាអ្នកកម្ចាត់ខ្លួនចេញពីសេចក្ដីច្រណែន និងសេចក្ដីខ្លាច ហើយបន្ទាបខ្លួននៅចំពោះយើង ត្បិតអ្នករាល់គ្នាពុំបានបន្ទាបខ្លួនឲ្យបានគ្រប់គ្រាន់ឡើយ នោះវាំងនននឹងត្រូវរហែក ហើយអ្នកនឹងបានឃើញយើង ហើយដឹងថា យើងជាព្រះ — ពុំមែនដោយគំនិតខាងរូបកាយ ឬខាងសាច់ឈាមទេ ប៉ុន្តែខាងវិញ្ញាណវិញ។
១១ត្បិតគ្មានមនុស្សណាមួយបានឃើញព្រះនៅក្នុងសាច់ឈាមនៅពេលណាមួយឡើយ លើកលែងតែបានប្រោសឡើងដោយព្រះ វិញ្ញាណនៃព្រះប៉ុណ្ណោះ។
១២ហើយគ្មានមនុស្សខាងសាច់ឈាមណាមួយ អាចនៅក្នុងវត្តមាននៃព្រះបានទេ ឬតាមគំនិតខាងរូបកាយបានឡើយ។
១៣អ្នករាល់គ្នាពុំអាចនៅក្នុងវត្តមាននៃព្រះបានឡើយនៅពេលនេះ ឬក៏ការងារបម្រើនៃពួកទេវតាដែរ ហេតុដូច្នោះហើយ ចូរស៊ូនៅក្នុងសេចក្ដីអត់ធន់ចុះ រហូតដល់អ្នករាល់គ្នាបានល្អឥតខ្ចោះ។
១៤ចូរកុំបែរគំនិតរបស់អ្នកទៅវិញឡើយ ហើយកាលណាអ្នករាល់គ្នាបានសក្ដិសម តាមពេលដែលយើងកំណត់ នោះអ្នករាល់គ្នានឹងបានឃើញ ហើយដឹងនូវអ្វីដែលបានប្រគល់មកលើអ្នក ដោយសារដៃនៃយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើង។ អាម៉ែន៕