កណ្ឌទី ៦៩
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិហៃរាំ រដ្ឋអូហៃអូ ខែវិច្ឆិកា ឆ្នាំ១៨៣១ (History of the Church, ១:២៣៤–២៣៥)។ ការប្រមូលផ្គុំនៃវិវរណៈទាំងឡាយដែលបម្រុងសម្រាប់បោះពុម្ពផ្សាយលើកមុន នោះត្រូវបានអនុម័តនៅឯសន្និសីទពិសេសនៅថ្ងៃទី១ ខែវិច្ឆិកា។ នៅថ្ងៃទី៣ ខែវិច្ឆិកា វិវរណៈនេះលេចចេញមកជាកណ្ឌទី ១៣៣ គឺត្រូវបានបញ្ចូល ហើយហៅថាជាសេចក្ដីបន្ថែម។ ដោយសារកិច្ចការខាងសន្និសីទ អូលីវើរ ខៅឌើរី ត្រូវបានចាត់ឲ្យកាន់ឯកសារនៃវិវរណៈ និងព្រះបញ្ញត្តិទាំងឡាយ ដែលបានប្រមូលផ្គុំទៅក្រុងអ៊ិនឌីប៉ែនដែនស៍ រដ្ឋមិសសួរី សម្រាប់បោះពុម្ពផ្សាយ។ គាត់ក៏ត្រូវយកប្រាក់ដែលបានដាក់វិភាគទានសម្រាប់ស្ថាបនាសាសនាចក្រឡើង នៅរដ្ឋមិសសួរី។ មកពីផ្លូវធ្វើដំណើរត្រូវនាំគាត់ដើរកាត់ស្រុកដែលមិនសូវមានមនុស្សនៅ ទៅដល់ព្រំប្រទល់ នោះបានជាគួរឲ្យមានគូកនធ្វើដំណើរជាមួយ។
១–២, យ៉ូហាន វិតមើរ ត្រូវទៅមិសសួរីជាមួយ អូលីវើរ ខៅឌើរី; ៣–៨, គាត់ក៏ត្រូវផ្សាយ ហើយប្រមូលកត់បញ្ជី និងសរសេរទិន្នន័យខាងប្រវត្តិសាស្ត្រផងដែរ។
១ចូរប្រុងស្ដាប់យើង ព្រះអម្ចាស់ជាព្រះរបស់អ្នកចុះ ទ្រង់មានព្រះបន្ទូលដូច្នោះថា ដោយគិតដល់ អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើង។ គឺមិនមែនជាប្រាជ្ញានៅក្នុងយើងទេ ដែលគាត់ត្រូវបានផ្ទុកផ្ដាក់ដោយព្រះបញ្ញត្តិ និងប្រាក់កាសទាំងឡាយ ដែលគាត់ត្រូវកាន់ទៅដែនដីស៊ីយ៉ូន លើកលែងតែមាននរណាម្នាក់ទៅជាមួយគាត់ ដែលនឹងបានទៅជាមនុស្សពិតហើយស្មោះត្រង់។
២ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់សព្វព្រះហឫទ័យចង់ឲ្យ យ៉ូហាន វិតមើរ ជាអ្នកបម្រើរបស់យើងគួរទៅជាមួយ អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើង
៣ហើយក៏ចង់ឲ្យគាត់គួរបន្តនូវការសរសេរ និងការកត់ប្រវត្តិអំពីការណ៍ដ៏សំខាន់ៗទាំងឡាយ ដែលគាត់នឹងសង្កេតមើល ហើយដឹងពីសាសនាចក្ររបស់យើង
៤ហើយក៏ចង់ឲ្យគាត់ទទួលការទូន្មាន និងជំនួយពី អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើង និងពីអ្នកផ្សេងៗទៀតផង។
៥ហើយពួកអ្នកបម្រើរបស់យើងដែលកំពុងនៅពាសពេញលើផែនដី ក៏ត្រូវផ្ញើដំណើររឿងទាំងឡាយអំពីការកាន់កាប់ត្រួតត្រារបស់ពួកគេទៅឯដែនដីស៊ីយ៉ូនផងដែរ
៦ត្បិតដែនដីស៊ីយ៉ូននឹងត្រូវទៅជាវេទិកា និងកន្លែង ដើម្បីទទួល ហើយប្រព្រឹត្តអស់ទាំងការណ៍ទាំងនេះ។
៧ទោះជាយ៉ាងណាក៏ដោយ ចូរឲ្យ យ៉ូហាន វិតមើរ ជាអ្នកបម្រើរបស់យើងធ្វើដំណើរជាច្រើនដងពីកន្លែងមួយទៅកន្លែងមួយ ហើយពីសាសនាចក្រមួយទៅសាសនាចក្រមួយ ប្រយោជន៍ឲ្យគាត់អាចបានទទួលតម្រិះថែមទៀតដោយងាយៗ —
៨ការផ្សាយ និងការបរិយាយ ការសរសេរ ការចម្លង ការជ្រើសរើស និងការទទួលគ្រប់ទាំងអស់ ដែលនឹងទៅជាការល្អដល់សាសនាចក្រ និងដល់តំណមនុស្សមានវ័យធំឡើង ដែលនឹងធំឡើងនៅលើដែនដីស៊ីយ៉ូន ដើម្បីបានដែនដីនេះពីតំណមួយទៅតំណមួយដល់អស់កល្បជានិច្ច និងរៀងដរាបតទៅ។ អាម៉ែន៕