ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 69


កណ្ឌ​ទី ៦៩

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ យ៉ូសែប ស៊្មីធ ជា​ព្យាការី នៅ​ភូមិ​ហៃរាំ រដ្ឋ​អូហៃអូ ខែ​វិច្ឆិកា ឆ្នាំ​១៨៣១ (History of the Church, ១:២៣៤–២៣៥)។ ការ​ប្រមូល​ផ្គុំ​នៃ​វិវរណៈ​ទាំង​ឡាយ​ដែល​បម្រុង​សម្រាប់​បោះពុម្ពផ្សាយ​លើក​មុន នោះ​ត្រូវ​បាន​អនុម័ត​នៅ​ឯ​សន្និសីទ​ពិសេស​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា។ នៅ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា វិវរណៈ​នេះ​លេច​ចេញ​មក​ជា​កណ្ឌ​ទី ១៣៣ គឺ​ត្រូវ​បាន​បញ្ចូល ហើយ​ហៅថា​ជា​សេចក្ដី​បន្ថែម។ ដោយ​សារ​កិច្ចការ​ខាង​សន្និសីទ អូលីវើរ ខៅឌើរី ត្រូវ​បាន​ចាត់​ឲ្យ​កាន់​ឯកសារ​នៃ​វិវរណៈ និង​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​បាន​ប្រមូល​ផ្គុំ​ទៅ​ក្រុង​អ៊ិនឌីប៉ែនដែនស៍ រដ្ឋ​មិសសួរី សម្រាប់​បោះពុម្ពផ្សាយ។ គាត់​ក៏​ត្រូវ​យក​ប្រាក់​ដែល​បាន​ដាក់​វិភាគ​ទាន​សម្រាប់​ស្ថាបនា​សាសនាចក្រ​ឡើង នៅ​រដ្ឋ​មិសសួរី។ មក​ពី​ផ្លូវ​ធ្វើ​ដំណើរ​ត្រូវ​នាំ​គាត់​ដើរកាត់​ស្រុក​ដែល​មិនសូវ​មាន​មនុស្ស​នៅ ទៅ​ដល់​ព្រំប្រទល់ នោះ​បាន​ជា​គួរ​ឲ្យ​មាន​គូកន​ធ្វើ​ដំណើរ​ជាមួយ។

១–២, យ៉ូហាន វិតមើរ ត្រូវ​ទៅ​មិសសួរី​ជាមួយ អូលីវើរ ខៅឌើរី; ៣–៨, គាត់​ក៏​ត្រូវ​ផ្សាយ ហើយ​ប្រមូល​កត់​បញ្ជី និង​សរសេរ​ទិន្នន័យ​ខាង​ប្រវត្តិសាស្ត្រ​ផង​ដែរ។

ចូរ​ប្រុង​ស្ដាប់​យើង ព្រះ​អម្ចាស់​ជា​ព្រះ​របស់​អ្នកចុះ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នោះ​ថា ដោយ​គិត​ដល់ អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង​។ គឺ​មិនមែន​ជា​ប្រាជ្ញា​នៅ​ក្នុង​យើង​ទេ ដែល​គាត់​ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដោយ​ព្រះ​បញ្ញត្តិ និង​ប្រាក់​កាស​ទាំង​ឡាយ ដែល​គាត់​ត្រូវ​កាន់​ទៅ​ដែនដី​ស៊ីយ៉ូន លើក​លែង​តែ​មាន​នរណា​ម្នាក់​ទៅ​ជា​មួយ​គាត់ ដែល​នឹង​បាន​ទៅ​ជា​មនុស្ស​ពិត​ហើយ​ស្មោះត្រង់។

ហេតុ​ដូច្នោះ​ហើយ យើង​ជា​ព្រះ​អម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចង់​ឲ្យ យ៉ូហាន វិតមើរ ជា​អ្នក​បម្រើ​របស់​យើងគួរ​ទៅ​ជា​មួយ អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង

ហើយ​ក៏​ចង់​ឲ្យ​គាត់​គួរ​បន្ត​នូវ​ការ​សរសេរ និង​ការ​កត់​ប្រវត្តិ​អំពី​ការណ៍​ដ៏​សំខាន់ៗ​ទាំង​ឡាយ ដែល​គាត់​នឹង​សង្កេត​មើល ហើយ​ដឹង​ពី​សាសនាចក្រ​របស់​យើង

ហើយ​ក៏​ចង់​ឲ្យ​គាត់​ទទួល​ការ​ទូន្មាន និង​ជំនួយ​ពី អូលីវើរ ខៅឌើរី ជា​អ្នក​បម្រើ​របស់​យើង និង​ពី​អ្នក​ផ្សេងៗ​ទៀត​ផង។

ហើយ​ពួក​អ្នក​បម្រើ​របស់​យើង​ដែល​កំពុង​នៅ​ពាស​ពេញ​លើ​ផែនដី ក៏​ត្រូវ​ផ្ញើ​ដំណើរ​រឿង​ទាំង​ឡាយ​អំពី​ការ​កាន់កាប់​ត្រួតត្រា​របស់​ពួក​គេ​ទៅ​ឯ​ដែនដី​ស៊ីយ៉ូន​ផង​ដែរ

ត្បិត​ដែនដី​ស៊ីយ៉ូន​នឹង​ត្រូវ​ទៅ​ជា​វេទិកា និង​កន្លែង ដើម្បី​ទទួល ហើយ​ប្រព្រឹត្ត​អស់​ទាំង​ការណ៍​ទាំង​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចូរ​ឲ្យ យ៉ូហាន វិតមើរ ជា​អ្នក​បម្រើ​របស់​យើង​ធ្វើ​ដំណើរ​ជា​ច្រើន​ដង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ពី​សាសនាចក្រ​មួយ​ទៅ​សាសនាចក្រ​មួយ ប្រយោជន៍​ឲ្យ​គាត់​អាច​បាន​ទទួល​តម្រិះ​ថែម​ទៀត​ដោយ​ងាយៗ —

ការ​ផ្សាយ និង​ការ​បរិយាយ ការ​សរសេរ ការ​ចម្លង ការ​ជ្រើសរើស និង​ការ​ទទួល​គ្រប់​ទាំង​អស់ ដែល​នឹង​ទៅ​ជា​ការ​ល្អ​ដល់​សាសនាចក្រ និង​ដល់​តំណ​មនុស្ស​មាន​វ័យ​ធំ​ឡើង ដែល​នឹង​ធំ​ឡើង​នៅ​លើ​ដែនដី​ស៊ីយ៉ូន ដើម្បី​បាន​ដែនដី​នេះ​ពី​តំណ​មួយ​ទៅ​តំណ​មួយ​ដល់​អស់​កល្ប​ជានិច្ច និង​រៀង​ដរាប​ត​ទៅ។ អាម៉ែន៕