ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 8


កណ្ឌ​ទី ៨

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​អូលីវើរ ខៅឌើរី នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា នៅ​ខែ មេសា ឆ្នាំ​១៨២៩ (History of the Church, ១:៣៦–៣៧)។ ក្នុង​ដំណើរការ​បកប្រែ​ព្រះ​គម្ពីរ​មរមន នោះ​អូលីវើរ បន្ត​បម្រើ​ជា​ស្មៀន​នៅ​ឡើយ ដោយ​សរសេរ​តាម​មាត់​របស់​ព្យាការី គាត់​មាន​បំណង​ចង់​បាន​គ្រប​ដណ្ដប់​ដោយ​អំណោយទាន​ខាង​ការ​បកប្រែ។ ព្រះ​អម្ចាស់​ទ្រង់​បាន​ឆ្លើយតប​នូវ​ការ​អង្វរ​របស់​លោក ដោយ​ប្រទាន​វិវរណៈ​នេះ។

១–៥, វិវរណៈ​បាន​មក​ដោយ​សារ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ; ៦–១២, ចំណេះ​អំពី​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ ហើយ​អំណាច​ដើម្បី​បកប្រែ​បញ្ជី​បូរាណ​នោះ​បាន​មក​ដោយ​សារ​សេចក្ដី​ជំនឿ។

អូលីវើរ ខៅឌើរី​អើយ ប្រាកដ​មែន យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ពិត​ដូច​ជា​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ ជា​ព្រះ​របស់​អ្នក និង​ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​អ្នក នោះ​អ្នក​ពិតជា​នឹង​បាន​ទទួល​ចំណេះ​អំពី​ការណ៍​ទាំង​ឡាយ​ណា ដែល​អ្នក​នឹង​សុំ ដោយ​សេចក្ដី​ជំនឿ ដោយ​មាន​ចិត្ត​ទៀងត្រង់ ដោយ​ជឿ​ថា​អ្នក​នឹង​បាន​ទទួល​ចំណេះ​អំពី​ចារឹក​នៃ​បញ្ជី​ប្រវត្តិ​ចំណាស់ ដែល​ជា​របស់​បូរាណ ដែល​មាន​ភាគ​ទាំង​ឡាយ​ពី​បទ​គម្ពីរ​របស់​យើង ដែល​បាន​ពោល​ដល់ ដោយ​ការ​បើក​សម្ដែង​នៃ​វិញ្ញាណ​របស់​យើង។

មែន​ហើយ មើល​ចុះ យើង​នឹង​ប្រាប់​អ្នក​នៅ​ក្នុង​គំនិត​របស់​អ្នក និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​នឹង​សណ្ឋិត​មក​លើ​អ្នក ហើយ​ដែល​នឹង​គង់នៅ​ក្នុង​ចិត្ត​របស់​អ្នក។

ឥឡូវ​នេះ មើល​ចុះ នេះ​ជា​វិញ្ញាណ​នៃ​វិវរណៈ មើល​ចុះ នេះ​ជា​វិញ្ញាណ​ដែល​លោក​ម៉ូសេ​បាន​នាំ​កូន​ចៅ​អ៊ីស្រាអែល​ឆ្លង​សមុទ្រ​ក្រហម​លើ​ដី​គោក។

ហេតុ​ដូច្នេះ​ហើយ នេះ​ជា​អំណោយទាន​របស់​អ្នក ចូរ​អនុវត្ត​ចុះ ហើយ​អ្នក​មាន​ពរ​ហើយ ព្រោះ​អំណោយទាន​នេះ​នឹង​ដោះ​លែង​អ្នក​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​អ្នក ម្ល៉ោះ​ហើយ បើ​សិន​ជា​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ប្រហារ​អ្នក​បង់ ហើយ​នាំ​ព្រលឹង​របស់​អ្នក​ទៅ​រក​សេចក្ដី​បំផ្លិចបំផ្លាញ។

ឱ ចូរ​ចងចាំ​ពាក្យ​ទាំង​ឡាយ​នេះ ហើយ​ចូរ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ចុះ ចូរ​ចងចាំ​ចុះ​ថា នេះ​ជា​អំណោយទាន​របស់​អ្នក។

ឥឡូវ​នេះ​ពុំ​មែន​ជា​អំណោយទាន​របស់​អ្នក​ទាំង​អស់​ទេ ត្បិត​អ្នក​មាន​អំណោយទាន​ផ្សេង​ទៀត ដែល​ជា​អំណោយទាន​នៃ​លោក​អើរ៉ុន មើល​ចុះ អំណោយទាន​នេះ​បាន​ប្រាប់​អ្នក​នូវ​ការណ៍​ជា​ច្រើន

មើល​ចុះ គ្មាន​អំណាច​ឯណា​ឡើយ ក្រៅ​ពី​ព្រះ​ចេស្ដា​នៃ​ព្រះ ដែល​អាច​បណ្ដាល​ឲ្យ​អ្នក​មាន​អំណោយទាន​នៃ​លោក​អើរ៉ុន​នេះ។

ហេតុ​ដូច្នេះ​ហើយ ចូរ​កុំ​សង្ស័យ​ឡើយ ត្បិត​នេះ​ជា​អំណោយទាន​នៃ​ព្រះ ហើយ​អ្នក​នឹង​បាន​អំណោយទាន​នេះ​នៅ​ក្នុង​ដៃ​របស់​អ្នក ហើយ​នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ ហើយ​នឹង​គ្មាន​អំណាច​ណា អាច​យក​ពី​ដៃ​របស់​អ្នក​បាន​ឡើយ ត្បិត​នេះ​ជា​កិច្ចការ​នៃ​ព្រះ។

ហើយ ម្ល៉ោះ​ហើយ អ្វីៗ​ដែល​អ្នក​នឹង​សុំ​ពី​យើង​ឲ្យ​ប្រាប់​អ្នក​ដោយ​មធ្យោបាយ​ទាំង​ឡាយ​នោះ នោះ​យើង​នឹង​ប្រទាន​ដល់​អ្នក ហើយ​អ្នក​នឹង​បាន​ដឹង​អំពី​ការណ៍​នោះ។

១០ចូរ​ចងចាំ​ថា បើ​គ្មាន​សេចក្ដី​ជំនឿ នោះ​អ្នក​ពុំ​អាច​ធ្វើ​អ្វី​បាន​ទេ ហេតុ​ដូច្នេះ​ហើយ ចូរ​សុំ​ដោយ​នូវ​សេចក្ដី​ជំនឿ។ ចូរ​កុំ​ប្រហែស​នឹង​ការណ៍​ទាំង​ឡាយ​នេះ ចូរ​កុំ​សូម​អ្វី​ដែល​អ្នក​មិន​គួរ​សូម​នោះ​ឡើយ។

១១ចូរ​សូម​ដើម្បី​ឲ្យ​អ្នក​អាច​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ ហើយ​ដើម្បី​ឲ្យ​អ្នក​អាច​បកប្រែ ហើយ​ទទួល​ចំណេះ​ពី​អស់​ទាំង​បញ្ជី​ប្រវត្តិ​បុរាណ​ទាំង​ឡាយ​នោះ ដែល​បាន​លាក់​ទុក ដែល​ពិសិដ្ឋ ហើយ​ស្រប​តាម​សេចក្ដី​ជំនឿ​របស់​អ្នក នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​ហើយ។

១២មើល​ចុះ គឺជា​យើង​នេះ​ហើយ ដែល​បាន​មាន​បន្ទូល​ពី​ការណ៍​នេះ ហើយ​យើង​ជា​អ្នក​ដដែល​នោះ ដែល​បាន​មាន​បន្ទូល​មក​កាន់​អ្នក ចាប់​តាំង​ពី​ដំបូង​មក​ម្ល៉េះ។ អាម៉ែន៕