កណ្ឌទី ៩
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈយ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះអូលីវើរ ខៅឌើរី នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា នៅខែ មេសា ឆ្នាំ១៨២៩ (History of the Church, ១:៣៧–៣៨)។ អូលីវើរ ត្រូវបានទូន្មានឲ្យមានចិត្តអត់ធ្មត់ ហើយត្រូវបានជំរុញឲ្យពេញចិត្តនឹងការសរសេរតាម ត្បិតនៅពេលនេះ គឺសរសេរតាមមាត់នៃអ្នកបកប្រែជាជាងសាកបកប្រែវិញ។
១–៦, បញ្ជីប្រវត្តិបូរាណឯទៀតទាំងប៉ុន្មាន នោះនឹងត្រូវតែបានបកប្រែ; ៧–១៤, ព្រះគម្ពីរមរមន គឺបានបកប្រែដោយការសិក្សា និងដោយការបញ្ជាក់ខាងវិញ្ញាណ។
១មើលចុះ កូនអើយ យើងប្រាប់អ្នកថា ពីព្រោះអ្នកពុំបានបកប្រែ ស្របតាមអ្វីដែលអ្នកមានបំណងចង់បានពីយើង ហើយបានចាប់ផ្ដើមសរសេរជូនយ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើងម្ដងទៀត ដោយហេតុនោះហើយ យើងសុំឲ្យអ្នកធ្វើតទៅទៀត ទាល់តែអ្នកបានបញ្ចប់បញ្ជីប្រវត្តិនេះ ដែលយើងបានផ្តាក់ផ្ទុកដល់អ្នក។
២ហើយខណៈនោះ មើលចុះ បញ្ជីប្រវត្តិឯទៀតទាំងប៉ុន្មានដែលយើងមាន នោះយើងនឹងប្រទានដល់អ្នកនូវអំណាច ដើម្បីឲ្យអ្នកអាចជួយបកប្រែបាន។
៣ចូរមានចិត្តអត់ធ្មត់ចុះ កូនអើយ ត្បិតនេះជាប្រាជ្ញានៅក្នុងយើង ហើយមិនចាំបាច់ឲ្យអ្នកគួរបកប្រែ នៅពេលនេះទេ។
៤មើលចុះ កិច្ចការដែលអ្នកបានហៅឲ្យធ្វើ គឺដើម្បីសរសេរជូនយ៉ូសែប ជាអ្នកបម្រើរបស់យើង។
៥ហើយមើលចុះ គឺព្រោះថាអ្នកពុំបានបន្ដធ្វើតទៅទៀត ដូចដែលអ្នកបានចាប់ផ្ដើម កាលអ្នកបានចាប់ផ្ដើមបកប្រែ នោះយើងបានដកឯកសិទ្ធិនេះចេញពីអ្នក។
៦ចូរកុំរអ៊ូរទាំឡើយ កូនអើយ ត្បិតនេះជាប្រាជ្ញានៅក្នុងយើង ដែលយើងបានប្រព្រឹត្តចំពោះអ្នកតាមរបៀបនេះ។
៧មើលចុះ អ្នកពុំយល់ឡើយ អ្នកបានសន្និដ្ឋានថា យើងនឹងប្រទានឯកសិទ្ធិនេះដល់អ្នក កាលអ្នកពុំបានយកមកគិតសោះ ក្រៅពីសុំពីយើង។
៨ប៉ុន្តែមើលចុះ យើងប្រាប់អ្នកថា អ្នកត្រូវសិក្សាក្នុងគំនិតរបស់អ្នក រួចហើយ អ្នកត្រូវសូមដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ ហើយបើសិនជាត្រឹមត្រូវ នោះយើងនឹងបណ្ដាលឲ្យទ្រូងរបស់អ្នកខ្មួលខ្មាញ់ខាងក្នុង ហេតុដូច្នោះហើយ អ្នកនឹងមានអារម្មណ៍ថា ការណ៍នោះត្រឹមត្រូវ។
៩ប៉ុន្តែបើសិនជាការណ៍នោះមិនត្រឹមត្រូវវិញ នោះអ្នកនឹងពុំមានអារម្មណ៍យ៉ាងដូច្នោះឡើយ ប៉ុន្តែអ្នកនឹងអាប់គំនិត ដែលនឹងបណ្ដាលឲ្យអ្នកភ្លេចនូវអ្វីដែលខុស ម្ល៉ោះហើយ អ្នកមិនអាចសរសេរអ្វីដែលពិសិដ្ឋបានឡើយ លើកលែងតែបានប្រទានឲ្យមកពីយើង។
១០ឥឡូវនេះ បើសិនជាអ្នកបានដឹងពីការណ៍នេះ នោះអ្នកអាចបកប្រែបាន ក៏ប៉ុន្តែ គឺមិនចាំបាច់ឲ្យអ្នកគួរបកប្រែឥឡូវនេះទេ។
១១មើលចុះ គឺជាការចាំបាច់ក្នុងកាលអ្នកបានចាប់ផ្ដើម ប៉ុន្តែអ្នកបានភ័យខ្លាច ហើយពេលនោះកន្លងផុតទៅហើយ ហើយឥឡូវនេះមិនចាំបាច់ទេ។
១២ត្បិតតើអ្នកមិនបានឃើញថា យើងបានប្រទានកម្លាំងគ្រប់គ្រាន់ដល់យ៉ូសែប ជាអ្នកបម្រើរបស់យើង ម្ល៉ោះហើយ បានស្កប់ស្កល់ហើយទេឬអី? ហើយរីឯអ្នកទាំងពីរ យើងពុំបានកាត់ទោសទេ។
១៣ចូរធ្វើនូវការណ៍នេះ ដែលយើងបានបញ្ជាដល់អ្នកចុះ នោះអ្នកនឹងបានចម្រើនឡើង។ ចូរមានចិត្តស្មោះត្រង់ ហើយចូរកុំបណ្ដោយទៅតាមសេចក្ដីល្បួងឡើយ។
១៤ចូរឈរឲ្យមាំមួនក្នុងកិច្ចការ ដែលយើងបានហៅឲ្យអ្នកធ្វើ ហើយសក់១សរសៃលើក្បាលអ្នកក៏មិនត្រូវបាត់ដែរ ហើយអ្នកនឹងត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់។ អាម៉ែន៕