កណ្ឌទី ៩៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ថ្ងៃទី៦ ខែឧសភា ឆ្នាំ១៨៣៣ (History of the Church, ១:៣៤៦–៣៤៧)។ ហៃរុម ស៊្មីធ, រេយណូលស៍ ខាហ៊ូន, និង យ៉ារេឌ ខារតើរ ត្រូវបានតែងតាំងឲ្យធ្វើជាគណៈកម្មាធិការខាងការស្ថាបនាអាគារនៃសាសនាចក្រ។
១–៩, ព្រះអម្ចាស់ទ្រង់ប្រទានព្រះបញ្ញត្តិមួយ ដែលទាក់ទងទៅនឹងសំណង់សាលាមួយ សម្រាប់កិច្ចការនៃគណៈប្រធាន; ១០–១២, រោងបោះពុម្ពត្រូវសង់ឡើង; ១៣–១៧, កេរមរតកខ្លះៗត្រូវបានចែក។
១ហើយជាថ្មីទៀត ប្រាកដមែន យើងប្រាប់អ្នក ជាមិត្តទាំងឡាយរបស់យើងថា យើងប្រទានព្រះបញ្ញត្តិមួយដល់អ្នក ថាអ្នករាល់គ្នានឹងត្រូវចាប់ផ្ដើមគ្រោងការ និងរៀបចំសំណង់ និងគ្រឹះនៃទីក្រុងក្នុងស្តេករបស់ស៊ីយ៉ូននៅទីនេះ នៅក្នុងដែនដីខឺតឡង់ ចាប់ផ្ដើមដំណាក់របស់យើង។
២ហើយមើលចុះ គឺត្រូវធ្វើតាមគំរូ ដែលយើងបានប្រទានដល់អ្នក។
៣ហើយចូរថ្វាយកន្លែងដីទីមួយនៅទិសខាងត្បូង ទុកជាអគារនៃសាលាសម្រាប់គណៈប្រធាន សម្រាប់កិច្ចការនៃគណៈប្រធានក្នុងការទទួលវិវរណៈទាំងឡាយ និងសម្រាប់កិច្ចការខាងការងារបម្រើនៃគណៈប្រធាននៅគ្រប់ទាំងអស់ ដែលទាក់ទងទៅនឹងសាសនាចក្រ និងនគរ។
៤យើងប្រាប់អ្នកជាប្រាកដថា គឺត្រូវសង់ទទឹង ១៧ ម៉ែត្រ និងបណ្ដោយ ២០ ម៉ែត្រ នៅទីលានខាងក្នុង។
៥ហើយត្រូវមានទីលានខាងក្រោម និងទីលានខាងលើ តាមគំរូដែលនឹងបានប្រទានដល់អ្នក ពីពេលនេះតទៅ។
៦ហើយគឺត្រូវធ្វើពិធីឆ្លងថ្វាយដល់ព្រះអម្ចាស់ ចាប់តាំងពីគ្រឹះតាមរបៀបនៃបព្វជិតភាព តាមគំរូដែលនឹងបានប្រទានដល់អ្នកពីពេលនេះតទៅ។
៧ហើយនឹងត្រូវបានធ្វើពិធីឆ្លងថ្វាយដល់ព្រះអម្ចាស់ ទុកសម្រាប់កិច្ចការនៃគណៈប្រធាន។
៨ហើយអ្នករាល់គ្នាមិនត្រូវឲ្យរបស់មិនស្អាតចូលក្នុងទីនោះឡើយ ហើយសិរីល្អរបស់យើងនឹងនៅទីនោះ ហើយវត្តមានរបស់យើងនឹងនៅទីនោះ។
៩ប៉ុន្តែបើសិនជាមានរបស់មិនស្អាតណាមួយចូលក្នុងទីនោះ នោះសិរីល្អរបស់យើងនឹងមិននៅទីនោះទេ ហើយវត្តមានរបស់យើងក៏នឹងមិនចូលមកទីនោះដែរ។
១០ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា កន្លែងដីទីពីរនៅទិសខាងត្បូង នឹងត្រូវធ្វើពិធីឆ្លងថ្វាយដល់យើង ទុកជាអគារនៃគេហដ្ឋានរបស់យើង ទុកសម្រាប់កិច្ចការខាងការបោះពុម្ពនៃការបកប្រែនូវព្រះគម្ពីររបស់យើង និងគ្រប់អ្វីៗទាំងអស់ ដែលយើងនឹងបញ្ជាដល់អ្នក។
១១ហើយទទឹងត្រូវជា ១៧ ម៉ែត្រ និងបណ្ដោយត្រូវជា ២០ ម៉ែត្រ នៅទីលានខាងក្នុង ហើយត្រូវមានទីលានខាងក្រោម និងទីលានខាងលើ។
១២ហើយគេហដ្ឋាននេះនឹងត្រូវថ្វាយដល់ព្រះអម្ចាស់ទាំងមូល ចាប់តាំងពីគ្រឹះផ្ទះ ទុកសម្រាប់កិច្ចការនៃការបោះពុម្ពដោយនូវគ្រប់ការណ៍ទាំងអស់ ដែលយើងនឹងបញ្ជាដល់អ្នក ដើម្បីឲ្យបានបរិសុទ្ធដោយឥតខូចឡើយ ស្របតាមគំរូនៅគ្រប់ការណ៍ទាំងអស់ ដូចដែលនឹងបានប្រទានដល់អ្នក។
១៣ហើយនៅកន្លែងដីទីបី នោះហៃរុម ស៊្មីធ ជាអ្នកបម្រើរបស់យើងនឹងបានទទួលកេរមរតករបស់គាត់។
១៤ហើយនៅកន្លែងដីទីមួយ និងទីពីរនៅទិសខាងជើង នោះ រេយណូលស៍ ខាហ៊ូន និង យ៉ារេឌ ខារតើរ ជាពួកអ្នកបម្រើរបស់យើងនឹងបានទទួលកេរមរតករបស់ពួកគេ —
១៥ប្រយោជន៍ឲ្យពួកគេអាចធ្វើកិច្ចការដែលយើងបានតាំងដល់ពួកគេ គឺធ្វើជាគណៈកម្មាធិការដើម្បីកសាងគេហដ្ឋានទាំងឡាយរបស់យើង ស្របតាមព្រះបញ្ញត្តិ ដែលយើងជាព្រះអម្ចាស់ដ៏ជាព្រះបានប្រទានដល់អ្នក —
១៦គេហដ្ឋានទាំងពីរនេះ មិនត្រូវកសាងទេ ទាល់តែយើងប្រទានដល់អ្នកនូវព្រះបញ្ញត្តិមួយ អំពីគេហដ្ឋាននោះសិន។
១៧ហើយឥឡូវនេះ យើងមិនប្រទានអ្វីទៅដល់អ្នកទៀតឡើយនៅពេលនេះ។ អាម៉ែន៕