ព្រះគម្ពីរ
គោល​លទ្ធិ និង​សេចក្ដី​សញ្ញា 9


កណ្ឌ​ទី ៩

វិវរណៈ​ដែល​បាន​ប្រទាន​ឲ្យ​មក​តាម​រយៈ​យ៉ូសែប ស៊្មីធ ជា​ព្យាការី ចំពោះ​អូលីវើរ ខៅឌើរី នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនសិលវេញ៉ា នៅ​ខែ មេសា ឆ្នាំ​១៨២៩ (History of the Church, ១:៣៧–៣៨)។ អូលីវើរ ត្រូវ​បាន​ទូន្មាន​ឲ្យ​មាន​ចិត្ត​អត់ធ្មត់ ហើយ​ត្រូវ​បាន​ជំរុញ​ឲ្យ​ពេញ​ចិត្ត​នឹង​ការ​សរសេរ​តាម ត្បិត​នៅ​ពេល​នេះ គឺ​សរសេរ​តាម​មាត់​នៃ​អ្នក​បកប្រែ​ជាជាង​សាក​បកប្រែ​វិញ។

១–៦, បញ្ជី​ប្រវត្តិ​បូរាណ​ឯ​ទៀត​ទាំង​ប៉ុន្មាន នោះ​នឹង​ត្រូវ​តែ​បាន​បកប្រែ; ៧–១៤, ព្រះ​គម្ពីរ​មរមន គឺ​បាន​បកប្រែ​ដោយ​ការ​សិក្សា និង​ដោយ​ការ​បញ្ជាក់​ខាង​វិញ្ញាណ។

មើល​ចុះ កូន​អើយ យើង​ប្រាប់​អ្នក​ថា ពី​ព្រោះ​អ្នក​ពុំ​បាន​បកប្រែ ស្រប​តាម​អ្វី​ដែល​អ្នក​មាន​បំណង​ចង់​បាន​ពី​យើង ហើយ​បាន​ចាប់​ផ្ដើម​សរសេរ​ជូន​យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជា​អ្នក​បម្រើ​របស់​យើង​ម្ដង​ទៀត ដោយ​ហេតុ​នោះ​ហើយ យើង​សុំ​ឲ្យ​អ្នក​ធ្វើ​ត​ទៅ​ទៀត ទាល់​តែ​អ្នក​បាន​បញ្ចប់​បញ្ជី​ប្រវត្តិ​នេះ ដែល​យើង​បាន​ផ្តាក់​ផ្ទុក​ដល់​អ្នក។

ហើយ​ខណៈ​នោះ មើល​ចុះ បញ្ជី​ប្រវត្តិ​ឯ​ទៀត​ទាំង​ប៉ុន្មាន​ដែល​យើង​មាន នោះ​យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ​អំណាច ដើម្បី​ឲ្យ​អ្នក​អាច​ជួយ​បកប្រែ​បាន។

ចូរ​មាន​ចិត្ត​អត់ធ្មត់​ចុះ កូន​អើយ ត្បិត​នេះ​ជា​ប្រាជ្ញា​នៅ​ក្នុង​យើង ហើយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​គួរ​បកប្រែ នៅ​ពេល​នេះ​ទេ។

មើល​ចុះ កិច្ច​ការ​ដែល​អ្នក​បាន​ហៅ​ឲ្យ​ធ្វើ គឺ​ដើម្បី​សរសេរ​ជូន​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង។

ហើយ​មើល​ចុះ គឺ​ព្រោះ​ថា​អ្នក​ពុំ​បានបន្ដ​ធ្វើ​ត​ទៅ​ទៀត ដូច​ដែល​អ្នក​បាន​ចាប់​ផ្ដើម កាល​អ្នក​បាន​ចាប់​ផ្ដើម​បកប្រែ នោះ​យើង​បាន​ដក​ឯកសិទ្ធិ​នេះ​ចេញ​ពី​អ្នក។

ចូរ​កុំ​រអ៊ូរទាំ​ឡើយ កូន​អើយ ត្បិត​នេះ​ជា​ប្រាជ្ញា​នៅ​ក្នុង​យើង ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​តាម​របៀប​នេះ។

មើល​ចុះ អ្នក​ពុំ​យល់​ឡើយ អ្នក​បាន​សន្និដ្ឋាន​ថា យើង​នឹង​ប្រទាន​ឯកសិទ្ធិ​នេះ​ដល់​អ្នក កាល​អ្នក​ពុំ​បាន​យក​មក​គិត​សោះ ក្រៅ​ពី​សុំ​ពី​យើង។

ប៉ុន្តែ​មើល​ចុះ យើង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​សិក្សា​ក្នុង​គំនិត​របស់​អ្នក រួច​ហើយ អ្នក​ត្រូវ​សូម​ដល់​យើង បើ​សិន​ជា​ការណ៍​នោះ​ត្រឹម​ត្រូវ ហើយ​បើ​សិន​ជា​ត្រឹម​ត្រូវ នោះ​យើង​នឹង​បណ្ដាល​ឲ្យ​ទ្រូង​របស់​អ្នក​ខ្មួលខ្មាញ់​ខាង​ក្នុង ហេតុ​ដូច្នោះ​ហើយ អ្នក​នឹង​មាន​អារម្មណ៍​ថា ការណ៍​នោះ​ត្រឹម​ត្រូវ។

ប៉ុន្តែ​បើ​សិន​ជា​ការណ៍​នោះ​មិន​ត្រឹម​ត្រូវ​វិញ នោះ​អ្នក​នឹង​ពុំ​មាន​អារម្មណ៍​យ៉ាង​ដូច្នោះ​ឡើយ ប៉ុន្តែ​អ្នក​នឹង​អាប់​គំនិត ដែល​នឹង​បណ្ដាល​ឲ្យ​អ្នក​ភ្លេច​នូវ​អ្វី​ដែល​ខុស ម្ល៉ោះ​ហើយ អ្នក​មិន​អាច​សរសេរ​អ្វី​ដែល​ពិសិដ្ឋ​បាន​ឡើយ លើក​លែងតែ​បាន​ប្រទាន​ឲ្យ​មក​ពី​យើង។

១០ឥឡូវ​នេះ បើ​សិន​ជា​អ្នក​បាន​ដឹង​ពី​ការណ៍​នេះ នោះ​អ្នក​អាច​បកប្រែ​បាន ក៏​ប៉ុន្តែ គឺ​មិន​ចាំ​បាច់​ឲ្យ​អ្នក​គួរ​បកប្រែ​ឥឡូវ​នេះ​ទេ។

១១មើល​ចុះ គឺជា​ការ​ចាំ​បាច់​ក្នុង​កាល​អ្នក​បាន​ចាប់​ផ្ដើម ប៉ុន្តែ​អ្នក​បាន​ភ័យខ្លាច ហើយ​ពេល​នោះ​កន្លង​ផុត​ទៅ​ហើយ ហើយ​ឥឡូវ​នេះ​មិន​ចាំ​បាច់​ទេ។

១២ត្បិត​តើ​អ្នក​មិន​បាន​ឃើញ​ថា យើង​បាន​ប្រទាន​កម្លាំង​គ្រប់​គ្រាន់​ដល់​យ៉ូសែប ជា​អ្នក​បម្រើ​របស់​យើង ម្ល៉ោះ​ហើយ បាន​ស្កប់​ស្កល់​ហើយ​ទេ​ឬ​អី? ហើយ​រីឯ​អ្នក​ទាំង​ពីរ យើង​ពុំ​បាន​កាត់ទោស​ទេ។

១៣ចូរ​ធ្វើ​នូវ​ការណ៍​នេះ ដែល​យើង​បាន​បញ្ជា​ដល់​អ្នក​ចុះ នោះ​អ្នក​នឹង​បាន​ចម្រើន​ឡើង។ ចូរ​មាន​ចិត្ត​ស្មោះត្រង់ ហើយ​ចូរ​កុំ​បណ្ដោយ​ទៅ​តាម​សេចក្ដី​ល្បួង​ឡើយ។

១៤ចូរ​ឈរ​ឲ្យ​មាំមួន​ក្នុង​កិច្ចការ ដែល​យើង​បាន​ហៅ​ឲ្យ​អ្នក​ធ្វើ ហើយ​សក់​១​សរសៃ​លើ​ក្បាល​អ្នក​ក៏​មិន​ត្រូវ​បាត់​ដែរ ហើយ​អ្នក​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។ អាម៉ែន៕