១០. ច្រកភ្នំអ័ដាម-អុនដៃ-អាម៉ាន
មើលទៅទិសខាងកើតលើច្រកភ្នំអ័ដាម-អុនដៃ-អាម៉ាន នោះឃើញមានច្រកភ្នំដ៏ស្ងប់ស្ងាត់ ហើយល្អមួយ ដែលនៅក្នុងរដ្ឋមិសសួរីនៅទិសខាងជើងជ្រុងខាងលិច នៅជិតភូមិកាឡាទិន។
ព្រឹត្តិការណ៍សំខាន់ៗ ៖ បីឆ្នាំមុនលោកអ័ដាមស្លាប់ នោះលោកបានហៅពូជពង្សដែលសុចរិតរបស់លោកឲ្យមកក្នុងច្រកភ្នំនេះ ហើយបានប្រទានពរចុងក្រោយបង្អស់របស់លោកទៅលើពួកគេ (គ. និង ស. ១០៧:៥៣–៥៦)។ នៅឆ្នាំ ១៨៣៨ អ័ដាម-អុនដៃ-អាម៉ាន គឺជាទីតាំងនៅនៃពួកបរិសុទ្ធថ្ងៃចុងក្រោយរវាង ៥០០ ទៅ ១០០០ នាក់។ ពួកបរិសុទ្ធបានទុកទីនេះចោល កាលពួកគេត្រូវគេបណ្ដេញចេញពីរដ្ឋមិសសួរី។ មុនការយាងមកលើកទីពីររបស់ព្រះគ្រីស្ទ ដោយសិរីល្អ នោះលោកអ័ដាម និងពូជពង្សដ៏សុចរិតរបស់លោកនឹងជួបជុំគ្នាទៀត នៅក្នុងច្រកភ្នំនេះ ដើម្បីទៅជួបព្រះអង្គសង្គ្រោះ (ដានី. ៧:៩–១០, ១៣–១៤; គ. និង ស. ២៧; ១០៧:៥៣–៥៧; ១១៦:១)។