៥. ទន្លេសុសគ្វីហាណា
រូបថតនេះបង្ហាញទន្លេសុសគ្វីហាណា នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា។
ព្រឹត្តិការណ៍សំខាន់ៗ ៖ យ៉ូសែប ស៊្មីធ កាលមុនដំបូងបានមកឯភូមិហាម៉ូនី នៅឆ្នាំ ១៨២៥ ដើម្បីរកការធ្វើ។ លោក និងឪពុកលោក បានស្នាក់នៅជិតនេះ នៅឯផ្ទះរបស់អ៊ីសាច ហេល ជាកន្លែងដែលយ៉ូសែបបានជួបនាងអិមម៉ា ហេល ដែលនឹងទៅជាប្រពន្ធលោកពេលខាងមុខ(យ.ស.—ប្រវត្តិ ១:៥៦–៥៧)។ យ៉ូសែប និងនាងអិមម៉ាបានរៀបការនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ១៨២៧។ ព្យាការីបានទទួលផ្ទាំងមាសទាំងឡាយ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩២៧ នៅភូមិម៉ែនឆែស្ទើរ រដ្ឋញូវយ៉ក ហើយមិនយូរប៉ុន្មានបន្ទាប់មក លោកបានផ្លាស់ទីលំនៅជាមួយនាងអិមម៉ាទៅនៅភូមិហាម៉ូនី ជាកន្លែងដែលលោកបានចាប់ផ្ដើមបកប្រែផ្ទាំងទាំងឡាយនៅក្នុងផ្ទះដ៏តូចរបស់គេនៅក្បែរទន្លេ។ កាលកំពុងតែបកប្រែព្រះគម្ពីរមរមន យ៉ូសែប និងអូលីវើរ ខៅឌើរី ចង់ដឹងថែមទៀតអំពីបុណ្យជ្រមុជទឹក ហើយបានដើរទៅឯទន្លេដើម្បីទៅអធិស្ឋានដល់ព្រះអម្ចាស់អំពីបុណ្យនោះ។ តាមចម្លើយដល់ការអធិស្ឋាននេះ យ៉ូហាន-បាទីស្ទបានលេចមក នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ១៨២៩ (យ.ស.—ប្រវត្តិ ១:៦៦–៧៤; គ. និង ស. ១៣)។ លោកបានប្រគល់បព្វជិតភាពអើរ៉ុនដល់យ៉ូសែប និងអូលីវើរ។ ខណៈនោះ ពួកគេក៏ចុះទៅក្នុងទន្លេ ហើយបានធ្វើបុណ្យជ្រមុជទឹកឲ្យគ្នាទៅវិញទៅមកសម្រាប់ការផ្ដាច់បាប។ខណៈនោះ យ៉ូសែប និងអូលីវើរ ត្រូវបានដឹកនាំដោយយ៉ូហាន-បាទីស្ទ ឲ្យតែងតាំងគ្នាទៅវិញទៅមកចំពោះបព្វជិតភាពអើរ៉ុន។ មិនយូរប៉ុន្មាន ក្រោយមក ពេត្រុស យ៉ាកុប និងយ៉ូហានបានលេចមកនៅលើច្រាំងទន្លេនេះ ហើយបានប្រគល់ដល់យ៉ូសែប និង អូលីវើរ នូវបព្វជិតភាពម៉ិលគីស្សាដែក (គ. និង ស. ២៧:១២–១៣; ១២៨:២០)