១៧. ការនិក្ខមនំទៅភូមិភាគខាងលិច
ការចាប់ផ្ដើមចាកចេញពីក្រុងណៅវូ រដ្ឋអិលលីណោយ ត្រូវបានត្រៀមទុកសម្រាប់ខែមីនា-មេសា ប៉ុន្តែដោយសារតែការគំរាមកំហែងពីហ្វូងមនុស្សកំណាច ម្ល៉ោះហើយ បានជាប្រធានព្រិកហាំ យ៉ង់ បានដឹកនាំថា ពួកបរិសុទ្ធត្រូវចាប់ផ្ដើមធ្វើដំណើរឆ្លងទន្លេមិស៊ីស៊ិបពី នៅថ្ងៃទី ៤ ខែកុម្ភៈ ១៨៤៦។ ប្រធានយ៉ង់បាននៅដើម្បីប្រារព្ធអំណោយទានពិសិដ្ឋដល់ពួកបរិសុទ្ធ ហើយមិនបានចេញពីក្រុងណៅវូទេ ទាល់តែដល់ពាក់កណ្ដាលខែកុម្ភៈ។
ព្រឹត្តិការណ៍សំខាន់ៗ ៖ មុនយ៉ូសែប ស៊្មីធស្លាប់ លោកបានព្យាករថា « ពួកអ្នករាល់គ្នាខ្លះនឹងនៅរស់ដើម្បីទៅជួយតាំងទីលំនៅ ហើយស្ថាបនាទីក្រុងទាំងឡាយ ហើយនឹងឃើញពួកបរិសុទ្ធក្លាយទៅជាប្រជាជនដ៏ខ្លាំងក្លានៅកណ្ដាលភ្នំរ៉កគី »។ មានពួកបរិសុទ្ធជិតទៅ ១២,០០០ នាក់ ដែលបានចាកចេញពីក្រុងណៅវូ ពីខែកុម្ភៈទៅខែកញ្ញា ឆ្នាំ ១៨៤៦។ បន្ទាប់ពីពួកបរិសុទ្ធបានចេញពី វិនទើរ ខួរទើរ្ស និង កន្លែងក្រោយៗទៀត ពួកគេបានរៀបចំគ្នាតាមក្រុម ១០ នាក់ ក្រុម ៥០ នាក់ និងក្រុម ១០០ នាក់ ដែលមានមេរៀងៗខ្លួន (គ. និង ស. ១៣៦:៣)។ នៅខែកញ្ញា ឆ្នាំ ១៨៤៦ មានហ្វូងមនុស្សកំណាចប្រមាណ ៨០០ នាក់ មានទាំងកាំភ្លើងធំប្រាំមួយដើមផង បានចូលហ៊ុមយកក្រុងណៅវូ។ បន្ទាប់ពីបានច្បាំងអស់បួនប្រាំថ្ងៃក្រោយមក នោះពួកបរិសុទ្ធដែលនៅសល់ទាំងប៉ុន្មានត្រូវបានបង្ខំឲ្យចុះចាញ់ ដើម្បីទុកជីវិតឲ្យរស់ ហើយមានឱកាសនឹងឆ្លងទន្លេទៅ។ មានមនុស្សប្រុសស្រី និងកូនក្មេងប្រាំទៅប្រាំមួយរយនាក់ ដែលបានឆ្លងទន្លេ ហើយបានបោះជំរំនៅម្ខាងច្រាំង។ ប្រធានព្រិកហាំ យ៉ង់ បានចាត់រទេះជំនួយដោយស្បៀងអាហារឲ្យទៅជួយយក « ពួកបរិសុទ្ធក្រីក្រ » ទាំងនេះចេញមក។