ឆ្នាំ​២០២១
បុណ្យ​គ្រីស្ទម៉ាស់​នៅ​ប្រទេស​ម៉ាលី
ខែ វិច្ឆិកា/ខែ ធ្នូ ឆ្នាំ ២០២១


បុណ្យ​គ្រីស្ទម៉ាស់​នៅ​ប្រទេស​ម៉ាលី

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​តិចសាស ស.រ.អា. ។

ជូឌិធ អន្ទះសា​ដើម្បី​អបអរចំពោះ​ការ​ប្រសូត​របស់​ព្រះយេស៊ូវ​ជាមួយ​នឹង​សាខា​របស់​នាង ។

« យើងឮទេវតាពីសួគ៌ាច្រៀងនៅទីវាលយ៉ាងរណ្តំ »​( ទំនុក​តម្កើង ល.រ. ១២៥ ) ។

Church members in Mali singing together

វា​គឺជា​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ ជូឌិធ បាន​គ្រហឹម​ពេល​នាង​ដើរ​ទៅ​អគារ​ព្រះវិហារ ។ នាង និង​បងប្អូន​របស់​នាង​នឹង​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​បុណ្យ​គ្រីស្ទម៉ាស់​របស់​សាខា​ពួកគេ ។

បងស្រី​នាង​ឈ្មោះ អេសធើរ បាន​ញញឹម ។ « តើ​វា​ជា​បទ ‹ យើងឮទេវតាពីសួគ៌ា › មែនទេ ? »

« ចាស៎ ! វា​ជាបទ​ដែល​ខ្ញុំ​ចូលចិត្ត ។ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ច្រៀង​បទ​នេះ​នៅ​ថ្ងៃ​នេះ » ។ ជូឌិធ បាន​ញញឹម ។

« ខ្ញុំ​ស្រឡាញ់​បទ​ហ្នឹងណាស់ ! » ប្អូន​ប្រុស​នាង​ឈ្មោះ ដេស៊ីរេ បាន​បន្ថែម ។ គាត់​បាន​ច្រៀង​ឮៗ​ថា « ហ្គ្លូ-រី-យ៉ា ! »

ពួកគេ​បានសើច ។ ជូឌិធ​អន្ទះសា​ចង់​អបអរ​ជាមួយ​នឹង​សាខា​របស់​ពួកគេ ។ មិនមាន​មនុស្ស​ច្រើន​ទេ​នៅ​ប្រទេស​ម៉ាលី​ដែល​អបអរ​ពិធី​បុណ្យគ្រីស្ទម៉ាស់ ។ នៅ​ទ្វីប​អាហ្វ្រិក​ផ្នែក​នេះ មនុស្ស​ភាគច្រើន​មិន​សូវ​ដឹង​ច្រើន​អំពី​ព្រះយេស៊ូវ​ទេ ។ ចំពោះ​ពួកគេ បុណ្យគ្រីស្ទម៉ាស់​គឺគ្រាន់​តែ​ជា​ថ្ងៃ​ធម្មតា​មួយ​ប៉ុណ្ណោះ ។

នៅ​លើ​ផ្លូវ​មាន​មនុស្ស​កកកុញ ។ ពួក​អ្នក​លក់​ឪឡឹក ។ មនុស្ស​ទាំង​ក្មេង​ទាំង​ចាស់​ទូល​ក្អម​ទឹក ។ មាន​ក្មេង​ប្រុស​ម្នាក់​ដឹក​សត្វលា​អូស​រទេះ ។ ជូឌិធ បាន​មើល​ទៅ​ប៉ម​តូច​ដ៏​ខ្ពស់​នៃ​វិហារ​ឥស្លាម​មួយ ។ វា​គឺជា​អគារ​មួយ​ដ៏​ស្រស់ស្អាត​ដែល​មាន​អ្នក​ជិតខាង​របស់​ពួកគេ​ដែល​កាន់​សាសនា​ឥស្លាម​បាន​ទៅ​ថ្វាយ​បង្គំ ។

two sisters and brother walking through street in Mali

ជូឌិធ អេសធើរ និង​ដេស៊ីរេ បាន​ធ្លាប់​ទៅ​ព្រះវិហារ​របស់​ប៉ា​ពួកគេ ។ ប៉ុន្តែ​កាលពី​រដូវក្ដៅ​ឆ្នាំ​មុន ពួកគេ​បាន​ចូល​រួម​នឹង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ឥឡូវ​នេះ​ពួកគេ​ទាំងបី​នាក់​បាន​ដើរ​ទៅ​ព្រះវិហារ​រួម​គ្នា​រៀងរាល់​សប្ដាហ៍ ។ ជូឌិដ ចូលចិត្ត​រៀន​អំពី​ព្រះយេស៊ូវ​នៅ​ក្នុង​ថ្នាក់​កុមារ ។

នៅទីបំផុត ពួកគេ​បាន​ទៅ​ដល់​ពិធី​ជប់លៀង​នោះ ។ ក្រុម​គ្រួសារ​ភាគច្រើន​នៅ​ក្នុង​សាខា​បាន​ទៅ​ដល់​ទីនោះ​រួចហើយ ។ មាន​ការ​ចាក់​បញ្ចាំង​វីដេអូ​អំពី​បុណ្យគ្រីស្ទម៉ាស់​នៅ​លើ​ជញ្ជាំង​សាលាប្រជុំ ។ ជូឌិធ បាន​មើល​យ៉ូសែប​បណ្តើរ​សត្វលា​ឲ្យ​ម៉ារា​ជិះ​នៅ​លើ​ខ្នង​ទៅ​កាន់​ភូមិ​បេថ្លេហិម ។ ផ្លូវ​ដែល​មាន​មនុស្ស​កកកុញ ហើយ​សុទ្ធតែធូលីដី​នោះ​បាន​រំឭក​នាង​អំពី​ប្រទេស​ម៉ាលី !

បន្ទាប់ពី​វីដេអូ​បាន​បញ្ចប់ មាន​ឡាន​តាក់ស៊ី​មួយ​បាន​មក​ដល់ ។ បងស្រី វ៉ាឡេរី ជា​ប្រធាន​សមាគមសង្គ្រោះ បាន​ចេញ​ពី​ឡាន​នោះ​មក ។

គាត់​បាន​ប្រាប់​ថា « ខ្ញុំ​បាន​យក​អាហារ​មក​ហើយ ! »

មនុស្ស​គ្រប់គ្នា​បាន​ជួយ​យក​ចាន​ទៅ​កាន់​រានហាលមុខផ្ទះ ។ វាជា​ពិធី​ជប់លៀង ! សាឡាត់ដំឡូង ការ៉ុត សណ្ដែក បាយ សាច់​មាន់​បំពង … ម្ហូប​ទាំងអស់​ឆ្ងាញ់​ណាស់ !

ជូឌិធ បាន​និយាយ​ថា « អរគុណ​ខ្លាំង​ណាស់ បងស្រី​វ៉ាឡេរី ! »

បន្ទាប់មក ក្មេង​តូចៗ​ម្នាក់ៗ​បាន​ទទួល​បាល់ កូន​ក្រមុំ ឬ​កូនឡាន​មួយ ។ ជូឌិធ មិន​បាន​ទទួល​អំណោយ​ឡើយដោយសារ​វា​មិន​គ្រប់គ្រាន់ ប៉ុន្តែ​នាង​មិន​ខ្វល់ខ្វាយ​នោះទេ ។ នាង​ចូល​ចិត្ត​ឃើញ​ក្មេងតូចៗ​ញញឹម ។

Church members in Mali eating dinner together

ពិធី​ជប់លៀង​នោះ​បាន​បញ្ចប់​ទៅ​ដោយ​ការ​ច្រៀង​ចម្រៀង ។ ជូឌិធ បាន​ញញឹម​នៅពេល​ពួកគេ​បាន​ច្រៀង​បទ « យើងឮទេវតាពីសួគ៌ា » ។

សាខា​ទាំងមូល​បាន​ច្រៀង​រួមគ្នា ។ វា​ពីរោះ​ខ្លាំង​ណាស់ ។ ព្រះយេស៊ូវ​ពិត​ជា​បាន​ប្រសូត​អស់​ជាច្រើន​ឆ្នាំ​កន្លង​ទៅ​ប្រាកដមែន ! ជូឌិធ មាន​អំណរគុណជាខ្លាំង​ដែល​នាង ដេស៊ីរ៉េ និង​អេសធើរ បាន​ដឹង​អំពីទ្រង់ ។ ហើយ​នាង​មាន​ចិត្ត​រីករាយ​ជា​ខ្លាំង​ដើម្បី​អបអរចំពោះ​ការ​ប្រសូត​របស់​ទ្រង់ ។

three siblings standing together in beautiful patterned clothes

អេសធើរ ជូឌិធ និង​ដេស៊ីរ៉េ នៅ​ខាង​មុខ​អគារ​ព្រះវិហារ​របស់​ពួកគេ ។

Friend, November 2021 Tier 2

រចនា​រូបភាព​ដោយ ស្តេប ម៉ាឆល