សារលិខិតសន្និសីទមកពីព្យាការី
គ្រឹះដ៏រឹងមាំរបស់យើង
កែសម្រួលមកពី « The Temple and Your Spiritual Foundation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ។
ព្រះវិហារបរិសុទ្ធសលត៍ លេក បានសាងសង់ឡើងជាង ១០០ ឆ្នាំមកហើយ ។ ពួកអ្នកត្រួសត្រាយផ្លូវបានសាងសង់ដោយប្រើឧបករណ៍ដែលពួកគេមាននៅជំនាន់នោះ ។ វាអស្ចារ្យណាស់ ។ ប៉ុន្តែប្រសិនបើយើងពិនិត្យមើលគ្រឹះឲ្យបានច្បាស់ នោះយើងអាចមើលឃើញថា ថ្មមួយចំនួនបានបាក់បែកទៅតាមអាយុកាល ។ យើងក៏អាចមើលឃើញពីប្រហោងថ្ម និង ដុំថ្ម មួយចំនួនបានរង្គោះរង្គើផងដែរ ។
វិស្វករ ស្ថាបត្យករ និង កម្មករសំណង់ កំពុងធ្វើការ ដើម្បីធ្វើឲ្យគ្រឹះព្រះវិហារបរិសុទ្ធបានកាន់តែរឹងមាំឡើង ។ នៅពេលដែលពួកគេធ្វើចប់សព្វគ្រប់ នោះព្រះវិហារបរិសុទ្ធនឹងកាន់តែរឹងមាំគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងការញ្ជួយដី និង ខ្យល់គួច ។ វានឹងរឹងមាំគ្រប់គ្រាន់សម្រាប់ច្រើនឆ្នាំខាងមុខទៀត ។
យើងត្រូវស្ថាបនាគ្រឹះនៃជីវិតរបស់យើងនៅលើសិលានៃព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទរបស់យើង ។ បន្ទាប់មកពេលការរញ្ជួយដីខាងវិញ្ញាណ កើតឡើង នោះយើងនឹងអាចឈរយ៉ាងរឹងមាំ ។
អ្វីៗគ្រប់យ៉ាងដែលយើងរៀននៅក្នុងព្រះវិហារបរិសុទ្ធ ជួយយើងឲ្យយល់អំពីព្រះយេស៊ូវគ្រីស្ទកាន់តែច្រើនឡើង ។ នៅពេលគ្រឹះខាងវិញ្ញាណរបស់បងប្អូន ស្ថាបនា យ៉ាងរឹងមាំលើព្រះយេស៊ូវគ្រីស្ទ នោះបងប្អូន មិនត្រូវភ័យខ្លាច ឡើយ ។ បងប្អូននឹងត្រូវបានពង្រឹងដោយព្រះចេស្តារបស់ទ្រង់ ។