អ្នកត្រួសត្រាយនៅគ្រប់ដែនដី
ឌីនីស ស្វែងរកចម្លើយ
ស្នូរគ្រែពីរជាន់លាន់សូរង៉េតង៉តៗកាលដែល ឌីនីសប្រែខ្លួនចុះឡើងៗ ។ គាត់បានប្រែខ្លួនចុះឡើងពេញមួយយប់ ។ ប៉ុន្តែគាត់នៅតែគេងមិនលក់ដដែល ។
ចុះបើពួកអ្នកផ្សព្វផ្សាយសាសនានិយាយខុសវិញ ? ឌីនីស បានគិត ។ ចុះបើបន្ទាប់ពីអ្វីៗទាំងអស់ ព្រះវិហារនេះមិនពិតនោះ ? ចុះបើខ្ញុំស្ថិតនៅលើផ្លូវខុស ? សំណួរទាំងនេះវារំខានអារម្មណ៍របស់គាត់ណាស់ ។
គ្រួសាររបស់ ឌីនីស បានចូលសាសនាចក្រកាលពីពីរឆ្នាំមុន កាលដែលគាត់មានអាយុ ១០ ឆ្នាំ ។ នៅពេលពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនពួកគាត់ដំបូងឡើយ ឌីនីស បានមានអារម្មណ៍ដឹងភ្លាមថាអ្វីដែលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនគឺជាការពិត ។ ឌីនីស និងគ្រួសាររបស់គាត់គឺជាមនុស្សដំបូងដែលបានចូលរួមនៅក្នុងសាសនាចក្រនៅប្រទេស ព័រទុយហ្គាល់ ។ ឌីនីស គឺជាអ្នកត្រួសត្រាយ !
ប៉ុន្តែថ្មីៗនេះគាត់ចាប់ផ្តើមមាន អារម្មណ៍ព្រួយបារម្ភ ។ ចុះប្រសិនបើការទទួលបុណ្យជ្រមុជទឹកគឺជាការជ្រើសរើសដែលពុំត្រឹមត្រូវវិញ ?
ឌីនីស ពុំបានប្រាប់នរណាម្នាក់ថាគាត់ព្រួយបារម្ភឡើយ ។ សូម្បីតែបងប្អូនប្រុសស្រីរបស់គាត់ ។ សូម្បីតែឪពុកម្តាយរបស់គាត់ ។ ប៉ុន្តែវាជាកង្វល់របស់គាត់ នាយប់នេះ ។
ឌីនីស បានដកដង្ហើមធំ ។ គាត់សម្លឹងមើលចុះទៅគែមគ្រែរបស់គាត់ ។ បងប្អូនប្រុសរបស់គាត់កំពុងដេកលក់នៅជាន់ក្រោម ។ ឌីនីស នៅតែម្នាក់ឯង ។
គាត់បានដឹងថា គាត់ត្រូវទូលសួរព្រះ ថាតើសាសនាចក្រនេះពិតឬអត់ ។ គាត់បានលុតជង្គង់ចុះនៅកណ្តាលគ្រែរបស់គាត់ ។ គាត់បានឱនក្បាលរបស់គាត់ ហើយក៏បានចាប់ផ្តើមអធិស្ឋាន ។
ឌីនីស បានពោលពាក្យយ៉ាងទន់ភ្លន់ថា « ឱព្រះ ។ សូមឲ្យទូលបង្គំបានដឹងផង ប្រសិនបើ យ៉ូសែប ពិតជាបាន ឃើញទ្រង់ និងព្រះយេស៊ូវមែន » ។
ឌីនីស ធ្លាប់បានអធិស្ឋានជាច្រើនដងពីមុនមក ។ ប៉ុន្តែពេលនេះខុសពីមុន ។ ឌីនីស ពិតជាចង់ដឹងណាស់ ។ គាត់បានអធិស្ឋានទូលសូមជំនួយអស់ពីចិត្ត ។
គាត់បានខ្សឹបថា « ទូលបង្គំពុំចង់ធ្វើខុសនោះទេ ។ ទូលបង្គំគ្រាន់តែចង់ដឹងអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ » ។
បន្ទាប់មក ឌីនីស បានទទួលអារម្មណ៍អ្វីមួយ ។ អារម្មណ៍នោះគឺខ្លាំងណាស់ និងកក់ក្តៅ ។ អារម្មណ៍នោះចេះតែមានរហូតដល់គាត់មានពាសពេញរាងកាយ ។ គាត់មានអារម្មណ៍ថាគាត់រកបានក្តីអំណរ !
ឌីនីស បានដឹងថាអារម្មណ៍នោះគឺជាព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះបានឆ្លើយតបការអធិស្ឋានរបស់គាត់ ! ពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនអ្វីដែលត្រឹមត្រូវ ។ យ៉ូសែប ស៊្មីធពិតជាព្យាការីមែន ។ ហើយការទទួលបុណ្យជ្រមុជទឹកមិនត្រឹមតែជាការការជ្រើសរើសដ៏ត្រឹមត្រូវប៉ុណ្ណោះទេ ។ ប៉ុន្តែ គឺជា ការជ្រើសរើសដ៏ត្រឹមត្រូវបំផុត ។
ឌីនីស បានតម្រេតខ្នងគាត់ ហើយសម្លឹងមើលពិដាន ។ ការព្រួយបារម្ភរបស់គាត់បានរសាត់អស់ ។ គាត់បានទាញភួយមកដណ្តប់ ។ គាត់បានគេងលក់ទាំងមិនដឹងខ្លួន ។
កាលដែល ឌីនីស កាន់តែធំឡើង គាត់នៅតែចងចាំពីរាត្រីនោះនៅពេលដែលគាត់បានអធិស្ឋាននៅលើគ្រែពីរជាន់របស់គាត់ ។ គាត់បានដឹងថា គាត់កំពុងនៅលើផ្លូវត្រឹមត្រូវ ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ ។ ហើយគាត់បានដឹងថា ព្រះវរបិតាសួគ៌នឹងស្តាប់គាត់ជានិច្ច ។