បទចម្រៀង និងពពុះសាប៊ូ
អាល៉ីស បានញញឹមនៅពេលនាងបានគិតអំពីប្រធាន ឃឹមបឹល ដែលច្រៀងជាមួយសត្វគោ ។
អាល៉ីស បានដួសមីលឺសូរប្លូកដាក់ចូលចានរបស់ប្អូនប្រុសរបស់នាង ។ នាងស្រឡាញ់ប្អូនប្រុសស្រីរបស់នាងណាស់—ពួកគេទាំងប្រាំនាក់ ។ វាធ្វើឲ្យនាងមានអារម្មណ៍ល្អណាស់ដែលបានជួយពួកគេ ។ ប៉ុន្តែវាលំបាកណាស់នៅពេលខ្លះក្នុងនាមជាកូនច្បងនោះ ។ ចាប់តាំងពីមានប្អូនម្នាក់ទៀតកើតមក នាងត្រូវធ្វើកិច្ចការផ្ទះកាន់តែច្រើនឡើង ។ នៅក្នុងផ្ទះរបស់នាងរញ៉េរញ៉ៃណាស់ !
ប៉ាបានសួរថា « តើកូនបានរៀនអ្វីខ្លះនៅព្រះវិហារនៅថ្ងៃនេះ ? »
សារ៉ា ជាប្អូនស្រីរបស់ អាល៉ីស បានឆ្លើយថា « ព្រះយេស៊ូវ ! » សារ៉ា បានកូរចានបបរផ្លែប៉ោមរបស់នាង ។
អាល៉ីស ញញឹម ។ សារ៉ា គួរឲ្យស្រឡាញ់ណាស់ ។ ហើយក៏រញ៉េរញ៉ៃដែរ ។
អាល៉ីស ចាប់ផ្តើមនិយាយថា « ខ្ញុំបានរៀនអំពីប្រធាន ឃឹមបឹល … » ។ ប៉ុន្តែបន្ទាប់មក ម៉ាក់បានស្រែកហៅចេញពីបន្ទប់មួយទៀត ។ គាត់ចង់ឲ្យប៉ាជួយមើលប្អូនតូច ។
ប៉ាបានឆ្លើយថា « សូមទោស ។ បងទៅវិញឥឡូវហើយ » ។
ខណៈដែលប៉ាកំពុងជួយម៉ាក់ អាល៉ីស ជួយប្អូនៗគ្រប់គ្នា ។ អ៊ីរិក បានធ្វើកំពប់ទឹកដោះគោរបស់គាត់ ។ អាល៉ីស បានសម្អាតទឹកគោនោះ ។ សារ៉ា បានចាប់ផ្តើមយំ ។ អាល៉ីស បានឱបនាង ។ ក្លារ៉ា ចង់បានមីថែមទៀត ។ អាល៉ីស បានឲ្យមីនាងថែមទៀត ។
សូម្បីតែពេលប៉ាបានត្រឡប់មកវិញ ក៏ផ្ទះបាយនោះនៅតែមានសំឡេងរំខាន និងរញ៉េរញ៉ៃដដែល ។ អាល៉ីស ប្រាថ្នាងាយទទួលបានអារម្មណ៍នៃសេចក្តីសុខសាន្ត ។
នៅទីបំផុត អាហារថ្ងៃត្រង់បានចប់ ។ អាល៉ីស បានជួយបងប្អូននាងយកចានទៅដាក់ក្នុងកន្លែងលាងចាន ។ អាល៉ីស ធំល្មមគ្រប់គ្រាន់ដើម្បីកាន់ចានទាំងនោះ ។ ដូច្នេះនាងបានទទួលខុសត្រូវលាងចាន ។ នាងបានដាក់ទឹកសាប៊ូចូលកន្លែងលាងចាននោះ ។
អាល៉ីសបានគិតថាខ្ញុំប្រាថ្នាថាមិនចាំបាច់ធ្វើកិច្ចការផ្ទះទេ ។ បន្ទាប់មក នាងបានចាំពីអ្វីដែលនាងបានរៀននៅថ្នាក់កុមារអំពីប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ។ នៅពេលលោកនៅក្មេង លោកបានធ្វើកិច្ចការនានាដែរ ។ លោកធ្លាប់ច្រៀងទំនុកតម្កើងពេលលោកច្របាច់ដោះគោយកទឹកដោះ ។
អាល៉ីស បាននឹកស្រមៃថា ប្រធានឃឹមបឹល កំពុងច្រៀងឆ្លងឆ្លើយជាមួយនឹងសត្វគោ ។ នាងបានសើច ។
បន្ទាប់មកនាងមានគំនិតមួយ ។ នាងអាចធ្វើដូចជាព្យាការីរូបនេះដែរ ! នាងយកសៀវភៅទំនុកតម្កើង ហើយបើកទៅទំនុកតម្កើងទីមួយ ។
នាងត្រូវធ្វើឲ្យសៀវភៅនោះបើក ។ អាល៉ីស បានដាក់សៀវភៅនៅលើមាត់បង្អួច ។ នាងដាក់ជ្រុងសៀវភៅម្ខាងពីក្រោយផើងផ្កា ។ បន្ទាប់មកនាងដាក់ជ្រុងម្ខាងទៀតពីក្រោយពែងធ្ងន់មួយ ។ ឥឡូវនេះ នាងបានមើលឃើញទំនុកតម្កើងកាលនាងធ្វើការ ។
កាលអាល៉ីស លាងចាន ពែង និងស្លាបព្រា នាងបានច្រៀងទំនុកតម្កើងនោះ ។ ពពុះសាប៊ូក្ដៅអ៊ុនៗធ្វើឲ្យដៃនាងកក់ក្តៅ ។ ហើយចម្រៀងនេះធ្វើឲ្យចិត្តនាងរីករាយ ។
លុះស្អែកឡើង អាល៉ីស ច្រៀងម្ដងទៀត ។ ហើយថ្ងៃបន្ទាប់ទៀត ។ នាងបានព្យាយាមចាំទំនុកច្រៀងនៃទំនុកតម្កើងនីមួយៗ ។ បន្ទាប់មកនាងបានបើកទៅបទបន្ទាប់ ។ អាល៉ីស បានរៀនទំនុកតម្កើងថ្មីផងដែរ ! នាងបានរៀនលេងព្យាណូបានពីរបីឆ្នាំ ។ ពេលនាងមិនចេះច្រៀងទំនុកតម្កើងមួយ នាងបានលេងវានៅលើព្យាណូ ។
មិនយូរប៉ុន្មាន អាល៉ីស លែងមានបញ្ហានឹងការលាងចានច្រើនទៀតហើយ ។ ពេលខ្លះ នាងថែមទាំងចូលចិត្តធ្វើវាទៀតផង ! វាគឺជារឿងល្អដើម្បីច្រៀង ហើយគិតអំពីព្រះយេស៊ូវ ។ ការរៀនទំនុកតម្កើងថ្មីនីមួយៗគឺប្រៀបដូចជាការមានមិត្តថ្មីម្នាក់ដែរ ។ ទោះជាជីវិតនាងមានការលំបាកក្ដី ក៏ទំនុកតម្កើងបានជួយនាងឲ្យមានសេចក្ដីសុខសាន្តដែរ ។