មិត្តទៅកាន់មិត្ត
ជណ្ដើរយន្តនៃការប្រែចិត្ត
នៅពេលខ្ញុំអាយុ ១១ ឆ្នាំ គ្រួសារខ្ញុំរស់នៅក្នុងអគារមួយដែលមានកម្ពស់ ១២ ជាន់នៅទីក្រុងហុងកុង ។ រៀងរាល់ថ្ងៃ បន្ទាប់ចេញពីសាលារៀន ខ្ញុំបានរត់ចូលទៅក្នុងអគារនោះ ហើយជិះជណ្ដើរយន្តឡើងទៅផ្ទះរបស់ខ្ញុំ ។
មានថ្ងៃមួយ ខ្ញុំបានចូលទៅក្នុងជណ្ដើរយន្តនោះ ហើយបានចុចប៊ូតុងទាំងអស់ដើម្បីឲ្យវាមានភ្លើងទាំងអស់ ។ ឥឡូវនេះ ជណ្ដើរយន្តនោះនឹងត្រូវឈប់តាមជាន់នីមួយៗ ។ ទ្វារបានចាប់ផ្ដើមបិទ ប៉ុន្តែរំពេចនោះមានដៃលូកចូលមកដើម្បី បើកទ្វារ ។ គាត់គឺជាអ្នកជិតខាងនៅជាន់លើរបស់ខ្ញុំ ។ គាត់មិនបាននិយាយអ្វីទាំងអស់ពីប៊ូតុងទាំងនោះ ប៉ុន្តែខ្ញុំមានការភ័យខ្លាច ។ ខ្ញុំមានអារម្មណ៍ថា វាឡើងទៅលើយឺតណាស់ទម្រាំដល់ផ្ទះ !
ពិតណាស់ ជណ្ដើរយន្តនោះបានឈប់នៅជាន់បន្ទាប់ បានរង់ចាំ ហើយបន្តឡើងទៅទៀត ។ នៅពេលទ្វារបើកដល់ជាន់របស់ខ្ញុំភ្លាម ខ្ញុំបានស្ទុះចេញទៅយ៉ាងលឿន ។ ខ្ញុំបានទៅដល់ផ្ទះទាំងបែកញើសសស្រាក់ ដោយសារខ្ញុំបានរត់លឿនពេក !
កាលខ្ញុំបានទៅដល់ផ្ទះភ្លាម សំឡេងទូរសព្ទក៏រោទិ៍ឡើង ។ វាគឺជាទូរសព្ទមកពីអ្នកជិតខាងរបស់ខ្ញុំដែលនៅក្នុងជណ្ដើរយន្តនោះ ។ ខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំងរង់ចាំម៉ាក់ខ្ញុំឈប់និយាយទូរសព្ទ ។
បន្ទាប់ពីគាត់ឈប់និយាយទូរសព្ទ ម៉ាក់របស់ខ្ញុំបានសួរថា « តើកូនបានចុចប៊ូតុងទាំងអស់នៅក្នុងជណ្ដើរយន្តមែនទេ ? »
ខ្ញុំមិនអាចកុហកម៉ាកខ្ញុំបានទេ ។ ខ្ញុំបានឆ្លើយថា « បាទ » ។
ម្ដាយខ្ញុំ បានញញឹម ។ « អីចឹង យើងត្រូវទៅជាន់ខាងលើ ហើយនិយាយនឹងអ្នកជិតខាងរបស់យើង » ។
ម៉ាក់ខ្ញុំ និងខ្ញុំបានទៅជាន់ខាងលើជាមួយគ្នា ។ ខ្ញុំបានចុចកណ្ដឹង ហើយអ្នកជិតខាងរបស់ខ្ញុំក៏បានដើរមកបើកទ្វារ ។ ខ្ញុំបានឱនមុខចុះ ពេលខ្ញុំនិយាយពាក្យថាសូមទោសដែលខ្ញុំបានចុចប៊ូតុងទាំងអស់ ។ ខ្ញុំបានសន្យាថា ខ្ញុំនឹងមិនធ្វើវាម្ដងទៀតឡើយ ។
អ្នកជិតខាងរបស់យើងមានសណ្ដានចិត្តល្អ ។ គាត់បានតបថា « ដរាបណាក្មួយមិនធ្វើរឿងនេះទៀត មីងគិតថាវាមិនអីទេ » ។
បន្ទាប់ពីប្រាប់គាត់ថា ខ្ញុំសូមទោស ខ្ញុំមានអារម្មណ៍ល្អ ។ ហើយខ្ញុំមិនដែលចុចប៊ូតុងទាំងអស់ក្នុងជណ្ដើរយន្តម្ដងទៀតឡើយ ។
បទពិសោធន៍នេះបានជួយខ្ញុំឲ្យរៀនពីការប្រែចិត្ត ។ ខ្ញុំបានដឹងថា ខ្ញុំបានធ្វើរឿងមួយខុស ។ ខ្ញុំមានអារម្មណ៍សោកស្ដាយ ហើយបានសូមការអភ័យទោស ។ ហើយខ្ញុំនឹងមិនធ្វើវាម្ដងទៀតឡើយ ។ បន្ទាប់មកខ្ញុំសប្បាយចិត្ត ! ការប្រែចិត្តអាចនាំឲ្យអ្នកមានសុភមង្គលផងដែរ ។