ការជួយ និង ព្រះវិញ្ញាណបរិសុទ្ធ
អ្នកក៏អាចទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធពីមុនអ្នកបានទទួលបុណ្យជ្រមុជទឹកផងដែរ ។
ម៉ាតូ និង ប៉ារបស់គាត់បានដើរទៅរទេះលក់ផ្លែឈើរបស់ក្រុមគ្រួសារគាត់ជាមួយគ្នា ។ សត្វឆ្កែរបស់ ម៉ាតូ ឈ្មោះ ហ្សេស បានដើរតាមពួកគាត់ ។
« តើប៉ាមានបានសួរទៅប៊ីស្សពអំពីពិធីបុណ្យជ្រមុជទឹករបស់កូនដែរឬទេ ? » ម៉ាតូ បានសួរ ។ គាត់មានអាយុប្រាំបីឆ្នាំទៅហើយ ប៉ុន្តែគាត់ពុំទាន់បានទទួលពិធីបុណ្យជ្រមុជទឹកនៅឡើយទេ ដោយសារតែជំងឺរាតត្បាតសាកលនេះ ។
ប៉ាបានមានប្រសាសន៍ថា « ប៊ីស្សពបានមានប្រាប់ថាកូនមិនអាចធ្វើពិធីបុណ្យជ្រមុជទឹកនៅខែនេះបានទេ ។ ប្រហែលជាកូនអាចធ្វើបាននៅខែក្រោយ » ។
« បាទប៉ា » ។ ម៉ាតូ បានចងចិញ្ចើម ។ គាត់ពិតជាចង់ទទួលបុណ្យជ្រមុជទឹក និងទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធខ្លាំងណាស់ ។ ប៉ុន្តែវាហាក់ដូចជាមិនអាចកើតឡើងបានឡើយ !
ប៉ាបានចាក់សោបើករទេះលក់ផ្លែឈើ ។ ម៉ាតូ បានជួយលើកកេះផ្លែក្រូច ផ្លែក្រូចឆ្មា ផ្លែស្វាយ និងផ្លែចេកជាច្រើនកេះ ។ បន្ទាប់មកគាត់បានជួយដាក់ផ្លែឈើទាំងនោះនៅលើធ្នើរ ។
ម៉ាតូ នៅតែគិតអំពីព្រះវិញ្ញាណបរិសុទ្ធខណៈដែលពួកគាត់កំពុងធ្វើការ ។ គាត់បានសួរថា « តើព្រះវិញ្ញាណបរិសុទ្ធមានអារម្មណ៍យ៉ាងណាដែរប៉ា ? »
ប៉ាបានឆ្លើយថា « ព្រះវិញ្ញាណបរិសុទ្ធជួយលួងលោមប៉ានៅពេលប៉ាមានអារម្មណ៍មិនសប្បាយចិត្ត ។ ហើយទ្រង់ធ្វើឲ្យប៉ាមានអារម្មណ៍ល្អនៅពេលប៉ាជួយដល់នរណាម្នាក់ » ។
« កូនអន្ទះសាបន់ឲ្យតែដល់ថ្ងៃទទួលបុណ្យជ្រមុជទឹកទេ ដើម្បីកូនអាចទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធផងដែរ ! »
ប៉ាបានមានប្រសាសន៍ថា « ទោះជាកូនមិនទាន់ទទួលបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ក្តី ក៏កូនអាចទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធដែរ ។ កូនអាចទទួលអារម្មណ៍នៃការលួងលោមរបស់ទ្រង់ឥឡូវនេះ ។ ដូចជានៅពេលកូនអធិស្ឋាន ឬ ធ្វើអំពើល្អទៅកាន់នរណាម្នាក់ ។ បន្ទាប់មក ក្រោយពីកូនបានទទួលពិធីបញ្ជាក់ កូនតែងតែមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយកូនជានិច្ច » ។
ម៉ាតូ បានគិតអំពីរឿងនេះ ។ តើគាត់ធ្លាប់ទទួលអារម្មណ៍នៃព្រះវិញ្ញាណពីមុនដែរឬទេ ?
មិនយូរប៉ុន្មានពួកគាត់បានជញ្ជូនឥវ៉ាន់គ្រប់កេះទាំងអស់ ។ ប៉ាបានសួរថា « តើកូនត្រៀមខ្លួនដើម្បីជួយ សូសាស ហើយឬ នៅ » ?
ម៉ាតូបានងក់ក្បាល ។ លោក និងលោកស្រី សូសាស ទាំងពីរនាក់ពិបាកដើរណាស់ ។ ដូច្នេះ ម៉ាតូ បានទៅផ្សារទិញឥវ៉ាន់ឲ្យពួកគាត់ ។ នៅពេលខ្លះ គាត់បានជួយធ្វើកិច្ចការផ្ទះរបស់ពួកគាត់ផងដែរ ។
ម៉ាតូ និង ហ្សេស បានដើរទៅផ្ទះរបស់គ្រួសារ សូសាស ។ លោកស្រី សូសាស បានលើកដៃគ្រវីពីរានហាលមុខផ្ទះ ។ « អរុណសួស្ដី !
« តើអ៊ុំត្រូវការទិញម្ហូបនៅថ្ងៃនេះទេ ? » ម៉ាតូ បានសួរ ។
« ចាសក្មួយ ។ អ៊ុំត្រូវការនំបុ័ង ដំឡូង និងសាច់គោ » ។ លោកស្រី សូសាស បានរាប់កាក់មួយចំនួន ។ « ប៉ិនហ្នឹងគួរតែគ្រប់ហើយ » ។
ម៉ាតូ បានយកលុយនោះ ។ គាត់បានឃើញសម្រាមមួយថង់នៅក្បែរមាត់ទ្វារ ។ គាត់បានសួរថា « តើក្មួយអាចយកសម្រាមនោះចោលបានទេ » ។
« ចាសក្មួយ ។ អរគុណក្មួយ ! » លោកស្រី សូសាស បានមានប្រសាសន៍ ។
បន្ទាប់ពីគាត់បានយកសម្រាមទៅចោល ម៉ាតូ បានទៅទិញម្ហូប ។ គាត់បានគិតអំពីអ្វីៗទាំងអស់ដែលគាត់បានធ្វើនៅព្រឹកនោះ ។ គាត់បានជួយរៀបផ្លែឈើប៉ាដាក់រទេះ ។ គាត់បានជួយ លោកស្រី សូសាស ទិញ្ម្ហូប ។ ហើយគាត់ បាន មានអារម្មណ៍ល្អ នៅក្នុងចិត្ត ។ គាត់បានទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធដូចជាប៉ារបស់គាត់បានមានប្រសាសន៍ !
ម៉ាតូ បានសង្ឃឹមថាគាត់នឹងមិនត្រូវរង់ចាំយូរទៀតទេដើម្បីទទួលបុណ្យជ្រមុជទឹក ។ គាត់ចង់មានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយគាត់នៅគ្រប់ពេលទាំងអស់ !